28.4 C
Phnom Penh

​សម្រាប់​​​របៀប​​​វារៈ​​​កំណែ​​​ទម្រង់ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​យក​​​គន្លឹះ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ក្រោយ​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣​​​រួច​​​មក លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​បញ្ជា​​​ឲ្យ​​​​​​សហសេវិក​​​របស់​​​លោក​​​​​​ក្នុង​​​​​​ជួរ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ឈរ​​​​​​មុខ​​​កញ្ចក់​​​ ដុស​​​ក្អែល​​​ខ្លួន​​​ឯង​​​ដែល​​​ស្ទើរ​​​តែ​​​​​​បណ្តោយ​​​ឲ្យ​​​​​​គណបក្ស​​​ប្រឆាំង​​​រួបរួម​​​គ្នា​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក សម រង្ស៊ី និង​​​លោក កឹម​​​ សុខា​​​ ឡើង​​​កាន់​​​អំណាច។​​​

សារ​​​ដែល​​​ថ្លែង​​​​​​រយៈ​​​ពេល​​​៦​​​ម៉ោង​​​​​​តាម​​​កញ្ចក់​​​ទូរទស្សន៍​​​ គឺ​​​ថា​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​បាន​​​ទទួល​​​នូវ​​​​​​មេរៀនជូរ​​​ចត់​​​មួយ​​​ ប៉ុន្តែ​​​​​​បាន​​​រើប​​​​​​ឡើង​​​វិញ​​​ពី​​​​​​ស្ថាន​​​ការណ៍​​​ដ៏​​​អាក្រក់​​​បំផុត​​​​​​កាល​​​ពី​​​អតីត​​​កាល ហើយ​​​អាច​​​ឈ្នះ​​​ម្តង​​​ទៀត​​​ ប្រសិន​​​បើ​​​ខ្លួន​​​​​​បាន​​​​​​កែ​​​ខ្លួន​​​​​​។

លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បាន​​​ពន្យល់​​​​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លទ្ធផល​​​គួរ​​​ឲ្យ​​​តក់​​​ស្លុត ដែល​​​ធ្វើ​​​ឲ្យ​​​លោក សម រង្ស៊ី ​​​​​​ខ្វះ​​​​​​តែ​​​៧​​​កៅ​​​អី​​​​​​ទៀត​​​ប៉ុណ្ណោះ​​​អាច​​​បណ្តេញ​​​លោក ហ៊ុន សែន​​​ចេញ​​​ពី​​​តំណែង​​​បាន​​​ថា “​​​យើង​​​​​​រំពឹង​​​ថា អ្នកបោះឆ្នោត​​​ទាំង​​​នោះ​​​នឹងវិល​​​ត្រឡប់មកវិញ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៨​​​”។​

លោក ផៃ ស៊ីផាន​​​ បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​ផ្តោត​​​ទៅ​​​លើ​​​សញ្ញា​​​វិជ្ជមាន​​​នៃ​​​ព្រឹត្តិការណ៍​​​នោះថា “យើង​​​រៀនពី​​​ប្រជាពល​​​រដ្ឋ​​​។ យើងរៀន​​​ពី​​​យុទ្ធនាការ​​​នេះ​​​ ដើម្បី​​​ជំរុញ​​​ឲ្យមាន​​​យុត្តិធម៌សង្គម​​​យ៉ាង​​​ឆាប់រហ័ស​​​ ដើម្បី​​​ផ្តល់​​​យុត្តិធម៌​​​ល្អ​​​ប្រសើរ​​​ដល់​​​ប្រជាពលរដ្ឋ​​​”។

រយៈពេល​​​ពីរ​​​ឆ្នាំ​​​កន្លះមក​​​ និង​​​ពាក់កណ្តាល​​​ផ្លូវ​​​ឆ្ពោះទៅ​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នៅឆ្នាំ​​​២០១៨​​​ កម្មវិធី​​​បោះឆ្នោត​​​ធ្វើ​​​ដោយ​​​គណបក្ស​​​កាន់អំណាច​​​ តាមពិត​​​ទៅ​​​ ក្លាយ​​​ជា​​​កំណែ​​​ទម្រង់​​​ធំៗមួយ​​​ចំនួន​​​។ ភាគច្រើន​​​នៃ​​​កម្មវិធី​​​មាន​​​​​នៅ​​​ក្នុង​​​គំនិត​​​​​​ដែល​​​ធ្លាប់​​​ស្គាល់​​​មួយចំនួន​​​ពីឆ្នាំ​​​២០១៣​​​ ពោលគឺ​​​គំនិត​​​ដែល​​​ផ្តួច​​​ផ្តើម​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។

ចាប់តាំង​​​ពីការ​​​បោះ​​​ឆ្នោត​​​ចុងក្រោយមក រដ្ឋាភិបាល​​​លោក​​​ ហ៊ុន សែន បាន​​​ចាប់ផ្តើម​​​អនុវត្ត​​​យ៉ាង​​​ហោចណាស់​​​ចំនួនពាក់កណ្តាល​​​នៃ​​​កម្មវិធី​​​យុទ្ធនាការ​​​គោល​​​នយោបាយ​​​ប្រាំពីរ​​​ចំណុច​​​ដ៏​​​ប្រជានិយម ​​​និង​​​ប្រជាប្រិយ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​។

លោក ធន់ សារ៉ាយ​​​ ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក បាន​​​មាន​​​ប្រសាសន៍ថា “គេ​​​បាន​​​អនុវត្ត​​​តាម​​​កម្មវិធី​​​នយោបាយ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​កាលពី​​​យុទ្ធនាការ​​​បោះឆ្នោត​​​មុន​​​គឺឧទា​​​ហរណ៍​​​ ដំឡើង​​​ប្រាក់ខែ​​​មន្ត្រី​​​រាជការ និងប្រាក់ខែ​​​កម្មករ​​​រោងចក្រ។ វាជាកម្មវិធី​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​។

លោក ធន់ សារ៉ាយ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “កំណែទម្រង់​​​ចម្បង​​​និង​​​សំខាន់​​​សម្រាប់​​​ប្រទេស​​​​​​ជាតិ​​​ដែល​​​មាន​​​ដូចជា​​​ ប្រព័ន្ធ​​​តុលាការ​​​ឯករាជ្យ​​​ និង​​​សេវាសាធារណៈ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នៅមិនទាន់​​​បាន​​​ធ្វើ​​​នៅឡើយទេ”។

ក្នុងពេលដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កាលពី​​​ឆ្នាំ​​​២០១៣​​​បាន​​​សន្យា​​​ដំឡើង​​​ប្រាក់ខែ​​​មូលដ្ឋាន​​​​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ពី​​​៨០​​​ដុល្លារ​​​ទៅ​​​ដល់​​​១៥០​​​ដុល្លារ​​​ តាំងពី​​​ពេល​​​នោះមក រដ្ឋាភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជាក៏​​​បាន​​​ដំឡើង​​​ដល់​​​១៤០ដុល្លារ​​​​​​ដែរ។

ការសន្យានាឆ្នាំ​​​២០១៣​​​ដាច់ដោយឡែក​​​ផ្សេងទៀត​​​ពីគណបក្ស​​​សង្គ្រោះជាតិ​​​ដើម្បី​​​ដំឡើង​​​ប្រាក់ខែ​​​មូលដ្ឋាន​​​សម្រាប់​​​មន្ត្រី​​​រាជការពី​​​១២០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ដល់​​​២៥០​​​ដុល្លារ​​​ គឺ​​​ស៊ីគ្នានឹង​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ផង​​​ដែរ ដោយ​​​លោក ហ៊ុន សែន កាលពី​​​ខែ​​​វិច្ឆិកា​​​ បាន​​​សន្យា​​​ថា ប្រាក់ខែ​​​នឹង​​​ឡើង​​​ដល់​​​២៥០ដុល្លារ​​​នៅដើម​​​ឆ្នាំ​​​២០១៨​​​ ពោលគឺ​​​ដល់​​​ពេល​​​បោះឆ្នោត​​​តែម្តង។

ផ្ទុយទៅវិញ រយៈពេល​​​ប្រាំបួន​​​ខែ​​​មុន​​​នឹង​​​បោះឆ្នោត​​​ លោកនាយករដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នឹង​​​មិន​​​អាច​​​ដំឡើង​​​ប្រាក់ខែ​​​ឲ្យ​​​មន្ត្រី​​​រាជការ​​​បាន​​​ទេ​​​ បើមិន​​​មាន​​​ការ​​​ដំឡើង​​​ពន្ធ​​​​​​ខ្ពស់​​​​​​សម្រាប់​​​កសិករ។

ការគាំពារ​​​សុខភាព​​​ដោយ​​​ឥតគិត​​​ថ្លៃ​​​សម្រាប់​​​ប្រជាជន​​​ក្រីក្រ​​​ ជាចំណុច​​​ទី៥​​​នៃ​​​ចំណុច​​​ទាំង​​​ប្រាំពីរ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​កាល​​​​​​ពីឆ្នាំ​​​២០១៣​​​ ក៏​​​ត្រូវ​​​យក​​​មក​​​អនុវត្ត​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​តាម​​​រយៈ​​​គម្រោង​​​ថ្មី​​​នៃការ​​​ធានា​​​សុខភាព​​​ទូលំទូលាយ​​​សម្រាប់​​​កម្មករ​​​ដែល​​​បម្រើ​​​ការងារ​​​ក្នុងប្រព័ន្ធ​​​ ដែលលោក​​​នាយករដ្ឋមន្ត្រី​​​បាន​​​ចុះ​​​ហត្ថលេខា​​​ឲ្យ​​​ទៅជា​​​​​​ច្បាប់​​​កាល​​​ពី​​​សប្តាហ៍មុន​​​។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ថែមទាំង​​​អនុវត្ត​​​ការ​​​សន្យា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាសាធារណៈ​​​ដើម្បី​​​កាត់​​​បន្ថយ​​​តម្លៃ​​​ប្រេង​​​ឥន្ធនៈ​​​និង​​​អគ្គិសនី​​​ និង​​​កាត់បន្ថយ​​​ការ​​​អត់ការងារ​​​ធ្វើ​​​។ មានតែ​​​កម្មវិធី​​​យុទ្ធនា​​​ការ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​ប៉ុណ្ណោះពោលគឺ​​​ សោធននិវត្ត​​​សម្រាប់​​​មនុស្ស​​​ចាស់​​​ និង​​​តម្លៃ​​​ស្រូវ គឺ​​​នៅមិនទាន់​​​បាន​​​អនុវត្ត​​​នៅឡើយ​​​ទេ។

កញ្ញា​​​ កឹម មនោវិទ្យា អនុ​​​ប្រធាន​​​កិច្ចការ​​​សាធារណៈរបស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ និង​​​ជា​​​កូនស្រី​​​របស់​​​លោក កឹម សុខា អនុប្រធាន​​​បក្ស​​​ បាន​​​មាន​​​ប្រសាសន៍ថា “ជោគជ័យ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រហូត​​​មកដល់​​​ពេល​​​នេះ​​​ គណបក្ស​​​ប្រឆាំង​​​កំពុង​​​ជំរុញ​​​ឲ្យ​​​ប្រទេសជាតិ​​​ផ្តោត​​​ទៅលើ​​​និង​​​ព្យាយាម​​​ដោះស្រាយ​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែលយើង​​​បាន​​​លើកឡើង​​​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​របស់​​​យើង​​​”។

កញ្ញា មនោវិទ្យា បាន​​​មាន​​​ប្រសាសន៍ថា ថ្នាក់​​​ដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពេញចិត្ត​​​នឹង​​​តម្លៃ​​​នៃ​​​គោល​​​នយោបាយ​​​ថ្មី​​​សម្រាប់​​​សាធារណជន​​​ ដោយ​​​មិន​​​ព្រួយ​​​បារម្ភថា គេអាច​​​ជួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ពង្រឹង​​​ប្រជាប្រិយភាព​​​ផ្ទាល់ខ្លួន​​​ទេ ព្រោះថា កំណែ​​​ទម្រង់ទូលំទូលាយ​​​មិនទាន់​​​​​​អនុវត្ត​​​នៅឡើយ​​​ទេ​​​”។

អនុប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​គណបក្សសង្គ្រោះ​​​ជាតិ​​​រូបនេះ បាន​​​មាន​​​ប្រសាសន៍ថា “កំណែ​​​ទម្រង់​​​​​​សំខាន់​​​បំផុត​​​និង​​​ចាំបាច់​​​ គឺជា​​​កំណែទម្រង់​​​ផ្នែកស្ថាប័ន​​​ ហើយ​​​មិន​​​ទាន់​​​កើត​​​មាន​​​នៅ​​​ក្នុង​​​រដ្ឋាភិបាល​​​នេះ​​​នៅឡើយ​​​ទេ ពីព្រោះ​​​កំណែទម្រង់​​​ស្ថាប័ន​​​បែប​​​ហ្នឹង​​​​​​នឹង​​​រុះរើ​​​ក្រុម​​​ផល​​​ប្រយោជន៍​​​ដែល​​​ជា​​​ផៅសន្តាន​​​សំខាន់​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​”។

ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា សាធារណជន​​​បាន​​​ទទួលយក​​​កិច្ច​​​ខំប្រឹងប្រែង​​​ថ្មីៗនេះ​​​របស់​​​លោក ហ៊ុន សែន ក្នុងការ​​​ធ្វើ​​​ខ្លួន​​​លោក​​​ជា​​​មេដឹកនាំ​​​ដែល​​​នៅកៀកនឹង​​​ថ្នាក់​​​មូលដ្ឋាន​​​ ចាប់តាំង​​​ពី​​​មាន​​​មេរៀន​​​ពី​​​ការ​​​បោះឆ្នោត​​​នាឆ្នាំ​​​២០១៣​​​។​​​

លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បន្ត​​​​​​អនុវត្ត​​​កំណែ​​​ទម្រង់​​​​​​​​​ឆ្លើយ​​​តប​​​នឹង​​​​​​សេចក្តី​​​ត្រូវ​​​ការ​​​​​​ប្រ​​​ជា​​​​​​ជន​​​​​​ ព្រោះ​​​​​​យើង​​​​​​​​​មិន​​​ផ្តល់​​​​​​ការ​​​សន្យាខ្យល់​​​ទេ ប៉ុន្តែ​​​​​​យើង​​​​​​ធ្វើ​​​​​​ឆ្លើយ​​​តប​​​នឹង​​​​​​សេចក្តី​​​ត្រូវ​​​ការ​​​​​​​​​ប្រ​​​ជា​​​ជន​​​​​​​​​។ យើង​​​ជឿ​​​ថា​​​​​​សាធារណជន​​​​​​​​​បាន​​​ឃើញ​​​រួច​​​ហើយ​​​​​​ថា​​​​​​​​​រដ្ឋា​​​ភិបាល​​​​​​បាន​​​ធ្វើ​​​​​​ ​​​​​​ដើម្បី​​​​​​ដោះ​​​ស្រាយ​​​​​​ទុក្ខ​​​​​​​​​លំបាក​​​ប្រ​​​ជា​​​ពល​​​រដ្ឋ”។

លោក សុខ ឥសាន បាន​​​​​​លើក​​​ឡើង​​​​​​អំពី​​​​​​កំណែ​​​ទម្រង់​​​​​​អប់​​​រំ ការ​​​កាត់​​​បន្ថយ​​​តម្លៃ​​​អគ្គិសនី​​​ដែល​​​ប្រកាស​​​ថ្មីៗ​​​នេះ ការ​​​ដំឡើង​​​បន្ត​​​ទៀត​​​​​​ចំពោះ​​​ប្រាក់​​​ខែ​​​មូល​​​ដ្ឋាន​​​​​​សម្រាប់​​​​​​មន្ត្រី​​​​​​រាជការ​​​ និង​​​ការ​​​លុប​​​ចោល​​​​​​នា​​​ពេល​​​ថ្មីៗ​​​នេះ​​​ចំពោះ​​​​​​ពន្ធ​​​មួយ​​​ចំនួន​​​ដែល​​​ប៉ះ​​​ពាល់​​​ដល់​​​​​​ប្រជា​​​ជន​​​ក្រី​​​ក្រ​​​​​​ ក៏​​​ស្ថិត​​​ក្នុង​​​គោល​​​នយោ​​​បាយ​​​ថ្មី​​​ល្អ​​​បំផុត​​​របស់​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ដែរ។​​​

លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ផ្អែក​​​លើ​​​​​​ព័ត៌មាន​​​ទទួល​​​បាន​​​ពី​​​​​​មន្ត្រី​​​​​​មូល​​​ដ្ឋាន​​​​​​គណបក្ស​​​​​​ប្រជា​​​ជន​​​ ទើប​​​សម្តេច ហ៊ុន សែន​​​ ក្នុង​​​នាម​​​ជា​​​ប្រធាន​​​​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា និង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រីផង បាន​​​ដោះ​​​ស្រាយ​​​​​​​​​ទាន់​​​សភាព​​​ការណ៍​​​​​​ និង​​​ទាន់​​​ពេល​​​វេលា​​​តាម​​​រយៈ​​​ការ​​​ពិភាក្សា​​​​​​ហ្មត់​​​ចត់​​​​​​ជា​​​មួយ​​​​​​មន្ត្រី​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​​​​ផ្សេង​​​ទៀត”។​​​

អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​​​​ពន្យល់​​​ថា “យើង​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​អស់​​​ទាំង​​​នេះ ទៅ​​​តាម​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​​​បក្ស​​​ ដើម្បី​​​កាត់​​​បន្ថយ​​​​​​ភាព​​​ក្រី​​​ក្រ​​​​​​​​​របស់​​​ប្រ​​​ជា​​​ជន​​​ រួម​​​មាន​​​សម្រាប់​​​​​​មន្ត្រី​​​រាជ​​​ការ កង​​​ប្រដាប់​​​អាវុធ​​​ និងកូន​​​ចៅ​​​ប្រជា​​​ជន​​​កម្ពុជា​​​។ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​​​​មាន​​​យុទ្ធសាស្ត្រ​​​បែប​​​ហ្នឹង​​​​​​តាំង​​​ពី​​​ដើម​​​មក ហើយ​​​​​​មិន​​​​​​ធ្វើ​​​​​​​​​តាម​​​​​​គណបក្ស​​​មួយ​​​ចំនួន​​​ដែល​​​ទើប​​​​​​កើត​​​ពី​​​ម្សិល​​​មិញ​​​ទេ​​​​​​ ប៉ុន្តែ​​​មក​​​អួត​​​ខ្លួន​​​ឯង​​​​​​​​​ថា ​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​​​​​​​ធ្វើ​​​តាម​​​គោល​​​នយោ​​​បាយ​​​របស់​​​ខ្លួន”។​​​​​​​​​

បន្ថែម​​​ទៅ​​​លើ​​​កំណែ​​​ទម្រង់​​​ទាំង​​​នេះ គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ប្រកាន់​​​យក​​​របៀប​​​ឆ្លើយ​​​តប​​​ជាង​​​មុន ដោយ​​​លោក​​​ ហ៊ុន សែន​​​ និង​​​មន្ត្រី​​​ជា​​​ច្រើន​​​ទៀត​​​​​​​​​​​​បង្កើត​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​ខ្លួន​​​​​​ ដែល​​​ពួក​​​គេ​​​អាច​​​​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​​​​ផ្ទាល់​​​​​​ជា​​​មួយ​​​​​​ប្រជា​​​ពល​​​រដ្ឋ។​​​

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី បាន​​​មាន​​​ប្រសាសន៍​​​ថា យុទ្ធសាស្ត្រ​​​នេះ​​​​​​កំពុង​​​ទទួល​​​បាន​​​នូវ​​​ភាគ​​​លាភ។​​​​​​

លោក ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​ទាក់​​​ទង​​​ផ្ទាល់​​​​​​ជាមួយ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ។ ពី​​​មុន​​​ លោក​​​ត្រូវ​​​អង្គុយ​​​អាន​​​របាយការណ៍​​​ ប៉ុន្តែ​​​ឥឡូវ​​​នេះ​​​ លោក​​​អាច​​​ដឹង​​​ពី​​​ប្រ​​​ជា​​​ពល​​​រដ្ឋ ហើយ​​​ឆ្លើយ​​​តប​​​ភ្លាមៗ​​​​​​​​​ចំពោះ​​​ការ​​​ត្អូញ​​​ត្អែរ និង​​​ទុក្ខ​​​​​​លំបាក​​​របស់​​​ពួក​​​គេ ហើយ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់”។

អ្នកនាំពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​រូបនេះ​​​បាន​​​មាន​​​ប្រសាសន៍ថា “ចំពោះ​​​ខ្ញុំ ខ្ញុំឃើញ​​​ហ្វេសប៊ុក​​​លោកនាយក​​​រដ្ឋមន្ត្រី​​​និង​​​ប្រជាពលរដ្ឋ​​​ គេចុច​​​ឡៃ​​​ច្រើនណាស់​​។ មនុស្ស​​​ជា​​​ង១លាននាក់​​​ចុច​​​ឡៃ​​​លើ​​​​​​ទំព័រ​​​របស់​​​លោក​​​ ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា គេពេញ​​​ចិត្ត​​​កិច្ច​​​ខិតខំ​​​ប្រឹងប្រែង​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​”។

លោក ធន់ សារ៉ាយ ប្រធាន​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍ថា លោកមិន​​​ដឹង​​​ច្បាស់​​​ថាតើ​​​យុទ្ធសាស្ត្រ​​​នៃកំណែទម្រង់​​​បន្តិចម្តងៗ​​​​​​ និងការទាក់ទង​​​តាម​​​​​​បណ្តាញ​​​ទំនាក់ទំនង​​​សង្គម​​​មាន​​​ប្រសិទ្ធភាព​​​ឬយ៉ាងណាទេ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍ថា ការ​​​បោះឆ្នោត​​​ឃុំសង្កាត់​​​នាឆ្នាំ​​​២០១៧​​​​​​ ទំនង​​​ជាលាត​​​ត្រដាង​​​នូវ​​​ចម្លើយ​​​ទៅនឹង​​​សំណួរនោះ​​​។

លោក ធន់ សារ៉ាយ​​​ បាន​​​មាន​​​ប្រសាសន៍ថា “តាមធម្មតា​​​ នៅក្នុង​​​សង្គម​​​ប្រជាធិបតេយ្យ​​​ គេស្ទង់​​​មតិ​​​ប្រជាពលរដ្ឋ​​​ ប៉ុន្តែ ឥឡូវនេះ​​​គេមិន​​​អាច​​​ដឹង​​​ថា តើមាន​​​ប្រសិទ្ធភាពដូចម្តេ៉ច​​​ចំពោះ​​​គោល​​​នយោបាយ​​​ និង​​​យុទ្ធវិធី​​​របស់​​​ ហ៊ុន សែន ដើម្បី​​​ទទួលបាន​​​​​​ប្រជាប្រិយភាព​​​នោះទេ”។

ប្រធាន​​​អង្គការសិទ្ធិ​​​មនុស្ស​​​រូបនេះ​​​បានពន្យល់ថា “យើងនឹង​​​ឃើញ​​​ក្នុងឆ្នាំ​​​២០១៧​​​ថា​​​អ្វី​​​នឹងកើត​​​ឡើង​​​។ ប្រសិន​​​បើ​​​គេ​​​ឈ្នះ​​​ឆ្នោត​​​ក្នុងឆ្នាំ​​​២០១៧​​​ គេ​​​នឹង​​​បន្ត​​​រហូត​​​ដល់​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​ ប៉ុន្តែ ប្រសិនបើ​​​គេ​​​មិន​​​ឈ្នះឆ្នោត​​​ក្នុងឆ្នាំ​​​២០១៧​​​ទេ អាចនឹង​​​មាន​​​បញ្ហា​​​ខ្លះ​​​សម្រាប់​​​ការបោះឆ្នោត​​​នាឆ្នាំ​​​២០១៨​​​។ យើង​​​មិនដឹង​​​ថា តើ​​​ការបោះ​​​ឆ្នោត​​​នាឆ្នាំ​​​២០១៨​​​នឹងមាន​​​​​​ដំណើរការទៅ​​​ដោយ​​​​​ស្រួល​​​បួល​​​​​​ឬយ៉ាង​​​ណាទេ។ នោះជាកង្វល់​​​ដែល​​​យើង​​​មាន​​​”។

ទោះជាយ៉ាង​​​នេះក្តី​​​ ព្រះតេជគុណ​​​ ប៊ុត ប៊ុនទិញ ដែល​​​ដឹកនាំ​​​បណ្តាញ​​​ព្រះសង្ឃឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​ បាន​​​មាន​​​សង្ឃដីកាថា ព្រះតេជគុណ​​​ជឿជាក់​​​ថា វាជ្រុលពេល​​​ទៅ​​​ហើយ​​​សម្រាប់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ មិនអាច​​​បញ្ចុះ​​​បញ្ចូល​​​ប្រជាពលរដ្ឋ​​​ឲ្យជឿ​​​ថា កំណែទម្រង់​​​របស់​​​ខ្លួន​​​មាន​​​ន័យនោះទេ។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ បាន​​​មាន​​​សង្ឃដីកាថា “ទាក់ទង​​​នឹង​​​ការ​​​រស់រាន​​​របស់​​​របប​​​នេះ គេត្រូវ​​​កែទម្រង់​​​ ប៉ុន្តែ អាត្មា​​​មិនគិត​​​ថា គេអាច​​​កែទម្រង់​​​បាន​​​ទេ ពីព្រោះ​​​គេមាន​​​មនុស្ស​​​ដដែលៗ​​​។ តាម​​​រយៈការអង្កេត​​​របស់​​​អាត្មា​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ប្រើ​​​ពាក្យ​​​កំណែទម្រង់​​​ ប៉ុន្តែ ជាការ​​​បង្វែរ​​​ទៅវិញ​​​”។

ព្រះតេជគុណ​​​អង្គនេះ​​​បានមាន​​​សង្ឃដីកា​​​ថា “ប្រជាពលរដ្ឋ​​​ខ្មែរ​​​​​​កំពុង​​​តែវាយស្គរ​​​ ទូង ទូង ទូង! ប៉ុន្តែ ក្រុម​​​ ហ៊ុន សែន កំពុងតែដេក​​​លង់លក់។ ទូង ទូង ទូង! យើង​​​ត្រូវ​​​ការ​​​លទ្ធិ​​​​​​ប្រជាធិបតេយ្យ ប៉ុន្តែ ពួកគេ​​​នៅតែ​​​ដេកលង់លក់​​​​​​ដដែល​​​”៕​​​រើន​​​​​​​​​​​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស