ប្រធានសហជីពចំនួនបួននាក់ ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃច័ន្ទ ទាក់ទិននឹងការជាប់ពាក់ព័ន្ធរបស់ពួកគាត់ទៅនឹងការតវ៉ាប្រឆាំងក្រុមហ៊ុនទេសចរណ៍កាពីតូល ក្នុងរាជធានីភ្នំពេញ បានលើកឡើងកាលពីម្សិលមិញថា វិធានការផ្លូវច្បាប់នេះមិនបានអនុវត្តតាមស្ថានភាពពិតជាក់ស្តែងទេ ខណៈក្រុមអ្នកតស៊ូមតិបានព្រមានថា ការបន្តអនុវត្តតាមនីតិវិធីតុលាការគឺមានតែធ្វើឲ្យមានភាពចលាចលកាន់តែខ្លាំងទៅវិញទេ។
យោងតាមសេចក្តីសម្រេចមួយចុះហត្ថលេខាដោយលោកស្រី ម៉ាក់ នី ព្រះរាជអាជ្ញារងអបសាលារាជធានីបានឲ្យដឹងថា លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CLC) លោក គង់ អាទិត្យ អគ្គលេខាធិការនៃសហជីពនេះ លោក អៀង គឹមហ៊ុន ប្រធានសហជីពការងារ និងលោក សុខ ឈុនអឿង ប្រធាន សមាគមការងារ សុទ្ធតែត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនារារាំងមន្ត្រីសាធារណៈ និងធ្វើឲ្យខកស្ទះការធ្វើដំណើរតាមផ្លូវសាធារណៈ។

ការចោទប្រកាន់ទាំងនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួន លោក ណាន វណ្ណា អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលដែលត្រូវបណ្តេញចេញពីការងារ និងលោក រស់ សីុផៃ សកម្មជនសិទ្ធិការងារ។ អ្នកទាំងពីរនាក់នេះស្ថិតក្នុងចំណោមអ្នកតវ៉ាចំនួន៤៥នាក់ដែលរងការវាយប្រហារដោយអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីប្រដាប់ដោយអាវុធកាលពីថ្ងៃសៅរ៍ ពេលពួកគាត់ព្យាយាមរារាំងរថយន្តក្រុងមួយគ្រឿងមិនឲ្យចាកចេញពីចំណតរបស់ក្រុមហ៊ុននៅក្នុងខណ្ឌ៧មករា។លោក ណាន វណ្ណា និងលោក រស់ស៊ីផៃ សុទ្ធតែត្រូវបានចោទប្រកាន់ពីបទចោទទាំងបីដូចខាងលើ។
ការតវ៉ានេះគឺជាផ្នែកនៃយុទ្ធនាការកំពុងតែបន្តរបស់អ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលចំនួន៤០នាក់ដែលត្រូវបានបណ្តេញ ចេញពីការងារ ដើម្បីទទួលបានការងាររបស់ខ្លួនត្រឡប់មកវិញ។ អតីតអ្នកបើកបរទាំងនេះអះអាងថា ពួកគាត់ត្រូវបានបណ្តេញចេញពីការងារដោយខុសច្បាប់ដោយសារការព្យាយាមបង្កើតសហជីពក្រោមសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។
ខណៈលោក ណាន វណ្ណា និងលោក រស់ស៊ីផៃ ត្រូវបាននាំខ្លួនទៅឃុំឃាំងជាបណ្តោះអាសន្ននោះ ចៅក្រមស៊ើបសួរ រស់ ពិសិដ្ឋ បានលើកឡើងកាលពីម្សិលមិញថា លោកនឹងកោះហៅអ្នកផ្សេងៗទៀតមកសាលាដំបូងរាជធានីភ្នំពេញក្នុងពេលឆាប់ៗ។
ចៅក្រមរូបនេះបានមានប្រសាសន៍ថា ”យើងនឹងកោះហៅមនុស្សបួននាក់ផ្សេងទៀតមកសាកសួរទាក់ទិននឹងការចោទប្រកាន់របស់ព្រះរាជអាជ្ញារងក្នុងពេលឆាប់ៗ នេះ”។
ទាំងលោក អាត់ ធន់ និងលោក គង់ អាទិត្យ ដែលសុទ្ធតែជាមេដឹកនាំសហជីពដ៏លេចធ្លោបំផុតនៅកម្ពុជា បានលើកឡើងកាលពីម្សិលមិញថា ពួកគាត់គ្មានវត្តមានទេអំឡុងការតវ៉ាកាលពីថ្ងៃសៅរ៍ ហើយបានចាត់ទុកការចោទប្រកាន់នេះថា អយុត្តិធម៌។
លោក អាត់ ធន់ ដែលជាគោលដៅនៃបណ្តឹងផ្លូវច្បាប់មួយចំនួន ដែលភាគច្រើនទាក់ទងនឹងការងាររបស់លោកនៅក្នុងវិស័យកាត់ដេរនោះ បានថ្លែងថា “សមាជិករបស់ខ្ញុំនឹងការពារខ្ញុំប្រសិនបើតុលាការបង្គាប់ឲ្យចាប់ខ្លួនខ្ញុំ។ អ្វីដែលគេចោទប្រកាន់មកលើខ្ញុំគឺផ្ទុយទាំងស្រុងនឹងអ្វីដែលខ្ញុំបានធ្វើ”។
លោកបានបន្ថែមថា “ពេល[សមាជិកសហជីព] មានបញ្ហាយើងត្រូវតែជួយ និងគាំទ្រពួកគាត់។ សហជីពមានសិទ្ធិធ្វើកូដកម្ម ឬតវ៉ា ប៉ុន្តែ យើងមិនដែលណែនាំឲ្យពួកគាត់បង្កអំពើហិង្សានោះឡើយ”។
ហើយបើយោងតាមលោក អៀង គឹមហ៊ុន អគ្គលេខាធិការសម្ព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា ការពិតដែលថា អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីដែលផ្តួចផ្តើមការវាយប្រហារនេះ មិនប្រឈមនឹងវិធានការផ្លូវច្បាប់នោះបង្ហាញថា មន្ត្រីមិនបាន ធ្វើការសើុបអង្កេតឲ្យបានហ្មត់ចត់ឡើយ។
ដោយសំដៅដល់អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីដែលមានទំនាក់ទំនងជាមួយសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា លោកបានលើកឡើងថា “និយាយទាក់ទិននឹងការចោទប្រកាន់ អំពីការបង្កអំពើហិង្សា ខ្ញុំមិនបានប្រព្រឹត្តទេ ហើយវាចាប់ផ្តើមដោយសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា”។
លោកបានថ្លែងបន្តថា “ហើយបើនិយាយដល់ការរារាំងមន្ត្រីសាធារណៈ តើខ្ញុំធ្វើអ៊ីចឹងធ្វើអី? នៅពេលនគរបាលមកដល់ យើងតែងតែចេញទៅឆ្ងាយ។ ខ្ញុំមានចម្ងល់ថា តើតុលាការមានបានពិនិត្យមើលវីដេអូដែរឬទេ”។
នៅប៉ុន្មានម៉ោងក្រោយអំពើហិង្សាផ្ទុះឡើង អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ចេញវីដេអូមួយដែលបង្ហាញថា អ្នកបើកបររ៉ឺម៉កម៉ូតូកង់បីដែលមានពាក់សុទ្ធតែមួកសុវត្ថិភាពពណ៌ខ្មៅបានប្រើដំបងឈើ និងញញួរវាយដំទៅលើអ្នកតវ៉ាដោយសន្តិវិធី។
លោក ស៊ុត ម៉េងហីុ អនុប្រធានសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា សមាជិករបស់លោកបានរៀបចំការវាយប្រហារបែបនេះគឺដោយសារតែខឹងនឹងការតវ៉ារាប់ខែប្រឆាំង ក្រុមហ៊ុនកាពីតូល ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ។
លោក សុខ ឈុនអឿង ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការចោទប្រកាន់មកលើរូបលោក គឺធ្វើឲ្យអ្នកឈរមើលមួយរូបក្លាយជាអ្នកជាប់ទោស។ លោកសូមស្នើឲ្យតុលាការ “ស្វែងរកជនសង្ស័យពិតប្រាកដ ដែលជាអ្នកធ្វើការវាយប្រហារ”។
“ខ្ញុំបានឈរមើលហេតុការណ៍កើតឡើង តើវាមានន័យជាស្វ័យប្រវត្តិថា ខ្ញុំបានចូលរួមក្នុងសកម្មភាពនេះ ឬយ៉ាងណា?”។
លោក យន់ សុខាន់ មន្ត្រីកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលជាច្រើនរួមមានដូចជាអង្គការអាដហុក អង្គការលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាដើមនោះបានមកជួបប្រជុំគ្នាកាលពីម្សិលមិញដើម្បីពិភាក្សាគ្នាថា តើនរណានឹងត្រូវធ្វើជាតំណាងបុរសដែលត្រូវបានចោទប្រកាន់ទាំងនេះ ដើម្បីតតាំងប្រឆាំងនឹងការចោទប្រកាន់”គ្មានមូលដ្ឋាន”។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកឡើងថា វាផ្តល់អត្ថប្រយោជន៍ ដល់អាជ្ញាធរទៅវិញទេ បើលើកលែងការចោទប្រកាន់អ្នកទាំងនេះ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេចាប់ខ្លួនប្រធានសហជីពកំពូលៗ ខ្ញុំគិតថា នឹងមានរឿងអាស្រូវខ្លាំង។ ខ្ញុំគិតថា រដ្ឋាភិបាលមានភាពឈ្លាសវៃគ្រប់គ្រាន់មិនមកធ្វើរឿងបែបនេះទេ”៕ស៊ុយឈាង