30 C
Phnom Penh

​ក្មេង​ជំទង់​ម្នាក់​​​​​​ជាប់​​ចោទ​​ពីបទ​​​​ប៉ុន​ប៉ង​រំលោភ​​ប្អូន​ស្រី​ជីដូន​មួយ​៣នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា ​​សាលាដំបូង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​អង្គារ​ បាន​ចោទប្រកាន់​​​ក្មេងប្រុស​អាយុ​១៧ឆ្នាំ​ម្នាក់​​ពីបទ​ប៉ុនប៉ង​រំលោភ​​ដោយ​បាន​បៀត​បៀន​កេរ្តិ៍​ភេទ​​បងប្អូន​ជីដូនមួយរបស់​ខ្លួន​​បន្ទាប់ពី​លប​ចូល​ទៅក្នុង​ផ្ទះរបស់ពួកគេ​​នៅ​ក្នុង​ក្រុង​សៀម​រាប​កាលពី​យប់​ថ្ងៃអាទិត្យ។

យោង​តាម​នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​​មក ជន​នេះ​បាន​សារភាពថា ពិត​ជា​បានបៀត​បៀន​កេរ្តិ៍​ភេទ​បងប្អូន​ជីដូនមួយទី៣​របស់​ខ្លួន​​មែន​។ លោក ចែម ចំណាន នាយ​ប៉ុស្តិ៍​សង្កាត់​​​​​បាន​មាន​ប្រសាសន៍ថា ក្មេងប្រុស​ជំទង់​រូប​នេះ​​​​​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ផ្ទះ​ជីតារបស់ខ្លួន​នៅក្នុង​សង្កាត់​សៀម​រាបកាលពី​ល្ងាច​ថ្ងៃច័ន្ទ បន្ទាប់ពី​ក្មេងស្រីម្នាក់​ក្នុង​ចំណោម​ក្មេងស្រី​ទាំង​បី ដែល​រស់នៅ​ជាមួយ​ម្តាយមីង​របស់​ជនសង្ស័យ​រូបនេះក្នុង​សង្កាត់​ជាមួយ​គ្នា បាន​ប្រាប់​នគរបាល​ពី​អ្វី​ដែលបាន​កើតឡើង។

លោក​ ចំណាន បាន​ថ្លែង​ថា ក្មេងស្រី​ទាំង​​នេះ​​ ដែលមាន​អាយុ​១០ឆ្នាំ ១២ឆ្នាំ និង​១៥​ឆ្នាំ នៅ​ផ្ទះ​តែឯងកាលពី​យប់​ថ្ងៃអាទិត្យ​ ចំណែក​ម្តាយ​មីង​​បាន​ចេញ​ទៅដក​ដំឡូង​មីនៅ​ចម្ការ​​ក្បែរ​ព្រំដែន​ថៃ ហើយ​បាន​ដេក​លង់​លក់ ស្រាប​​់តែពេលនោះជន​សង្ស័យ​រូបនេះ​​បាន​ចូល​ទៅ​ក្នុង​ផ្ទះ។​លោក​បាន​ថ្លែង​ថា ក្មេងប្រុស​​​​រូបនេះ​​បាន​បៀតបៀន​កេរ្តិ៍ភេទ​​ក្មេងស្រី​អាយុ​​១២ឆ្នាំ មុនពេល​ប៉ុន​ប៉ង​រំលោភ​ក្មេងស្រី​អាយុ​១០ឆ្នាំ។

លោក ចំណាន​ បាន​និយាយ​ថា “​ជន​សង្ស័យ​​រូបនេះ​បាន​ប៉ះពាល់​ខ្លួន​ប្រាណ​ក្មេងស្រី​អាយុ​​១២ឆ្នាំ”។ អំឡុង​ការ​​បៀតបៀន​កេរ្តិ៍ភេទ​ក្មេងស្រី​រងគ្រោះ​ទាំងនេះ ជន​សង្ស័យ​បាន​សន្យា​ឱ្យ​លុយ​មួយ​ចំនួនដល់​ពួកគេ​ដើម្បី​កុំឱ្យ​និយាយ។

លោក​បាន​ថ្លែង​ថា នៅពេល​ក្មេងប្រុស​រូប​​នេះ​មិន​បាន​ធ្វើតាម​ការ​សន្យា​នោះ កាលពី​ថ្ងៃច័ន្ទ ក្មេងស្រី​អាយុ​១២ឆ្នាំ​​បាន​ប្រាប់​អ្នក​ជិត​ខាង​ពី​អ្វី​ដែលបាន​កើតឡើង​ ហើយ​នគរ​បាល​សង្កាត់​បាន​ចាប់ខ្លួន​ជន​សង្ស័យ​រូបនេះ​នៅ​យប់​នោះតែម្តង។

នាយ​ប៉ុស្តិ៍​សង្កាត់​រូបនេះ​បាន​និយាយថា នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ ក្មេងប្រុសជំទង់​រូប​នេះ​​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​បៀតបៀន​កេរ្តិ៍ភេទ​បង​ប្អូនជីដូន​មួយរបស់ខ្លួន​ទាំង​បី​នាក់​មែន គឺ​ក្មេងស្រី​ពីរនាក់​កាលពី​យប់​ថ្ងៃ​អាទិត្យ​ និង​ក្មេងស្រី​អាយុ​១៥ឆ្នាំ​នៅពេល​មួយ​កាលពី​មុន។

លោក​បាន​ថ្លែង​ថា ”​នៅពេល​យើង​នាំ​ទៅ​​​សាកសួរ​នៅ​ប៉ុស្តិ៍ យើង​ដឹង​តែក្មេងស្រី​​ពីរនាក់​ប៉ុណ្ណោះ”។

លោក ថោង សុគន្ធ ស្នងការរង​នគរបាល​ខេត្ត​​មាន​​ប្រសាសន៍ថា ក្មេងស្រី​រង​គ្រោះ​ទាំង​បី​បាន​បញ្ជាក់​ពី​ការ​សារភាព​របស់​ក្មេង​ប្រុស​​​​​​ជំទង់រូបនេះ ដោយ​ក្មេងស្រី​ច្បង​និយាយ​​​​ថា នាង​​ត្រូវ​បាន​បៀតបៀន​កេរ្តិ៍ភេទ​​ជាច្រើន​លើក​នាពេល​កន្លង​មក។

ដោយ​លោក​លើក​ឡើង​​​​​បន្ត​ថា ករណី​នេះ​​​​មិន​ធ្ងន់ធ្ងរ​ទេលោក​បាន​និយាយ​ថា ”ក្មេងស្រី​ច្បង​​​​មិន​បាន​​​​​ប្រាប់នរណាម្នាក់​ទេ ព្រោះ​នាង​បាន​ទទួល​​​​លុយ​​​​ពី​ជន​សង្ស័យ​រូបនេះ” ។

លោក​​ថ្លែង​ថា ”​មិនមាន​ការ​ខូចខាត​​ចំពោះ​​​​ភាព​បរិសុទ្ធរបស់​ពួកគេ​ទាល់​តែសោះ”។

លោក សុគន្ធ ​មាន​ប្រសាសន៍ថា ក្មេងប្រុស​​​ជំទង់រូបនេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុន​ប៉ង​រំលោភ​កាលពី​យប់​ថ្ងៃ​អង្គារ ហើយ​ឥឡូវ​នេះ​​កំពុង​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដើម្បី​​រង់​ចាំ​ការ​ជំនុំជម្រះ៕សារុន​ ​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស