33 C
Phnom Penh

ទាហាន​​ត្រូវ​បាន​នាំខ្លួន​ឡើង​តុលាការ​ពីបទ​វាយ​តំណាង​រាស្ត្រ​​​គណបក្ស​សង្គ្រោះជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​បី​នាក់​​​ដែល​បាន​វាយ​​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​​​យ៉ាង​សាហាវ​អំឡុង​បាតុកម្ម​​គាំទ្រ​​រដ្ឋាភិបាល​កាលពី​សប្ដាហ៍​មុន​​នៅ​ខាង​ក្រៅ​រដ្ឋសភា ត្រូវ​បាន​​ចោទ​ប្រកាន់​​​កាលពី​ម្សិល​មិញ​ជា​បណ្ដោះ​អាសន្ន​​​ពីបទ​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មន្ត្រី​ស៊ើប​អង្កេត​ម្នាក់​​​បញ្ជាក់​ថា ​ពួកគេ​សុទ្ធតែ​ជា​ទាហាន​ ​​ប៉ុន្តែ​មិន​បាន​​​ប្រាប់​​អង្គភាព​របស់​ពួកគេ​ទេ។

លោក​​​ព្រះ​រាជអាជ្ញារង​ មាស ច័ន្ទពិសិដ្ឋ មាន​ប្រសាសន៍​ថា ទាហាន​ទាំង​បី​នាក់​ដែល​មាន​ឈ្មោះ ចាយ សារិទ្ធ អាយុ​៣៣​ឆ្នាំ ​ឈ្មោះ ​​ម៉ៅ ហឿន អាយុ​៣៤​ឆ្នាំ និង​​ឈ្មោះ សុត វណ្ណនី ​​​​​អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​​សាក​សួរ​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់​ពី​ពួកគេ​បាន​​​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃ​អង្គារ​។

លោក​​គូស​បញ្ជាក់​ថា “​ព្រះរាជអាជ្ញា​របស់​យើង​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​ និង​​បទ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​តាម​មាត្រា​​​២១៨ និង​មាត្រា​៤១១​ [នៃ​ក្រម​ព្រហ្មទណ្ឌ]”។

សូម​បញ្ជាក់​ថា ​បទ​ល្មើស​ទាំង​នេះ​​ត្រូវ​មាន​​ទោស​ជាប់​ពន្ធនាគារ​​ពី​៤​ឆ្នាំ​ទៅ​១០​ឆ្នាំ។

soldiersព្រះ​រាជអាជ្ញារង​ដដែល​បាន​លើក​ឡើង​​​ទៀត​ថា លោក​មិន​អាចប្រាប់មូល​ហេតុ​ដែល​​​ទាហាន​ទាំង​នេះ​វាយ​តំណាង​រាស្ត្រ​គណ​បក្ស​​​សង្គ្រោះ​ជាតិ​បានទេ ដោយ​លោក​បកស្រាយ​​​ថា ចម្លើយ​របស់​ពួកគេ​​គឺ​ជា​ “​រឿង​សម្ងាត់​នៃ​ការ​ស៊ើបអង្កេត​”។

លោក​ សុខ ខេមរិន្ទ ប្រធាន​នាយកដ្ឋាន​នគរ​បាល​​​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​​​សមាជិក​មួយ​រូប​នៃ​​គណៈកម្មការ​​ដែល​មាន​សមាជិក​ប្រាំបី​រូប​ទទួល​បន្ទុក​ស៊ើប​អង្កេត​​​​ករណី​ប្រើ​អំពើ​ហិង្សា​នេះ​ ​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា ​ទាហាន​ទាំង​បី​នាក់​នេះ​​មាន​ឋានៈ​អ្វី​ឡើយ។

លោក​ថ្លែង​ថា “​តុលាការ​​បាន​ចោទ​ប្រកាន់​​​ពួកគេ​ ហើយ​បាន​បញ្ជូន​​​​ខ្លួន​ពួកគេ​ទៅ​ពន្ធនា​គារ​ហើយ។ ពួកគេ​សុទ្ធតែ​ជា​ទាហាន​ ប៉ុន្តែ​​ខ្ញុំ​មិន​ច្បាស់​ថា ពួកគេ​មក​ពី​ណា​ទេ​”។

ឧត្ដម​សេនីយ៍​ទោ សុខ ខេមរិន្ទ បាន​គូស​បញ្ជាក់​ថា ការ​ស៊ើបអង្កេត​​​ប្រហែល​ជា​មិន​​បន្ត​​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​​មនុស្ស​បន្ថែម​ទៀត​​​​​​ដែល​ត្រូវ​​គេ​​ថត​បាន​ពេល​កំពុង​ព័ទ្ធ​លោក ញ៉យ ចំរើន និង​លោក គង់ សភា អំឡុង​បាតុ​កម្ម​កាលពី​សប្ដាហ៍​មុន​ឡើយ ប្រសិន​បើ​តុលា​ការ​មិន​​​ចេញដីកា​បង្គាប់​​ទេ​នោះ។

លោក​​​បាន​លើកឡើង​ថា ”​​ពេល​នេះ​​យើង​​​កំពុង​រង់ចាំ​នីតិវិធី​តុលាការ។ យើង​បាន​​អនុវត្ត​​​នីតិវិធី​របស់​យើង​​ហើយ​​ ប៉ុន្តែ​បើ​តុលាការ​​បង្គាប់​ឲ្យ​យើង​ធ្វើ​អ្វី យើង​នឹង​បន្ត​​ធ្វើ​ការ​ទៀត។ ​​វា​ស្រេច​លើ​​​ព្រះរាជអាជ្ញា និង​ស្ថាប័ន​តុលា​ការ។ យើង​អាច​បន្ត​ស៊ើបអង្កេត​មនុស្ស​បន្ថែម​​​ទៀត​។ ​វា​ស្រេច​​លើ​ចម្លើយ​ [របស់​​​ជន​​​​ទាំង​បី​នាក់​]ជាមួយ​ព្រះរាជអាជ្ញា”។

នៅ​ខាង​ក្រៅ​តុលាការ ពេល​សាកសួរ​ថា​​ហេតុ​អ្វី​បាន​ជា​ខ្លួន​ចូលរួម​ក្នុង​សកម្មភាព​​ប្រើ​អំពើ​ហិង្សា​កាលពី​សប្ដាហ៍​មុន បុរស​ឈ្មោះ សុត វណ្ណនី ​​ឆ្លើយថា “​ដោយ​សារ​ពួកគេ​ជេរ​ខ្ញុំ​” មុន​ពេល​ត្រូវ​​នគរ​បាល​​​​នាំ​ខ្លួន​​ចេញ​ទៅ។

ទាហាន​ទាំង​បី​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រហែល​​​ជាង​២០​នាក់​​​​នៅ​ឯបាតុកម្ម​គាំទ្រ​​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​មនុស្ស​ចូល​រួម​រាប់​រយ​នាក់​ដែល​បាន​​ទាញ​​លោក ញ៉យ ចំរើន និង​លោក​ គង់ សភា ​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​​ ចេញពី​រថយន្ត​​ ខណៈ​ពួក​លោក​ចាក​ចេញពី​រដ្ឋសភា​​​​ មុន​ពេល​​ធ្វើ​សកម្មភាព​ទាត់​ធាក់ និង​ជាន់​ពួក​លោក​យ៉ាង​រន្ថើន។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (HRW) បាន​​លើក​ឡើង​កាលពី​សប្ដាហ៍​មុន​ថា សាក្សី​នៅ​​កន្លែង​បាតុកម្ម​​​​ចំណាំ​​​បាន​ថា ”​ក្រុម​មកពី​​អង្គ​ភាព​​កង​អង្គរក្ស​​របស់​​នាយក​រដ្ឋមន្ត្រី​ដែល​​​ស្លៀក​ពាក់​​ស៊ីវិល​” ​​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​​​​បាតុកម្ម​នោះ​ដែរ​ ប៉ុន្តែ​លោក ហ៊ីង ប៊ុន​ហៀង មេបញ្ជាការ​​នៃ​កង​អង្គរក្ស​នេះ​​​បាន​​បដិសេធ​ថា ​គ្មាន​ទាហាន​ណា​ម្នាក់​របស់​លោក​មាន​វត្ត​មាន​នៅ​ទីនោះ​ឡើយ។

លោក អ៊ូ វីរៈ ស្ថាបនិក​​វេទិកា​អនាគត ដែល​​​ជា​អង្គការ​វិភាគ​ និង​​ស្រាវជ្រាវ​​នយោ​បាយ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា វា​​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ឧត្ដម​សេនីយ៍​ទោ សុខ ខេមរិន្ទ និង​សមាជិក​គណៈកម្មការ​ស៊ើបអង្កេត​ផ្សេង​ទៀត​មិន​ដឹង​ថា ទាហាន​ដែល​ត្រូវ​បាន​​​​ចោទ​ប្រកាន់​ទាំង​​បី​នាក់​នេះ​មក​​ពី​អង្គភាព​ណា។

លោក​បាន​​ធ្វើ​ការ​កត់​សម្គាល់​ថា “​បើ​ពួកគេ​​​ជា​ទាហាន​​ ពួកគេ​​ប្រាកដ​ជា​ដឹង​​ថា​​ពួកគេ​មក​ពី​ណា អ្នក​ណា​ជា​មេ​របស់​ពួកគេ អ្នក​ណាជា​មេបញ្ជាការ​របស់​ពួកគេ អ្នក​ដែល​ពួកគេ​​ទទួល​​​​​បញ្ជា​​។ នោះ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​ការ​ស៊ើបអង្កេត​នេះ។​ ការ​ដែល​គណៈកម្មការ​​​​ស៊ើប​អង្កេត​​​និយាយ​ថា​ ខ្លួន​មិន​ដឹង​ គឺ​ជា​ការ​​​​មិន​ទទួល​ខុស​ត្រូវ​​​​ទាល់​តែ​សោះ​ ហើយ​​កំពុង​​​​តែ​ព្យាយាម​លាក់​បាំង​ការ​​ពិត។ នេះ​ជា​រឿង​ធម្មតា​ទេ មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​ពូកែ​​ស្វែង​រក​ការ​ពិត​ទេ។ មូល​ហេតុ​របស់​​ពួកគេ​​នៅ​​​​ក្នុង​​​​នេះ​សំខាន់​ណាស់។ ហេតុ​អី​មនុស្ស​ទាំង​នេះ​ទៅ​ទីនោះ​វាយ​តំណាង​រាស្ត្រ​? រូប​ភាព​វីដេអូ​​​​បង្ហាញ​ថា ​វា​​មាន​​ការ​រៀបចំ​​ទុក​​យ៉ាង​ល្អ ហើយ​​​​ទំនង​ជា​បញ្ជា​​​​ដោយ​មន្ត្រី​ជាន់​ខ្ពស់”។

ទោះ​ជា​យ៉ាង​ណា លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ពារ​ជាតិ​​​បាន​​មាន​ប្រសាសន៍​ថា វា​មិន​មែន​ជា​រឿង​របស់​លោក​ទេ​ដែល​ទាហាន​​​​ទាំង​នេះ​ប្រើ​អំពើ​ហិង្សា​​លើ​តំណាង​រាស្ត្រ​​ជាប់​​​ឆ្នោត ខណៈ​​តំណាង​រាស្ត្រ​ទាំង​នោះ​ព្យាយាម​​​​ចាក​ចេញពី​រដ្ឋសភា។ លោក​​​បាន​លើក​ឡើង​បន្ថែម​ថា “​វា​ជា​រឿង​របស់​ពួកគេ​។ អ្វី​ដែល​ពួកគេ​សារភាព​គឺ​វា​បែប​នោះ​ហើយ​ ហើយ​​​​​នេះ​ជា​រឿង​របស់​ពួកគេ​ ដូច្នេះ​កុំ​មក​សួរ​ខ្ញុំ។ គេ​មាន​​សមត្ថកិច្ច​ជំនាញ​ និង​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ​”។

លោក​បាន​​​បន្ត​ថា ​​ទាហាន​ទាំង​នេះ​​នឹង​មិន​​​​ទទួល​​​​បាន​​ការ​អនុគ្រោះ​ពិសេស​ណាមួយ​ពី​​​តុលាការ​​ដោយ​សារ​​ទំនាក់​​ទំនង​របស់​ពួកគេ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​ឡើយ។ “​មិន​​​ថា​ពួកគេ​ស័ក្តិ​តូចតាច​ ឬ​ក៏អត់​ទេ នៅ​ពេល​ពួកគេ​ល្មើស​ច្បាប់ ​​ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់។ មិន​ថា​​ពួកគេ​ជា​អ្នក​​​ណា​ទេ ​ពួកគេ​ត្រូវ​​​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​”។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី​​ថា ជា​អ្នក​រៀបចំ​ការ​វាយ​​ប្រហារ​នេះ ​​បាន​មាន​​​ប្រសាសន៍​ថា លោក​រីក​រាយ​​ដែល​ទាហាន​ទាំង​នេះ​ត្រូវ​​​បាន​កាត់​ទោស ប៉ុន្តែ​លោក​​​​នៅ​តែ​​យល់​ថា ការ​ស៊ើបអង្កេត​​​ទូលំទូលាយ​ជាង​នេះ​​​ដើម្បី​វែក​មុខ​អ្នក​​​រៀប​ផែនការ​វាយ​ប្រហារ​នេះ ​គឺជា​រឿង​ចាំបាច់​។

​លោក​ថ្លែង​ថា ​”​វា​ជា​ជំហាន​​​​វិជ្ជមាន​ដំបូង​​​។ ​​យ៉ាង​ហោច​ណាស់ ពេល​នេះ​អ្វីៗ​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​ហើយ ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់​​​​ទេ។ ការ​ស៊ើបអង្កេត​ត្រូវ​តែ​​​​ពង្រីក​បន្ថែម​ទៀត​​ដើម្បី​​វែក​មុខ​​​មនុស្ស​ទាំង​អស់​​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។ ​បើ​ក្រឡេក​មើល​វីដេអូ យើង​អាច​មើល​ឃើញ​​​​​​បុរស​​លើស​ពី​បី​នាក់ យើង​អាច​មើល​ឃើញ​​មួយ​ក្រុម​យ៉ាង​ហោច​ណាស់​១០​នាក់​ និង​សូម្បី​២០​នាក់​ដែល​ចូល​រួម​​ក្នុង​សកម្មភាព​វាយ​ប្រហារ​នោះ។ តើ​​មនុស្ស​​ទាំង​១០​នាក់ ​ឬ​២០​នាក់​នេះ​មក​ប្រមូល​ផ្ដុំគ្នា​តាម​វិធី​ណា? តើ​វា​ជា​ការ​គាប់​ជួន​? ​វា​មិន​ទំនង​​សោះ​ដែល​​​​​មនុស្ស​ពី​១០​ទៅ​២០​នាក់​​ធ្វើ​សកម្មភាព​​ដោយ​​​​មាន​ការ​សម្រប​សម្រួល​យ៉ាង​ល្អ​​​បែប​នេះ​ ដោយ​តំណាង​រាស្ត្រ​ត្រូវ​គេ​បញ្ជា​ឲ្យ​​​ចេញ​ពី​ច្រក​ចេញ​មួយ​ទៅ​ច្រក​ចេញ​មួយ​ទៀត មើល​​​​ទៅ​វា​ដូច​ជា​អន្ទាក់​អ៊ីចឹង​​”។ ​​​​​​​​​​​​​​​​​​

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ចេញ​​​របាយការណ៍​​​មួយ​​​ ដោយ​​​ផ្អែក​​​លើ​​​ិ​​​កិច្ច​​​សម្ភាស​​​ជាមួយ​​​លោក​​​ ញ៉យ ​​​ចំរើន ​​​និង​​​លោក គង់ សភា ដែល​​​បាន​​​​​​រៀប​​​រាប់​​​ឡើង​​​វិញ​​​ពី​​​ហេតុ​​​ការណ៍​​​ដែល​គេ​​​បញ្ជា​ឲ្យពួកគាត់​​បើករថយន្ត​ចេញពី​​​​ច្រក​​​ទ្វារ​ចេញ​​​ដូច​សព្វ​​​មួយ​ដង​​​នៃ​​​​បរិវេណ​​​រដ្ឋ​​​សភា​​​ទៅ​​​កាន់​​​ច្រក​​​ទ្វារ​​​​គេកម្រ​​​​​​ប្រើ​​​ ​​​​ដែល​​​ជន​​​ដៃដល់​កំពុង​​​រង់​​​ចាំ​​​។

នគ​​​របាល​​​ដែល​​​​​​ដាក់​​​ឲ្យឈរ​​​ជើង​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​បាតុកម្ម​​ ក៏​​​មិន​​​បាន​​​ធ្វើ​​​អន្តរាគមន៍​​​បញ្ជប់​​​ការ​​​វាយ​​​ដំ​​​លើ​​​សមាជិក​​​សភា​​​ទាំង​​​ពីរ​​​រូប​​​នេះ​​​ដែរ ហើយ​​​អង្គការ​​​សង្គម​​​សីុវិល ដែល​​​ជា​​​ធម្មតា​​​តែង​​​តែ​​​បញ្ជូន​​​បុគ្គលិក​​​របស់​​​ខ្លួន​​​ឲ្យ​​​ទៅ​​​តវ៉ា​​​នោះ​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​កំណត់​​​ អត្តសញ្ញាណ​​​ថា នគរ​​​បាល​​​ស្លៀក​​​ពាក់​​​ស៊ីវិល​​​មួយ​​​ចំនួន និង​​​កង​​​សន្តិសុខ​​​របស់​​​រដ្ឋាភិបាល​​​ផ្សេង​​​ៗ​​​ទៀត​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ក្រុម​​​មនុស្ស​​​ទាំង​​​នោះ​​​។

បាតុកម្ម​នេះ​​​ដែលទាម​​​ទារ​​​ឲ្យ​​​លោក ​​​ កឹម សុខា ​​​ អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ចុះ​​​ចេញ​​​ពី​​​តំណែង​​​ជា​​​អនុប្រធាន​​​រដ្ឋសភា​​​ ក៏​​​ត្រូវ​​​បាន​​​​​​​​​​ជំរុញ​​​ដោយ​​​លោក ហ៊ុន សែន នៅ​​​ក្នុង​​​សុន្ទរកថា​​​ មួយ​​​ធ្វើ​​​ឡើង​​​នៅ​​​យប់​​​មុន​​​ថ្ងៃ​​​បាតុ​​​កម្ម​​ផងដែរ​​​​​ ហើយ​​​វា​​​កើត​​​ឡើង​​​ដំណាល​គ្នា​​នឹង​​​​ការ​​​តវ៉ា​​​របស់​​​ទាហាន​​​ ដែល​ក៏​​​ទាមទារ​​​​​​ឲ្យ​​​លោក ​​​កឹម​​​ សុខា ចុះ​​​ចេញ​​​ពី​​​តំណែង​​​​​​ដែរ​​​នោះ។

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ​​​គណ​​​បក្ស​​​កាន់​​អំណាច​​​បាន​​​រៀប​​​ផែនការ​​​វាយ​​​ដំ​​​នេះ​​​ក៏​​​ដោយ​​​ តែ​​​កាល​​​ពីរ​​​សប្តាហ៍​​​មុន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ចាត់​​​តាំង​​​សមាជិក​​​ពីរ​​​រូប​​​នៃ​​​គណៈ​កម្មាធិការ​​​កណ្តាល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ គឺ​​​លោក ឯម សំអាន ​​​រដ្ឋលេខា​​​ ធិការ​​​ក្រសួង​​​មហាផ្ទៃ និង​​​លោក ឆៃ ​​​ស៊ីណារិទ្ធ ​​​អគ្គស្នងការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​ឲ្យ​​​ដឹក​នាំ​​​ការ​​​សើុប​​​អង្កេត​​​លើករណី​​​នេះ​​​។

កាល​​​ពី​​​ថ្ងៃ​​​អង្គារ តំណាង​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​​នឹង​​​ “ក្នុង​ន័យ​​នេះ​ រដ្ឋាភិបាល​​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​​បក​ស្រាយ​អំពីភាព​ឯករាជ្យ និង​​ភាព​មិន​លម្អៀង​​របស់​​ក្រុម​ស៊ើបអង្កេត​នេះ បើ​មិន​ដូច្នោះ​​ទេ គួរ​ពិចារណា​សមាសភាព​​​​របស់​វា​ឡើង​វិញ​​​ដើម្បី​​​​​កែលម្អ​ភាព​គួរ​ឲ្យ​​ជឿទុក​ចិត្ត​របស់​វា​”។ប៉ុន្តែ លោក ខៀវ សុភ័គ​ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​​​​មហាផ្ទៃ​​​បាន​​​ជំទាស់​​​ថា ទាំង​​​លោក​​​ឯម សំអាន និង​​​ឧត្តម​​​សេនីយ៍​​​ឯក ឆៃ ​​​ស៊ីណារិទ្ធ ​​​នឹង​​​មិនបណ្តោយ​ឲ្យ​​​​អ្នក​​​ស្មោះ​​​ស្ម័គ្រ​​​នឹង​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​​លូក​​​ដៃឡើយ​ ដើម្បី​​​ដឹក​​​នាំ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​នគ​​​របាល​​​​ដែល​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក អ៊ូ វីរៈ បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​ការ​​​សើុប​​​អង្កេត​​​ជា​​​ផ្លូវ​​​ការ​​​មិន​​​ស្វះ​​​ស្វែង​​​រក​​​​​​​​ជនដៃដល់​បន្ថែម​​​ទៀត​​​ ហើយ​​​មិន​​​សាក​​​សួរ​​​មេ​​​របស់​​​ទាហាន​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​នោះ​​​​ទេ​​​ វា​​​អាច​​​ចាត់​​​ទុក​​​បាន​​ថា មិន​​​ស្រប​​​ច្បាប់​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដើម្បី​​​ឲ្យ​​​ការ​​​សើុប​​​អង្កេត​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​ ពួក​​​គេ​​​​​​ត្រូវ​​​តែ​​​តាម​​​​​រក​​​មនុស្ស​​​បន្ថែម​​​ទៀត​​​។ ​មាន​​​ន័យ​​​ថា​​​​នរណា​​​ដែល​​​ទាហាន​​​ទាំង​​​នេះ​​​ធ្វើ​​​ការ​​​ឲ្យ​​​ និងនរណា​​ដែល​​​​ចេញ​​​បទ​​​បញ្ជា​​​នេះចាំ​​​បាច់​​​ត្រូវ​​​តែ​​​​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ ហេតុ​​​ដូច្នេះ​​​មេ​​​របស់​​ពួក​​​គេ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​សើុប​​​អង្កេត​​​”៕​​​ សុខុម និង ស៊ុយឈាង 

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស