28 C
Phnom Penh

​ឈូក​ បណ្ឌិត ទទួល​ការ​ព្យាបាល​​នៅ​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ​ឈូក​ បណ្ឌិត ​​អតីត​អភិបាល​ក្រុង​បាវិត​​ក្នុង​ខេត្ត​ស្វាយរៀង ​ដែល​បាន​ជាប់​ពន្ធនាគារ​​កាលពី​​ដើម​ឆ្នាំ​នេះ​​ពីបទ​បាញ់​​ឲ្យ​កម្មករ​​រោងចក្រ​បី​នាក់​របួស​​ពេល​មាន​ការ​តវ៉ា​ក្នុង​ឆ្នាំ​២០១២ ​​ត្រូវ​គេ​បញ្ជូន​​មក​ពន្ធនាគារ​ព្រៃស​ក្នុង​ក្រុង​ភ្នំពេញ ហើយ​កំពុង​​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​​មិត្តភាព​ខ្មែរ​​-សូវៀត។

មន្ត្រី​ពន្ធនាគារ និង​មេធាវី​លោក បណ្ឌិត ​​​ដែល​បាន​ចាប់​ផ្ដើម​​​ជាប់​​ពន្ធនាគារ​​រយៈ​ពេល​១៨​ខែ​​ពីបទ​ហិង្សា​ដោយ​​អចេតនា​កាលពី​ខែ​សីហា ​បាន​បញ្ជាក់​ថា ​​អ្នក​ទោស​រូប​នេះ​​ត្រូវ​បាន​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​​នៅ​ដើម​ខែ​នេះ ​ប៉ុន្តែ​បាន​បដិសេធ​មិន​​និយាយ​​​ប្រាប់​មូល​ហេតុ​។

លោក សួស សាខូ នាយក​ពន្ធនាគារ​​ខេត្ត​ស្វាយរៀង​បាន​មាន​ប្រសាសន៍​ថា “​គាត់​ត្រូវ​គេ​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​​​​ទៅ​ពន្ធនាគារ​ព្រៃស​កាលពី​បី​សប្ដាហ៍​មុន​​ ពីព្រោះ​មេធាវី​គាត់​បាន​ផ្ញើ​លិខិត​ស្នើ​សុំ​​បញ្ជូន​គាត់​​”។

លោក សួស​ សាខូ ​បាន​និយាយ​បន្ថែម​ថា ​លោក​ បណ្ឌិត ​បាន​ទទួល​ការ​ព្យាបាល​​ជំងឺ​បេះ​ដូង​​ចាប់​តាំង​ពី​ជាប់​ពន្ធនាគារ​។ ​

លោក​ នុត សាវនា ​​អ្នក​នាំពាក្យ​​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​​​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ បណ្ឌិត ត្រូវ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ​​ប្រហែល​តំណាល​គ្នា​នឹង​ពេល​គាត់​​បាន​មក​ដល់​ក្រុង​ភ្នំពេញ។

លោក សាវនា បាន​មាន​​ប្រសាសន៍​ថា ​”​​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​​ខ្មែរ​​-សូវៀត​ប្រហែល​ពីរ​ឬ​បី​សប្ដាហ៍​មក​ហើយ ពីព្រោះ​សុខភាព​គាត់​មិន​ល្អ​ ​គាត់​មាន​ជំងឺ​ថ្លើម​”។

នៅ​ឯ​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃ​សុក្រ អ្នក​យក​ព័ត៌មាន​ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល​​ទៅ​ក្នុង​បន្ទប់​ឯកជន​​​​​ដែល​លោក​ បណ្ឌិត កំពុង​តែ​សម្រាក​ព្យាបាល​ទេ​​។

ឆ្មាំ​​ពន្ធនាគារ​​​ដែល​ឈរ​​យាម​នៅ​ខាង​ក្រៅ​បន្ទប់​​​នោះ​បាន​និយាយ​ដោយ​មិន​ឆ្លើយ​សំណួរ​ច្រើន​ថា ​”​គាត់​កំពុង​ទទួល​ការ​ព្យាបាល​នៅទីនេះ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​​ថា​គាត់​មាន​រោគ​អី​ទេ​ ឬ​​គាត់​​កំពុង​​​ព្យាបាល​​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​”។

លោក ឆឹង យ៉ាវយ៉េន ​អនុប្រធាន​មន្ទីរ​ពេទ្យ​​​បាន​មាន​ប្រសាសន៍​ថា លោក​ បណ្ឌិត ​​បាន​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​អស់​រយៈ​ពេល​​​ជាង​១០​ថ្ងៃ ​​ដោយ​ព្យាបាល​​ជំងឺ​មួយ​ចំនួន​។

លោក ឆឹង យ៉ាវយ៉េន បាន​មាន​ប្រសាសន៍​ថា “​គាត់​មាន​ជំងឺ​ច្រើន​ រួម​មាន លើស​ឈាម ​ទឹក​នោម​ផ្អែម ​និង​ជំងឺ​ផ្សេង​ទៀត​ ហើយ​គាត់​ទទួល​បាន​ការ​ព្យាបាល​រោគ​ថ្លើម​​កាលពី​មុន” អនុប្រធាន​មន្ទីរ​ពេទ្យ​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ត​ថា លោក បណ្ឌិត “​ហាក់​ដូច​ជា​ខ្សោយ និង​ទ្រុឌទ្រោម​”។

លោក តែ​ ចំណាន មេធាវី​ការ​ពារ​ក្ដី​លោក​ បណ្ឌិត ​​បាន​បដិសេធ​មិន​ពន្យល់​ថា ហេតុ​អ្វី​​​​លោក​​បាន​ស្នើ​សុំ​​ឲ្យ​​​បញ្ជូន​​កូន​ក្ដី​របស់​លោក​មក​កាន់​ក្រុង​ភ្នំពេញ​​ទេ​។

លោក​ តែ ចំណាន បាន​មាន​ប្រសាសន៍​ថា ​”​យើង​មាន​មូល​ហេតុ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រាប់​​មូល​ហេតុ​បាន​ទេ ព្រោះ​​វា​រំលោភ​​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្ញុំ​”។

អតីត​អភិបាល​ក្រុង​រូប​នេះ​​​​បាន​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​ដោយ​ជោគជ័យ​​​អស់​រយៈ​ពេល​ជាង​២ឆ្នាំ​​មុន​នឹង​​​គាត់​ប្រគល់​ខ្លួន​​​​​ឲ្យ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្នុង​​ក្រុង​ភ្នំពេញ​​កាលពី​ថ្ងៃទី៨ ខែ​សីហា។

បន្ទាប់ពី​បាញ់​កម្មករ​រោងចក្រ​​បី​នាក់​ឲ្យ​រងរបួស​ក្នុង​ពេល​មាន​ការ​តវ៉ា​នៅឯ​​​តំបន់​​សេដ្ឋកិច្ច​ពិសេស​នៅ​ក្រុង​បាវិត​​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ លោក បណ្ឌិត ​​​​​ត្រូវ​បាន​ចោទ​ជា​បឋម​​ពីបទ​​ហិង្សា​ដោយ​អចេតនា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បទ​ចោទ​នោះ​​ត្រូវ​ទម្លាក់​ចោល​​​កាលពី​ខែ​ធ្នូ​ឆ្នាំ​នោះ ​ហើយ​គាត់​​នៅ​តែ​ជា​មនុស្ស​​មាន​សេរីភាព​។ ​

ក្នុង​ពេល​មាន​ការ​តវ៉ា​រិះគន់​ជា​សាធារណៈ​​ ក្រសួង​​យុត្តិធម៌​បាន​បញ្ជា​ឲ្យ​​សាលា​ឧទ្ធរណ៍​​ស៊ើបអង្កេត​ឡើង​វិញ​​ទៅ​លើ​ការ​បាញ់​​កាលពី​ដើម​​ឆ្នាំ​២០១៣ ហើយ​បទ​ចោទ​នោះ​បាន​ដាក់​ចូល​មក​វិញ​។

នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ ​តុលាការ​ខេត្ត​​​​បាន​រក​ឃើញ​ថា លោក​ បណ្ឌិត មាន​ទោស​​​​​​ហើយ​ក៏​​ផ្ដន្ទាទោស​​​​​ឲ្យ​អតីត​អភិបាល​ក្រុង​រូប​នេះ​​ជាប់​ពន្ធនាគារ​១៨​ខែ។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​ប្រកាស​​​ឲ្យ​តាម​រក​​​អតីត​អភិបាល​ក្រុង​ដែល​រត់​គេច​ខ្លួន​​កាលពី​ថ្ងៃទី​៣ ខែ​សីហា ​​បន្ទាប់ពី​​មាន​ការ​​កើត​ឡើង​​​​​នៃ​​ការ​ចាប់​អារម្មណ៍​របស់សាធារណជន​​នៅ​ក្នុងករណី​នោះ លោក បណ្ឌិត ក៏​បាន​បង្ហាញ​ខ្លួន​​​ ហើយ​ចាប់​ផ្ដើមជាប់​ពន្ធនាគារ​​​​។

លោកស្រី សារី បុត្រចរិយា ​មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ស្ត្រី​កម្មករ​បី​នាក់​​​ដែល​បាញ់​ដោយ​លោក​ បណ្ឌិត​ ​គឺ​ នុត សុខន ​ប៊ុន ចិន្តា និង​ កែវ​ នា ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​ប្រាក់​សំណង​​បាន​បង់​​ឲ្យ​ពួកគេ​អស់​ហើយ។

មេធាវី​រូប​នេះ​បាន​និយាយ​ថា ​”​ឈូក​ បណ្ឌិត បាន​បង់​ប្រាក់​​៣៨​លាន​រៀល​ [​ប្រហែល​៩,៥០០​ដុល្លារ​] ​ជា​សំណង​រដ្ឋប្បវេណី​​ឲ្យ​កូន​ក្ដី​ខ្ញុំ​បី​នាក់​​កាលពី​ខែ​តុលា។ មេធាវី​រូប​នេះ​បាន​និយាយ​បន្ថែម​ថា ​ចំពោះ​រូប​លោកស្រី​ និង​កូនក្ដី​របស់​លោក​ស្រី​​មិន​ចាត់​ទុក​​ថា ជា​សំណង​គ្រប់គ្រាន់​ក៏ដោយ ក៏​​ពួកគេ​​​នឹង​មិន​ជំទាស់​ការ​សម្រេច​នោះ​ដែរ​។

លោកស្រី ណាលី ពីឡូក ​នាយក​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​ ដែល​​​ឃ្លាំ​មើល​​​ពន្ធនាគារ​​ទូទាំង​​​ប្រទេស​បាន​មាន​ប្រសាសន៍​ថា ​ការ​​ផ្ទេរ​លោក ឈូក បណ្ឌិត មិន​គួរ​កើត​មាន​​ទេ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “​​យើង​មិន​ដឹង​ថា ​ហេតុ​អី​​គាត់​ត្រូវ​គេ​បញ្ជូន​មក​មណ្ឌល​​អប់រំ​កែប្រែ​ម១​ [ព្រៃស​] ​នោះ​ទេ ព្រោះ​បទ​ឧក្រិដ្ឋ​បាន​ប្រព្រឹត្ត​ឡើង​​ ហើយ​ការ​កាត់​ឲ្យ​ជាប់​​ទោស​របស់​គាត់​​បាន​​កើត​ឡើង​នៅ​ខេត្ត​ស្វាយរៀង”។

របាយការណ៍​ស្ដីពី​​សិទ្ធិ​នៅ​លើ​ការ​ទិញ​ដូរ​​៖ ​ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​​​ដែល​បាន​ចេញ​​​ផ្សាយ​ដោយ​អង្គការ​លីកាដូ​​កាលពី​ខែ​មករា ​បាន​សរសេរ​ថា អង្គការ​នេះ​​ “​បាន​ទទួល​របាយការណ៍​ពី​អ្នក​​ទោស​មួយ​ចំនួន​​ដែល​បង់​ប្រាក់​​២.០០០​ដុល្លារ​ ដើម្បី​បាន​ការ​​បញ្ជូន​ទៅ​កាន់​បន្ទប់​​គុក​ ឬ​ពន្ធនាគារ​ផ្សេង”៕ រើន​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស