ថ្លែងនៅពិធីជួបជុំមន្ត្រីនគរបាល និងមន្ត្រីរាជការជាង១០០នាក់កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសន្យាដំឡើងឋានន្តរស័ក្ដិដល់មន្ត្រីនគរបាលចរាចរណាដែលក្លាហានក្នុងការចេញបង្កាន់ដៃដល់រដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរបស់ប្រទេសកម្ពុជា។

ការអនុវត្តច្បាប់ចរាចរណ៍ថ្មីដែលបានអនុម័តកាលពីខែធ្នូឆ្នាំមុន គ្រោងនឹងចាប់ផ្ដើមផ្លូវការនៅថ្ងៃទី១ ខែមករា។ ច្បាប់នេះដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដល់បទល្មើសមួយចំនួនដូចជា ការបើកបរក្នុងល្បឿនលឿន និងការបើកបរដោយស្រវឹង រួមមានការរឹតបន្តឹងការកំណត់ចំនួនអ្នករួមដំណើរតាមម៉ូតូ និងតម្រូវឲ្យពាក់មួកសុវត្ថិភាពទាំងអស់គ្នា។
ថ្លែងនៅពិធីប្រជំុប្រកាសសមាសភាពគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មីនៅក្រសួងមហាផ្ទៃ ក្នុងរាជធានីភ្នំពេញ លោក ស ខេង បានមានប្រសាសន៍ថា “ឥឡូវនេះដល់ពេលដែលយើងត្រូវអនុវត្តច្បាប់ ហើយមិនខ្វល់ថាអ្នកធំឬអ្នកតូចឡើយ”។
ដោយត្រាប់តាមមន្ត្រីបំពានច្បាប់ លោករដ្ឋមន្ត្រីបានបន្តថា ”អូ! ខ្ញុំជាឧត្ដមសេនីយ៍ ខ្ញុំបើករថយន្តមិនចាំបាច់គោរពច្បាប់ទេ។ យើងទាំងអស់គ្នាមិនអាចធ្វើដូចនេះក្រោមច្បាប់នេះបានឡើយ”។
ដោយសំដៅដល់ស័ក្តិលើស្មាដែលបង្ហាញពីឋានន្តរស័ក្តិរបស់មន្ត្រីនោះ លោកបានមានប្រសាសន៍ថា “ប្រសិនបើមានរដ្ឋមន្ត្រីណាធ្វើខុស ហើយនគរបាលចរាចរផាកពិន័យពួកគេ ខ្ញុំនឹងដំឡើងស័ក្ដិមួយដល់ពួកគេ”។
លោក ស ខេង បានមានប្រសាសន៍ថា ពេលវេលាដែលអ្នកមានអំណាចស្វែងរកជំនួយពីមន្ត្រីជាន់ខ្ពស់ឲ្យអន្តរាគមន៍ក្នុងបទល្មើសចរាចរណ៍ ក៏ត្រូវបញ្ចប់ផងដែរ។
ដោយលើកឡើងបែបលេងសើចថា អ្នកដែលស្វែងរកអន្តរាគមន៍ពិសេសគួរនិយាយមកកាន់លោក រដ្ឋមន្ត្រីក្រសួងសាធារណការ ឬអគ្គស្នងការនគរបាលជាតិនោះ លោកបានថ្លែងថា ”ខ្ញុំសូមអំពាវនាវដល់អ្នកដែលធ្វើខុស សូមកុំសុំអន្តរាគមន៍អី”។
លោក ស ខេង បានមានប្រសាសន៍ថា “ឥឡូវនេះ ប្រសិនបើពួកគេចង់បានអន្តរាគមន៍ សូមទូរស័ព្ទមកសម្ដេចក្រឡាហោម [លោក ស ខេង] ឯកឧត្ដម ត្រាំ អុីវតឹក និងឯកឧត្ដម នេត សាវឿន”។
បន្ថែមពីលើការព្រមាន និងការសន្យាដំឡើងឋានន្តរស័ក្ដិ លោក ស ខេង បានថ្លែងទៅកាន់អ្នកចូលរួមថា ក្រសួងមហាផ្ទៃនឹងហាមនគរបាលចរាចរមិនឲ្យប្រមូលប្រាក់ផាកពិន័យដោយផ្ទាល់នៅតាមផ្លូវឡើយ នៅពេលច្បាប់ចរាចរណ៍ថ្មីត្រូវបានអនុវត្តនៅខែក្រោយ។
លោករដ្ឋមន្ត្រីបានថ្លែងថា ជំនួសវិញ មន្ត្រីនគរបាលចរាចរនៅពេលចុះត្រួតពិនិត្យតាមដងផ្លូវ នឹងត្រូវអនុញ្ញាតឲ្យចេញបង្កាន់ដៃតែប៉ុណ្ណោះ ដែលក្នុងនោះអ្នកបើកបរដែលបំពាច្បាប់ត្រូវទៅបង់នៅកន្លែងផ្សេង។
លោក ស ខេង បានមានប្រសាសន៍ថា “ខ្ញុំបានហាមនគរបាលចរាចរមិនឲ្យយកលុយដោយផ្ទាល់នៅនឹងកន្លែងទេ។ ពួកគេគ្រាន់តែចេញបង្កាន់ដៃទៅឲ្យម្ចាស់យានយន្តតែប៉ុណ្ណោះ…ហើយប្រាប់ពួកគាត់ឲ្យទៅបង់នៅប៉ុស្តិ៍នគរបាលក្បែរនោះ”។
ការប្រកាសរបស់លោក ស ខេង ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានមានប្រសាសន៍នៅពិធីមួយជាសាធារណៈថា លោកនឹងប្រើ “ច្រាសដែក” ដើម្បីដុសសម្អាតអំពើពុករលួយនៅក្រសួងមហាផ្ទៃ រួមទាំងក្នុងចំណោមមន្ត្រីនគរបាលចរាចរដែលរងការរិះគន់ជាញឹកញាប់។
នៅពេលត្រូវបានទាក់ទងបន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោក ស ខេង កាលពីម្សិលមិញ លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈនៃនគរបាលជាតិបានមានប្រសាសន៍ថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមុនពេលច្បាប់ចរាចរណ៍នេះចូលជាធរមាននោះ ព័ត៌មានលម្អិតស្តីពីប្រព័ន្ធផាកពិន័យថ្មីកំពុងរៀបចំនៅឡើុយ។
ឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា បានមានប្រសាសន៍ថា “អគ្គស្នងការដ្ឋាននគរបាលជាតិនឹងរៀបចំកិច្ចប្រជុំមួយនៅថ្ងៃទី១៧ ខែធ្នូ ដើម្បីពិភាក្សាបន្ថែមពីកន្លែងដែលយើងត្រូវដាក់ប៉ុស្តិ៍ដើម្បីសម្រួលក្នុងការបង់ប្រាក់”។
លោកបានបន្ថែមថា អ្នកបើកបរដែលមិនព្រមបង់ប្រាក់ផាកពិន័យ នឹងត្រូវបញ្ជូនទៅតុលាការ។ លោកបានថ្លែងថា “នៅពេលចុះត្រួតពិនិត្យ យើងនឹងដកហូតស្លាកលេខយានយន្ត ម៉ូតូ និងអត្តសញ្ញាណប័ណ្ណផងដែរ”។ លោកបានបន្ថែមថា មូលដ្ឋានទិន្នន័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវប្រើដើម្បីភ្ជាប់ព័ត៌មាននេះជាមួយអាសយដ្ឋានរបស់អ្នកបើកបរ។
លោកបានលើកឡើងថា “យើងនឹងប្រាប់ពួកគាត់នៅកន្លែងត្រួតពិនិត្យតែម្ដង ប្រសិនបើពួកគាត់មិនបង់ក្នុងរយៈពេល៣០ថ្ងៃទេ ការផាកពិន័យនឹងគុណជាពីរ ក្នុងរយៈពេល៦០ថ្ងៃ ការផាកពិន័យនឹងគុណជាបី ហើយបន្ទាប់ពី៩០ថ្ងៃឡើង យើងនឹងបញ្ជូនករណីនេះទៅតុលាការតែម្ដង”៕ សារុន