សភាអឺរ៉ុប កាលពីម្សិលមិញបានអនុម័តយ៉ាងលើសលប់លើសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលដីកាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី ដោយតំណាងរាស្ត្រផ្តល់យោបល់ថា ជំនួយជាទឹកប្រាក់ប្រមាណ៤៣៥លានដុល្លារគួរត្រូវលុបចោល ប្រសិនបើមិនមានការអើពើទេនោះ។
សេចក្តីសម្រេចដែលចាត់ទុកការដកចេញពីតំណែងជាអនុប្រធានសភារបស់អនុប្រធានគណបក្សសង្គ្រោះជាតិគឺ លោក កឹម សុខា ថាខុសច្បាប់ បានអនុម័តដោយមានការយល់ព្រមពីសមាជិកសភាចំនួន៥៦៧រូបក្នុងចំណោម៦៣០រូប។ សមាជិកសភាចំនួន២៧រូបបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេច ហើយ៣៦រូបបោះឆ្នោតអនុបវាទ។
សេចក្តីសម្រេចអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលដីកាតាមចាប់ខ្លួននិងបទចោទដែលធ្វើឡើងចំពោះមេដឹកនាំគណបក្សប្រឆាំងគឺ លោក សម រង្ស៊ី និងសមាជិកសភា និងព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ និងក៏អំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់បែបនយោបាយចំពោះតុលាការក្នុងការផ្តន្ទាទោសពលរដ្ឋ។

លោក រង្ស៊ី ដែលបានចូលរួមនៅឯការបោះឆ្នោតនៅក្រុងស្ត្រាសប៊ួ ប្រទេសបារាំង ត្រូវតុលាការបញ្ជាឲ្យចាប់ខ្លួនពីរសប្តាហ៍កន្លងមកហើយ ដោយមានដីកាតុលាការនាឆ្នាំ២០១១ ដែលកាត់ឲ្យលោកជាប់ពន្ធនាគារពីរឆ្នាំ។ ដីកាបានធ្វើឡើងក្នុងពេលដែលមានការវាយប្រហារទៅលើគណបក្សសង្គ្រោះជាតិ រួមមានការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រពីររូបដោយក្រុមអ្នកតវ៉ាដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា។
សេចក្តីសម្រេចនេះក៏អំពាវនាវឲ្យមានការផ្តន្ទាទោសអ្នកដែលទទួលខុសត្រូវចំពោះការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប ពីសំណាក់សមាជិកនៃកងកម្លាំងប្រដាប់អាវុធ។ មានទាហានតែបីនាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួនទាក់ទិននឹងការវាយដំកាលពីថ្ងៃទី២៦ ខែតុលា។
សហភាពអឺរ៉ុបគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតតែមួយគត់ដល់ប្រទេសកម្ពុជា ដោយសន្យាផ្តល់ទឹកប្រាក់៤១០លានអឺរ៉ូ (ប្រហែល៤៣៥លានដុល្លារអាមេរិក) ដល់ប្រទេសនេះពីឆ្នាំ២០១៤ដល់ឆ្នាំ២០២០ ហើយតំណាងរាស្ត្រដែលនិយាយគាំទ្រសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ក៏បានគំរាមដកជំនួយដែរ។
លោក ជីរិ ប៉ូសពីស៊ីល ជាសមាជិកអភិរក្សនិយមជនជាតិឆែក ដោយនិយាយក្នុងនាមគណបក្សប្រជាពលរដ្ឋអឺរ៉ុប ដែលជាក្រុមធំបំផុតនៅក្នុងសភាសហភាពអឺរ៉ូប បានកត់សម្គាល់ថា “យើងកំពុងពិភាក្សាអំពីកម្ពុជា និងស្ថានការណ៍នៅទីនោះមួយរយៈកន្លងមក”។
លោក ជីរិ ប៉ូសពីស៊ីល បាននិយាយថា “យើងកត់សម្គាល់ឃើញថា មានច្បាប់អនុម័តដែលប្រឆាំងនឹងវិស័យឯកជន ដែលប្រឆាំងនឹងសង្គមស៊ីវិល។ ជាអកុសល សេចក្តីសម្រេច [សហភាពអឺរ៉ុបកាលពីលើកមុន] មិនបានអនុវត្តដោយប្រទេសកម្ពុជាទេ ទោះបីយើងជាដៃគូសំខាន់របស់កម្ពុជាក៏ដោយ”។
លោក ជីរិ ប៉ូសពីស៊ីល បានមានប្រសាសន៍ថា “យើងនឹងផ្តល់ទឹកប្រាក់រាប់រយលានអឺរ៉ូក្នុងរយៈពេលពីរបីឆ្នាំបន្ទាប់ទៀត។ ខ្ញុំសូមអំពាវនាវឲ្យគណៈកម្មាធិការ [អឺរ៉ុប] វាយតម្លៃឡើងវិញថា យើងអន្ទះសាក្នុងការគាំទ្រកម្ពុជាប៉ុណ្ណា ក្នុងពេលដែលការអំពាវនាវរបស់យើងឲ្យគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវគេ ព្រងើយកន្តើយនោះ”។
មានប្រសាសន៍ក្នុងនាមសម្ព័ន្ធភាពនៃអ្នកសេរីនិយមនិងក្រុមអ្នកប្រជាធិបតេយ្យ លោក អីវ៉ាន់ ចាកូវិច ជាសមាជិកសេរីនិយមក្រូអាដ ក៏បានកត់សម្គាល់ទៅលើវិភាគទានជំនួយដ៏ធំរបស់សហភាពអឺរ៉ុបដល់ប្រទេសកម្ពុជា ហើយបានមានប្រសាសន៍ថា លោកជឿថា ការនេះមានន័យថា អឺរ៉ុបកំពុងជួយលើកស្ទួយរបបផ្តាច់ការរបស់លោក ហ៊ុន សែន។
លោក ចាកូវិច បានមានប្រសាសន៍ថា សហភាពអឺរ៉ុប នៅចន្លោះឆ្នាំ២០១៤និងឆ្នាំ២០២០នឹងជួយអភិវឌ្ឍប្រទេសកម្ពុជាដោយមានទឹកប្រាក់៤១០លានអឺរ៉ូ។ លទ្ធផលនៃជំនួយនេះគឺថា ឥឡូវនេះយើងមានរបបគាបសង្កត់មួយដែលបង្ក្រាបសិទ្ធិមនុស្ស និងដែលធ្វើឲ្យប្រទេសកម្ពុជាប៊ិះតែនឹងជួបភាពក្រីក្រ។
លោក ចាកូវិច បានមានប្រសាសន៍បន្ថែមថា “នេះជាហេតុដែលយើងត្រូវតែធ្វើ។ នេះគឺជាហេតុដែលខ្ញុំគាំទ្រសេចក្តីសម្រេចនេះ។ យើងនិយាយយ៉ាងច្បាស់លាស់ថា យើងនឹងមិនទទួលយកស្ថានការណ៍បែបនេះបានទេ ហើយយើងត្រូវការការផ្លាស់ប្តូរ”។
សមាជិកអុីតាលីប្រជាប្រិយនិយមគឺ លោក អុិកណាហ្ស៊ីអូ ការ៉ាវ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្មីៗកន្លងទៅនេះមានដូចជា ការចេញដីកាចាប់លោក រង្ស៊ី ការវាយដំច្រំធាក់ទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដោយអ្នកតវ៉ាដែលគាំទ្រដោយគណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែជារោគសញ្ញានៃបញ្ហាទូលំទូលាយមួយរបស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
លោក កាវ៉ាវ បានមានប្រសាសន៍ថា “ការរំលោភសិទ្ធិមនុស្សនិងការបង្ក្រាបដែលយើងឃើញកើតឡើងនៅប្រទេសកម្ពុជា ពិតជាអាចកើតឡើងដោយអំពើពុករលួយដែលកើតមាននៅក្នុងនយោបាយកម្ពុជា”។
លោក កាវ៉ាវ បានមានប្រសាសន៍បន្ថែមថា “តាមពិតទៅ ប្រទេសកម្ពុជាគឺសម្រាប់លក់ ពោលគឺទាំងធនធានទាំងឡាយ ព្រៃឈើ ទន្លេបឹងបួរ ប្រេង ប៉ុន្តែថែមទាំងសិទ្ធិមនុស្សដែរ គឺថាអ្វីៗក៏សម្រាប់ដាក់លក់ដែរ គឺពលរដ្ឋ៧០០.០០០នាក់ត្រូវបង្ខំឲ្យចាកចេញពីលំនៅដ្ឋាន ដូច្នេះគេអាចរឹបអូសយកដីធ្លីបាន”។
លោក ហ្សង់ ប៉ូល ដេណាណូ ជាអ្នកសង្គមនិយមជនជាតិបារាំង បានមានប្រសាសន៍ខ្លាំងជាងនេះទៅទៀត ដោយមិនចាត់ទុករបបលោក ហ៊ុន សែន ថាជារបបស៊ីវិលទេ។
លោក ហ្សង់ ប៉ូល ដេណាណូ បានមានប្រសាសន៍ថា “ពិតណាស់ថា របបយោធានៅប្រទេសកម្ពុជាគឺពុករលួយ ហើយខ្ញុំគិតថា យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងនីតិវិធីជំទាស់នឹងលទ្ធិប្រជាធិបតេយ្យ ក៏ព្រោះថា របបនេះបិទទ្វារពីការអភិវឌ្ឍ។ ប្រទេសកម្ពុជាមានប្រវត្តិរងទារុណ្ឌកម្មចុកចាប់ ហើយយើងត្រូវតែជួយប្រទេសនេះរកឲ្យឃើញមាគ៌ាមួយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ”។
ចំណែកឯសមាជិក២៧រូបនៃសភាសហភាពអឺរ៉ុបបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនោះ ប៉ុន្តែមិនបានឡើងនិយាយជំទាស់ទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍បន្ទាប់ពីការបោះឆ្នោតថា លោកមិនជឿថាសហភាពអ៊ឺរ៉ុបនឹងគំរាមដកជំនួយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលដីការបស់តុលាការទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបានមានប្រសាសន៍ថា “ខ្ញុំមិនយល់។ គេប្រើលុយទិញច្បាប់នៅកម្ពុជា។ ពិបាកណាស់។ យើងចង់បានប្រាក់ ប៉ុន្តែយើងចង់បានប្រាក់នោះតាមវិធីស្របច្បាប់។ ខ្ញុំសូមសរសើរដែលគេហ៊ានប្រើប្រាក់របស់គេទិញច្បាប់។ ខ្ញុំមិនដឹងថាថ្នាក់ដឹកនាំរដ្ឋាភិបាលគិតដូចម្តេ៉ចទេ ប៉ុន្តែចំពោះខ្ញុំ គេមិនអាចទិញប្រជាធិបតេយ្យ ឬច្បាប់នៅកម្ពុជាបានទេ”។
មានប្រសាសន៍តាមទូរស័ព្ទពីក្រុងស្ត្រាសប៊ូក្រោយពីការបោះឆ្នោត លោក រង្ស៊ី បានមានប្រសាសន៍ថា ឥឡូវនេះលោកនឹងរង់ចាំមើលថា គណៈកម្មាធិការអ៊ឺរ៉ុប ដែលជាអង្គប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុបធ្វើយ៉ាងណាចំពោះសេចក្តីសម្រេចដែលអនុម័តដោយសភា។
លោក រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងយល់នូវស្ថានការណ៍នេះ ហើយគេនឹងបញ្ជៀសការកាត់ ឬកាត់បន្ថយជំនួយពីសហភាពអឺរ៉ុប”។
សួរថាតើលោកមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញឬយ៉ាងណា លោក រង្ស៊ី បានមានប្រសាសន៍ថា លោកជំទាស់ទៅនឹងសំណួរបែបនេះ។
លោក រង្ស៊ី បានមានប្រសាសន៍ថា “មនុស្សភាគច្រើនសួរខ្ញុំសំណួរបែបនេះ។ ហាក់ដូចជាគេមិនយល់ថា គោលបំណងចុងក្រោយគឺត្រូវនាំមកនូវការផ្លាស់ប្តូរបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ យុទ្ធសាស្ត្រដើម្បីទទួលបានលទ្ធផលនេះគឺស្មុគ្រស្មាញណាស់”។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា “មិនមែនជាការវិលត្រឡប់មកកម្ពុជាវិញដើម្បីប្រយោជន៍ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះទេ។ វាមិនជួយឲ្យវិលត្រឡប់មកវិញ គឺគ្រាន់តែសម្រាប់ប្រយោជន៍បែបនោះទេ។ យើងត្រូវប្រាកដថា កម្លាំងប្រជាធិបតេយ្យមានសេរីភាព និងសំឡេងតទល់”។
លោក រង្ស៊ី បានមានប្រសាសន៍បន្តថា “យើងត្រូវពិចារណាទៅលើស្ថានការណ៍ទាំងមូល ហើយមិនគ្រាន់តែឆ្លើយសំណួរប៉ុណ្ណោះទេ។ នៅពេលណាលោកវិលត្រឡប់មកវិញ? វាចង្អៀតពេក ហើយមិនឆ្លុះបញ្ចាំងទៅលើអ្វីដែលត្រូវធ្វើដើម្បីនាំមកនូវការផ្លាស់ប្តូរបែបប្រជាធិបតេយ្យទេ”។
លោក រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមានសមាជិកដែលបន្តការតតាំងនៅទីនេះ ក្នុងពេលដែលលោកនៅក្រៅប្រទេស។
លោក រង្ស៊ី បានមានប្រសាសន៍ថា “វត្តមានរបស់ខ្ញុំមិនចាំបាច់ទេ។ នៅក្នុងពិភពលោកទំនើបនេះ វត្តមានគឺមិនសំខាន់ដូចការប្រស្រ័យទាក់ទងជាមួយនឹងពលរដ្ឋនៅជួរមុខទេ។ ខ្ញុំអាចទាក់ទងពួកគេទីណាក៏បាន ពេលណាក៏បាន។ ខ្ញុំនឹងវិលត្រឡប់មកប្រទេសវិញ នៅពេលដែលមានការធានាថា យើងអាចចាប់ផ្តើមការផ្លាស់ប្តូរបែបលទ្ធិប្រជាធិបតេយ្យបាន”៕ រើន (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)