លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលពឹងផ្អែកលើការគាំទ្រប្រជាប្រិយភាពដ៏លើសលុប ដើម្បីរក្សាក្តោបក្តាប់អំណាចរបស់លោកទេ តែផ្ទុយទៅវិញផ្អែកទៅលើឯកភាពគ្នាស្អិតល្មួតរបស់គណបក្សកាន់អំណាចរបស់លោកនៅឯការបោះឆ្នោត ក្នុងពេលដែលគូប្រឆាំងផ្នែកនយោបាយរបស់លោកបែកខ្ញែកឈ្លោះប្រកែកគ្នានិងទទួលបរាជ័យ។
ទទួលសន្លឹកឆ្នោតបានជាងពាក់កណ្តាលនៃសន្លឹកឆ្នោតទាំងអស់ជាលើកដំបូងនិងតែម្តងគត់ក្នុងឆ្នាំ២០០៨ នៅពេលដែលគណបក្សប្រជាជនកម្ពុជាមានជ័យជម្នះលើគណបក្សប្រឆាំងដោយសារតែមានការបែកបាក់គ្នានោះ លោក ហ៊ុន សែន ឆក់យកភាពទន់ខ្សោយផ្នែកការបោះឆ្នោតយ៉ាងងាយស្រួល ដោយដឹកនាំគណបក្សដែលមានវិន័យបំផុតនេះ។
ដូច្នេះ នៅពេលដែលតំណាងរាស្ត្រពីររូបមកពីគណបក្សសង្គ្រោះជាតិ ជាក្រុមរួបរួមគណបក្សប្រឆាំងពុំធ្លាប់មានពីមុន ដែលរហូតមកដល់ពេលនេះស៊ាំនឹងការបែកបាក់គ្នាទៅហើយនោះ ត្រូវមនុស្សមួយក្រុមវាយដំច្រំធាក់កាលពីខែមុន គឺប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងអនុប្រធានគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ត្រូវបានដកចេញពីតំណែងអនុប្រធានសភាគឺថាសំណួរទាក់ទិនទៅនឹងមូលហេតុចង្អុលតម្រង់ទៅទិសមួយ។
កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ ដែលជាកូនស្រីរបស់លោក សុខា បាននិយាយអំពីការដកឪពុកនាងចេញពីតំណែង និងការវាយដំនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន The Diplomat ថា “វិធានការនេះមានបំណងបំបែកគណបក្សប្រឆាំង ក៏ដូចជាបំបាក់ស្មារតី់អ្នកគាំទ្ររបស់យើង”។
កញ្ញា មនោវិទ្យា បាននិយាយថា “ប៉ុន្តែ ស្រេចតែលើយើង គឺគណបក្សប្រឆាំង ថាតើយើងបណ្តោយឲ្យកលល្បិចទាំងនេះមានប្រសិទ្ធភាពឬអត់ ហើយរហូតមកដល់ពេលនេះយើងមិនបណ្តោយឲ្យមានប្រសិទ្ធភាពទេ។ នៅក្នុងគណបក្សយើង នៅតែមានឯកភាពគ្នារឹងមាំ”។
ទស្សនៈបែបនេះមិនមែនមានកំណត់ចំពោះតែគណបក្សសង្គ្រោះជាតិទេ ដោយផ្នែកស៊ើបការណ៍របស់សារព័ត៌មាន The Economist សន្និដ្ឋានថា ហេតុការណ៍ទាំងពីរគឺជាការសាកល្បងថាតើគណបក្សរួបរួមគ្នាដល់កម្រិតណានៅខាងក្រោយភាពស្ងប់ស្ងៀមដែលមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី បានអះអាងថា នឹងរក្សាឲ្យបានស្ថិតក្រោមវប្បធម៌សន្ទនា។
ផ្នែកស៊ើបអង្កេតរបស់សារព័ត៌មាននេះបាននិយាយនៅក្នុងរបាយការណ៍កាលពីចុងខែមុនថា “គួរឲ្យកត់សម្គាល់ថា ប្រធានគណបក្សសង្គ្រោះជាតិគឺ លោក សម រង្ស៊ី ដែលបានព្យាយាមរក្សាទំនាក់ទំនងជាមួយ… លោក ហ៊ុន សែន យ៉ាងកក់ក្តៅ គឺមិនមែនជាគោលដៅទេ។ ការសំដៅលើ កឹម សុខា បង្ហាញការព្រលយពាក្យទាក់ទិននឹងយុទ្ធសាស្ត្រជោគជ័យកាលពីមុនៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបែកគណបក្សប្រឆាំង”។
របាយការណ៍នេះបន្តថា “កិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសសមាជិករបស់គណបក្សសង្គ្រោះជាតិ ដែលងាយស្រួលបញ្ចុះបញ្ចូលដូចជាលោក សម រង្ស៊ី អាចបង្ខំសមាជិកគណបក្សប្រឆាំងប្រកាន់ខ្សែតឹងឲ្យបែកចេញពីគណបក្ស។ តាមពិត ប្រតិកម្មពីសមាជិកនៃគណបក្សសង្គ្រោះជាតិទៅនឹងការវាយដំច្រំធាក់អាចជួយឲ្យគណបក្សប្រជាជនកម្ពុជារកឃើញអត្តសញ្ញាណយ៉ាងងាយចំពោះអ្នករិះគន់ដ៏ខ្លាំងក្លារបស់ខ្លួន”។
លោក កែម ឡី អ្នកអត្ថាធិប្បាយនយោបាយ និងជាស្ថាបនិកនៃក្រុមខ្មែរដើម្បីខ្មែរ បាននិយាយថា ការប្រឹងប្រែងដើម្បីធ្វើឲ្យជ្រួលច្រាលដល់អ្នកមានមន្ទិលសង្ស័យទៅលើវប្បធម៌សន្ទនានៅក្នុងគណបក្សសង្គ្រោះជាតិ និងការបង្កឲ្យមានមន្ទិលទៅលើលោក សម រង្ស៊ី ត្រូវគេរំពឹងថា នឹងកើតមានឡើង។
លោក ឡី បានមានប្រសាសន៍ថា “វាមិនមែនជាយុទ្ធសាស្ត្រថ្មីរបស់គណបក្សប្រជាជនកម្ពុជាទេ។ គណបក្សប្រជាជនកម្ពុជាប្រើយុទ្ធសាស្ត្របំបែក ដើម្បីឈ្នះឆ្នោត ហើយឥឡូវនេះគណបក្សប្រជាជនកម្ពុជាពិបាកនឹងទាញយកប្រជាប្រិយភាពរបស់ខ្លួនមកវិញ ហើយដូច្នេះគេងាកទៅរកយុទ្ធសាស្ត្របែបនេះ”។
លោក ឡី បានមានប្រសាសន៍ថា “ពេលខ្ញុំចុះទៅសហគមន៍មូលដ្ឋាន ឥឡូវនេះពិបាកនឹងរកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ សូម្បីតែនគរបាល កងរាជអាវុធហត្ថ មនុស្សនៅក្នុងសហគមន៍ ពួកគេមិនគាំទ្រគេទេ។ ដួច្នេះ គេមានតែមធ្យោបាយមួយប៉ុណ្ណោះ”។
ការដឹងអំពីក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបំបែកគណបក្សសង្គ្រោះជាតិ បានគ្របដណ្តប់ទៅលើសុន្ទរកថារបស់លោក រង្ស៊ី និងលោក សុខា ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មកម្លេ៉ះ នៅពេលដែលគណបក្សប្រឆាំងរួបរួមគ្នាគឺធ្វើឲ្យកើនសំឡេងឆ្នោតទ្វេដងនៅក្នុងសភាជាតិ ហើយខ្វះតែប្រាំពីរកៅអីទៀតប៉ុណ្ណោះនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។

ប៉ុន្តែ ការយល់ដឹងបែបនេះគួបផ្សំនឹងការពេញចិត្តស្មើគ្នាទៅលើសារៈសំខាន់នៃការរក្សាភាពស្ងប់ស្ងាត់ផ្នែកនយោបាយរហូតដល់មានការបោះឆ្នោតបន្ទាប់មកទៀត ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងកម្លាំងនគរបាល យោធា និងតុលាការ អាចកម្ទេចគណបក្សសង្គ្រោះជាតិបាន ប្រសិនបើខ្លួនមិនរក្សាទំនាក់ទំនងគួរសមទេនោះ។
លោក រង្ស៊ី និងលោក សុខា បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញជាមួយគ្នាកាលពីសប្តាហ៍មុន បន្ទាប់ពីមានការដកលោក សុខា ចេញពីតំណែង និងការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយបានអះអាងសាជាថ្មីថា ពួកគេគ្មានជម្រើសណាមួយ ក្រៅតែពីបន្តធ្វើការយ៉ាងស្ងាត់ស្ងៀមជាមួយអ្នកវាយប្រហាររបស់គណបក្សនេះទេ។
លោក រង្ស៊ី បាននិយាយជាមួយអ្នកព័ត៌មានមួយសប្តាហ៍បន្ទាប់ពីចោទប្រកាន់លោក ហ៊ុន សែន ថា រៀបចំឲ្យមានការវាយតប់តំណាងរាស្ត្ររបស់លោកថា “យើងមកទីនេះដើម្បីរក្សានិងពង្រឹងវប្បធម៌សន្ទនា ពីព្រោះយើងជឿថា គ្មានជម្រើសអ្វីក្រៅតែពីការជជែកគ្នាក្នុងស្មារតីគោរពគ្នាទៅវិញទៅមក។
ជាសារមួយដែលលោក រង្ស៊ី បានបញ្ជាក់ជាថ្មីនៅក្នុងកិច្ចសម្ភាសមួយនៅថ្ងៃបន្ទាប់មក ក្នុងពេលដែលទទួលស្គាល់ថា ប្រសិនបើការអះអាងរបស់លោកដែលថា លោក ហ៊ុន សែន បានបញ្ជាទៅលើការវាយដំនោះគឺពិតប្រាកដនោះ វាផ្ទុយគ្នាទៅនឹងគំនិតដែលថា វប្បធម៌សន្ទនាឥឡូវនេះកើតឡើងនៅក្នុងនយោបាយកម្ពុជា។
លោក រង្ស៊ី បានមានប្រសាសន៍ថា “ប៉ុន្តែ អ្នកមិនអាចសួរសំណួរទៅលើរឿងទាំងមូលបានទេ ពីព្រោះមានកត្តាខ្លះបង្កើតឲ្យមានបញ្ហា ហើយធ្វើឲ្យខូចដំណើរការ។ អ្វីដែលមានបញ្ហានៅទីនេះមិនអាចមានអារម្មណ៍ជ្រួលច្រាល ហើយទម្លាក់ចោលវប្បធម៌សន្ទនាបានទេ។ គ្មានជម្រើសណាជំនួសវិធីនេះទេ”។
ថាតើលោក ហ៊ុន សែន មានផែនការក្នុងការវាយតប់ និងការដកលោក សុខា ចេញពីតំណែងដើម្បីធ្វើឲ្យមានការប្រេះឆានៅក្នុងគណបក្សសង្គ្រោះជាតិឬយ៉ាងណានោះ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានបង្វែរមិនឆ្លើយសំណួរ។
លោក រង្ស៊ី បានមានប្រសាសន៍ថា “វាអាចទៅរួច ប៉ុន្តែ ខ្ញុំនឹងមិនជាប់ក្នុងចំណុចនេះទេ។ យើងត្រូវតែខំព្យាយាមប្រឈមនឹងការបង្ករឿងរ៉ាវដែលកើតឡើងមួយចំនួន ហើយយើងត្រូវនៅស្ងៀមស្ងាត់ ហើយបន្តអនុវត្តយុទ្ធសាស្ត្រយូរអង្វែងរបស់យើង”។
កាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា គណបក្សកាន់អំណាចដែលបានច្រានចោលការអះអាងថា ខ្លួនបានរៀបចំឲ្យមានការវាយដំច្រំធាក់តំណាងរាស្ត្រពីររូប មិនដែលមានយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំងនោះទេ ដោយពន្យល់ថា លោក សុខា ត្រូវដកចេញពីតំណែងអនុប្រធានសភា ដោយសារតែការប្រព្រឹត្តខុសរបស់លោកតែប៉ុណ្ណោះ។
អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានមានប្រសាសន៍ថា “កឹម សុខា ប្រើតួនាទីជាអនុប្រធានទី១សភាខុស ពីព្រោះគាត់ធ្វើការក្នុងអង្គនីតិបញ្ញត្តិ ប៉ុន្តែ ចង់ញុះញង់ប្រជាពលរដ្ឋឲ្យផ្តួលរំលំនាយករដ្ឋមន្ត្រី នោះមិនត្រឹមត្រូវទេ”។
លោក ឥសាន បានមានប្រសាសន៍បន្ថែមថា “គណបក្សប្រជាជនកម្ពុជាតែងតែណែនាំមន្ត្រីរបស់ខ្លួនឲ្យធ្វើល្អដើម្បីឈ្នះឆ្នោត ហើយមិនមែនឈ្នះឆ្នោតតាមរយៈការបំបែកបំបាក់គណបក្សដទៃទេ។ បែកឬមិនបែកជាបញ្ហារបស់គណបក្សសង្គ្រោះជាតិ។
ប្រវត្តិនៃការបែកបាក់
រយៈពេល២០ឆ្នាំបន្ទាប់ពីការបោះឆ្នោតដឹកនាំដោយអង្គការសហប្រជាជាតិនាឆ្នាំ១៩៩៣ គណបក្សសង្គ្រោះជាតិជាលើកដំបូង បានរួបរួមសមាសភាពគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជាមានដូចជាលោក រង្ស៊ី និងលោក សុខា ដែលកាលពីប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានបែកខ្ញែកទៅជាភាគីដែលមិនទុកចិត្តគ្នា។
ការច្របាច់បញ្ចូលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក សុខា ទៅជាគណបក្សសង្គ្រោះជាតិនៅខែកក្កដា ឆ្នាំ២០១២ បានធ្វើឡើងរយៈពេលមួយឆ្នាំក្រោយពីមានការប៉ុនប៉ងរួមបញ្ចូលគ្នាត្រូវរាំងស្ទះនៅពេលមានការបែកធ្លាយសំឡេងខ្សែអាត់ការសន្ទនាតាមទូរស័ព្ទរវាងលោក ហ៊ុន សែន និងលោក សុខា។
នៅក្នុងសំឡេងខ្សែអាត់ គេអាចឮលោក សុខា ឆ្លើយតបថា “បាទ” នៅពេលលោក ហ៊ុន សែន បញ្ជាក់ថា លោកប៉ុនប៉ងលួចមន្ត្រីនិងអ្នកគាំទ្រពីគណបក្សលោក រង្ស៊ី។
ត្រឡប់ទៅកាន់ការបោះឆ្នោតជាតិនាឆ្នាំ១៩៩៨វិញ គណបក្សលោក រង្ស៊ី និងគណបក្សហ្វុ៊នស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏នឹងឈ្នះសន្លឹកឆ្នោតសរុបរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងងាយស្រួល ប្រសិនបើគណបក្សទាំងពីររួមដៃគ្នា។
ក្នុងសៀវភៅចេញផ្សាយនាឆ្នាំ២០០១របស់លោក ដែលមានចំណងជើងថា “អន្តរកាលនយោបាយនៅកម្ពុជា” លោក ដេវិធ រ៉ូបឺត បានកត់សម្គាល់ថា ផ្ទុយទៅវិញ គណបក្សទាំងពីរបានបំបែកសន្លឹកឆ្នោតតទល់នឹងគណបក្សប្រជាជនកម្ពុជាត្រឹមពាក់កណ្តាលផ្លូវដែលបណ្តោយឲ្យលោក ហ៊ុន សែន មានភាពស្របច្បាប់ទៅលើលទ្ធផលនៃការប្រយុទ្ធប្រដាប់អាវុធនាឆ្នាំ១៩៩៧នៅក្រុងភ្នំពេញ ដែលទម្លាក់ព្រះអង្គម្ចាស់ រណឫទ្ធិ ចេញពីតំណែង។
លោក រ៉ូបឺត បានសរសេរថា “ហ៊ុន សែន មិនអនុវត្តស្នៀតបំបែកហើយគ្រប់គ្រងទេ តែគណបក្សប្រឆាំងបានធ្វើដូច្នោះ។ ក្រឡេកមើលលទ្ធផលបោះឆ្នោត ប្រសិនបើ រង្ស៊ី និង រណឫទ្ធិ រួបរួមគ្នាគេនឹងទទួលបានសន្លឹកឆ្នោតភាគច្រើន ហើយលទ្ធផលនឹងខុសគ្នាយ៉ាងខ្លាំង”។
ដោយគណបក្សប្រជាជនកម្ពុជាយល់ព្រមបោះឆ្នោតដោយសេរីនៅឆ្នាំ២០១៨ ទន្ទឹមនឹងនោះក៏ធ្វើកំណែទម្រង់ ហើយក៏គំរាមថាសង្គ្រាមនឹងកើតឡើង ចំណែកឯគណបក្សសង្គ្រោះជាតិវិញ ទំនងជាទទួលស្គាល់បញ្ហាដែលផ្អែកទៅលើថាតើគណបក្សប្រឆាំងនេះអាចនៅរួបរួមគ្នារហូតដល់មានការបោះឆ្នោតបន្ទាប់ទៀតឬយ៉ាងណាទេ។
តម្លៃដែលផ្អែកលើឯកភាពគ្នានៅក្នុងជួរគណបក្សសង្គ្រោះជាតិ តាមពិតទៅមានភាពរឹងមាំ ដែលខ្លួនមានជំនឿថា អ្វីៗដែលខ្លួនធ្វើដើម្បីឈ្នះការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ គឺនៅមានដដែល។
លោក រង្ស៊ី បានមានប្រសាសន៍កាលពីយប់ថ្ងៃព្រហស្បតិ៍មុននឹងធ្វើដំណើរតាមយន្តហោះចាកចេញពីកម្ពុជាម្តងទៀតថា “អ្វីៗគឺផ្តោតទៅលើដំណើរការបោះឆ្នោត។ ក្តីសង្ឃឹមតែមួយគត់សម្រាប់កម្ពុជាគឺរៀបចំការបោះឆ្នោតគួរឲ្យជឿទុកចិត្តបាន”៕ រើន (រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)