ក្រុងតាខ្មៅ, ខេត្តកណ្ដាល- កាលពីថ្ងៃសុក្រ អតីតប្រធានតុលាការក្រុងភ្នំពេញលោក អាំង មាលតី ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ពីបទយកមកប្រើប្រាស់ផ្ទាល់ខ្លួននូវរថយន្ត Audi SUV ដែលរឹបអូសបានពីឈ្មួញចែកចាយគ្រឿងញៀនម្នាក់នៅក្នុងឆ្នាំ២០១៤ ដោយបានរួចផុតពីបទចោទកេងបន្លំដ៏ធ្ងន់ គឺជាករណីមួយដែលអ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកថា ពោរពេញទៅដោយ “ភាពមិនប្រក្រតីជាច្រើន”។
លោក អាំង មាលតី ដែលត្រូវបានដកចេញពីតំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំមុនក្នុងពេលមានការចោទប្រកាន់ពីបទពុករលួយធ្ងន់ធ្ងរនៅតុលាការក្រុង ដែលរិះគន់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសារភាពអំឡុងសវនាការរបស់លោកថា បានប្រើរថយន្តនោះដើម្បីធ្វើដំណើរទៅមកធ្វើការ និងដឹកគ្រួសាររបស់គាត់នៅថ្ងៃឈប់សម្រាក ប៉ុន្តែបានសំណូមពរសុំការអត់ឱនទោស ដោយនិយាយថា លោកមាន “ទឹកចិត្តល្អ”។
បុរសអាយុ៦០ឆ្នាំរូបនេះបានសំណូមពរឲ្យតុលាការបន្ធូរបន្ថយការចោទប្រកាន់លើរូបលោកពីបទកេងបន្លំ ដែលមានទោសជាប់ពន្ធនាគារដល់១០ឆ្នាំ មកនៅត្រឹមបទកេងប្រវ័ញ្ចខុសច្បាប់ ដែលមានទោសត្រឹម៥ឆ្នាំ។ លោកក៏មានការគាំទ្រពីព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ដែលបានខិតខំបង្ហាញភ័ស្តុតាងគាំទ្រក្នុងការការពារលោក មាលតី ដោយលើកឡើងអំពីជំងឺឫសដូងបាត និងភាពគ្មានការងារធ្វើរបស់អតីតចៅក្រមរូបនេះ ដែលមេធាវីផ្ទាល់របស់លោកបានបន្ថែមការការពារតិចតួច។
កាលពីរសៀលម្សិលមិញ ចៅក្រមជំនុំជម្រះលោក ងួន វុទ្ធី បានប្រកាសថា ចុងចោទរូបនេះនឹងរួចផុតពីបទចោទកេងបន្លំ ហើយត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំពីបទកេងប្រវ័ញ្ចដោយខុសច្បាប់ ដោយព្យួរទោសមួយឆ្នាំ។

ចៅក្រម វុទ្ធី បាននិយាយថា ”តុលាការសម្រេចផ្ដន្ទាទោសលោក អាំង មាលតី ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារតែ២ឆ្នាំ និងពិន័យ៥លានរៀល”។
ក្នុងការពន្យល់អំពីសេចក្ដីសម្រេចរបស់លោក ចៅក្រមជំនុំជម្រះរូបនេះបានលើកឡើងថា អតីតប្រធានតុលាការរូបនេះមិនបានធ្វើឲ្យខូចរថយន្ត Audi និងមិនដែលប៉ុនប៉ងចុះបញ្ជីរថយន្តនេះជារបស់ខ្លួនទេ។
ដោយរួសរាន់ចេញពីសវនាការ និងត្រូវគេក្រៀកចូលរថយន្តពន្ធនាគារវិញ លោក មាលតី មិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទេ។ មេធាវីរបស់គាត់ គឺលោក ទេព បញ្ញា បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងសាលក្រមនេះទេ។ លោកបាននិយាយថា “ខ្ញុំនឹងពិភាក្សាជាមួយកូនក្ដីរបស់ខ្ញុំថាតើនឹងប្ដឹងឧទ្ធរណ៍ ឬមិនប្ដឹងឧទ្ធរណ៍”។
លោក ស៊ុនរស្មី ព្រះរាជអាជ្ញារងក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
ការប្រកាសថា លោក មាលតី ត្រូវបានដកចេញពីតុលាការក្រុងភ្នំពេញ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ក្នុងសុន្ទរកថាជាសាធារណៈមួយ បានលើកឡើងថា ក្រុមមន្ត្រីតុលាការបានទទួលសំណូកច្រើនលានដុល្លារក្នុងរឿងក្ដីធំមួយ។
ប៉ុន្តែ ចាប់តាំងពីលោកត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីខែសីហាមក សំណុំរឿងប្រឆាំងនឹងរូបលោកត្រូវបានបិទបាំងដោយសម្ងាត់នឹងការចោទប្រកាន់នៃការជ្រៀតជ្រែក។ នៅពេលនោះអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានហៅលោក មាលតី ថា “បិសាច” និងបាននិយាយថា មិត្តភាពជិតស្និទ្ធរបស់ចៅក្រមរូបនេះជាមួយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើឲ្យការស៊ើបអង្កេតលម្អៀង។
មន្ត្រី ACU ម្នាក់បានចាត់ទុកការសាកសួរលោក មាលតី ដោយលោក យ៉ិនទៀង ថា ជា “ជំនួបរាក់ទាក់នៅពេលបាយថ្ងៃត្រង់”។
ទាក់ទងកាលពីម្សិលមិញ លោក ស៊ីផាន បានមានប្រសាសន៍ថា លោក “មិនពេញចិត្ត” នឹងសេចក្ដីសម្រេចបញ្ជូនលោក មាលតី ឲ្យទៅជាប់ពន្ធនាគាររយៈពេលតែ២ឆ្នាំនេះទេ ហើយលោកបានមានប្រសាសន៍ថា នីតិវិធីរឿងក្ដីរអាក់រអួលដោយ “ភាពមិនប្រក្រតីជាច្រើន”។
នៅពេលស្នើសុំឲ្យនិយាយលម្អិត អ្នកនាំពាក្យរូបនេះបាននិយាយថា “ខ្ញុំមិនចោទអ្នកណាម្នាក់ទេ” ប៉ុន្តែលោកបានលើកឡើងអំពីសកម្មភាពរបស់ព្រះរាជអាជ្ញាថាគួរឲ្យសង្ស័យ។
លោកបាននិយាយអំពីលោក ស៊ុនរស្មី ថា ”ព្រះរាជអាជ្ញារូបនេះបានស្នើចៅក្រមឲ្យធ្វើ [ការផ្ដន្ទាទោស] ស្រាល។ ក្រុមព្រះរាជអាជ្ញាត្រូវការពារប្រយោជន៍សាធារណៈ”។
លោកបានមានប្រសាសន៍ថា ”វាជាបុច្ឆនសញ្ញាដ៏ធំ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ទោសស្រាលរបស់លោក មាលតី គឺមិនត្រឹមត្រូវទេ ប៉ុន្តែមិនភ្ញាក់ផ្អើលដោយសារតុលាការពុករលួយមានឈ្មោះអាក្រក់របស់ប្រទេសនេះ។
លោកបានមានប្រសាសន៍ថា ”ខ្ញុំគិតថា តុលាការបានប្ដូរបទចោទប្រកាន់ពីបទឧក្រិដ្ឋមកជាបទល្មើសមជ្ឈិម ពីព្រោះលោក អាំង មាលតី ជាអតីតប្រធានតុលាការក្រុងភ្នំពេញ។ បើរឿងក្ដីនេះពាក់ព័ន្ធនឹងមនុស្សធម្មតាវិញ តុលាការនឹងកាត់ឲ្យគាត់ជាប់ទោសពីបទឧក្រិដ្ឋហើយ”។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕ និត (រាយការណ៍បន្ថែមដោយ Ben Woods)