រហូតមកទល់ពេលនេះប្រទេសអូស្ត្រាលី បានផ្តល់ជំនួយជាប្រាក់ជាង៣,៥លានដុល្លារដល់កម្ពុជារួចហើយជាផ្នែកនៃកិច្ចព្រមព្រៀង ដែលជាថ្នូរនឹងការអនុញ្ញាតឲ្យជនភៀសខ្លួនដែលអូស្រា្តលីមិនទទួលយកអាចតាំងលំនៅថ្មីនៅទីនេះបាន ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានការក្តៅក្រហាយយ៉ាងខ្លាំងដោយហេតុថា ប្រាក់នេះត្រូវបានផ្តល់មកឲ្យ កម្ពុជាតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ មិនមែនផ្តល់ទៅឲ្យរដ្ឋាភិបាលដោយផ្ទាល់នោះ។
ស្ថានទូតអូស្ត្រាលីបានបញ្ជាក់កាលពីម្សិល មិញថា ខ្លួនបានចាប់ផ្តើមចំណាយប្រាក់ដែល ជាផ្នែកនៃប្រាក់ចំនួន៤០លានដុល្លារអូស្ត្រាលី (២៩,១៦លានដុល្លារ) ដែលលោកស្រី ជូលី ប៊ីសប (Julie Bishop) រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានសន្យាផ្តល់សម្រាប់រយៈពេល៤ឆ្នាំជាថ្នូរនឹងការឲ្យរដ្ឋាភិបាលក្រុងភ្នំពេញទទួលយកជនភៀសខ្លួនដែលបច្ចុប្បន្នរដ្ឋាភិបាលក្រុងកង់បេរ៉ាឃុំខ្លួននៅលើប្រទេសណូរ៉ូ ជាប្រទេសដែនកោះស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។
អ្នកនាំពាក្យស្ថានទូតនេះបានសរសេរនៅក្នុងអីុម៉េលមួយថា ”ប្រាក់ចំនួន៤,៩៥លានដុល្លារអូស្ត្រាលី [ ៣,៩១លានដុល្លារ ] នៃមូលនិធិទាំងនោះត្រូវបានចំណាយក្នុងឆ្នាំ២០១៤ដល់២០១៥ ហើយយើងកំពុងតែស្ថិតក្នុងដំណើរការដើម្បីធានាឲ្យបានថា ចំនួនទឹកប្រាក់ទាំងមូលត្រូវបានចំណាយសម្រាប់រយៈពេលបួនឆ្នាំដូចដែលបានប្រកាស។ មូលនិធិទាំងនោះបានចាប់ផ្តើមចំណាយសម្រាប់ប្រយោជន៍ពលរដ្ឋខ្មែរតាមរយៈការចូលរួមចំណែកនៅក្នុងកម្មវិធីអភិវឌ្ឍន៍ដែលមានស្រាប់លើវិស័យផលិតភាពកសិកម្ម ការបោសសម្អាតមីន និងកំណែទម្រង់ការបោះឆ្នោត”។
យោងតាមអ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រាក់ចំនួន២,១៩លានដុល្លារត្រូវបានផ្តល់ទៅឲ្យ UNDP សម្រាប់កិច្ចខិតខំប្រឹងប្រែងដោះមីន ៧៣០.០០០ដុល្លារត្រូវបានផ្តល់ទៅឲ្យកម្មវិធីលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា (Cambodia Agricultural Value Chain program)សម្រាប់រោងម៉ាស៊ីនកិនស្រូវ និងគម្រោងនាំចេញអង្ករ និង១៨២.០០០ដុល្លារបានចំណាយលើកំណែទម្រង់ការបោះឆ្នោតតាមរយៈអង្គការUnicef ហើយ ៥១០.០០០ដុល្លារផ្សេងទៀត”ត្រូវបានផ្តល់ទៅឲ្យកម្មវិធីអភិវឌ្ឍន៍ផ្សេងៗដែលមានស្រាប់”។
អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា “ជំនួយរបស់អូស្ត្រាលីមកឲ្យកម្ពុជាត្រូវបាននាំមកតាមរយៈអង្គការដៃគូជាយូរមកហើយមួយចំនួន រួមមានដូចជាអង្គការសហប្រជាជាតិ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការមិនមែនរដ្ឋាភិបាលរបស់អូស្ត្រាលី និងក្រុមហ៊ុនគួរឲ្យទុកចិត្តផ្សេងៗទៀត”។
ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃច័ន្ទ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ”រដ្ឋាភិបាលមិនដែលទទួលបានប្រាក់សូម្បីតែមួយដុល្លារ បើនិយាយពាក់ព័ន្ធនឹងការទទួលយកជនភៀសខ្លួនទាំងនោះ”។លោកបានបន្ថែមថា អូស្ត្រាលី “ឆោតល្ងង់” ដែលបានចាប់ផ្តើមចំណាយប្រាក់ ខណៈមានតែជនភៀសខ្លួនប្រាំនាក់ប៉ុណ្ណោះយល់ព្រមផ្លាស់ទីលំនៅមកទីនេះ។
ដោយត្រូវបានប្រាប់កាលពីម្សិលមិញថា តាមពិតទៅប្រាក់ជាង៣,៥លានដុល្លារបានមកដល់ដៃកម្ពុជាក្រោមកិច្ចព្រមព្រៀងនេះ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានចាប់ផ្តើមធ្វើការរិះគន់ដល់វិធីដែលរដ្ឋាភិបាលក្រុងកង់បេរា៉ចំណាយប្រាក់របស់ខ្លួន។
ឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា “ការផ្តល់ប្រាក់ទៅឲ្យ UNDP នាពេលកន្លងមក យើងឃើញថា ប្រាក់ទាំងនេះមិនបានមកដល់ក្រពះពលរដ្ឋខ្មែរទេ។ ប្រហែល ជា៣០ភាគរយប៉ុណ្ណោះ [ នឹងដល់ពលរដ្ឋខ្មែរ] ហើយ៧០ភាគរយទៀតនឹងត្រូវគេស្រូបយកអស់ហើយ។ អស់លោកអាចសិក្សាពីចំណុចនេះបាន”។លោកថ្លែងបន្ថែមថា ”បុគ្គលិក UNDP ពួកច្រមុះស្រួច ពួកគេមិនមែនទទួលបានប្រាក់ខែដូចរដ្ឋាភិបាលដែលទទួលបានត្រឹមតែ២០០ដុល្លារ ៣០០ដុល្លារនោះទេ គឺពួកគេទទួលបាន២.០០០ដុល្លា ៣.០០០ដុល្លារ ឯណោះ។ នេះជាវប្បធម៌របស់ U.N.”។
ពេលកិច្ចព្រមព្រៀងដែលមានទឹកប្រាក់៤០លានដុល្លារអូស្ត្រាលីត្រូវបានប្រកាសអំឡុងពិធីមួយក្នុងរាជធានីភ្នំពេញកាលពី ខែកញ្ញាឆ្នាំមុន អ្នកអង្កេតការណ៍នៅក្នុងប្រទេសទាំងពីរបានសម្តែងក្តីព្រួយបារម្ភអំពីថា តើប្រាក់ទាំងនេះនឹងទៅទីណាខ្លះ ដោយសារកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសពុករលួយបំផុតលើពិភពលោក។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងទៀតថា លោកគិតថា រដ្ឋាភិបាលនឹងទទួលបានជំនួយនេះដោយផ្ទាល់ពីរដ្ឋាភិបាលក្រុងកង់បេរា៉ ហើយអាចចំណាយប្រាក់រាប់លានដុល្លារនេះដោយសេរីលើអ្វីដែលខ្លួនគិតថា សមនឹងចំណាយ ហើយថាលោកខឹងយ៉ាងខ្លាំងដែលបញ្ហានេះមិនដូចអ្វីដែលលោកគិត។
លោកបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងនេះគឺរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ប៉ុន្តែ គ្មានប្រាក់មួយកាក់មួយសេនណាបានធ្លាក់ទៅដល់ថវិការបស់រដ្ឋាភិបាលឡើយ។ ប្រសិនបើ ជាមនុស្សរបស់ UN ដែលជាអ្នកធ្វើឲ្យប្រាក់ទាំងនេះបានទៅដល់ដៃពលរដ្ឋខ្មែរ អ៊ីចឹងអូស្ត្រាលីមិនស្ថិតនៅក្នុងការចងចាំរបស់កម្ពុជាទេ។ UNDP ទេដែលជាម្ចាស់ជំនួយ”។
ថវិកាជាតិឆ្នាំ២០១៥ដល់ឆ្នាំ២០១៦របស់អូស្ត្រាលីដែលចេញកាលពីខែឧសភាបង្ហាញថា ជំនួយបរទេសទំាងអស់ត្រូវបានកាត់អស់ចំនួន៧២៩លានដុល្លារ។ ប្រទេសតំបន់អាស៊ីភាគច្រើនត្រូវបានកាត់បន្ថយជំនួយអស់ប្រហែល៤០ភាគរយ លើកលែងតែប្រទេសនេប៉ាល់ ដែលរងការខូចខាតយ៉ាងដំណំក្នុងឆ្នាំនេះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង និងប្រទេសកម្ពុជាដែលត្រូវបានសន្យាផ្តល់ជំនួយចំនួន៣៨,២លានដុល្លារ ដូចឆ្នាំមុនដែរ។
លោក អៀ សុផល អ្នកនិពន្ធសៀវភៅ “ការពឹងផ្អែកជំនួយនៅកម្ពុជា៖ វិធីដែលជំនួយ បរទេសធ្វើឲ្យខូចដល់លទ្ធិប្រជាធិតេយ្យ” បានលើកឡើងថា វាជារឿងធម្មតាទេដែលរដ្ឋាភិបាលក្រុងបេរា៉ខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងប្រាក់ដែលខ្លួនផ្តល់មកកម្ពុជានោះ។
ដោយសំដៅលើឧទាហរណ៍មួយចំនួនដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាត្រូវបានរកឃើញថា បានប្រព្រឹត្តិអំពើពុករលួយនៅក្នុងជំនួយដែលរដ្ឋាភិបាលទទួលបាននោះ លោកបានសរសេរ នៅក្នុងអីុម៉េលមួយថា ”អូស្ត្រាលី ជាមួយនឹងម្ចាស់ជំនួយភាគច្រើនគិតថា ប្រាក់របស់ខ្លួននឹងគ្មានសុវត្ថិភាពឡើយ ពេលមកដល់ដៃរដ្ឋាភិបាល។វាមានការប្រពឹត្តិអំពើពុករលួយច្រើនពេក”។
លោក អៀ សុផល ដែលក៏ជាសាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅសាកលវិទ្យាល័យ Occidental College ក្នុងរដ្ឋឡូសអែនជឺលេសដែរនោះបានបន្ថែមថា ”មានប្រវត្តិជា យូរមកហើយ ស្អីៗក៏ដោយជារបស់សាធារណៈត្រូវបានគេងប្រវ័ញ្ចយកធ្វើជាប្រយោជន៍បុគ្គលផ្ទាល់ខ្លួន”។
លោកបានយល់ស្របនឹងការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ដែលថា ជំនួយភាគច្រើននឹងត្រូវស្រូបយកដោយទីភ្នាក់ងារអនុវត្តគម្រោង។
លោកបានមានប្រសាសន៍ថា “ពិត ហើយវាត្រូវបានធ្លាក់ទៅលើប្រាក់ខែរបស់ជនបរទេស ហើយវាដូច្នេះគឺដោយសារតែម្ចាស់ជំនួយផ្តល់ធនធានរបស់ខ្លួនដោយផ្ទាល់ទៅឲ្យអ្នកផ្តល់ប្រឹក្សាមានប្រាក់ខែខ្ពស់ដែលអាចចាត់ចែងប្រាក់ដោយពុំមានការប្រព្រឹត្តិអំពើពុករលួយ ពេលមានការប្រព្រឹត្តិអំពើពុករលួយច្រើនក្នុងផ្នែកផលិតកម្ម”។
ទោះជាយ៉ាងណា លោកបានជំទាស់នឹងការយល់ឃើញដែលថា រដ្ឋាភិបាលអាចចាត់ចែងប្រាក់ដែលទទួលបានឲ្យធ្លាក់ដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពជាងនោះ។
លោកបានមានប្រសាសន៍ទៀតថា ”ប្រសិន បើតាមរយៈបុគ្គល [ឧត្តមសេនីយ៍ ខៀវ សុភ័គ] មានន័យថា មន្ត្រីរដ្ឋាភិបាល ឧទាហរណ៍ ដូចជា អ្នកដែលមានមុខងារច្រើនជាដើមនោះ អ៊ីចឹងប្រាក់ជាច្រើននឹងត្រូវធ្លាក់ចូលហោប៉ៅរបស់មន្ត្រីដែលពាក់ព័ន្ធនឹងគម្រោង ហើយថា វាប្រហែលជាអ្វីដែលពួកគេចង់ធ្វើ”។
លោកបន្ថែមថា “ផ្ទុយទៅវិញបើយើងនិយាយអំពីពលរដ្ឋខ្មែរដែលក្រីក្របំផុតដែលងាយរងគ្រោះបំផុត និងដែលសមនឹងទទួលបានជំនួយបំផុតនោះ គឺអត់មានទេ អត់មានទទួលបានទាល់តែសោះ”៕ ស៊ុយឈាង