30 C
Phnom Penh

​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​ឃាត់​​​ខ្លួន​​​អ្នក​​​កាសែត​​​​​​​​ពាក់​​​ព័ន្ធ​​​ការ​​​ផ្សាយ​​​រឿង​​​កាប់​​​ឈើ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកកាសែត​​​ម្នាក់​​​ដែល​​​ចោទ​​​ប្រកាន់​​​មេបញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​មួយ​​​រូប​​​ថា បាន​​​ទទួល​​​​​​សំណូក​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ត្រូវ​​​បាន​​ចាប់​​​និង​​​ឃុំ​​​ខ្លួន​​​ក្នុង​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពី​​​ម្សិលមិញ តាម​​​បទ​​​បញ្ជា​​​របស់​​​មេបញ្ជាការ​​​រូប​​​នេះ​​​ ជា​​​ចំណាត់​​​ការមួយ​​​ដែល​​​ត្រូវ​​​បាន​​​រិះ​​​គន់​​​ដោយ​​​ក្រសួង​​​ព័ត៌មាន​​​។

អ្នកកាសែត​​​រូប​​​នេះ​​​ដែល​​​មាន​​​ឈ្មោះ ​​​វ៉ាន់ ទិត្យ​​​ គឺជា​​​អ្នក​​​ឆ្លើយ​​​ឆ្លង​​​ព័ត៌មាន​​​ប្រចាំ​ខេត្ត​នេះ​ឲ្យ​​​ស្ថាន​​​ីយ​​​ទូរទស្សន៍ខ្មែរ​​​​ប៉ុស្តិ៍​​​លេខ៩  ​​​(TV9)។​ កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ពុធ​​​ អំឡុង​ម៉ោង​ព័ត៌មាន​ស្ថានីយ​​​ទូរទស្សន៍​​​នេះ បាន​​​​ផ្សាយ​​អត្ថ​​​បទព័ត៌មាន​មួយ​​​​ដែល​​​អ្នក​​​កាសែត​​​រូប​​​នេះ​​​ជា​​​អ្នក​​​សរសេរដោយ​​​អះ​​​អាង​​​ថា លោក ​​​សាក់ ​​​សារ៉ាង​​​ មេបញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​ខេត្ត​​​យក​​​ប្រាក់​​​ពី​​​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​​​​នៅ​​​ក្នុង​​​​​​​​​តំបន់​​​អភិ​​​រក្ស​​​ជីវចម្រុះ​​​សីមា។

cam-photo-tv9-channaលុះ​​​ដល់​​​ព្រឹក​​​ឡើង​​​ មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត​​​្ថ​​​បួន​​​នាក់​​​បាន​​​មក​​​ដល់​​​ផ្ទះ​​​របស់​​​លោក វ៉ាន់​​​ ទិត្យ​​​ក្នុង​​​ស្រុក​​​កែវ​​​សីមា ហើយ​​​បាន​​​បញ្ជា​​​ឲ្យ​​​គាត់​​​ចូល​​​រថយន្ត​​​យោធា ដែល​​​ដឹក​​​គាត់​​​ទៅ​​​កាន់​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជអាវុធហត្ថ​​​​​​ស្រុក ហើយ​​​បន្ទាប់​​​មក​​​បញ្ជូន​​​បន្ត​​​ទៅ​​​កាន់​​​ទី​​​បញ្ជាការ​​​ ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ខេត្ត​​​​​​ នេះ​​​បើ​​​តាម​​​លោក ​​​​​​វង្ស រចនា នាយការិយាល័យ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​​​​បាន​​​ឃាត់​​​ខ្លួន​​​គាត់​​​ ព្រោះ​​​គាត់​​​សរសេរ​​​រឿង​​​ដោយ​​​​​​គ្មាន​​​ការ​​​ពិត​​​។ វា​​​ប៉ះពាល់​​​ដល់​​​កិត្តិយស​​​របស់​​​មេបញ្ជាការ​​​យើង​​​។ មេបញ្ជាការ​​​បាន​​​បញ្ជា​​​ឲ្យ​​​យើង​​​នាំ​​​គាត់​​​មក​​​ដើម្បី​​​បញ្ជាក់​​​ថា តើ​​​គាត់​​​បាន​​​សរសេរ​​​អ្វី​​​ខ្ល​ះ​​​”។

ទោះ​​​បី​​​ជា​​​លោក វង្ស រចនា ទទួល​​​ស្គាល់​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​គ្មាន​​​ដីកា​​​ចាប់​​​ខ្លួន​​​អ្នក​​​កាសែត​​​រូបនេះ​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា បទ​​​បញ្ជា​​​ឲ្យ​​​ឃាត់​​​ខ្លួន​​​លោក វ៉ាន់​​​ ទិត្យ​​​ គឺ​​​ចេញ​​​ពី​​​ឧត្តម​​​សេនីយ៍​​​ សាក់ សារ៉ាង ដោយ​​​ផ្ទាល់​​​ដែរ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ថ្នាក់​​​លើ​​​របស់​​​ខ្ញុំ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​សេចក្តីរាយការណ៍​​​ព័ត៌​​​មាន​​​ ប៉ុន្តែ ត្រូវ​​​តែ​​​ច្បាស់​​​លាស់​​​។ ជួន​​​កាល​​​រឿង​​​វា​​​តូច​​​ប៉ុន​​​ម្រាម​​​ដៃ​​​ទេ​​​ ប៉ុន្តែ គេ​​​បំផ្លើស​​​ឲ្យទៅ​​​ជា​​​ធំ​​​ប៉ុន​​​កំភ្លៅ​​​”។

​​​លោក វ៉ាន់ ទិត្យ ដែល​​​ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ដក​​​ហូត​​​​​​យក​​​ទូរស័ព្ទ​​​ដៃ​​​របស់​​​គាត់​​​នៅ​​​ឯទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ មុន​​​ពេល​​​បញ្ជូន​​​គាត់​​​ទៅ​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​ ជា​​​កន្លែង​​​ដែល​​​គាត់​ត្រូវ​​​បាន​​​សាក​​​សួរ​​​ដោយ​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​ សាក់ ​​​សារ៉ាង ដោយ​​​ផ្ទាល់។

លោក វ៉ាន់ ទិត្យ បាន​​​និយាយ​​​ថា “គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​ឈប់​​​ភ្ជាប់​​​ឈ្មោះ​​​របស់​​​គាត់​​​ទៅ​​​នឹង​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​ទៀត”។

អ្នក​​​កាសែត​​​រូបនេះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ដោយ​​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ ប្រហែល​​​ពីរ​​​ម៉ោង​​​ក្រោយ​​​ បន្ទាប់​​​ពី​​​ការសាក​​​សួរ​​​។

ឧត្តម​​​សេនីយ៍​​​ត្រី សាក់ សារ៉ាង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក អ៊ុក គឹមសេង ​​​អនុ​​​រដ្ឋលេខាធិការ​​​ក្រសួង​​​ព័ត៌មាន​​​បាន​​​លើក​​​ឡើង​​​ថា ទង្វើ​​​របស់​​​ឧត្តមសេនីយ៍​​​ត្រី សាក់ សារ៉ាង និង​​​ថ្នាក់​​​ក្រោម​​​​​​របស់​​​គាត់​​​ គឺ​​​ផ្ទុយ​​​ពី​​​ច្បាប់​​​។

លោក​​​បាន​​​មានប្រសាសន៍​ថា “តាម​​​ពិត​​​ទៅ ​​​អាជ្ញាធរ​​​មាន​​​សិទ្ធិ​​​ចាប់​​​ខ្លួន​​​អ្នក​​​កាសែត​​​ លុះ​​​ត្រា​​​តែ​​​គាត់​​​ធ្វើ​​​អ្វី​​​មួយ​​​ខុស​​ ច្បាប់​​​។ ប៉ុន្តែ អ្វី​​​ដែល​​​គាត់​​​បាន​​​សរសេរ​​​នោះ​​​គឺជា​​​រឿង​​​រសើប​​​​​​ សម្រាប់​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​។ យើង​​​នឹង​​​ពិនិត្យ​​​មើល​​​​​ករណី​​​នេះ​​​”។

ស្ថានីយទូរទស្សន៍ខ្មែរ​​​​ប៉ុស្តិ៍​​​លេខ​​​៩ត្រូវ​​​បាន​​​បើក​​​ឲ្យ​​​ដំណើរ​​​ការ​​​ដោយ លោក ​​​ខៀវ ​​​រ៉ាដា ​​​សមាជិក​​​ស្ថាបនិក​​​មួយរូប​ក្នុង​​​ចំណោម​​​ស្ថាបនិក​​​គណបក្ស​​​ហ្វុ៊នស៊ិនបុិច​​​នៅ​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​ ប៉ុន្តែ មន្ត្រី​​​របស់​​​ខ្លួន​​​​​​ត្រូវ​​​បាន​​​គេអូសទាញយក​អំឡុង​ការ​​​ប្រយុទ្ធគ្នា​មួយ​​​ប្រាវ​​​​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​ ហើយ​​​ត្រូវ​​​បាន​​​យក​​​មក​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​។ ​​​លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ឥឡូវ​​​​ ស្ថានីយ​​​ទូរទស្សន៍​​​នេះ​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​គ្រួសារ​​​របស់​​​ទេស​​​រដ្ឋ​​​មន្ត្រី ឃុន ហាំង​​​ ​​​អតីត​​​មន្ត្រី​​​គណបក្ស​​​ហ្វុ៊ន​​​ស៊ិនបុិច​​​ដែល​​​ក្រោយ​​​មក​​​បាន​​​ចុះច​​​ូល​​​ជាមួយ​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​។

ប្រធាន​​​គ្រប់​​​គ្រង​​​ការិយាល័យ​​​នៃ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​របស់​​​ស្ថានីយ​​​ទូរទស្សន៍​​​ខ្មែរ​​​ប៉ុស្តិ៍​​​លេខ​​​៩​​​​​​​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​។

លោក​​​ ប៉ា ងួន​​​ទៀង​​​ នាយក​​​​​​ប្រតិបត្តិ​​​​​​មជ្ឈ​​​មណ្ឌល​​​កម្ពុជា​​​ដើម្បី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឯក​​​រាជ្យ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ពិត​​​ដែល​​​ថា ឧត្តម​​​សេនីយ៍​​​ត្រី សាក់​​​ សារ៉ាង​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ចាប់​​​និងឃាត់​ខ្លួន​​​លោក ​​​វ៉ាន់ ទិត្យ ក្នុង​​​រយៈ​​​ពេល​​​ខ្លី​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​របស់​​​គាត់​​​​​​។

“ ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​យក​​​ព័ត៌មាន​​​ដោយ​​​មិន​​​បាន​​​ឆ្លងកាត់​​​នីតិវិធី​​​តុលាការ​​​ គឺ​​​ខុស​​​”។

អត្ថបទ​​​របស់​​​លោក វ៉ាន់ ទិត្យ សរសេរ​​​ទាក់​​​ទិន​​​ការ​​​កាប់​​​ឈើ​​​ខុស​​​​​​ច្បាប់​​​នៅ​​​ចម្ការ​​​កៅស៊ូ​​​​​​​​​ [របស់ក្រុមហ៊ុន Binh Phuoc Kratie Rubber 1]  ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​អភិរក្ស​​​ជីវចម្រុះ​​​សីមា និង​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​​​​។កាល​​​ពី​​​ខែ​​​សីហា​​​ឆ្នាំ​​​មុន កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បា​​​ន​​​ភ្ជង់​​​កាំភ្លើង​​​បង្ខំ​​​ឲ្យ​​​​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​​​​​​​​​​ដោះ​​​លែង​​​អ្នក​​​បើក​​​បរ​​​រថ​​​យន្ត​​​ចំនួន​​​បួន​​​គ្រឿង​​​ដែល​​​ដឹក​​​សុទ្ធ​​​តែ​​​ឈើ​​​ខុស​​​ច្បាប់​​​ឆ្ពោះ​​​មក​​​កាន់​​​ចម្ការ​​​នេះ​​​៕​​​ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Taylor O’Connell)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស