
គម្រោងពហុប្រព័ន្ធផ្សព្វផ្សាយរយៈពេលមួយឆ្នាំកត់ត្រានូវជីវិតតាមដងទន្លេមេគង្គ និងផលប៉ះពាល់នៃអភិវឌ្ឍន៍
រូបថតដោយ Gareth Bright and Luc Forsyth
ដំណើររឿងបានចាប់ផ្តើមនៅពេលដែលអ្នកកាសែតថតរូបគឺលោក លុច ហ្វ័រស៊ីត និងហ្គារេត ប្រាយ បានសម្រេចចិត្តធ្វើដំណើរតាមទូក។
លោក ហ្វ័រស៊ីត ជាជនជាតិកាណាដា មានអាយុ៣១ឆ្នាំ បាននិយាយអំពីការធ្វើដំណើរកាលពីឆ្នាំមុនថា “យើងធុញទ្រាន់នឹងធ្វើព័ត៌មាន ដូច្នេះយើងបានទិញទូកនេសាទឈើមួយគ្រឿងនៅខេត្តពោធិ៍សាត់ ហើយបន្ទាប់មកបើកទូកពីភ្នំពេញទៅខេត្តសៀមរាបអស់រយៈពេលបីសប្តាហ៍។ យើងពិតជាមិនបានទៅដល់សៀមរាបទេ ពោលគឺខូចនៅពាក់កណ្តាលផ្លូវ។ យើងមិនបានត្រៀមខ្លួនទាល់តែសោះ ហើយយើងក៏មិនចេះបើកដែរ”។

អ្នកកាសែតថតរូបដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាអស់រយៈពេលពីរឆ្នាំ បានសរសេរអំពីដំណើរបរាជ័យនេះ។ ការសរសេរនេះបានធ្វើឲ្យចាប់អារម្មណ៍ដល់អង្គការ លៀន អេត ជាអង្គការក្រៅរដ្ឋាភិបាលផ្នែកទឹកនិងអនាម័យមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលបានស្នើឲ្យធ្វើជាដៃគូ។
លោក ប្រាយ អាយុ៣០ មកពីប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា “គម្រោងនេះពីដំបូងឡើយវិវត្តទៅរកគំនិត្យមួយដើម្បីស្រាវជ្រាវទន្លេមេគង្គទាំងមូលពីដែនសមុទ្រទៅរកប្រភព ជាជាងពីប្រភពទៅសមុទ្រ ដែលគេតែងតែធ្វើរបៀបនោះ”។

ពួកគេបានភ្ជាប់កន្ទុយទូកវែង ហើយក៏ជ្រើសរើសយកអ្នកថតវីដេអូជនជាតិបារាំង មានអាយុ៣២ឆ្នាំ គឺលោក ប៉ាប្លូ សាវ៉ាណែល។ អង្គការ លៀន អេត បានផ្តល់មូលនិធិសម្រាប់ចំណាយក្នុងការធ្វើដំណើរ។
គម្រោងពហុប្រព័ន្ធផ្សព្វផ្សាយមានរយៈពេលមួយឆ្នាំមានចំណងជើងថា “កន្ទុយទន្លេ”។ ហូរកាត់បត់បែនក្នុងចម្ងាយជាង៤០០០គីឡូម៉ែត្រពីតំបន់ខ្ពង់រាបទីបេទៅកាន់សមុទ្រចិនខាងត្បូង ទន្លេមេគង្គ គឺជាប្រភពដ៏សំខាន់នៃម្ហូបអាហារ និងថាមពលសម្រាប់ប្រទេសចិននិងអាស៊ីអាគ្នេហ៍។ ប៉ុន្តែ ការបំពុលបរិស្ថាន ការអភិវឌ្ឍ និងភាពរាំងស្ងួត កំពុងតែធ្វើឲ្យរេចរឹលដល់ធនធានទន្លេ ហើយបង្កផលប៉ះពាល់អាក្រក់ដល់ពលរដ្ឋក្រីក្រក្នុងតំបន់។

នៅខែមីនា ក្រុមអ្នកថតរូបនេះបានចាប់ផ្តើមធ្វើដំណើររបស់ខ្លួននៅភូមិដែនដូ ជាភូមិវៀតណាមដែលជាកន្ទុយមួយនៃកន្ទុយទាំងប្រាំបីរបស់ទន្លេមេគង្គដែលជួបគ្នានៅឯសមុទ្រ។
លោក ប្រាយ បាននិយាយថា “យើងធ្វើដំណើរចុះឡើងតាមដែនដីសណ្ដ ទាំងមិនដឹងថា យើងនឹងរកអ្វីឃើញទេ”។
ការធ្វើដំណើរធ្វើឲ្យពួកគេបានជួបកសិករ អ្នកនេសាទ អ្នកផលិតឥដ្ឋ ដែលចែករំលែករឿងរាវផ្ទាល់ខ្លួន ដែលឆ្លុះបញ្ចាំងឲ្យឃើញបញ្ហាធ្ងន់ធ្ងរនិងជារចនាសម័ន្ធ។

លោក ហ្វ័រស៊ីត បាននិយាយថា “នៅប្រទេសវៀតណាមស្ទើតែគ្មានត្រីធម្មជាតិនៅក្នុងទន្លេទេ។ គឺដោយសារតែកំណើនប្រជាពលរដ្ឋ ការប្រើឧបករណ៍នេសាទខុសច្បាប់ រួមមានការបោកគ្រប់បែក ឆក់”។ លោកបានបញ្ជាក់ថា សារធាតុកសិកម្មមានជាតិពុលក៏បំពុលទឹកផងដែរ។
ទន្ទឹមនឹងនេះ នៅប្រទេសឡាវវិញ លោក ហ្វ័រស៊ីត បាននិយាយថា “ទំនប់នៅគ្រប់ទីកន្លែង។ ប្រទេសឡាវកំពុងព្យាយាមផ្លាស់ប្តូរប្រទេសរបស់ខ្លួនឲ្យក្លាយជាធុងអាគុយនៃអាស៊ីអាគ្នេយ៍”។ ប៉ុន្តែ ទំនប់កំពុងតែបំផ្លាញអាងស្តុកទឹក ហើយធ្វើឲ្យសហគមន៍ទាំងមូលផ្លាស់ប្តូរលំនៅដ្ឋាន។
នៅសប្តាហ៍នេះ ក្រុមអ្នកថតរូបបានចេញផ្សាយអត្ថបទស្តីពីបឹងទន្លេសាប ដែលស្រដៀងគ្នានេះ ការនេសាទជ្រុលហួសហេតុ និងមានទំនប់នៅខ្សែទឹកខាងលើកំពុងធ្វើឲ្យហោចដល់ស្តុកត្រីធម្មជាតិនៅក្នុងតំបន់ដែលធ្លាប់តែសម្បូរទៅដោយមច្ឆជាតិ។ លោក ហ្វ័រស៊ីត បាននិយាយថា “តាមពិតគឺលំបាកមែនទែន”។
ក្រុមអ្នកថតរូបនេះកំពុងត្រៀមខ្លួនធ្វើដំណើរទៅកាន់ប្រទេសចិននៅខែមករា ដោយមានផែនការបញ្ចប់គម្រោងនោះនៅខែមីនា”។

លោក ប្រាយ បាននិយាយថា “ចំណុចគួរឲ្យចាប់អារម្មណ៍ទាក់ទិននឹងការធ្វើដំណើរតាមខ្សែទឹកខាងលើគឺថា អ្នកនឹងឃើញបញ្ហាមុននឹងអ្នកដឹងរឿងនោះ។ វាឆ្លងកាត់ព្រំដែនដែលក្លាយជាបញ្ហាស្មុគ្រស្មាញនៃលំហរួម”។
លោកបានបញ្ជាក់ថា “អ្វីដែលគេធ្វើគឺប៉ះពាល់ មិនថាក្រោម ឬលើនោះទេ។ ទុក្ខសោកសង្រេងរបស់ទន្លេគឺ ជាទីបញ្ចប់ គេធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់រូបនៅលើពិភពលោក”៕ រើន
