ព្រះអង្គម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិន្ទថន បានយាងចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តរតនគិរី និងយាងទៅជាថ្មីម្តងទៀតកាលពីម្សិលមិញ ដោយទ្រង់សោយព្រះក្រយាថ្ងៃត្រង់ក្បែរមាត់បឹង និងយាងចូលរួមសម្ពោធមណ្ឌលសុខភាពនៅថ្ងៃដំបូងនៃព្រះរាជដំណើរបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃមកកាន់ប្រទេសកម្ពុជា។
បន្ទាប់ពីជួបពិភាក្សាការងាររយៈពេលមួយម៉ោងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅអគារការិយាល័យរបស់លោក ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិន្ទថន បានយាងតាមឧទ្ធម្ភាគចក្រទៅកាន់បឹងយក្ខឡោមដ៏ពេញនិយមស្ថិតក្នុងក្រុងបានលុង ទីដែលបង្គន់អនាម័យដ៏ទំនើបមួយត្រូវបានសាងសង់តាមសំណើរបស់ព្រះអង្គ ហើយតាមការប៉ាន់ប្រមាណគឺចំណាយទឹកប្រាក់អស់ចំនួនជាង ៤០.០០០ដុល្លារ។ ប៉ុន្តែ ព្រះអង្គម្ចាស់ក្សត្រីយ៍អង្គនេះមិនបានប្រើប្រាស់បង្គន់អនាម័យនេះឡើយអំឡុងដំណើរឈប់សំចតរយៈពេលខ្លីរបស់ព្រះអង្គ។

លោក ញ៉ែម សំអឿន អភិបាលរងខេត្តបានមានប្រសាសន៍ថា “ព្រះអង្គម្ចាស់ក្សត្រីយ៍ មិនបានប្រើបង្គន់អនាម័យនេះទេ… ប៉ុន្តែព្រះអង្គបានយាងទៅទតបង្គន់អនាម័យនេះ។ នៅពេលព្រះអង្គយាងត្រឡប់ទៅរាជធានីភ្នំពេញវិញ ពួកគេបានរុះបង្គន់អនាម័យដ៏ទំនើបនេះ”។
បង្គន់អនាម័យដែលសាងសង់ឡើងប្រើពេល១៩ថ្ងៃដោយកម្មករថៃមួយក្រុមដែលជួលដោយក្រុមហ៊ុន Siam Cement Group (SCG) មានមូលដ្ឋាននៅទីក្រុងបាងកក បានធ្វើឱ្យអន្តរជាតិបានការចាប់អារម្មណ៍កាលពីចុងសប្តាហ៍។ នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃសុក្រ លោក Andrew MacGregor បានចាត់ទុកសំណង់នេះថាជា “ការប្រមាថដល់ពលរដ្ឋកម្ពុជា”។ លោក សំអឿន បានថ្លែងថា ដោយមិនមានបង្គន់អនាម័យ អគារទំហំ៨ម៉ែត្រក្រឡានេះនឹងត្រូវទុកឲ្យសហគមន៍យក្ខឡោមប្រើប្រាស់។
យោងតាមលោក ប៉ាក សុន អភិបាលខណ្ឌបានឱ្យដឹងថា ខណៈពេលស្ថិតនៅក្នុងខេត្តរតនគិរី ព្រះអង្គម្ចាស់ក្សត្រីយ៍ បានយាងចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធមណ្ឌលសុខភាពសាធារណៈមួយក្នុងសង្កាត់អូរជុំដែលជាព្រះរាជអំណោយរបស់ព្រះរាជវង្សថៃ។
លោកបានថ្លែងថា “ឥឡូវនេះ ប្រជាពលរដ្ឋរស់នៅក្បែរមណ្ឌលសុខភាពនោះអាចទៅរកសេវាសុខាភិបាលបានដោយស្រួល”។
យោងតាមលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងថា មណ្ឌលសុខភាពនេះត្រូវបានសាងសង់កាលពីឆ្នាំមុន និងចំណាយទឹកប្រាក់អស់ជាង២៦០.០០០ដុល្លារ ហើយមានគិលានុប្បដ្ឋាក៦នាក់ និងបុគ្គលិកគាំពារសុខភាពផ្សេងទៀត”។
លោក កៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរថ្ងៃក្រោយ ព្រះអង្គម្ចាស់ក្សត្រីយ៍ សិរិន្ទថន នឹងយាងទៅពិនិត្យមើលគម្រោងទាក់ទងនឹងចំណាប់អាម្មណ៍របស់ព្រះអង្គគឺ បច្ចេកវិទ្យា។
លោកបានថ្លែងថា ព្រះអង្គម្ចាស់ក្សត្រីយ៍នឹងយាងចូលរួមបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យានៅខេត្តកំពង់ស្ពឺ ដែលក៏ជាព្រះរាជអំណោយរបស់ព្រះរាជវង្សថៃផងដែរនៅថ្ងៃអង្គារ និងយាងទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលក្នុងខេត្តកំពង់ធំនៅថ្ងៃពុធ។
លោក កៅ គឹមហួន បានថ្លែងថា អំឡុងជំនួបជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍កាលពីព្រឹកម្សិលមិញ លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ព្រះអង្គម្ចាស់ក្សត្រីយ៍ចំពោះការរួមចំណែកជួយដល់វិស័យអប់រំ និងសុខាភិបាល នៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ព្រះអង្គម្ចាស់ក្សត្រីយ៍ចំពោះការរួមចំណែកជួយដល់វិស័យអប់រំ និងសុខាភិបាល ជាពិសេសទាក់ទងវិទ្យាស្ថានបច្ចេកវិទ្យា”៕សារុន