35 C
Phnom Penh

​​ តាទិត្យ​ ដែល​​​ជា​​​អតីត​មន្ត្រី​ខ្មែរក្រហម ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​ពីបទ​ប្រល័យ​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក យឹម ទិត្យ ​អតីត​មន្ត្រី​ខ្មែរ​ក្រហម​​ដែល​គេ​ស្គាល់​​ថា តាទិត្យ ​កាលពី​ម្សិលមិញ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋជាច្រើន​រួម​មាន​​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​សំណុំរឿង​០០៤​នៅ​អង្គ​ជំនុំជម្រះ​​វិសាមញ្ញ​​ក្នុង​តុលាការ​​​ ​កម្ពុជា​ ( ECCC)។

​តាទិត្យ ដែល​ប្រឈម​ការ​ចោទ​ប្រកាន់ពី​​​បទ​ឧក្រិដ្ឋជាច្រើន​ដែល​បាន​ប្រព្រឹត្ត​អំឡុង​ពេល​លោក​ជា​លេខា​ស្ដីទី​​ភូមិភាគ​ពាយព្យ​របស់​ខ្មែរ​ក្រហម​​នោះ​ គឺ​ជា​ជន​សង្ស័យ​ទី១​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​លោក​​ Michael Bohlander សហចៅក្រម​ស៊ើបអង្កេត​ អន្តរជាតិ​ចាប់​តាំង​ពី​លោក​បាន​កាន់​ការ​ងារ​បន្ត​ពី​ចៅក្រម ម៉ាក ហាម៉ុន ​កាលពី​ខែ​សីហា។

យោង​តាម​របាយ​ការណ៍​​ដែល​ចេញ​ផ្សាយ​ដោយECCC ​បាន​ឲ្យ​ដឹង​ថា ជា​មួយ​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ខ្មែរក្រោម ជា​ជន​ជាតិ​ភាគតិច​មក​ពី​ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង តាទិត្យ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ រួមមាន ការ​ធ្វើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​​ជា​ទាសករ ការ​និរទេស​ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម និង​អាពាហ៍​​​ពិពាហ៍​ដោយ​បង្ខំជាដើម។

cam-photo-yim-tith-dc-cam-WEB-ONLY-800x533លោក ឡាស អូលសេន ​(Lars Olsen) ​​អ្នក​នាំពាក្យ​សាលា​ក្ដី​​បាន​មាន​ប្រសាសន៍​ថា តាទិត្យ ​​​ បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​គាត់​​​នៅ​​​​ក្នុង​ខេត្ត​បាត់ដំបង មក​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​​នៅ​សាលា​ក្ដី​កាលពី​ម្សិលមិញ។

លោក អូលសេន បាន​ថ្លែង​ថា “​គាត់​ត្រូវ​បាន​​​​ចោទ​ប្រកាន់​ដោយ​ផ្ទាល់​…​នៅ​សាលា​ក្ដី​។ បន្ទាប់ពី​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ គាត់​បាន​ត្រឡប់ទៅផ្ទះវិញ​ជាមួយ​មេធាវី​របស់​គាត់ ហើយ​ឥឡូវ​នេះ​ពួកគាត់​មាន​សិទ្ធិពេញ​​​លេញ​ ចំពោះ​សំណុំរឿង​នេះ​ ហើយ​ពួកគាត់​អាច​ចូល​រួម​ពេញលេញ​នៅ​ក្នុង​រឿង​ក្ដី​នេះ​​​”។

លោក អូលសេន បាន​ថ្លែង​ថា លោក​មិន​ដឹង​ថាតើ​មាន​ការ​​ចេញ​ដីកា​ចាប់​ខ្លួន​​ តាទិត្យ ឬ​ក៏អត់​ឡើយ។ អតីត​កម្មាភិបាល​រូប​នេះ​ត្រូវ​គេ​ជឿ​ថា ​​ទទួល​ខុស​ត្រូវ​ចំពោះបទ​ឧក្រិដ្ឋ​ជាង​៤០​កន្លែង​​នៅទូទាំង​ប្រទេស​។ អំពើ​ព្រៃផ្សៃ​ដែល​បាន​កើត​ឡើង​យ៉ាង​ច្រើន​នៅ​ភូមិភាគ​ពាយព្យ ប៉ុន្តែ​​ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិភាគ​និរតី​ផង​ដែរ រួម​មាន​​មន្ទីរ​សន្តិសុខ​​ក្រាំង​តាចាន់ មាន​កេរ្តិ៍​​ឈ្មោះ​អសោច​ក្នុង​ខេត្ត​តាកែវ ដែល​​មាន​មនុស្ស​​ស្លាប់​ប្រហែល​១៥.០០០​នាក់​។

តាទិត្យ គឺ​ជា​​មន្ត្រី​ខ្មែរ​ក្រហមទី៤​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំរឿង​​០០៣ ​​​និង​០០៤ ដែលមានការ​ជំទាស់​ពី​​រដ្ឋាភិបាល​​។ ​​​នគរ​បាល​កម្ពុជា​​បាន​បដិសេធ​មិន​អនុវត្ត​ដីកា​ចាប់​ខ្លួនដែល​ចេញ​ដោយ​ចៅក្រម ហាម៉ុន កាលពី​ឆ្នាំ​មុន ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​ មាស មុត ​មេបញ្ជាការ​​​ទាហាន​ជើង​ទឹក​ខ្មែរក្រហម និង​អ្នកស្រី អឹុម ចែម អតីត​ប្រធាន​ភូមិ​​ឡើយ​។

តាអាន ​​លេខា​រង​​ភូមិភាគ​កណ្ដាល​​​នៃ​របប​នោះ​​ដែល​ប្រឈម​​ការ​ចោទ​ប្រកាន់​ជាមួយ តាទិត្យ ​​ពីបទ​គ្រប់គ្រង​បណ្ដាញ​​នៃ​មន្ទីរ​សន្តិសុខ​ ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ស្លាប់​មនុស្ស​ប្រហែល​១៤០.០០០​នាក់នោះ​ ​ក៏​ត្រូវ​​​​បាន​​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំរឿង​០០៤​ដែរ។

តាទិត្យ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​​ក្នុង​ឆ្នាំ​២០១១ នៅ​ពេល​របាយការណ៍​លើក​ឡើង​ ថា តារា​សម្ដែង​​ជនជាតិ​អាមេរិកាំង ​លោក​​​ស្រី អ៊ែនជែលីណា ចូលី ​បាន​ទិញ​ដី​ពី​មន្ត្រី​ខ្មែរ​ក្រហម​រូប​នេះ​សម្រាប់​មូលនិធិ​សប្បុរស​ធម៌​របស់​លោកស្រី​ក្នុង​ខេត្ត​បាត់ដំបង។

នៅ​ពេល​​ទាក់​ទង​​បន្ទាប់ពី​ការ​ចោទ​ប្រកាន់​ ត្រូវ​បាន​ប្រកាស​ លោក ក្រម ម៉ុង ប្រធាន​ភូមិ​ទឹក​សាប ស្ថិត​ក្នុង​ឃុំ​ផ្លូវ​មាស ​ស្រុក​រតន​​​មណ្ឌល បាន​មាន​ប្រសាសន៍​ថា អតីត​មន្ត្រី​ខ្មែរ​ក្រហម​រូប​នេះ​កម្រ​ប្រាស្រ័យ​ទាក់ទង​​​​ជាមួយ​អ្នកភូមិ​ដទៃទៀត​​ណាស់។

​លោក​បាន​​ថ្លែង​ថា “​គាត់​​វ័យ​ចំណាស់​ អាយុ​ ប្រហែល​៨២ឬ៨៣​ឆ្នាំទៅហើយ ​ហើយ​គាត់​ មាន​បញ្ហា​ភ្នែក​ទៀត​ផង។ គាត់​រស់​នៅ​ជាមួយ​​ ប្រពន្ធ​របស់​គាត់​ ហើយ​គាត់​មាន​ដី​​ទំហំ​​ប្រហែល​៤ទៅ៥ហិកតា​​”។

លោក​បាន​និយាយ​ថា “​គាត់​តែង​តែ​នៅ​ក្នុង​ផ្ទះ​​​ ហើយ​មិន​​ចេញ​មក​ក្រៅ​ដើម្បី​ទៅសួរ​ សុខទុក្ខ​​អ្នក​​ជិត​ខាង​ខ្លួន​ឡើយ​”។ លោក​បាន​បន្ថែមថា តាទិត្យ បាន​ផ្លាស់​​​មក​រស់​នៅ​ភូមិ​នេះ​ក្នុង​ឆ្នាំ​១៩៩៨ ​បន្ទាប់ពី​កង​ទ័ព​ខ្មែរ​ក្រហម​​ ដាក់​អាវុធចុះ​នៅ​ក្នុង​ស្រុក​សំឡូត។

ប្រធានភូមិ​រូប​នេះ​បាន​បន្ថែម​ថា “​ខ្ញុំ​មិន​អាច​អត្ថាធិប្បាយ​អំពីគាត់​បាន​ទេ ពីព្រោះ​ខ្ញុំ​មិន​ដឹង​ និង​​មិន​បាន​ឃើញ​អ្វី​ដែល​គាត់​ធ្វើ​ក្នុង​អតីត​កាលឡើយ​​”។ គេ​មិន​​អាច​ទាក់​ទង​ តាទិត្យ និង​មេធាវី​របស់​គាត់​បាន​​ទេ​កាលពី​ម្សិល​​​មិញ។

លោក ឡុង បញ្ញាវុធ អ្នក​ឃ្លាំមើល​​សាលា​​​ក្ដី​ជាមួយ​អង្គការ​គំនិត​ផ្ដួច​ផ្ដើម​​​យុត្តិធម៌​កម្ពុជា​ បាន​សាទរ​សេចក្ដី​សម្រេច​ក្នុង​ការ​ចោទ​ប្រកាន់​ តាទិត្យ ប៉ុន្តែ​បាននិយាយ​ថា ​ទំនង​ជាមាន​ការ​ចាប់​ខ្លួន ឬ​ការ​​ផ្តន្ទាទោស​​តិច​តួច​ណាស់​​ ដោយ សារ​រដ្ឋាភិបាល​​មាន​ការ​ជ្រៀតជ្រែក​នៅ​សាលា​ក្ដី​។ លោក​បាន​បន្ថែម​ថា “​ខ្ញុំសូម​​​និយាយ​ថា បញ្ហា​ចំពោះមុខ​គឺ​ថា អង្គការ​សហ​​​ប្រជា​​​ជាតិ​ និង​រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​​​ឲ្យ​​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​ ឬ​ជាបន្ទាន់​​ ឥទ្ធិពល ​នយោបាយ ព្រមទាំង​ការ​មិន​សហការ​​ ពីភាគី​កម្ពុជា​”។

បើ​ទោះ​ជា​​ឧបសគ្គ​ជាច្រើន​កំពុង​ប្រឈម នៅ​សាលា​ក្ដី​ក៏ដោយ ក៏​លោក ឆាំង​ យុ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​​ប្រកាន់លើ​​ តាទិត្យ បង្ហាញ​ឲ្យ​ឃើញ​ថា សាលា​ក្ដី​នៅតែស្វែង​រក​យុត្តិធម៌​សម្រាប់​​បទ​ឧក្រិដ្ឋ​​ដែល​បាន​ប្រព្រឹត្ត​​អំឡុង​​​​​​របប​កម្ពុជា​ប្រជា​ធិបតេយ្យដដែល។

លោក​បាន​បន្ថែម​ថា “​បើ​ទោះ​ជាមាន​ព្យុះ ភ្លៀង ទឹក​ជំនន់​ក៏ដោយ ក៏​សាលា​ក្ដី​នៅ​តែរឹង​មាំ និង​​​​ស្វែង​រក​យុត្តិធម៌​ដដែល​ ហើយ​ថា អ្វី​ដែល​ប្រហែល​ជាកើត​ឡើង​ ជា​ក្ដី​សង្ឃឹម ​​​​សម្រាប់​អនាគត​កម្ពុជា​”៕ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស