26 C
Phnom Penh

លោក ហោ ណាំហុង ​បដិសេធ​ថា លោក​​មិន​បាន​​​​ស្នើ​ឲ្យ​មាន​ការ​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពី​ម្សិលមិញ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​​បាន​​​កោះ​ហៅ​​​បណ្ដា​អង្គទូត​​​ប្រចាំ​ប្រទេស​កម្ពុជា ​​ដើម្បី​ប្រាប់​ថា លោក​​មិន​​ជាប់​ពាក់​ព័ន្ធ​​ការ​​ចេញ​ដីកា​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​​កាលពី​សប្ដាហ៍​មុន​ឡើយ​។

​រដ្ឋមន្ត្រី​រូប​នេះ​​ក៏​បាន​ព្យាយាម​​ពន្យល់​បក​ស្រាយ​អំពី​​​​​វិធានការ​​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​​ស្វះ​ស្វែង​​​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ​តាម​ការ​ផ្ដន្ទាទោស​​បទ​បរិហារកេរ្តិ៍​​ដែល​មាន​​អាយុ​កាល​៤ឆ្នាំ​​ទៅ​ហើយ​ក្នុង​បណ្ដឹង​​​របស់​​លោក ហោ ណាំហុង ​ដោយ​អះអាង​ថា ​ជម្លោះ​​​​នេះ​មិន​មែនជា​រឿង​នយោបាយ​​ឡើយ ប៉ុន្តែ​គឺ​ជា​​រឿង​ផ្ទាល់​ខ្លួន​។

ក្រុម​​​មន្ត្រី​​​ការ​​​ទូត​​​ឈរ​​​នៅ​​​ខាង​​​ក្រៅក្រសួង​​​ការបរទេស​​​កាល​​​ពី​​​ម្សិលមិញ ក្រោយ​​​ជំនួប​​​ជាមួយ​​​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​​​​ទាក់​​​ទិន​​​ការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ លោក សម រង្ស៊ី។ រូបថតៈ សីុវ  ចាន់ណា/The Cambodia Daily
ក្រុម​​​មន្ត្រី​​​ការ​​​ទូត​​​ឈរ​​​នៅ​​​ខាង​​​ក្រៅក្រសួង​​​ការបរទេស​​​កាល​​​ពី​​​ម្សិលមិញ ក្រោយ​​​ជំនួប​​​ជាមួយ​​​លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​​​​ទាក់​​​ទិន​​​ការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ លោក សម រង្ស៊ី។ រូបថតៈ សីុវ ចាន់ណា/The Cambodia Daily

​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​​ក្រោយ​ពី​ជំនួប​​របស់​លោក​ជាមួយ​មន្ត្រី​ការ​ទូត​​នៅ​ឯ​ក្រសួង​ការ​បរទេស​ថា “​ទាក់​​ទិន​ឯក​ឧត្ដម​ សម រង្ស៊ី ខ្ញុំ​បាន​ជម្រាប​អង្គទូត​ថា មិន​មែន​ជា​ទំនាស់​​រវាង​គណបក្ស​​ និង​គណ​បក្ស​​​​ទេ។ មិន​មែន​ជា​បញ្ហា​នយោបាយ​ទេ​។ វា​ជា​បញ្ហា​​រវាង​ឯក​ឧត្ដម​​ សម រង្ស៊ី និង​​ខ្ញុំ​​ចាប់​តាំងពី​ឆ្នាំ​២០០៨​​នៅ​ឯ​ជើង​ឯក​​ ឯក​ឧត្ដម​ សម រង្ស៊ី បាន​​​បរិហារ​​កេរ្តិ៍​ខ្ញុំ​​​​នៅ​​ចំពោះ​មុខ​​មនុស្ស​រាប់​រយ​នាក់​ “។

លោក ហោ ណាំហុង ​បាន​ប្ដឹង​លោក សម រង្ស៊ី ​បន្ទាប់ពី​​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​​ថ្លែង​សុន្ទរកថា​ចោទ​ប្រកាន់​​លោក​ថា ​ចូល​​​ដៃជើង​ជាមួយ​ខ្មែរក្រហម​​ ខណៈ​​​ពេល​ជាប់​ឃុំ​នៅ​គុក​បឹង​ត្របែក។ ​លោក សម​ រង្ស៊ី ​ត្រូវ​បាន​​តុលាការ​​កាត់​ឲ្យ​ជាប់​ទោស​កាលពី​ឆ្នាំ​២០១១ ហើយ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយ​ៈ​ពេល​២ឆ្នាំ ប៉ុន្តែ​សាល​ក្រម​នេះ​​មិន​ត្រូវ​បាន​អនុវត្ត​​រហូត​​ដល់​​សប្ដាហ៍​មុន​ ជា​​​ពេល​​​ដែល​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​​ក្រោយ​ពី​​មាន​សំណើ​ពី​លោក ការ សាវុត្ថ មេធាវី​របស់​លោក ហោ ណាំហុង។

ទោះ​ជា​យ៉ាង​ណា លោក ហោ ណាំហុង បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ​លោក ការ សាវុត្ថ មិន​​​បាន​ធ្វើ​​​​ជួស​មុខ​ឲ្យ​រូប​លោក​នោះ​ទេ ហើយ​ថា​ សំណើ​នេះ​បាន​ធ្វើ​ឲ្យ​លោក​រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ដែល​ជា​កូនក្ដី​មួយ​រូប​ទៀត​របស់​លោក ការ សាវុត្ថ ​ផង មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​។

cam-photo-namhong-jump-channa-800x533រដ្ឋមន្ត្រី​រូប​​នេះ​បាន​លើក​ឡើង​បន្ត​ថា “​ខ្ញុំ​បាន​ផ្ទេរ​សិទ្ធិ​​ដោះ​ស្រាយ​​​សំណុំរឿង​នេះ​ទៅ​​​មេធាវី​របស់​ខ្ញុំ​ហើយ ហើយ​ខ្ញុំ​មិន​បាន​បញ្ជា​​គាត់​​ទាល់​តែ​សោះ។ សំណើ​សុំ​​ឲ្យ​ចេញ​ដីកា​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​មេធាវី​របស់​ខ្ញុំ វា​មិន​មែន​ជា​បញ្ជា​របស់​ខ្ញុំ​ទេ​។ ទាំង​ខ្ញុំ​ទាំង​​សម្ដេច​​​​​តេជោ ហ៊ុន សែន ​មិន​បាន​ដឹង​ថា មេធាវី​របស់​​​ខ្ញុំ​​កំពុង​ធ្វើ​អ្វី​នោះ​​ទេ​ រហូត​​ដល់​​​ចេញ​ដីកា​ចាប់​​ខ្លួន។ ដូច្នេះ​ វា​​មិន​ពាក់​ព័ន្ធ​នឹង​សម្ពាធ​នយោ​បាយ​ [ពី​គណបក្ស​ប្រជាជន​កម្ពុជា] ទេ ​ហើយ​វា​មិន​មែន​ជា​ជម្លោះ​រវាង​បក្ស ​និង​បក្ស​ទេ”។ នៅ​ពេល​សុំ​ឲ្យ​​ធ្វើ​​អត្ថាធិប្បាយ​កាលពី​ម្សិល​មិញ លោក ការ សាវុត្ថ បាន​ផ្ដាច់​ទូរស័ព្ទ​​​របស់​​អ្នក​យក​ព័ត៌មាន​​។

លោក សម​ រង្ស៊ី ដែល​ស្ថិត​​​នៅ​​កូរ៉េ​ខាង​ត្បូង ​នៅ​ពេល​​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​​លោក​មិន​ទាន់​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ទេ។ កាលពី​ថ្ងៃ​ច័ន្ទ ប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជាជន​កម្ពុជា ដក​​​​ចេញ​ពី​រដ្ឋសភា និង​​ដក​​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក​ទៀត​​។

​មន្ត្រី​ស្ថាន​ទូតជា​ច្រើន​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​​ទេ​​​កាលពី​ម្សិលមិញ ​​ស្ដីពី​​​ជំនួប​បិទ​ទ្វារ​​ពិភាក្សា​​ជាមួយ​លោក ហោ ណាំហុង។

លោក ចេ រ៉េមែន (Jay Raman) អ្នក​នាំពាក្យ​​​ស្ថានទូត​អាមេរិក គ្រាន់​តែ​​បាន​បញ្ជាក់​ពី​វត្ត​មាន​​​ចូល​រួម​​របស់​​ភារធារី​ ជូលី ឆាំង (Julie Chung) ​ប៉ុណ្ណោះ ហើយ​បាន​​លើក​ឡើង​​បន្ថែម​​​​ថា ជំហរ​របស់​ស្ថានទូត​​លើ​ស្ថានភាព​ចលា​ចល​ផ្នែក​នយោបាយ​​កាលពី​​ពេល​ថ្មីៗ​នេះ​​ក្នុង​ប្រទេស​កម្ពុជា ​​នៅ​តែ​មិន​​​ផ្លាស់​ប្តូរ​។

 

សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​ស្ថានទូត​នេះ​ក្រោយ​ការ​ដក​​​​លោក សម រង្ស៊ី ​ចេញ​ពី​រដ្ឋសភា​កាលពី​ថ្ងៃ​ច័ន្ទ ​បាន​អំពាវនាវ​ឲ្យ​ប្រគល់​អភ័យ​ឯកសិទ្ធិ​​ជូន​​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​វិញ​​ជា​បន្ទាន់ ហើយ​លុប​ចោល​​​​​ដីកា​ចាប់​ខ្លួន​។

លោក នីកូឡាស ប៊ូឌង់ (Nicolas Baudouin) អ្នក​នាំពាក្យ​ស្ថានទូត​បារាំង ​ក៏​បាន​បញ្ជាក់​ដែរ​ថា ឯក​អគ្គរដ្ឋ​ទូត​​​របស់​ប្រទេស​លោក​​ក៏​​បាន​ចូល​​​​រួម​ដែរ ប៉ុន្តែ​បដិសេធ​មិន​ឆ្លើយ​រាល់​សំណួរ​​​ស្ដីពី​ជំនួប​​នេះ​ទេ។ លោក​បាន​លើក​ឡើង​តាម​​​​រយៈ​សារ​អេឡិច​ត្រូនិក​ថា “​យើង​ព្រួយ​បារម្ភ​​ចំពោះ​​ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ហើយ​ក្រោយ​មក​​​ដក​​លោក​ចេញពី​​​​​ប្រធាន​​​​គណបក្ស​ប្រឆាំង​​​​​របស់​​កម្ពុជា ​​នៅ​ក្នុង​រដ្ឋសភា​។ ​យើង​សូម​បញ្ជាក់​ជា​ថ្មី​ថា យើង​មាន​បំណងចង់​ឲ្យ​បន្ត​ការ​​ចរចា​ផ្នែក​នយោ​បាយ​រវាង​គណបក្ស​ទាំង​ពីរ​ដោយ​ស្មារតី​សន្តិ​វិធី និង​​ការ​ទទួល​ខុស​ត្រូវ​ពី​គ្រប់ភាគី​ទាំង​អស់ ហើយ​ឈរ​លើ​​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ខែ​កក្កដា ឆ្នាំ​២០១៤”។

​​កាលពី​ថ្ងៃ​អង្គារ​ អ្នក​នាំពាក្យ​​លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្រដៀង​គ្នា​មួយ​​​​ដោយ​គូស​​បញ្ជាក់​ថា លោក បាន គីមូន កំពុង​​​តាម​ដាន​ដោយ​​ក្ដី​បារម្ភ​ចំពោះ​​ភាព​តាន​តឹង​​កាន់​តែ​ខ្លាំង​ឡើង​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​។ លោក​អគ្គលេខាធិការ​​​​ជំរុញ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​កិច្ច​សហប្រតិបត្តិការ និង​ការ​សន្ទនា​របស់​ខ្លួន​ ហើយ​ជំរុញ​ឲ្យ​ភាគី​នយោបាយ​ទាំង​អស់​​ចៀស​​វាង​​​​អំពើ​ហិង្សា​​ ការ​បំភិត​បំភ័យ និង​ការ​បៀតបៀន​យាយី​”។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ​អនុប្រធាន​​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (HRW) ​ប្រចាំ​តំបន់​អាស៊ី ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ការ​ទូត​ដែល​​លោក​ ហោ ណាំហុង បាន​កោះ​ហៅ ទំនង​​ជា​មិន​​ទទួល​​ឥទ្ធិពល​​ពី​ការ​ពន្យល់​បក​ស្រាយ​របស់​​រដ្ឋមន្ត្រី​រូប​នេះ​ឡើយ។

លោក​​លើក​ឡើង​តាម​សារ​អេឡិច​ត្រូនិក​​មួយ​ថា “​លោក​ ហោ ណាំហុង ​គ្រាន់​តែ​​ធ្វើ​ការ​ងារ​របស់​ខ្លួន​តាម​រយៈ​ការ​​ប្រឌិត​រឿង​ប្រាប់​​​​អង្គ​ទូត​តែ​ប៉ុណ្ណោះ​​​​។ ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ថា មនុស្ស​ជាច្រើន​​នៅ​ក្នុង​សហគមន៍​ការទូត​ ​នឹង​ជឿ​អ្វី​ដែល​គាត់​និយាយ​ឡើយ​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស