បន្ទាប់ពីជញ្ជាំងដីដែលខណ្ឌចែកបឹងនិងរណ្ដៅដីបានបាក់កាលពីពេលយប់ថ្ងៃអង្គារ ដោយធ្វើឲ្យមានចរន្តទឹកដ៏ខ្លាំងរហូតដល់បំផ្លាញទូកនេសាទមួយគ្រឿង និងធ្វើឲ្យបាត់ខ្លួនមនុស្សម្នាក់មក កាលពីម្សិលមិញ អាជ្ញាធរបានបដិសេធមិននិយាយថា នរណាជាអ្នកមើលខុសត្រូវរណ្តៅដីដែលមានឧបទ្ទវហេតុកើតឡើងនេះទេ។
នៅម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃអង្គារ ទឹកពីបឹងកប់ស្រូវ ស្ថិតនៅខណ្ឌព្រែកព្នៅបានហូរបុកចូលការដ្ឋានជីកដីមួយកន្លែងរបស់ឧកញ៉ា ញឹក ផន បន្ទាប់ពីជញ្ជាំងដីទទឹង២០ម៉ែត្រដែលខណ្ឌចែកតំបន់ទាំងពីរបានបាក់។
លោក ខន រ៉េត អាយុ២៧ឆ្នាំ និងលោក ទូច ស្លឹក អាយុ៣៣ឆ្នាំ កំពុងនេសាទក្នុងបឹងនោះនៅចម្ងាយប្រហែល៤០ម៉ែត្រពីរណ្តៅដី នៅពេលនោះទូកឈើរបស់ពួកគេត្រូវទឹកហូរកួចចូលរណ្តៅ និងក្រឡាប់លិច។ លោក រ៉េត បានតោងស្នោ និងបានហែលទៅកាន់កន្លែងមានសុវត្ថិភាព នៅពេលដែលទឹកហូរធ្លាក់ចូល ប៉ុន្តែ លោក ស្លឹក បានបាត់ខ្លួន។

លោក ឌិត ទីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា ថ្វីបើក្រសួងរបស់លោកទទួលខុសត្រូវចំពោះការមើលខុសត្រូវការជីកដីនៅក្រុងភ្នំពេញក៏ដោយ ក៏រណ្តៅដីដ៏ធំរបស់លោក ផន មិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនទេ។
លោកបានមានប្រសាសន៍ថា “វាមិនមែនជារបស់ក្រសួងទេ។ វាមិនមែនជាការទទួលខុសត្រូវរបស់យើងទេ”។
នៅពេលសួរថា នរណាទទួលខុសត្រូវចំពោះការដ្ឋានជីកដីរបស់ឧកញ៉ារូបនេះ លោក ទីណា បានឆ្លើយតបថា “លោកជាអ្នកកាសែត។ វាជាការងាររបស់លោកក្នុងការរកឲ្យឃើញ”។
កម្លាំងកងរាជអាវុធហត្ថដែលឈរជើងនៅខាងក្រៅការដ្ឋានជីកដីនោះ បានរារាំងអ្នកយកព័ត៌មានមិនឲ្យចូលក្នុងបរិវេណនោះទេនៅសប្តាហ៍នេះ ប៉ុន្តែ ក្រុមមន្ត្រីក្នុងកងកម្លាំងនេះក៏បានបង្ហាញការមិនជាប់ពាក់ព័ន្ធនឹងកន្លែងនោះដែរកាលពីម្សិលមិញ។
មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក ភួង សុភី បានអះអាងបញ្ជាក់ថា កងកម្លាំងរាជ អាវុធហត្ថជារឿយៗយាមតំបន់នោះ ប៉ុន្តែបានអះអាងថា មន្ត្រីទាំងនោះមិនមែនមកពីអង្គភាពរបស់លោកទេ ប៉ុន្តែ មកពីអង្គភាពថ្នាក់ជាតិដែលគេហៅថា ” ឡុង ឈិន”។
លោក សុភី បានមានប្រសាសន៍ថា ”កម្លាំង របស់យើងមិនយាមនៅទីនោះទេ។ ពួកគេជា ឡុង ឈិន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរាជអាវុធហត្ថជាតិ”។
ទោះជាយ៉ាងនេះក្តី លោក អេង ហីុ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា មន្ត្រីមកពី ឡុង ឈិន ដែលគេស្គាល់ជាផ្លូវការថាជាអង្គភាពអន្តរាគមន៍ចល័ត១៩៦ មិនបានយាមដីនោះទេ។
លោកបានឲ្យដឹងទៀតថា “ឡុង ឈិន ស្ថិតនៅក្រោមកម្លាំងកងរាជអាវុធហត្ថ ប៉ុន្តែពួកគេមិនយាមដីនៅទីនោះទេ។
នៅពេលជាមួយគ្នានោះ ការងារជីកដីបានបន្តនៅថ្ងៃម្សិលមិញ នៅជាយបឹងកប់ស្រូវ ខណៈដែលនគរបាលបាននិយាយថា ពួកគេទុកកិច្ចការស្វែងរកសាកសពឲ្យសហគមន៍នេសាទដែលរស់នៅទីនោះ។
ត្រាក់ទ័រជីកដីយ៉ាងហោចណាស់ប្រាំមួយគ្រឿងបានបន្តកាយដីពីមាត់បឹងនៅពេលរសៀល ខណៈដែលគ្រួសារ និងអ្នកជិតខាងរបស់លោក ស្លឹក អង្គុយនៅមាត់រណ្តៅដីដែលឥឡូវនេះមានទឹកពេញ ហើយសម្លឹងរកមើលសញ្ញាណាមួយពីលោក ស្លឹក។
ភរិយារបស់លោក ស្លឹក អ្នកស្រី ឃុន ភាព បាននិយាយថា នគរបាលឈប់ជួយស្វែងរកហើយ ហើយតំណាងក្រុមហ៊ុនម្នាក់បានប្រាប់អ្នកស្រីថា ប្រសិនបើអ្នកស្រីរកសាកសពប្តីមិនឃើញទេ អ្នកស្រីនឹងមិនទទួលបានសំណងច្រើនទេ។
អ្នកស្រី ភាព បាននិយាយថា “ខ្ញុំគ្មានលុយទេ ដូច្នេះខ្ញុំគ្មានសង្ឃឹមថានឹងរកសពឃើញឡើយ។ បើយើងរកឃើញសាកសព ហើយពួកគេជឿជាក់ថា គាត់ស្លាប់ អ៊ីចឹងពួកគេនឹងបង់លុយឲ្យយើង”។
លោក សួស សុខា អធិការរងនគរបាលខណ្ឌ បានបញ្ជាក់ថា នគរបាលបានបោះបង់ការស្វែងរក និងបាននិយាយថា មិនទំនងថាគេនឹងរកឃើញសពរបស់លោក ស្លឹក នោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា សពរបស់គាត់នឹងមិនអណ្តែតឡើងទេ ពីព្រោះគាត់ប្រហែលជាត្រូវកប់នៅបាតរណ្តៅ”៕ និត