30 C
Phnom Penh

​ផ្ទុះ​ការ​ចោទ​ប្រកាន់​​​ករណី​​​​បំពាន​​​​​ផ្លូវ​ភេទ​ និង​ការ​លាក់​បាំង​​ការ​ពិត​នៅ​​​អង្គការ​សិល្បៈ​ដ៏ល្បី​​ល្បាញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​​​​​តាមសមា​ជិក​​​គ្រួសារ​​​​​​ម្នាក់​ និង​អង្គការ​គាំ​ពារ​កុមារ​មួយ ឲ្យដឹងថា ជន​ជាតិ​បារាំង ​ម្នាក់​​​ដែល​ជា​បុគ្គលិក​​យូរ​មក​ហើយ​​នៃ​អង្គការ​​ហ្វា​រពន្លឺ​សិល្បៈ​​នៅ​ក្នុង​ខេត្ត​បាត់ដំបង កំពុង​ជាប់​​ពន្ធនាគារ​​ក្នុង​ប្រទេស​បារាំង ​រង់ចាំ​សវនាការ​​​ជំនុំជម្រះ​​ទោស​តាម​​ការ​ចោទ​​​​ប្រកាន់​​ពីបទ​​រួមភេទ​ជាមួយ​កុមារ​​​ប្រព្រឹត្ត​​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជន​រងគ្រោះ​ម្នាក់​ដែល​និយាយ​ថា ​ខ្លួន​មាន​​​​អាយុ​ប្រហែល​១៤​ឆ្នាំ​ នៅ​ពេល​ខ្លួន​​ត្រូវ​បាន​​​​បុរស​​ជនជាតិ​បារាំង ​រូប​នេះ​​រំលោភ​បំពាន​ផ្លូវ​ភេទ បាន​លើក​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​​មួយ​​​​កាលពី​ថ្ងៃ​សុក្រ​ថា អង្គការ​ហ្វា​រពន្លឺ​សិល្បៈ​​​​បាន​បណ្ដេញ​ខ្លួន​​ចេញ​​​​ពី​ក្រុម​សម្ដែង​សៀក​របស់​អង្គការ​នេះ បន្ទាប់ពី​​ខ្លួន​បាន​រាយ​ការណ៍​​​អំពី​ការ​រំលោភ​បំពាន​​​​​នេះ ហើយ​​បាន​​ឲ្យ​ប្រាក់​​ទៅ​ខ្លួន​​ចំនួន​៦០០​ដុល្លារ​​​សម្រាប់​ការ​បិទ​មាត់ ជា​ការ​អះអាង​ដែល​​អង្គការ​ហ្វា​រពន្លឺសិល្បៈ​បាន​បដិសេធ​កាលពី​ម្សិលមិញ​។

​លោក ហ្សង់​ គ្រីស្តូហ្វ ស៊ីដឺរីត (Jean-Christophe Sidoit) មាន​តួនាទី​​ជាច្រើន​នៅ​​អង្គការ​ហ្វា​រពន្លឺសិល្បៈ​​ រួម​មាន​​តំណែង​នាយក​​​​​​ស្ដីទី​ និង​​ប្រធាន​រដ្ឋបាល​ផង​ដែរ​​​ពី​ឆ្នាំ​១៩៩៩​​​ដល់​ចុង​​ឆ្នាំ​២០១៣​ នៅ​ពេល​​​លេច​ឮ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ជន​រងគ្រោះ ​ដែល​ជា​យុវ​ជន​​សម្ដែង​សិល្បៈ​សៀក​​​​ម្នាក់​មកពី​ប្រទេស​ហ្គីណេ ហើយ​​​ជន​រង​​គ្រោះ​​ត្រូវ​​គេ​បង្ខំ​ឲ្យ​កាត់​​ផ្ដាច់​​ទំនាក់​ទំនង​ជា​ផ្លូវ​ការ​ជាមួយ​អង្គការ​នេះ​។

យោង​តាម​លោក សំលៀង សិលា នាយក​​​ប្រចាំ​ប្រទេស​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) ​ដែល​ជា​អង្គការ​​​មិន​មែន​រដ្ឋាភិបាល​​ប្រឆាំង​​ជន​រួម​ភេទ​ជាមួយ​កុមារ​​បាន​​ឲ្យ​​ដឹង​ថា ​អង្គ​ការ​របស់​លោក​បាន​ចាប់​ផ្ដើម​​ស៊ើប​អង្កេត​​​​ករណី​នេះ​ បន្ទាប់ពី​​​ទទួល​បាន​ពាក្យ​បណ្ដឹង​​ពី​យុវជន​​​ជនជាតិ​ហ្គីណេ​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​​​​​​​រក​ឃើញ​​ជន​រងគ្រោះ​​ពីរ​នាក់​​ទៀត។

