អង្គុយក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងបណ្ដាមេដឹកនាំអាស៊ាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាដឹងមុននូវអ្វីដែលប្រជាពលរដ្ឋកម្ពុជានឹងគិតអំពីការចូលរួមរបស់លោកក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅសប្ដាហ៍នេះ។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក លោកបានបង្ហោះរូបថតចំនួនប្រាំបីសន្លឹកនៃកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងរែនចូ មីរ៉ាច (Rancho Mirage) រួមទាំងរូបថតស៊ែលហ្វីពីរសន្លឹកដែលបង្ហាញពីរូបលោកពាក់ស៊ិញលម្អដោយរូបសញ្ញារមណីយដ្ឋានសាន់នីលែន (Sunnylands) ជាកន្លែងរៀបចំកិច្ចប្រជុំកំពូលនេះ និងរូបថតមេដឹកនាំពិភពលោកផ្សេងៗទៀតដែលមានវត្តមានចូលរួម ដែលត្រូវបានថតចេញពីគំនិតរបស់លោកនាយករដ្ឋមន្ត្រីនៅជុំវិញតុមូល។

លោក ហ៊ុន សែន បានសរសេរថា ”ខ្ញុំមិនមែនជាអ្នកកាសែតទេ ប៉ុន្តែខ្ញុំចង់ឲ្យប្រជាពលរដ្ឋកម្ពុជារបស់យើងទទួលបានដំណឹងលឿនតាមដែលអាចធ្វើទៅបាន”។
កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃអង្គារនេះ បានផ្ដោតលើពាណិជ្ជកម្ម ដែលរួមមានទាំងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរបា៉ស៊ីហ្វិក (TPP) ដែលទើបចុះហត្ថលេខាថ្មីៗ និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង។
ខណៈមិនស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ បញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា និងប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ក៏បានក្លាយជាផ្នែកមួយនៃការអត្ថាធិប្បាយទាក់ទិននឹងកិច្ចប្រជុំកំពូលនេះដែរ ដោយបណ្ដាអ្នកនយោបាយមកពីគណបក្សប្រឆាំង អង្គការសិទ្ធិមនុស្ស និងសកម្មជនអាមេរិកដើមកំណើតខ្មែរ និងសូម្បីកាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post) រិះគន់ការសម្រេចរបស់លោក អូបាម៉ា អញ្ជើញលោក ហ៊ុន សែន និងក្រុមផ្ដាច់ការរបស់លោកទៅកាន់សហរដ្ឋអាមេរិក។
ប្រឈមនឹងការរិះគន់នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានមានប្រសាសន៍នៅសប្ដាហ៍នេះថា លោក ហ៊ុន សែន ស័ក្ដិសមនឹងទទួលបានការអញ្ជើញ ហើយការអញ្ជើញនេះបានឆ្លុះបញ្ចាំងពីទស្សនៈរបស់សហរដ្ឋអាមេរិកចំពោះស្ថានភាពសិទ្ធិមនុស្សរបស់កម្ពុជា។
លោកបានគូសបញ្ជាក់ថា ”វាជាកិត្តិយសដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រធានាធិបតី អូបាម៉ា ដែលជាមេដឹកនាំនៃប្រទេសមហាអំណាចដ៏ធំ អញ្ជើញឲ្យចូលរួមកិច្ចប្រជុំនេះ”។
និយាយពីអ្នករិះគន់គណបក្សប្រជាជនកម្ពុជា ដែលខ្លះបានរៀបចំការតវ៉ាមួយដែលមានអ្នកចូលរួមប៉ុន្មានរយនាក់នៅខាងក្រៅរមណីយដ្ឋាន សាន់នីលែន កាលពីថ្ងៃច័ន្ទ លោក សុខ ឥសាន បានលើកឡើងថា ឆន្ទៈរបស់លោក អូបាម៉ា ក្នុងការអញ្ជើញលោក ហ៊ុន សែន ទៅកាន់រដ្ឋកាលីហ្វ័រញ៉ា នឹងធ្វើឲ្យពួកគេភ្ញាក់ស្មារតី។
លោកបានបន្តថា “វាមានន័យថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានសុទិដ្ឋិនិយមចំពោះស្ថានភាពរបស់កម្ពុជាតាមរយៈមិនជឿការញុះញង់របស់មនុស្សមួយក្រុមតូចនៅខាងគណបក្សប្រឆាំង។ វាប្រៀបបាននឹងដំបងឈើមួយដែលធំហើយធ្ងន់ វាយក្បាលមនុស្សរបស់គណបក្សប្រឆាំងដែលមិនដែលប្រើប្រាស់សុភវិនិច្ឆ័យច្បាស់លាស់អំពីស្ថានភាពរបស់កម្ពុជា”។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងដែលមានសញ្ជាតិអាមេរិក មានទស្សនៈយល់ឃើញខុសពីនេះចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក។
លោកស្រីបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះជាសញ្ញាយ៉ាងច្បាស់បង្ហាញពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ និងបំណងប្រាថ្នារបស់ខ្លួនចង់ចូលរួមជាមួយតំបន់នេះទាំងមូល ប៉ុន្តែបានធ្វើការកត់សម្គាល់ថា មេដឹកនាំមួយចំនួនដែលទទួលបានការអញ្ជើញទំនងជាឆ្លៀតឱកាសនេះដើម្បីស្វះស្វែងរកភាពស្របច្បាប់ប្រសើរជាងមុនតាមរយៈការចូលទៅកៀកលោក អូបាម៉ា។
លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយថា ”សហរដ្ឋអាមេរិកមានរបៀបវារៈមួយដែលកំពុងបង្កើនវិធានការដើម្បីពង្រឹងយុទ្ធសាស្ត្រស្នូលរបស់ខ្លួននៅអាស៊ី។ កិច្ចប្រជុំកំពូលអាសា៊នធ្វើជាម្ចាស់ផ្ទះដោយប្រធានាធិបតី អូបាម៉ា គឺជាការទទួលស្គាល់ដែល មេដឹកនាំអាស៊ានមួយចំនួនដែលដឹកនាំលទ្ធិប្រជាធិបតេយ្យតែសម្បកក្រៅ ព្យាយាមស្វែងរក។ ការរៀបចំកិច្ចប្រជុំកំពូលនេះនៅសហរដ្ឋអាមេរិកមានន័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលបានការអញ្ជើញ ហើយលោកនឹងទទួលយក”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយក៏បានមានប្រសាសន៍ដែរថា ការវាយតម្លៃរបស់លោក សុខ ឥសាន មានកំហុសឆ្គង ហើយថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់សាន់នីលែន គឺលើសពីមុខងាររបស់កម្ពុជា ក្នុងឋានៈជាសមាជិកនៅក្នុងអាស៊ាន ជាសមាគមតំបន់ដែលធ្វើសេចក្ដីសម្រេចដោយមតិរួម។
លោកបានលើកឡើងទៀតថា “អ្នកស្វែងរកសារដ៏សំខាន់មួយថា តើរដ្ឋការ អូបាម៉ា ផ្ដល់សារដ៏សំខាន់ណាមួយបែបនេះដែរឬទេ ហើយគ្មានរឿងបែបនេះឡើយ ពីព្រោះជាមូលដ្ឋានលោក ហ៊ុន សែន ជាផ្នែកមួយនៃគណៈប្រតិភូអាស៊ាន ហើយលោក អូបាម៉ា ចង់ចូលរួមជាមួយអាស៊ាន។ ខ្ញុំមិនបកស្រាយច្រើនពេកទេលើអត្ថន័យនេះ លើកលែងតែអ្វីដែលខ្ញុំយល់ឃើញថា សហរដ្ឋអាមេរិកកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាស៊ានជាតំបន់មួយ”។
លោក ខាល សេយ័រ (Carl Thayer) ដែលជាអ្នកជំនាញខាងអាស៊ីអាគ្នេយ៍នៅរាជបណ្ឌិត្យសភាកងកម្លាំងការពារជាតិអូស្ត្រាលី (Australian Defense Force Academy) បានមានប្រសាសន៍ថា ការព្យាយាមណាមួយរបស់លោក ហ៊ុន សែន ប្រើប្រាស់វត្តមាននៅសហរដ្ឋអាមេរិកដើម្បីកេងចំណេញនយោបាយ ទំនងជាទទួលរងការតបត។
លោកថ្លែងថា “លោក ហ៊ុន សែន អាចប៉ុនប៉ងធ្វើបែបនោះបាន ប៉ុន្តែខ្ញុំគិតថា សហរដ្ឋអាមេរិកនឹងប្រញាប់ធ្វើឲ្យខូចការព្យាយាមនោះ។ និយាយដោយស្មោះត្រង់ទៅ ប្រទេសថៃ និងកម្ពុជា កំពុងមានឈ្មោះមិនល្អ”។
លោកបានបន្តថា ហើយដោយសហរដ្ឋអាមេរិក កំណត់ទស្សនវិស័យលើទំនាក់ទំនងជាយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធជាមួយអាស៊ាន ការរាប់បញ្ចូលកម្ពុជា ក្នុងបញ្ជីឈ្មោះភ្ញៀវដែលត្រូវអញ្ជើញទៅកាន់សាន់នីលែន គឺជារឿងចាំបាច់ត្រូវធ្វើ ដោយលើកឡើងពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានដែលត្រូវបានគ្រោងទុកក្នុងឆ្នាំ២០០៧ នៅរដ្ឋតិចសាស ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចច ដាប់ប៊ឹលយូ ប៊ូស នៅពេលនោះដែលត្រូវបានលុបចោល បន្ទាប់ពីអ្នករៀបចំព្យាយាមផាត់ប្រទេសភូមាចេញ។
លោកបានបន្ថែមថា ”ពេលខ្ញុំនិយាយអំពីប្រធានាធិបតី ប៊ូស អញ្ជើញអាស៊ានមកកាន់ក្រហ្វដ រែនជ៍ (Crawford Ranch) និងការមិនរាប់បញ្ចូលមីយ៉ាន់ម៉ា ហើយអាស៊ាននឹងមិនចូលរួម នោះជាចំណុចសំខាន់។ អ្នកមិនអាចរៀបចំកិច្ចប្រជុំកំពូលនៅសាន់នីលែន ហើយមិនរាប់បញ្ចូលកម្ពុជាបានឡើយ។ លោក អូបាម៉ា មានទស្សនវិស័យជាយុទ្ធសាស្ត្រទូលំទូលាយជាង ហើយកិច្ចប្រជុំកំពូលនេះមិនមែននិយាយអំពីបញ្ហាសមុទ្រចិនខាងត្បូងទេ វាមិនត្រឹមតែនិយាយអំពី TPP ប៉ុណ្ណោះទេ វាក៏និយាយអំពីផែនការសកម្មភាពនៃភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។ ប្រទេសចិន ដើរទៅមុនសហរដ្ឋអាមេរិកប្រហែល១០ឆ្នាំ ឬច្រើនជាងនេះលើចំណុចនោះ ពីព្រោះរដ្ឋាភិបាលមុនៗរបស់អាមេរិកមិនបានលេងហ្គេមនោះដូចដែលលោក អូបាម៉ា កំពុងលេង”។
លោក ចេ រ៉េមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់អាមេរិកតំណាងឲ្យការគាំទ្រកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋាភិបាលឡើយ ប៉ុន្តែពេលថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃច័ន្ទ លោក ស្រី ស៊ូសែន រ៉ាយស៍ (Susan Rice) ទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានច្រានចោលទស្សនៈយល់ឃើញនេះ។
លោកស្រីបានថ្លែងថា “យើងទំនាក់ទំនងជាមួយប្រទេសនានាជុំវិញពិភពលោករួមទាំងនៅអាស៊ីផង ជាមួយអ្នកដែលយើងមានគំនិតខ្វែងគ្នាខ្លាំងលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អំពើពុករលួយ ហើយយើងពិតជានិយាយជាមួយពួកគេ។ ដូច្នេះដោយសារតែនៅអាស៊ី ឬកន្លែងផ្សេងទៀត យើងត្រូវបានតម្រូវឲ្យទំនាក់ទំនងជាមួយបណ្តារដ្ឋាភិបាល រួមទាំងក្នុងករណីខ្លះជាមួយអ្នកដែលយើងមានគំនិតខ្វែងគ្នាធំៗលើបញ្ហានានាដូចជា ការរំលោភសិទ្ធិមនុស្សជាដើម មិនមានន័យថា យើងកំពុងធ្វើឲ្យពួកគេ ឬឥរិយាបថរបស់ពួកគេស្របច្បាប់នោះឡើយ”៕ សុខុម