ពិធីមួយដែលមន្ត្រីសាលារាជធានីភ្នំពេញ រៀបចំឡើងដើម្បីផ្ដល់សំណងផ្តាច់ព្រ័ត្រដល់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបានធ្វើការតវ៉ាជាច្រើនឆ្នាំប្រឆាំងការបណ្ដេញខ្លួនចេញពីសហគមន៍បុរីកីឡា បានផ្ទុះចលាចលកាលពីម្សិលមិញ នៅពេលក្រុមសកម្មជនបានសម្រុកចូលពិធីជួបជុំគ្នានេះរហូតឈានទៅដល់ការប្រវាយប្រតប់គ្នាជាមួយនគរបាល។
ប្រជាពលរដ្ឋទាំង១៥៤គ្រួសារនេះគឺជាគ្រួសារចុងក្រោយគេដែលត្រូវទទួលបានសំណងក្នុងចំណោមប្រជាពលរដ្ឋយ៉ាងច្រើនដែលត្រូវបានក្រុមហ៊ុនផានអុីម៉ិច បណ្ដេញចេញ បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិអភិវឌ្ឍន៍កាលពីឆ្នាំ២០០៣។ ខណៈក្រុមហ៊ុនរួមដ៏មានឥទ្ធិពលមួយនេះទទួលបានកិច្ចសន្យាអភិវឌ្ឍន៍ក្រោមលក្ខខណ្ឌថា ខ្លួននឹងត្រូវសង់ផ្ទះល្វែងចំនួន១០អគារសម្រាប់ប្រជាពលរដ្ឋទាំងនេះនោះ ទីបំផុតខ្លួនបានសាងសង់អគារតែ៨ប៉ុណ្ណោះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារធ្លាក់ខ្លួនរស់នៅក្នុងស្ថានភាពកខ្វក់ខ្លាំងគួរឲ្យបារម្ភនៅទីតាំងនេះ។

កាលពីខែកញ្ញា សាលារាជធានីប្រកាសថា សំណងនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋ១៥៤គ្រួសារក្នុងចំណោម១៨៣គ្រួសារដែលកំពុងរស់នៅលើទីតំាងនេះនៅឡើយ ដោយ៣៥គ្រួសារទទួលបានសំណងធំទី១ នោះគឺផ្ទះមួយល្វែងនៅលើដីដែលធ្លាប់ជារបស់ខ្លួន។ ៨៥គ្រួសារទៀតត្រូវបានផ្ដល់ជម្រើសឲ្យទទួលយកប្រាក់ចំនួន៥.០០០ដុល្លារ ឬដីមួយឡូតិ៍តូចនៅកន្លែងតាំងលំនៅថ្មីក្នុងភូមិឧដុង្គ ខេត្តកណ្ដាល ដែលស្ថិតនៅចម្ងាយប្រហែល៤៥គីឡូម៉ែត្រពីចំណុចកណ្ដាលក្រុង ចំណែកឯ៣៤គ្រួសារចុងក្រោយគេទទួលបានប្រាក់សំណង៣.០០០ដុល្លារ។ ដោយឡែក ការទាមទាររបស់ប្រជាពលរដ្ឋ២៩គ្រួសារផ្សេងទៀតមិនត្រូវបានរដ្ឋាភិបាលសម្រេចទទួលស្គាល់ឡើយ។
ស្ថិតនៅពីក្រោមកៅស៊ូតង់ដែលត្រូវបានដំឡើងលើសំរាមដែលធ្លាប់មានប្រជាពលរដ្ឋចំនួន១.៧៧៦នាក់រស់នៅ លោក មាន ចាន់យ៉ាដា ប្រធានរដ្ឋបាលសាលារាជធានីបានមានប្រសាសន៍ថា ការផ្ដល់សំណងផ្តាច់ព្រ័ត្រនេះបង្ហាញពីការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ។
“បុរីកីឡាគឺជាករណីស្មុគស្មាញ ហើយវាមានជម្លោះជាយូរមកហើយ។ ការជួបជុំគ្នានៅថ្ងៃនេះគឺជាការដោះស្រាយបញ្ចប់បញ្ហាជាលើកចុងក្រោយ” នេះជាអ្វីដែលលោក មាន ចាន់យ៉ាដា បានថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ ភាគច្រើនជាស្ត្រី និងកុមារដែលមើលទៅហាក់មិនសូវពេញចិត្ត។
លោកលើកឡើងទៀតថា ប្រជាពលរដ្ឋទាំងអស់លើកលែងតែមួយគ្រួសារនៅក្នុងចំណោម៣៥គ្រួសារដែលត្រូវបានផ្ដល់ផ្ទះល្វែង បានទទួលយកកិច្ចព្រមព្រៀងនេះហើយមានតែ៤០គ្រួសារប៉ុណ្ណោះក្នុងចំណោម៨៥គ្រួសារដែលយល់ព្រមទទួលយកប្រាក់សំណង៥.០០០ដុល្លារ ឬដីមួយឡូតិ៍នៅឧដុង្គ ហើយមានតែបួនគ្រួសារប៉ុណ្ណោះដែលសុខចិត្តផ្លាស់ទៅតំបន់នោះ។ ក្នុងចំណោមប្រជាពលរដ្ឋ៣៤គ្រួសារដែលត្រូវបានផ្តល់ប្រាក់សំណង៣.០០០ដុល្លារ មានតែ១៦គ្រួសារប៉ុណ្ណោះដែលសុខចិត្តទទួលយក។
បន្ទាប់ពីលោក មាន ចាន់យ៉ាដា បញ្ចប់សុន្ទរកថារបស់ខ្លួន ហើយប្រគល់មីក្រូហ្វូនឲ្យទៅមន្ត្រីម្នាក់ដែលបានចាប់ផ្ដើមហៅឈ្មោះអ្នកដែលត្រូវបានផ្តល់សំណងភ្លាម ស្រាប់តែស្ត្រីមួយក្រុមមានគ្នាប្រហែលប្រាំបីនាក់បានហែក្បួនឆ្ពោះទៅរកតង់នោះ ដោយលើកបដាគ្រវីឯកសារឡើងលើពេលពួកគាត់ស្រែក។
អ្នកស្រី ភោគ សុផាន អាយុ៤៣ឆ្នាំបានស្រែកថា “ខ្ញុំនឹងមិនចេញពីបុរីកីឡាទេ ក្រុមហ៊ុនបានកម្ទេចផ្ទះខ្ញុំដើម្បីយកដី ហើយពេលនេះពួកគេបានសង់វីឡាលើដីនេះហើយ”។
នៅពេលក្រុមអ្នកយកព័ត៌មានប្រហែល២០នាក់ព័ទ្ធជុំវិញសកម្មជនទាំងនេះ អ្នកស្រី ភោគ សុផាន បានសម្ដែងការខកចិត្តចំពោះអ្វីដែលអាជ្ញាធរបានធ្វើដាក់គាត់។ ប៉ុន្មាននាទីក្រោយមក លោកស្រី កែវ សាកល ចៅសង្កាត់វាលវង់ ខណ្ឌ៧មករា បានចូលទៅជិតអ្នកស្រី ភោគ សុផាន ហើយបានចាប់ឱបអ្នកស្រីហាក់ដូចជាព្យាយាមធ្វើឲ្យអ្នកស្រីរក្សាភាពស្ងាត់ស្ងៀម មុនពេលប្រគល់អ្នកស្រីភ្លាមៗឲ្យទៅនគរបាលខណ្ឌ ដែលចាប់ផ្ដើមអូសគាត់កាត់មនុស្សជាច្រើនឆ្ពោះទៅផ្លូវថ្នល់។
ពេលកំពុងផ្ទុះចលាចលនេះ មន្ត្រីសាលារាជធានីមួយរូបបានពិភាក្សាជាមួយនគរបាល ហើយអ្នកស្រីក៏ត្រូវបានបញ្ជូនទៅខាងក្រោយតង់នោះជាមួយសកម្មជនរបស់គាត់ រួចពិធីនេះក៏ត្រូវបានបិទភ្លាមៗ។
ពេលត្រឡប់ទៅផ្ទះល្វែងរបស់ប្អូនប្រុសគាត់ដែលស្ថិតនៅអគារមួយក្នុងចំណោមផ្ទះល្វែងទាំងប្រាំបីអគារ អ្នកស្រី ភោគ សុផាន បាននិយាយទាំងទឹកភ្នែករលីងរលោងថា អ្នកស្រីបានសម្រេចចិត្តទៅអុកឡុកពិធីនេះបន្ទាប់ពីគ្រួសាររបស់គាត់ត្រូវបានលុបចេញពីបញ្ជីសំណងផ្តាច់ព្រ័តនេះ។
អ្នកស្រីនិយាយថា “ធ្វើបែបនេះអយុត្តិធម៌ណាស់។ [លោកស្រី សាកល] បានប្រាប់គេឲ្យនាំខ្លួនខ្ញុំទៅសាលាខណ្ឌ តែខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំមិនបានធ្វើខុស។ ខ្ញុំរស់នៅទីនេះតាំងពីឆ្នាំ១៩៩៦ និងមានឯកសារបញ្ជាក់”។
អ្នកស្រី អីុម ស្រីមុំ អាយុ៣៥ឆ្នាំ បាននិយាយនៅផ្លូវឌឿងហែមដែលសម្បូរដោយសត្វរុយកាត់តំបន់ដែលមានប្រជាពលរដ្ឋរាប់រយនាក់កំពុងរស់នៅនេះថា អ្នកស្រីសុខចិត្តចុះចាញ់លែងប្រឆាំងសាលារាជធានី និងក្រុមហ៊ុនផានអុីម៉ិចទៀតហើយ។
អ្នកស្រីបានបន្តថា “ខ្ញុំយល់ព្រមទទួលយកសំណង៥.០០០ដុល្លារ។ ខ្ញុំមិនចង់ទៅរស់នៅឧដុង្គទេ ព្រោះវាតូចពេកសម្រាប់កូនៗខ្ញុំ។ ខ្ញុំមិនពេញចិត្តនឹងកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែខ្ញុំគ្មានជម្រើស។ ខ្ញុំមិនអាចរស់នៅទីនេះទៀតបានទេ ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ដែរនៅទីនេះ” ហើយថា គាត់មានគម្រោងប្រើប្រាស់លុយនេះសម្រាប់ការតាំងលំនៅថ្មីក្នុងខេត្តកោះកុង។
អ្នកស្រីបានលើកឡើងបន្ថែមទៀតថា “ខ្ញុំបានចូលរួមតវ៉ាយូរណាស់មកហើយ។ ខ្ញុំចង់តស៊ូបន្តទៀត ប៉ុន្តែខ្ញុំគ្មានជម្រើសទេ។ ខ្ញុំលែងធ្វើបែបនេះបានទៀតហើយ។ ខ្ញុំមានកូន ហើយខ្ញុំមិនអាចទំនុកបម្រុងពួកគេឲ្យបានល្អទេ បើខ្ញុំបន្តធ្វើការតវ៉ាទៀត”។
ពេលទាក់ទងបន្ទាប់ពីវិធីនេះបិទ លោកស្រី កែវ សាកល បដិសេធថាមិនបានប្រគល់ខ្លួនអ្នកស្រី ភោគ សុផាន ឲ្យទៅនគរបាលទេ ហើយបានលើកឡើងថា ការប្រតាយប្រតប់គ្នាមួយប្រាវនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ។
លោកស្រីបានមានប្រសាសន៍ថា ”ខ្ញុំទៅជួយគាត់ ពីព្រោះខ្ញុំចង់ឲ្យអ្នកតវ៉ានិយាយជាមួយអាជ្ញាធរ។ ខ្ញុំមិនបានប្រគល់គាត់ឲ្យទៅប៉ូលិសទេ។ ការតវ៉ានេះកើតឡើងដោយសារតែអ្នកកាសែត និងអ្នកថតជាច្រើនបាំងពួកគាត់ ធ្វើឲ្យពួកគាត់ស្ដាប់មិនឮអ្វីដែលអ្នកតំណាងបានប្រកាស”។
ទោះបីជាសាលារាជធានីប្រឹងប្រែងបញ្ចប់ជម្លោះបុរីកីឡាយ៉ាងណាក្ដី ក៏អ្នកស្រី ភោគ សុផាន បានប្ដេជ្ញាធ្វើការតវ៉ាតទៅទៀត។ អ្នកស្រីនិយាយថា “ខ្ញុំនឹងតវ៉ាទៀត ខ្ញុំមិនឈប់ទេ”៕ សុខុម