​​ក្រោយ​ពី​លេច​ឮ​ការ​ចោទ​ប្រកាន់​​​​ទាំង​នេះ លោក ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត បាន​ចាក​ចេញ​​ពី​​ប្រទេស​កម្ពុជា ​​ឆ្ពោះ​ទៅ​​ប្រទេស​បង់ក្លា​ដែស ​​ហើយ​ក្រោយ​មក​បាន​ធ្វើ​ដំណើរ​​​ទៅ​ប្រទេស​​​​បារាំង ទី​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ខែ​កក្កដា បន្ទាប់ពី​​អាជ្ញាធរ​​បារាំង​ បាន​ធ្វើ​ការ​ស៊ើបអង្កេត​​ក្រោម​​ច្បាប់​​​​​​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បារាំង ​​ទទួល​ការ​កាត់​ទោស​​​​​នៅ​​ប្រទេស​​​​នេះ​​​សម្រាប់​បទ​ល្មើស​​រួមភេទ​ជាមួយ​កុមារ​​​ដែល​បាន​​​ប្រព្រឹត្ត​នៅ​បរទេស​។

​​បង​ប្អូន​ស្រី​​របស់​លោក គឺ​អ្នក​ស្រី វើរ៉ូនីក ស៊ីដឺរីត (Veronique Sidoit) ​​​បាន​លើក​ឡើង​តាម​​​រយៈ​សារ​អេឡិច​ត្រូនិក​មួយ​កាលពី​សប្ដាហ៍​មុន​ថា “​ហ្សង់ គ្រីស្តូហ្វ ​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​​ពី​​ថ្ងៃទី​២២ ខែ​កក្កដា នៅ​ក្នុង​ប្រទេស​បារាំង​។ ​ស្ថានភាព​លំបាក​ណាស់​ ព្រោះ​​ប៉ូលិស​បារាំង​ជឿ​ទាំង​អស់​​​នូវ​អ្វី​ដែល​អង្គការ​ APLE និយាយ​​​​​ ​​ហើយ​បន្ទាប់​មក​​បាន​ចាប់​ផ្ដើម​​​​ដំណើរ​នីតិវិធី​​ប្រឆាំង​បង​ប្អូន​របស់​ខ្ញុំ”។

អ្នកនាំពាក្យ​ស្ថានទូត​បារាំង នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ​បាន​បញ្ជាក់​ថា លោក​ ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត ​ពិត​ជា​​ត្រូវបាន​ចាប់​ខ្លួន​​មែន ប៉ុន្តែ​ថ្លែង​ថា លោក​មិន​អាច​ផ្ដល់​​ព័ត៌មាន​លម្អិត​បន្ថែម​​ទៀត​បាន​​ទេ​​ជុំវិញ​ករណី​នេះ​ដោយ​សារ​​​​នីតិវិធី​​តុលាការ​​​កំពុង​តែ​បន្ត​នៅ​ក្នុង​ប្រទេស​បារាំង។

លោក​ សំលៀង សិលា ​​បាន​ថ្លែង​ថា ​​នគរ​បាល​បារាំង​​ បាន​លូក​ដៃ​ចូល​រួម​ពាក់​ព័ន្ធ​​ក្នុង​ឆ្នាំ​២០១៤ នៅ​​ពេល​​លោក ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត “បាន​ចាក​ចេញពី​កម្ពុជា​” ហើយ​បាន​រក​ឃើញ​ជន​រងគ្រោះ​​​បន្ថែម​ទៀត​ក្រៅពី​​​យុវ​ជន​​​​ជនជាតិ​ហ្គីណេ និង​ជន​រង​គ្រោះ​​ផ្សេងៗ​​​​ទៀត​​​​ដែល​​អង្គការ​ APLE បាន​​រក​ឃើញ​។

លោក​បាន​​មាន​ប្រសាសន៍​ទៀត​ថា “​យើង​​​កំពុង​​រក​មើល​​ជន​​រងគ្រោះ​ដែល​អាច​ទៅ​រួច​ចំនួន​បី​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​ស៊ើបអង្កេត​បាន​​ពង្រីក​​ទៅ​ដល់​​​យុវជន​មួយ​ក្រុម​ធំ។ ​វា​បាន​ក្លាយ​ជា​ការ​ស៊ើបអង្កេត​​​របស់​​​បារាំង ទៅ​ហើយ យើង​កំពុង​ជួយ​ប៉ូលិស​​​ជាតិ​បារាំង​”។

លោក សំលៀង សិលា មិន​បាន​លើក​ឡើង​ពី​ករណី​នេះ​បន្ថែម​ទៀត​ទេ​ក្រៅតែ​ពី​មាន​ប្រសាសន៍​​ថា ជន​រង​គ្រោះ​ពីរ​នាក់​បន្ថែម​​​ទៀត​ដែល​អង្គការ​ APLE ​បាន​រក​ឃើញ​ “កំពុង​​​​មាន​វ័យ​ជា​​អនីតិជន​នៅ​​ឡើយ”។

​​​មេធាវី​​ជនជាតិ​បារាំង ខាធឺរីន ម៉ាប៊ីល (Catherine Mabille) ​របស់​លោក ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត មិន​បាន​​ឆ្លើយ​តប​​​​​​សំណើ​សុំ​ការ​បំភ្លឺ​ទេ។ លោកស្រី ប៉េង មា៉ណែត ជា​មេធាវី​​​ជន​ជាតិ​ខ្មែរ ​​​ដែល​ធ្លាប់​តំណាង​​ឲ្យ​លោក​​​មាន​ប្រសាសន៍​ថា លោកស្រី​​ឈប់​ទទួល​ដោះ​ស្រាយ​​​សំណុំ​រឿង​នេះ​ទៀត​ហើយ ហើយ​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ។

សូម​បញ្ជាក់​ថា ​ហ្វា​រពន្លឺសីល្បៈ គឺ​ជា​​​អង្គការ​​​​មិន​មែន​រដ្ឋាភិបាល​មួយ​ដែល​បណ្ដុះ​បណ្ដាល​​​​​ក្មេងៗ​កម្ពុជា​​​ ឲ្យ​ចេះ​សម្ដែង​​សិល្បៈ​នៅ​ក្រុង​បាត់ដំបង និង​​មាន​ក្រុមហ៊ុន​សៀក​ដ៏ល្បី​ល្បាញ​​​មួយ​​ដែល​ធ្វើ​ការ​សម្ដែង​ជា​ប្រចាំ​ ហើយ​ជា​ញឹក​ញាប់​រួម​សហការ​ជាមួយ​​ក្រុម​ហ៊ុន​សៀក​ផ្សេង​ៗ​ទៀត​នៅ​ទូទាំង​ពិភព​លោក​។

អំឡុង​បទ​សម្ភាសន៍​​មួយ​ជាមួយ​​កាសែត​ ឌឹ ខេមបូឌា ដេលី នៅ​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ ​​​យុវជន​​ជនជាតិ​​ហ្គីណេ ដែល​ត្រូវ​​​​​​​​​បុគ្គលិក​​​​ជាន់​ខ្ពស់​​ម្នាក់​នៅ​អង្គការ​​ហ្វារពន្លឺ​សិល្បៈ​​ជូន​​ទៅ​ បាន​និយាយ​​ថា រូប​គេ​​​​ប្រៀប “​ដូច​ជាកូន​ប្រុស​” របស់​លោក ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត អ៊ីចឹង ដោយ​រស់​នៅ​ជាមួយ​លោក​​នៅ​ក្រុង​បាត់ដំបង​ អស់​រយៈ​ពេល​​៣ឆ្នាំ ហើយ​​បាន​និយាយ​សរសើរ​ពី​​​​បុរស​ជនជាតិ​បារាំង ​រូប​នេះ​។

យុវជន​​រូប​នេះ​​និយាយ​ថា ​ខ្លួន​បាន​​​ក្លែង​ពាក្យ​បណ្ដឹង​​ប្រឆាំង​លោក ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត ដោយ​សារ​តែ​កំហឹង​ ហើយ​ចង់​​លុប​ចោល​ពាក្យ​បណ្ដឹង​នោះ​វិញ។ “​​ខ្ញុំ​​​បាន​និយាយ​​​​ពី​​គាត់​​ដោយ​សារ​តែ​ខ្ញុំ​ស្រវឹង។ ​ខ្ញុំ​ឃើញ​គាត់​ចូល​ចិត្ត​ក្មេង​ប្រុស​ៗ​ផ្សេង​ទៀត ហើយ​​ទិញ​ផ្ទះ​ឲ្យ​ពួក​គេ ​ខ្ញុំ​ក៏​ច្រណែន” ហើយ​​អារម្មណ៍​ទាំង​នោះ​​ក៏​បាន​ប្រែក្លាយ​ទៅ​ជា​ពាក្យ​បណ្ដឹង​ផ្លូវ​ការ​​ដែល​ខ្លួន​បាន​ដាក់​ទៅ​អង្គការ APLE។ រូប​គេ​បាន​​លើក​បន្ត​​ថា “​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​កូន​ប្រុស​របស់​គាត់ ហើយ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​អន់​ចិត្ត​”។ ​

ទោះ​ជា​យ៉ាង​ណា​ នៅ​ពេល​​ការ​សន្ទនា​តាម​ប្រព័ន្ធ​ Skype ​កាលពី​​យប់​ថ្ងៃ​សុក្រ យុវ​ជន​​​​ជនជាតិ​ហ្គីណេ ​បាន​និយាយ​នៅ​ពេល​ផ្ដល់​​​បទ​សម្ភាសន៍​​លើក​ចុង​ក្រោយ​ថា អង្គការ​ហ្វារពន្លឺ​សិល្បៈ​បាន​ដាក់​សម្ពាធ​ខ្លាំង​​ឲ្យ​ខ្លួន​​ដក​ការ​ចោទ​ប្រកាន់​របស់​​ខ្លួន​​​ចេញ​វិញ ហើយ​​​លោក​ ឃួន ដេត ​​ដែល​​ជា​ប្រធាន​​ផ្នែក​សិល្បៈ​​​​សម្ដែង​នៃ​អង្គការ​​ហ្វាពន្លឺសិល្បៈ​​​ ​បាន​ឲ្យ​លុយ​​​ទៅ​ខ្លួន​ដើម្បី​​​​ “បិទ​មាត់”។

យុវ​ជន​​​រូប​នេះ​​បាន​បន្ត​​រៀបរាប់​ពី​​អ្វី​ដែល​លោក ឃួន ដេត បាន​និយាយ​នៅ​ពេល​គាត់​ប្រគល់​​​ប្រាក់​​ចំនួន​៦០០​ដុល្លារ​​បាន​​ពី​លោក ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត ឲ្យ​ទៅ​ខ្លួន​​ថា “​​ដោយ​មាន​ឈ្មោះ ​​ដេត នៅ​ទីនោះ​ខ្ញុំ​មិន​អាច​​​​និយាយ​​​​បាន​ទេ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​”។

​រូប​គេ​​​ចាំ​បាន​នូវ​​អ្វី​​​ដែល​លោក ឃួន ដេត បាន​​និយាយ​យ៉ាង​ដូច្នេះ​​​ថា “ នេះ​​​លុយ​យើង​​​ឲ្យ​​ឯង  ឯង​កុំ​និយាយ​​​​​អី​ឲ្យ​សោះ។ បើ​ប៉ូលិស​​មក​រក​ឯង ឯង​កុំ​និយាយ​អី​ឲ្យ​សោះ”។

​យុវជន​រូប​នេះ​​បាន​គូស​បញ្ជាក់​​ទៀត​ថា “ខ្ញុំ​​មិន​អាច​ធ្វើ​អ្វី​បាន​ទេ គ្មាន​នរណា​ម្នាក់​មក​ជួយ​ខ្ញុំ​​ឡើយ​”។​​​​​​​​​​​​​​​​​​

លោក ហួត តារា នាយក​​​ប្រតិបត្តិ​​​អង្គការ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា អង្គការ​​​របស់​​​លោក​​​កំពុង​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ដោយ​ខ្លួនឯង​​​ផ្ទាល់​នៅក្នុង​ករណី​​​​​ចោទ​​​​​​ប្រកាន់​​​លើ​លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត​ ​​​ ហើយ​​​មិន​​​អាច​​​រក​​ឃើញ​ភ័ស្តុតាង​​​​ដាក់​​​បន្ទុក​​​លើ​​ករណី​​​​ចោទ​​​ប្រកាន់​​​​នេះ​ឡើយ​។​ហើយ​​​ការ​​​អះ​​​អា​ង​​​របស់​​​យុវជន​​​ជន​​​ជាតិ ហ្គីណេរូប​នេះ​​​​ដែល​​​ថា លោក ឃួន​ ដេត​​ បាន​​​ឲ្យ​​​ប្រាក់​​​មក​​​​​​ខ្លួន​​​ ដើម្បី​​​ឲ្យ​កែ​​ប្រែ​រឿង​​​រ៉ាវ​​​នោះ​ គ្មាន​​​អ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​អង្គការ​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​ទេ។ ​​​

លោក​ បាន​ថ្លែងថា​ “និយាយអំពី​​​រឿង​​​ដែល​​​​​​លោក ​​​ដេត​ បាន​ឲ្យ​​​លុយ​​​ ខ្ញុំ​​​អត់​​​ដឹង​​​ទេ​​​ ប៉ុន្តែ ​​​នេះ​​​មិន​​​មែនជា​​​​អ្វី​​​ដែល​​​អង្គការ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​​​​​​​បាន​​​ធ្វើ​​​នោះ​​​ឡើយ។ វា​​​គ្មាន​​​អ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​អង្គការ​​​​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​​​​ទេ​​​”។

លោក ហួត​​​ តារា បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​ពេល​​​គាត់​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ប៉ារីស​​​កាល​​​ពី​​​ខែ​​​មុន​​​គាត់​​​បាន​​​រាយការណ៍​​​ទៅ​​នគរ​​​បាល​​​នៅ​​​ទី​​​នោះ​​​ ដោយ​​​រៀប​​​រាប់​​​ពី​​​អ្វី​​​ទាំង​​​អស់​​​ដែល​​​គាត់​​​ដឹង​​​ទាក​​​់​​​ ទិន​​​ករណី​​​នេះ​​​ រវាង​​​យុវជន​​​ជន​​​ជាតិ​​​ហ្គីណេ​​​រូប​​​នេះ និ​​​ងលោក ​ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​អ្នក​​​​ឃើញ​​​ហើយ​​​ ពី​​​ភាព​​​មិន​​​ស៊ី​​​គ្នា​​​ និ​​​ងភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ដែល​​​គាត់​​​ [យុវជន​​​ជន​​​ជាតិ​​​ហ្គីណេ​​​​] បាន​រៀប​រាប់​។ ពេល​​​មួយ ​​​គាត់​​​និយាយ​​​​​​ ថា លោក ហ្សង់ គ្រីស្តូហ្វ​ បាន​​​ធ្វើ​​​រឿង​​​នេះ​​​ ​​​ថ្ងៃ​​​បន្ទាប់​​​បែរជា​​​​​​​និយាយ​​​ថា គាត់​​​មិន​​​បាន​​​ធ្វើ​​​ទៅវិញ​​​​​​​។ វា​​​គ្មាន​​​អ្វី​​​ត្រូវ​​​ភ្ញាក់​​​ផ្អើល​​​ទេ​​​ ដែល​​​យុវជន​​​រូប​​​នេះ​​​បាន​​​​កែ​ប្រែ​រឿង​​​រ៉ាវ​​​របស់​​​ខ្លួន​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​”។

លោក​បាន​បន្ថែមថា​ “លោក ហ្សង់ ​​​គ្រីស្តូហ្វ ​​​​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​មុខ​​​តំណែង​​​ទាំង​​​អស់ [នៅ​​​អង្គការ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​] ដោយ​​​រង់​​​ចាំ​​​ការ​​​សើុបអង្កេត​​​ ហើយ​​​យើង​​​បាន​​​ត្រៀម​​​ខ្លួន​​​សហការ​​​នៅ​​​ក្នុង​​​ការ​​​សើុប​​​អង្កេត​​​ណា​​​មួយ​​​​​​រួច​​​ហើយ​​​។ ខ្ញុំ​​​នៅ​​​តែសន្មតថា គាត់​​​គ្មាន​​​ទោស​​​កំហុស​​​ ទាល់​​​តែ​​​គាត់​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ថា មាន​​​ពិរុទ្ធភាព​​​មែន​​​”។

ពេល​​​ទាក់ទង​​​កាល​​​ពីម្សិលមិញ ​​​លោក ​​​ឃួន ​​​ដេត បាន​​​រិះគន់​​​ចំពោះ​​​ការ​​​លើក​​​ឡើង​​​ដែល​​​ថា គាត់​​​បាន​​​ឲ្យ​​​ប្រាក់​​​ទៅ​​​យុវជន​​​ជន​​​ជាតិ​​​ហ្គី​ណេ​​​រូ​​​ប​​​នេះ​​​ដើម្បី​ឲ្យ​កែ​​​ប្រែ​​​រឿង​​​រ៉ាវ​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ទេ​​​ ទេ ខ្ញុំ​​​មិន​​​ដែល​​​ឲ្យ​​​លុយ​​​ទៅ​​​គាត់​​​ទេ​​​។ គាត់​​​និយាយ​​​ [អ្វី​​​] ដូច​​​នេះ​​​គឺ​​​ដើម្បី​​​ធ្វើ​​​ឲ្យលោក ហ្សង់​​​ គ្រីស្តូហ្វ​​ មាន​គ្រោះ​​​​​​ថ្នាក់ ប៉ុន្តែ គាត់​​​នៅ​​​ក្មេង ហើយ​​​​​​មិន​​​យល់​​​ពី​​​ភាព​ គ្រោះ​​​ថ្នាក់​​​ទេ​​​។ អ្វី​​​ៗ​​​ទាំ​ង​​​អស់​​​គឺ​​​​ដោយ​​​សារ​​​តែ​​​លុយ​​​។ គាត់​​​ចង់​​​បាន​​​លុយ​​​។ គាត់​​​គឺ​​​ជា​​​មនុស្ស​​​ ម្នាក់​​​ដែល​​​បង្ក​​​បញ្ហា​​​ច្រើន​​​ណាស់​​​”។

កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ មុន​​​ពេល​​​យុវជន​​​ជន​​​ជាតិ​​​ហ្គីណេ​​​រូប​​​នេះ​​​បាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​តាមរយៈ​​​​​ ​​​Skype លោក​​​ ឃួន​ ដេត បាន​​​បញ្ជាក់​​​ថា លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត​ បាន​​​ធ្វើ​​ការ​​​ក្នុង​មុខ​​​តំណែង​​​ជា​​​ច្រើនផ្សេង​ៗ​គ្នា​​​​នៅ​​អង្គការ ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​​​​​​​ ចាប់តាំងពី​ឆ្នាំ​១៩៩៩​​​មក​​​ម្លេ៉ះ ហើយ​​​ថា ​​​ពាក្យ​​​បណ្តឹង​​​​​​ប្តឹង​​​បុរស​​​ជន​​​ជាតិ​​​បារាំង​​​រូប​​​នេះ​​​​ពីបទ​​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​​​ ធ្វើឡើង​​ដើម្បី​​​ជា​​​កា​​​រ​​​សង​​​សឹក​​​ចំពោះ​​​ការ​​​បដិសេធ​​​របស់​​​គាត់​​​មិន​​​ព្រម​​​ឲ្យ​​​ប្រាក់​​​ទៅ​​​យុវជន​​​ជន​​​ជាតិ​​​ហ្គីណេ​​​រូប​​​នេះ​​​ដើម្បី​​​ផ្ញើទៅ​​​ប្រទេស​​​​កំណើត​របស់ខ្លួន​​​​​។

ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ខ្លួន​​​ជឿ​​​ថា ការ​​​អះ​​​អាង​​​អំ​ពី​​​ការ​​​រំលោភ​​​បំពាន​ផ្លូវ​​​ភេទ​​​គឺ​​​ជា​​​រឿង​​​ពិត​​​ឬយ៉ាងណា​នោះ ​​​លោក ​​​ឃួន​​​​ ដេត បាន​​​មាន​​​ប្រសាសន៍​​​ថា “បញ្ហា​​​កើត​​​ចេញ​​​ពី​​​ [យុវជន​​​ជន​​​ជាតិ​​​ហ្គីណេ​​​] រូប​​​នេះ​​​ព្រោះ​​​​​​គាត់​​​បាន​​​សន្យា​​​ផ្ញើ​​​ប្រាក់​​​ទៅ​​​ឲ្យ​​​ម្តាយ​​​របស់​​​ខ្លួន ដើម្បី​​​​សាង​​​សង់​​​ផ្ទះ និង​​​ទិញ​​​ដី​​​”។

ជនរង​​​គ្រោះ​​​ម្នាក់​​​ទៀតក្នុង​ចំណោម​ជន​រងគ្រោះដោយ​សារ​ លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត​ គឺ​​​កូន​​​ប្រុស​​​​អាយុ​​​៩​​​ឆ្នាំ​​​របស់​​​បុរស​​​សំដែង​​​សៀក​​​​​​ម្នាក់​​​ទៀត​​​ ដែលគាត់​[លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត​] បានសំុយកមក​”​​​​​​ចិញ្ចឹម​​​បី​​​បាច់​​​” ធ្វើជាកូន​ ពេល​​​កំពុង​​​ធ្វើ​​​ការ​​​នៅ​​​អង្គការ ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​​​ នេះបើ​យោង​​​តាម​​​អីុម៉េល​​​ដែល​​​ជន​​​សង្ស័យ​​​​​​ធ្លាប់​​​បាន​ឆ្លើយ​ឆ្លង​មុន​​​ពេល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន។​​​​

លោក ឃួន​ ដេត បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត​ បាន​​​ផ្លាស់​​​ប្តូរ​​​ទី​​​លំនៅ​​​​​​​កូន​​​ [ចិញ្ចឹម​​​]​​​​​​ របស់​គាត់​ រួម​​​ទាំង​​​ភរិយា​​​​​​​និង​​​កូន​​​បី​​​នាក់​​​ទៀត​​​របស់​​​បុរស​​​សំដែង​សៀក​រូប​​​នេះទៅ​​​លំនៅ​​​ដ្ឋាន​​​របស់​គាត់​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​​កាលពី​​​​ប៉ុន្មាន​​​ឆ្នាំ​​​មុន​​​។

លោក​​​បាន​​​និយាយ​​​ថា “លោក ហ្សង់​​​ គ្រីស្តូហ្វ ​​​រស់​​​នៅ​​​ជាន់​​​លើ​​​ ហើយ​​​គ្រួសារ​​​នេះ​​​រស់​​​នៅ​​​ជាន់​​​ក្រោម​​​។ គាត់​​​ជួយ​​​​​ផ្គត់​ផ្គង់​គ្រួសារ​​​នេះ​​​ជា​​​យូរ​​​មក​​​ហើយ​​​”។

យុវជន​​​ជន​​​ជាតិ​​​ហ្គីណេ​​​ រូប​​​នេះ​​​ ដែល​​​ឥឡូវ​​​ មាន​​​អាយុ​​​២១​​​ឆ្នាំ បាន​​​និយាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ខ្លួន​​​បាន​​​ហ្វឹក​​​ហាត់​​​ហក់​​​លោត​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​​​​អស់​​​រយៈ​​​ពេល​​​៨ឆ្នាំ​​​ មុន​​​ពេល​​​​​​ជួប​​​លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត ដែល​​​បម្រើ​​​ការ​​​ងារ​​​ឲ្យ​​​អង្គការ Unicef អំឡុង​​​ពេល​​​នោះជាលើកដំបូង​​​​។​​​ យុវជន​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ទៀត​​​ថា លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺ​​​រីត ​​បាន​​​នាំ​​​ខ្លួន​​​មក​​​កម្ពុជា ​​​ហើយ​​​បាន​​​ឲ្យ​​រស់នៅ​ក្នុង​​​​​អង្គការ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​​​​ ជា​​​កន្លែង​​​ដែល​ខ្លួន​​​បាន​​​ហ្វឹក​​​​​​ហាត់​​​ និង​​​សំដែង​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៦​​​ឆ្នាំ​​​​​​ ដោយ​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ ពី​​​បុរស​​​ជន​​​ជាតិ​​​បារាំង​​​រូប​​​នេះ​​​គ្រប់ពេល​វេលា​។ យុវជន​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្តទៀត​ថា ពេល​​​ដែល​​​ខ្លួន​​​ជា​​​ចុង​​​ក្រោយ​​​បាន​​​សម្រេច ​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​នេះ​​​ទៅ​​​ អង្គការ​​​ APLE ​​​គឺ​អ្វី​​​ៗ​​​បាន​​​​​​​​​ល្អក់​​​កករ​​​​​​អស់​​​ហើយ​​​។

យុវជន​​​ជន​ជាតិ​ហ្គីណេ​រូប​​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា “ពួក​​​គេ​​​ [អង្គការ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​]  បាន​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​ចេញ​​​ពី​​​អង្គការ​​​នេះ​​​។ ពួក​​​គេ​​​បញ្ចប់​​​កិច្ច​​​សន្យា​​​របស់​​​ខ្ញុំ ហើយ​​​ខ្ញុំ​​​ត្រូវ​​​តែ​​​រក​​​កន្លែង​​​ផ្សេង​​ដើម្បី​​​រស់​​​នៅ”។ យុវជន​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា អង្គការ​​​​​​ហ្វារ​​​ពន្លឺ​​​សិល្បៈ​​​​​​​​​បាន​​​ជួយ​​​ខ្លួន​​​ផ្លាស់​​​ទៅ​​​ប្រទេស​​​តង់សានី​​​ជា​​​កន្លែង​​​ដែល​​​ខ្លួន​​​បាន​​​បន្ត​​​ការ​​​ហ្វឹក​​​ហាត់​​​សៀក​​​ ហើយ​​​ឥឡូវ​​​នេះ​​​​​​​ខ្លួន​បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ហ្គីណេ​​​ វិញ​​​ហើយ​​​។

យុវជន​​​រូប​​​នេះ​​​បាន​​​​លើកឡើង​ទៀត​​​ថា ខ្លួន​​​ទើប​​​តែ​​​បានដាក់​​​ពាក្យ​​​ប្តឹង​​​លោក ហ្សង់ គ្រីស្តូហ្វ​ ស៊ីដឺរីត បន្ទាប់​​​ពី​​​ខ្លួន​​​បានទម្លាយ​រឿង​​​រ៉ាវ​​​នេះ​​​ប្រាប់​​​ស្ត្រី​​​ជនជាតិ​ហ្គីណេ​ដូចគ្នា​​​​ នៅ​​​ក្នុង​ខេត្ត​​​បាត់​​​ដំបង​​​ ដែល​​​ជំរុញ​​​ឲ្យ​​​ខ្លួន​​​រាយ​​​ការណ៍​​​អំពី​​​ការ​​​រំលោភ​បំពាន​​​ផ្លូវ​​​ភេទ​​​នេះ​​​។

ពេល​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ក្នុង​​​លក្ខ​​​ខណ្ឌ​​​អនាមិក​​​ដោយ​​​សារ​​​ខ្លាច​​​ក្រែង​​​រងការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ ស្ត្រី​​​រូប​​​នេះ​​​បាន​​​បញ្ជាក់​​​អំពី​​​រឿង​​​រ៉ាវ​​​នេះ។

ស្ត្រីរូបនេះ​បាន​​​សរសេរ​​​នៅ​​​ក្នុង​​​សារ​​​តាម​​​ហ្វេសប៊ុក​​​ថា “[គាត់​​​]​​​ បាន​​​មក​​​កន្លែង​​​របស់​​​ខ្ញុំ​​​នៅ​​​យប់​​​មួយ​​​។ គាត់​​​ស្រវឹង​​​ហើយ​​​ថែម​​​ទាំង​​​យំ​​​ទៀត​​​ផង​​​។ គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​ត្រូវ​​​លោក​​​ ហ្សង់​​​ គ្រីស្តូហ្វ រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​តាំង​​​ពី​​​អាយុ​​​១៤​​​​​​ឆ្នាំ​​​មក​​​ម៉្លេះ​​​”។

ស្ត្រី​​​រូប​​​នេះ​​​បាន​​​បន្ត​​​ថា “បន្ទាប់​​​ពី​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ពី​​​រឿង​​​រ៉ាវ​​​របស់​​​ខ្លួន ​​​ខ្ញុំ​​​បាន​​​ប្រាប់​​​ឲ្យ​​​គាត់​​​​​​ ត្រឡប់​​​មក​​​វិញ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ពេល​​​ស្វាង​​​ពី​​​ស្រវឹង​​​។ គាត់​​​បាន​​​ត្រឡប់​​​មក​​​វិញ ហើយ​​​ប្រាប់​​​​​​ខ្ញុំ​​​អំពីរឿង​​​រ៉ាវ​​​ដូច​​​ពេល​​​​​​ស្រវឹង​​​ស្រា​​​អ៊ីចឹង​​​ថា គាត់​​​​​​ត្រូវ​​​លោក ហ្សង់ ​​​គ្រីស្តូហ្វ ​​​រំលោភ​​​ផ្លូវ​​​ភេទ”។

ស្ត្រី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទៀត​ថា ខ្លួន​​​បាន​​​ជួយ​​​យុវជន​​​រូប​​​នេះ​​​រាយការណ៍​​​អំពី​​​ការ​​​រំលោភ​ បំពាន​​​ផ្លូវ​​​ភេទ​​​ទៅ​​​អង្គការ ​​​APLE​​​ តាម​​​ការ​​​ផ្តល់​​​យោបល់​​​ពី​​​ស្ថានទូត​​​បារាំង​​​។

លោក លោក ហ្សង់ គ្រីស្តូហ្វ ស៊ីដឺរីត​ ដែល មាន​​​​​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​កា​​​សែត ​​​ខេមបូឌា ​​​ដេលី តាម​​​រយៈ​​​អីុ​​​ម៉េល​​​រហូត​​​ដល់​​​ខែ​​​មករា​​​នៅ​​​តែ​​​និយាយ​​​ថា គេបាន​រៀប​ផែនការ​ព្យាបាទគាត់​​​​ ហើយ​​​ថា ខ្លួន​​​កំពុង​​​រៀប​​​ចំ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ ទាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​បារាំង ​​​ប្តឹង​​​អង្គការ​​​ APLE និង​​​អ្នក​​​ផ្សេង​​​ទៀត​​​​​​ដែល​ទាក់​​​​​​ទិន​​​នឹង​​​ការ​រៀប​ផែន​​​ការ​នេះ​៕ ​​​សុខុម និង ស៊ុយឈាង​​​ (រាយការណ៍​​​បន្ថែម​​​ដោយ វណ្ណ រើន និង​​​ សេក ឧត្តម)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស