35 C
Phnom Penh

តុលាការ​ចេញ​ដីកា​ចា​ប់ខ្លួន​​សកម្ម​ជន​ព្រះ​​​សង្ឃ​​ សឹង ហាយ​​​ ជា​​​ថ្មីម្តង​​​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​សកម្ម​​​ជន​​​ជា​​​ព្រះ​​​សង្ឃ​​​ សឹង ហាយ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​កាល​​​ពី​​​ខែ​​​មុន​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​​​​ក្លែង​​​ក្លាយជាសង្ឃ​​​ និង​​​ស្លៀក​​​ដណ្តប់​​​បែប​​ព្រះ​​​ពុទ្ធ​​​​​​​សាសនា​​​ដោយ​​​​​​គ្មាន​​​សិទ្ធិ​​​។

ព្រះ​​​តេជគុណ សឹង ហាយ ត្រូវ​​​បាន​​​ផ្សឹក​​​ និង​​​  ផ្តន្ទាទោស​​​ពីបទ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​​​​មុខ​​​សាលា​​​ដំបូង​​​រាជ​ធានីភ្នំពេញ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​មុន ហើយ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​វត្ត​​ដែល​​​ព្រះអង្គ​​​គង់​នៅ​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​កាល​​​ ពី​​​ខែ​​​មេសា។ ប៉ុន្តែ បើ​​​តាម​​​សាលា​​​រាជ​​​ធានី​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ពីបទ​​​ក្លែង​​​ឯកសារឲ្យ​ដឹង​ថា ព្រះ​​​តេជគុណ​​​ សឹង ហាយ​​​ មិន​​​ដែល បាន​​​បួស​​​ផ្លូវ​​​ការ​​​ទេ​​​។

សឹង ហៃ​​​ អបអរ​​​សាទរ​​​ពេល​​​ត្រូវ​​​ដោះ​​​លែង​​​ពី​​​ពន្ធ​​​នាគារ​​​ព្រៃ​​​ស​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​មេសា។ រូប​​​ថត​​​:  ស៊ីវ ចាន់ណា/ខេម​​​បូឌា ដេលី​​​

ដីកាចាប់ខ្លួន​ចុះថ្ងៃទី​៣ ខែ​វិច្ឆិកា​​​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​ចៅ​​​ក្រម ឃី ឆៃ មាន​​​ខ្លឹម​​​សារ​​​ថា “ឈ្មោះ​ សឹង ហាយ​​​ អាយុ ២៨​​​ឆ្នាំ ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​​រយៈ​​​ពេល​ពីរ​​​​​​​​​ឆ្នាំ​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​៦​​​លាន​​​រៀល​​​ ។ ដីកា​ដដែលនេះ​បន្ត​ថា ឈ្មោះ សឹង ហាយ​​​ “ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពី​​​បទ​​​ប្រើ​​​​​​ប្រាស់​​​ឯកសារ​​​សាធារណៈ​​​ក្លែង​​​ និង​​​ស្លៀក​​​ដណ្តប់​​​បែប​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ដោយ​​​គ្មាន​​​សិទ្ធិ​​​ប្រព្រឹត្ត​​​កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤នៅ​​​ចំណុច​​​​មុខ​​​សាលា​​​ដំបូង​រាជ​​​ធានី​​​ភ្នំពេញ”។

ដីកា​​​នេះ​​​បន្ថែម​​​ថា “ឲ្យ​កម្លាំង​​​សាធារណៈ​​​​​​ស្រាវ​​​ជ្រាវ​​​រក​​​ចាប់​​​ និង​​​ឃុំ​​​ខ្លួន​​​ពិរុទ្ធជន​​​ឈ្មោះ ​​​សឹង​​​ ហាយ​​​។ ឲ្យ​​​ប្រធាន​​​ពន្ធនាគារ​​​​​​ទទួល​​​ និង​​​ឃុំ​​​ខ្លួន​​​ជន​​​នេះ​​​រហូត​​​ដល់​​​មាន​​​បទ​​​បញ្ជា​​​ថ្មី​​​សម្រេច​​​ផ្សេង​​​ពី​​​នេះ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​ស្រី សន ​​​ស៊ូដា​​​ឡែន ​​​មេធាវី​​​ការ​ពារ​ក្តី​របស់​ឈ្មោះ សឹង​​​ហាយ បាន​​​មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​មិន​​ដឹង​​​ថា តើ​​​កូនក្តី​​​របស់​​​លោក​​​ស្រី​​​នៅ​​​ឯណា​​​ឡើយ​​​។ ប៉ុន្តែ លោក​​​ស្រី​​​បាន​​​អះ​​​អាង​​​ថា ​​​ឯកសារ​​​​​​ដែល​​​លោក​​​ស្រី​​​បាន​ដាក់ជូន​​​​​តុលាការ អំឡុង​​​សវនាការ​​​ជំនុំ​ជម្រះ​​​កាល​​​ពីថ្ងៃ​​​ទី​​​៧ ខែតុលា​​​ បង្ហាញ​​​ថា ព្រះតេជគុណ ​​​សឹង ហាយ ត្រូវ​​​បាន​​​បំបួស​​​នៅ​​​វត្ត​​​ព្រៃ​​​ទា​​​ ស្ថិត​​​នៅ​​​ក្នុង​​​ខេត្ត​​​តាកែវ កាល​​​ពីឆ្នាំ​​​២០០៦​​​​គឺ​ពិត​​​ប្រាកដ។

លោក​​​ស្រី​​​បាន​​​មានប្រសាសន៍​​​ថា “ហើយ​​​ប្រសិន​​​បើ​​​គាត់​ជា​​​ព្រះ​​សង្ឃ​ក្លែង​​​ក្លាយ​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​មន្ត្រី​​​សង្ឃ​​​រៀប​​​ចំ​​​ពិធី​​​ផ្សឹក​​​គាត់​​​​​​នៅ​​​ពេល​​​គាត់​​​ត្រូ​​​វបាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​?។   ខ្ញុំ​​​គិត​​​ថា រឿង​នេះ​​​អយុត្តិធម៌​​​ចំពោះ​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ ពីព្រោះ​​​តុលាការ​​​មិន​​​បាន​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​អំឡុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ថា គាត់​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ឡើយ​​​”។

លោក ផន ដាវី ប្រធាន​​​មន្ទីរ​​​ធម្មការ និង​​​សាសនា​​​រាជធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ព្រះ​​​ចៅអធិការ​​​វត្ត​​​នៅ​​​ខេត្ត​​​តាកែវ​​​ ដែល​​​ឯកសារ​​​របស់​​​ឈ្មោះ​ សឹង ហាយ​​​ អះអាង​​​ថា គាត់​​​បាន​​​បួស​​​ជាសង្ឃនោះ ​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​ស្រាវ​​​​​​ជ្រាវ​​​ថា ឈ្មោះ សឹង​​​ ហាយ​​​ មិន​​​ដែល​​​ត្រូវ​បាន​បំ​​​បួស​​​នៅ​​ទី​​​នោះ​​​ទេ។

លោក​​​បាន​​​និយាយ​​​ថា “ឈ្មោះ សឹង​​​ ហាយ មិន​​​មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​បង្ហាញ​​​ថា គាត់​​​បាន​​​បួស​​​ ឡើយ​​​។ ការ​​​បួស​​​ជា​​​ព្រះ​​​សង្ឃចាំ​​​បាច់​​​ត្រូ​​​វ មាន​​​ការ​​​​​​ទទួល​​​ស្គាល់​​​ពី​​​អនុគណ​​​ស្រុក និ​ង​​អាជ្ញាធរ​​​ឃុំ ប៉ុន្តែ ឈ្មោះ សឹង ហាយ​​​ មិន​​​មាន​​​ទេ​​​”។

នៅ​ពេល​​​ត្រូវបាន​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិល​​​មិញ ចៅក្រម ឃី ឆៃ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​​ធិប្បាយ​​​ទេ។ លោក អៀង សុភា ព្រហ្ម​​​ទណ្ឌកម្រិត​ធ្ងន់​​​​រាជ​​​ធានី​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ដីកា​​​ចាប់ខ្លួន​​​នៅ​​​ឡើយ​​​ទេ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ឈ្មោះ​​​ សឹង ​​​ហាយ  បាន​​​ទេ​​​។

ព្រះតេជគុណ យិន រតនសុធាវី ជា​​​មិត្ត​​​ភក្តិរបស់​​​ឈ្មោះ សឹង ហាយ បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ហើយ​​​។ ​​​ព្រះ​​​អង្គមាន​​​សង្ឃ​​​ដីកា​​​ថា “ពេល​នេះ គាត់​​​នៅ​​​បរទេស​​​​​​ឯណោះ​​​ ប៉ុន្តែ អាត្មា​​​មិន​​​អាច​​​និយាយ​​​ថា ប្រទេស​​​ណា​​​ទេ​​​ ដើម្បី​​​សុវត្ថិភាព​​​របស់​​​គាត់”។

លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​ជឿ​​​ថា សឹង ហាយ​​​ កំពុង​ត្រូវ​បាន​ផ្តោតគោល​​​ដៅ​​​ដោយ​​​សារ​​​តែ​​​សកម្ម​​​​​​ ភាព​​​របស់​​​គាត់​​​ពាក់​​​ព័ន្ធ​​​កម្ពុជា​​​ក្រោម​​​ ជា​​​អតីត​​​តំបន់​​​ដែល​​​អាណាចក្រ​​​ខ្មែរ​​​ត្រូវ​​​បាន​​​​​​អាណា​​​និគម​​​បារាំង​​​កាត់​​​ទៅ​​​ឲ្យ​​​វៀតណាម។

ប្រជាជនកម្ពុជា​​​​​​ចង់​​​បាន​​​តំបន​​​់នោះ​​​មក​​​វិញ ​​​ហើយ​​​បាន​​​ចោទ​​​ប្រទេស​​​វៀតណាម​​​ថា បាន​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ខ្មែរ​​​ដែល​​​រស់​​​នៅ​​​ទី​​​នោះ​​​នៅ​​​ឡើយ​​​។ រដ្ឋាភិបាល​​​កម្ពុជា​​​បច្ចុប្បន្ន​​​ដែល​​​ត្រូវ​បាន​លើក​​​បន្តុប​​​ដោយ​​​វៀត​​​ណាម​​​ បន្ទាប់​​​ពី​​​ការ​​​ដួល​​​រលំ​​​របប​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ឆ្នាំ​​​១៩៧៩ គឺ​​​ជា​បញ្ហារសើប​​​បំផុត​​​ចំពោះការ​តវ៉ា​របស់​​​ក្រុម​​​សកម្មជន​​​។

លោក អំ សំអាត​​​ បាន​​​មាន​ប្រសាសន៍​​​ថា ​​​”សឹង​​​ ហាយ​​​ បាន​ក្លាយ​ជា​​​គោល​​​ដៅ​​​ ពីព្រោះ​​​គាត់​​​សកម្ម​​​​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​សេរីភាព​​​របស់​​​ខ្មែរ​​​កម្ពុជា​​​ក្រោម និង​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​”។

សឹង ហាយ​​​ បាន​​​ជួយ​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​ដោយ​​​មាន​​​ការ​​​ដុត​​​ទង់​​​ជាតិ​​​នៅ​​​មុខ​​​ស្ថាន​​​ទូត​​​វៀត​​​ណាម​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស