
លោកស្រី អែម ធាយ មិនដឹងពិតប្រាកដថា គាត់កើតនៅពេលណាទេ។ អ្វីដែលលោកស្រីនៅចាំគឺថា លោកស្រីគឺជាក្មេងតូចម្នាក់ដែលរស់នៅឯបរមរាជវាំង នៅពេលដែលព្រះមហាក្សត្រ នរោត្តម សីហនុ ឡើងសោយរាជ្យក្នុងឆ្នាំ១៩៤១។ ឪពុករបស់លោកស្រីជាអ្នកបម្រើគ្រួសារព្រះរាជវង្ស ហើយម្តាយលោកស្រីជាចុងភៅវំាង។ ជាប់ចិត្តដោយអ្នករបាំព្រះរាជ្យទ្រព្យ អ្នកស្រីទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងរបាំប្រចាំព្រះរាជវាំងនៅពេលលោកស្រីមានអាយុប្រហែល៦ឆ្នាំ។
របាំបានក្លាយជាជីវិតរបស់អ្នកស្រី។ រហូតមកទល់បច្ចុប្បន្ននេះ អ្នកស្រីមានអាយុ៨០ឆ្នាំទៅហើយ ប៉ុន្តែ អ្នកស្រីនៅតែបង្រៀនរបាំនៅចុងសប្តាហ៍ដដែល។ រៀងរាល់ថ្ងៃអាទិត្យ មិត្តភ័ក្តិចាស់របស់លោកស្រីគឺលោក ឡុង សុខផល មកទទួលលោកស្រី ហើយជិះម៉ូតូរបស់លោកទៅកាន់មណ្ឌលកុមារកំព្រាកុមារសន្តិភាព នៅភូមិស្រែអំពិល ក្នុងខេត្តកណ្តាល ដែលនៅទីនោះពួកគេបង្រៀនរបាំបុរាណដល់ក្មេងៗ។
លោក សុខផល បាននិយាយថា “តាមដែលគាត់ប្រាប់ខ្ញុំ គាត់មិនចង់ស្លាប់ទៅដោយមិនមានឱកាសចែករំលែកចំណេះដឹងរបស់គាត់ទេ”។
អ្នកថតរូបជនជាតិអាល្លឺម៉ង់គឺលោក អាជេ ស្ទេវិន ដែលបានជួបលោកស្រី ធាយ ជាលើកដំបូងជិតពីរទសវត្សរ៍កន្លងមកហើយ បានចាត់ទុកលោកស្រីជា “លោកយាយរបាំព្រះរាជ្យទ្រព្យ”។
នៅពេលអ្នកថតរូបជនជាតិអាល្លឺម៉ង់រូបនេះ បានជួបសម្ភាសលោកស្រីកាលពីបីឆ្នាំមុន លោកមានចិត្តក្តុកក្តួលពេលឃើញលោកស្រីរស់នៅក្នុងផ្ទះរយីករយាក។ លោកស្រីចូលចិត្តរស់នៅដោយឯករាជ្យ ប៉ុន្តែ ប្រាក់សោធននិវត្តន៍ចំនួនម្ភៃម៉ឺនរៀលក្នុងមួយខែ មិនបានធ្វើឲ្យលោកស្រីមានជម្រើសច្រើនទេ។
ដូច្នេះលោក ស្ទេវិន សម្រេចចងក្រងសៀវភៅរូបថតទាក់ទិននឹងលោកស្រី ធាយ ហើយតាំងពិព័រណ៍រូបថតរបស់លោកអំពីការរាំរបស់លោកស្រី ធាយ ហើយផ្តល់ប្រាក់ទាំងអស់ពីការលក់រូបថតឲ្យទៅលោកស្រី។ សៀវភៅរូបថតមាន១១៥ទំព័រ ដែលមានចំណងជើងថា “សិល្បករ១សតវត្សរ៍” បានចេញផ្សាយកាលពីពីរសប្តាហ៍មុនដោយមានអត្ថបទជាភាសាអង់គ្លេស ខ្មែរ បារាំង និងអាល្លឺម៉ង់។
លោក ស្ទេវិន បាននិយាយក្នុងបទសម្ភាសថា “ជាធម្មតា នៅពេលអ្នកល្បីល្បាញលាចាកលោក គេព្យាយាមប្រារព្វពិធិអធិកអធម។ ប៉ុន្តែ អ្នកល្បីទាំងនោះមិនបានទទួលអ្វីពីពិធីនោះទេ។ ដូច្នេះ ខ្ញុំនិយាយមកខ្លួនឯងថា ខ្ញុំត្រូវគោរពរូបថតទាំងអស់ដែលខ្ញុំបានថតលោកស្រីជិតពីរទសវត្សរ៍មកហើយ ហើយផ្តល់ផលប្រយោជន៍ឲ្យគាត់ពេលគាត់នៅមានជីវិតនៅឡើយ”។

រូបថតតាំងពិព័រណ៍របស់លោក ស្ទេវិន ដំបូង ដែលចេញពីសៀវភៅនឹងបើកនៅយប់ថ្ងៃអាទិត្យ នៅឯសារមន្ទីរជាតិ ហើយការតាំងពិព័រណ៍លើកទី២នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែវិច្ឆិកា នៅឯមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ ការតាំងពិព័រណ៍នឹងនិយាយអំពីរូបថតផ្សេងៗទាក់ទិននឹងលោកស្រី ធាយ។
អ្នកថតរូបជនជាតិអាល្លឺម៉ង់រូបនេះសរសេរក្នុងសៀវភៅរបស់លោកថា “ខ្ញុំស្រឡាញ់លោកស្រី។ គាត់មានស្នាមញញឹម ខ្សែភ្នែករាក់ទាក់រស់រាយ មានអំណោយទាន និងចិត្តសប្បុរសរបស់លោកស្រី ភាពក្លៀវក្លារបស់លោកស្រីដែលបង្រៀនសិស្សានុសិស្ស”។
សៀវភៅនេះចាប់ផ្តើមដោយមានរូបថតរបស់លោកស្រី ធាយ អង្គុយជាអ្នករបាំបុរាណដែលបានថតកាលពីមួយខែមុន។ សៀវភៅនេះបញ្ចប់ទៅដោយមានអត្ថបទដែលចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៧១ នៅក្នុងកាសែតញូវយ៉ក ថែមស៍ ដែលចាត់ទុកលោកស្រី អែម ធាយ ជាសិល្បករល្បីល្បាញផ្នែករបាំព្រះរាជ្យទ្រព្យខ្មែរដែលបានធ្វើទស្សនកិច្ចនៅប្រទេសអាមេរិកនាឆ្នាំនោះ។
ជាសមាជិករបាំព្រះរាជ្យទ្រព្យនៅពេលដែលព្រះអង្គម្ចាស់ នរោត្តម សីហនុ គ្រប់គ្រងប្រទេសជាតិនាទសវត្សរ៍ឆ្នាំ១៩៥០ និងទសវត្សរ៍ឆ្នាំ១៩៦០ លោកស្រី ធាយ ក៏នៅតែស្ថិតក្នុងក្រុមរបាំព្រះរាជ្យទ្រព្យជាតិដដែល នៅពេលដែលព្រះអង្គម្ចាស់ត្រូវគេបណ្តេញចេញពីអំណាចក្នុងឆ្នាំ១៩៧០។ ដូចជាលោកស្រីពន្យល់នៅក្នុងសៀវភៅនោះ ការកាន់អំណាចរបស់របបសាធារណរដ្ឋខ្មែរពិតជាមិនធ្វើឲ្យប៉ះពាល់ដល់អ្នករបាំទេ គឺគ្រាន់តែពាក្យ “ព្រះរាជ” ត្រូវដកចេញពីឈ្មោះប៉ុណ្ណោះ។
ប៉ុន្តែ របបខ្មែរក្រហមបានធ្វើខុសពីនោះ។ លោកស្រីនិយាយនៅក្នុងសៀវភៅថា “សៀវភៅសរសេរដ៏មានតម្លៃរបស់ខ្ញុំដែលមានសរសេរចម្រៀងបុរាណនិងនាដសាស្ត្រ ខ្ញុំបានលាក់ទុកយ៉ាងល្អនៅក្នុងខ្នើយចន្លោះប្រអប់ឈើ។ គឺគ្រោះថ្នាក់ខ្លាំងណាស់។ ការរកឃើញថា ខ្ញុំជាសមាជិករបាំព្រះរាជ្យទ្រព្យគឺមានន័យថា ស្លាប់”។ លោកស្រីជាស្ត្រីមេម៉ាយនៅឆ្នាំ១៩៧៥ ហើយមានតែកូនប្រាំនាក់ក្នុងចំណោមកូន១៨នាក់ប៉ុណ្ណោះដែលរស់រានមានជីវិត ក្រោយពីការដួលរលំនៃរបបខ្មែរក្រហមក្នុងខែមករា ឆ្នាំ១៩៧៩។
លោកស្រី ធាយ គឺជាសិល្បករម្នាក់ដែលបានរស់រានមានជីវិតក្រោយពីរបបខ្មែរក្រហម។ លោកស្រីជួយបើកឡើងវិញនូវសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាទសវត្សរ៍ឆ្នាំ១៩៨០ ក្នុងគោលបំណងកសាងសិល្បករជំនាន់ក្រោយបន្ទាប់ពីរបបខ្មែរក្រហម។
លោក សុខផល ដែលហ្វឹកហាត់ជាអ្នករបាំល្ខោនខោល គឺជាសិស្សម្នាក់របស់លោកស្រីនាពេលនោះ លោក សុខផល ចងចាំលោកស្រីថាជាសិល្បករដែលចេះគ្រប់សព្វ ដែលអាចសម្តែងតួគ្រប់យ៉ាងបាន គឺពីតួកាចទៅជាតួកំប្លុកកំប្លែង។

លោក សុខផល ដែលបច្ចុប្បន្ននេះបម្រើការនៅនាយកដ្ឋានសិល្បៈសម្តែងនៃក្រសួងវប្បធម៌ បាននិយាយថា “តាមគំនិតខ្ញុំ គាត់គឺជាធនធានឯកនិងកម្រផ្នែករបាំបុរាណ។ គាត់ច្រៀងពិរោះ ទោះជាគាត់មានអាយុ៨០ឆ្នាំហើយក៏ដោយ”។
ដូចជារូបថតរបស់លោក ស្ទេវិន បានបង្ហាញ លោកស្រី ធាយ នៅតែសកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីជួយសម្តែងរបាំក្នុងឆ្នាំ១៩៩៧ នៅក្រុងភ្នំពេញ។ផ្តល់សិក្ខាសាលាដល់អ្នករបាំក្នុងក្រុងបែរឡាំង ក្នុងឆ្នាំ២០០២ សម្តែងនៅឯមហោស្រពអន្តរជាតិក្នុងក្រុងភ្នំពេញនាឆ្នាំ២០០៩ ហើយបង្រៀននៅមជ្ឈមណ្ឌលកុមារកំព្រា ស្រែអំពិល នៅឆ្នាំ២០១២។
នៅឯពិធិបើកពិព័រណ៍រូបថតនៅសារមន្ទីរជាតិនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យ សិស្សពីមណ្ឌលស្រែអំពិលនឹងរាំជូនជាកិត្តិយស។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌សរសេរជាអារម្ភកថានៅក្នុងសៀវភៅថា “មិនដូចគ្នានឹងប្រពៃណីបស្ចិមប្រទេសភាគច្រើនដែលពឹងផ្អែកលើការងារនិពន្ធ អគារ និងស្ថាប័ន ប្រពៃណីនៃរបាំព្រះរាជ្យទ្រព្យគឺផ្អែកលើមនុស្ស ពោលគឺគ្រូមានភក្តីភាពដែលចែករំលែកចំណេះដឹង។ សៀវភៅនេះអបអរឆាកជីវិតរបស់គ្រូដ៏ឆ្នើមម្នាក់ក្នុងសម័យរបស់យើង”៕រើន