37 C
Phnom Penh

​​​ក្មេង​ប្រុស​បី​នាក់​​​ត្រូវ​ឃាតករ​កាប់​ស្លាប់​​លើ​ម៉ូតូ​​​យ៉ាង​សាហាវ​ព្រៃផ្សៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​ក្មេង​​ប្រុស​​​ជំទង់​​ពីរ​នាក់​​​ និង​ក្មេង​ប្រុស​​វ័យ​​៨ឆ្នាំ​ម្នាក់​​​​​ទៀត​ត្រូវ​​ឃាតករ​ប្រើ​កំាបិត​ផ្គាក់​​​​កាប់​ស្លាប់​​យ៉ាង​សាហាវ​ព្រៃផ្សៃ​ ខណៈ​ពេល​​ពួកគេ​កំពុង​ជិះម៉ូតូ​​​​ក្នុង​តំបន់​ជន​បទ​ដាច់​ស្រយាល​នៃ​​​ខេត្ត​សៀមរាប ​កាលពី​ថ្ងៃ​សៅរ៍ ​​​ហើយ​​​នគរ​​បាល​​​​​បាន​​និយាយ​កាលពី​ម្សិល​មិញ​ថា វា​​ជា​ករណី​សង​សឹក​​គំនុំ និង​ប្លន់​។

យោង​តាម​​លោក ថុង សុគន្ធ ​​ស្នងការ​រង​ខេត្ត​​​​​សៀមរាប​បាន​ឲ្យ​ដឹង​ថា ជន​​​រងគ្រោះ​​ទាំង​បី​នាក់​​ដែល​មាន​​ឈ្មោះ​ដូច​​​​​​ជា ម៉ិច កញ្ញា អាយុ​១៦​ឆ្នាំ ​មាឌ ឆាយ៉ា អាយុ​១៣​ឆ្នាំ និង​​ អង្គ សូយ អាយុ​៨​ឆ្នាំ ​បាន​រង​ការ​វាយ​ប្រហារ​អំឡុង​​​​ពេល​ថ្ងៃ​ត្រង់​​ ខណៈ​ពេល​ពួកគេ​កំពុង​​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​ស៊េរី​ឆ្នាំ​២០១១​មួយ​គ្រឿង​ឆ្ពោះ​ទៅ​ចម្ការ​ដំឡូង​មី​​​​ដែល​ពួកគេ​ធ្វើ​ការ​នៅ​ក្នុង​ឃុំ​​គោក​ដូង ​ស្រុក​អង្គរជុំ។

លោក​មាន​ប្រសាសន៍​ថា ”​ករណី​នេះ​ជា​ឃាតកម្ម​​​​រៀបចំ​ទុក​ជាមុន​​ដើម្បី​សង​សឹក​គំនុំ​ដោយ​​​ជន​សង្ស័យ​ប្រើ​កាំបិត​ផ្គាក់​កាប់​ចិញ្ច្រាំ​ពួកគេ​ម្នាក់​ម្ដង​ៗ​​​រហូត​ដល់​ស្លាប់​​នៅ​លើ​ផ្លូវ​លំ​ឆ្ពោះ​ទៅ​ចម្ការ​​របស់​ពួកគេ​នៅ​ក្នុង​ព្រៃ​”។

ឧត្ដម​សេនីយ៍​ត្រី ​ថុង សុគន្ធ ​​បាន​​លើក​ឡើង​​ទៀត​ថា ជន​ល្មើស​​​​​បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​​​ព្រៃ​ជិត​ផ្លូវ​លំ ហើយ​ប្រើ​​កំាបិត​ផ្គាក់​ដង​វែង​ស្ទាក់​​​កាប់​​​ក្បាល​​ និង​ខ្នង​របស់​ពួក​គេ។ ក្មេង​ជំទង់​ពីរ​នាក់​​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ រីឯ​​ក្មេង​តូច​ជាង​គេ​​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​​​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​​នៅ​តាម​ផ្លូវ​នោះ ​​​បន្ទាប់ពី​ព្យាយាម​គេច​ខ្លួន​ពី​ជន​ដៃដល់​។ ​ម៉ូតូ​បាន​បាត់​ពី​កន្លែង​កើត​ហេតុ​ នៅ​​ពេល​នគរ​បាល​ទៅ​ដល់។

លោក​​​បាន​គូស​​​បញ្ជាក់​ថា ”​ដំបូង​ឡើយ​ យើង​សង្ស័យ​ថា​នេះ​ជា​ករណី​ប្លន់​ម៉ូតូ​ ប៉ុន្តែ​បន្ទាប់​ពី​​នគរ​បាល​យើង​​​​​​​​ចំណាយ​ពេល​​៥ម៉ោង​​​​​​ស៊ើបអង្កេត​ យើង​បាន​រក​ឃើញ​ថា ករណី​នេះ​​គឺ​ជា​រឿង​គំនុំ​សង​សឹក​​​ និង​ជា​ឃាតកម្ម​គិត​ទុក​ជាមុន​​ប្រព្រឹត្ត​ដោយ​ជន​សង្ស័យ​ឈ្មោះ ឆុន ឆេន អាយុ​១៧​ឆ្នាំ”។

​​ជន​សង្ស័យ ឆុន ឆេន ដែល​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​ជន​រងគ្រោះ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​​​​របស់​ខ្លួន​​​ក្នុង​ឃុំ​គោកដូង វេលា​​ម៉ោង​៦​​ល្ងាច​ថ្ងៃ​សៅរ៍ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​មួយ​យប់​នៅ​​អធិការដ្ឋាន​​​នគរ​បាល​ស្រុក។

អំឡុង​ពេល​សាក​សួរ ឆុន ឆេន ​​បាន​សារ​ភាព​​​ថា ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​​​បទល្មើស​នេះ​មែន ដោយ​និយាយ​ថា តាម​ពិត​​ខ្លួន​តម្រង់​គោល​ដៅ​​​ទៅ​រក​​​​តែ​ជន​រងគ្រោះ​ ម៉ិច កញ្ញា ​​ប៉ុណ្ណោះ​ដោយសារ​​​ការ​ប្រច័ណ្ឌ​​ និង​​ជម្លោះ​ផ្ទាល់​​ខ្លួន​​កាលពី​ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​​នៅ​ក្នុង​ប្រទេស​​​​ថៃ​​។ ជន​ល្មើស​​​បាន​សារភាព​ថា ខ្លួន​​សម្លាប់​​ក្មេង​​ដែល​​​​ជិះ​ពីក្រោយ​​ទាំង​​​ពីរ​នាក់​ដើម្បី​បំបាត់​សាក្សី​។

​លោក ថុង សុគន្ធ ​បាន​រៀប​រាប់​​ថា “​យើង​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ ឆុន ឆេន ​អាយុ​១៧​ឆ្នាំ​​​នៅ​ផ្ទះ​របស់​វា​ក្នុង​ឃុំគោក​ដូង វេលា​​​​ម៉ោង​​៦​ល្ងាច​​ម្សិលមិញ ហើយ​ថ្ងៃ​នេះ​​វា​បាន​សារភាព​​​ថា ករណី​នេះ​​គឺ​ជា​ការ​សង​សឹក​​គំនុំ ហើយ​វា​បាន​ទៅ​បង្ហាញ​​ម៉ូតូ​របស់​ជន​រងគ្រោះ​​ និង​កាំបិត​​​​ផ្គាក់​​ដែល​វា​លាក់​​ទុក​ក្នុង​ព្រៃ​​​​ចម្ងាយ​ប្រហែល​​​១០០​ម៉ែត្រ​ពី​ផ្លូវ​លំ​។ វា​ជា​ករណី​សង​សឹក​គំនុំ​​ ​៖​ទី១​សង​សឹក​ដោយ​សារ​ពួកគេ​​​​ស្រឡាញ់​ស្រី​​​តែ​ម្នាក់​នៅ​ក្នុង​ភូមិ​។ ក្មេង​ប្រុស​​​ពីរ​នាក់​ដែល​​​​មាន​​អាយុ​៨​ឆ្នាំ និង​១៣​ឆ្នាំ​ ត្រូវ​បាន​កាប់​រហូត​​​​ដល់​ស្លាប់​​​ដើម្បី​បំបិទ​មាត់”។

​ជន​សង្ស័យ​ ឆុន ឆេន ត្រូវ​បាន​ផ្ទេរ​ទៅ​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​សៀមរាប ​កាល​ពី​​ព្រឹក​ម្សិលមិញ ហើយ​នឹង​ត្រូវ​បញ្ជូន​​ខ្លួន​ទៅ​សាលា​ដំបូង​ខេត្ត​សៀមរាប​ នៅ​ថ្ងៃនេះ​៕ សុខុម​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស