34 C
Phnom Penh

សកម្ម​​​ជន​​​ការ​​​ពារ​​​បរិស្ថាន​​​ស្នើ​​​​​ឲ្យ​​​លោក ហ៊ុន សែន ជួយ​​​ដើម្បី​ទទួល​​​បាន​​​ទិដ្ឋាការ​​​វិលមក​​​កម្ពុជា​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​​​ជន​​​ការ​​​ពារ​​​បរិស្ថាន​​​ អាឡិច ហ្គន​​​ហ្សាឡេស ដេវីដសុន បាន​ធ្វើ​​​ការ​​​អំពាវ​​​នាវ​​​ដោយ​​​ផ្ទាល់​​​ទៅ​​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន  សែន​​​   តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ម្សិលមិញ ស្នើ​​​សុំ​​​ឲ្យ​​​​លោក​​​ជួយ​ធ្វើយ៉ាង​ណា​ឲ្យ​ទទួល​​​បាន​​​ទិដ្ឋាការ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដើម្បី​​​​​​ចូល​​​រួម​​​សវនាការ​​​នៅ​​​ពេល​​​ខាង​​​មុខ​​​​​​​​ទាក់​​​ទិន​​​​​នឹង​​​ការ​​​ជួួ​យ​​​សកម្ម​​​ជន​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​។

សកម្ម​​​ជន​​​បី​​​នាក់​​​មក​​​ពី​​​អង្គការ​​​មាតា​​​ធម្ម ជាតិ​​​ ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​មាន​ លោក​​​ ហ្គន​​​ហ្សាឡេស ដេវីដសុន ជា​​​សហ​​​ស្ថាបនិកនោះ​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​ប្រកាន់​​​ដោយ​​​សាលាដំបូង​ខេត្ត​​​កោ​​​ះ​​​កុង​​​កាល​​​ ពីខែ​​​សីហា​​​ ពី​​​បទ​​​គំរាម​​​បង្ក​​​ការ​​​ខូច​​​ខាត​​​។ ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​កើត​​​ចេញ​​​ពី​​​យុទ្ធនាការ​​​មួយ​​​ របស់​​​ពួក​​​គាត់​​​ប្រឆាំង​​​នឹង​ក្រុមហ៊ុន​​​បូម​​​ខ្សាច់​​​ដែល​​​ពួក​​​គាត់​​​អះអាង​​​ថា ធ្វើ​​​ប្រតិបត្តិការ​​​ដោយ​​​ខុស​​​ច្បាប់។

កាល​​​ពី​​​ម្សិលមិញ លោក ហួន ម៉ានី​​​ ប្រធាន ​​​សាលាដំបូង​​​​បាន​​​អះ​​​អាង​​​ថា លោក ហ្គន​​​ហ្សា​​​ឡេស ដេវីដសុន ក៏​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ដែរ​​​។

លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​រួច​​​ហើយ​​​ ពី​​​បទ​​​សម​គំនិត​​​​​​​​​នៅ​​​ក្នុង​​​បទ​​​ល្មើស​​​ដូច​​​គ្នា​​​ដែល​​​ថ្នាក់​​​ក្រោម​​​​​​ របស់​​​គាត់​​​បាន​​​ប្រព្រឹត្ត​​​”។លោក​បាន​​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ។​​​​

កាល​​​ពី​​​​​​ឆ្នាំ​​​២០១៤​​​មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ហ្គន​​​ហ្សាឡេស ​​​ដេវីដសុន​​​ ​​​ថា​បាន​ដាក់​​​របាំង​​​ដោយ​​​ខុស​​​ច្បាប់​​បិទ​​​​ផ្លូវ​មួយ​​​​​​​ឆ្ពោះទៅ​​​កាន់​​​តំបន់​​​ជ្រលង​​​អារ៉ែង​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ ជា​​​ផ្នែក​​​នៃ​​​យុទ្ធនាការ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ដឹក​​​នាំ​​​ដោយ​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​ប្រឆាំង​​​​​​គម្រោង​​​ទំនប់​​​វារីអគ្គិសនី​​​។ ​​​ជា​​​ជាង​​​នាំ​​​គាត់​​​ទៅ​​​កាន់​​​តុលាការ​​​ រដ្ឋាភិបាល​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​ពន្យារ​​​ទិដ្ឋាការ​​​ឲ្យ​​​គាត់​​​ទេ​​​ ហើយ​​​បាន​​​និរទេស​​​សកម្មជន​ជន​​​ជាតិ​​​អេស្បា៉ញ​​​រូប​​​នេះ​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​មុន​​​។

លោក​​​  ហ្គន​​​ហ្សាឡេស ដេវីដសុន​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ចូល​​​រួម​​​សវនាការ​របស់ខ្លួន​​​​​​​​គឺ​​​ជា​​​សិទ្ធិ​​​ស្របច្បាប់​​​របស់​​គាត់​​​​។​ នៅ​​​ក្នុង​​​វីដេអូ​​​មួយ​​​បង្ហោះ​​​នៅលើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ គាត់​បាន​​​ស្នើ​​​ឲ្យ​​​លោក ​​​ហ៊ុន សែន ជួយ​​ធ្វើយ៉ាងណា​​​​ឲ្យ​​​គាត់​ទទួល​​​បាន​​​ទិដ្ឋាការ​​​ដែល​​​គាត់​ត្រូវ​​​ការ​​​ដើម្បី​​​វិល​​​ត្រឡប់មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​។

លោក​​​បាន​​​និយាយ​​​ជា​​​ភាសា​​​ខ្មែរ​​​នៅ​​​ក្នុង​​​វីដេអូ​​​នេះ​​​ដែល​​​អម​​​​​​​​​​​​ដោយ​ទូរបទ​​​(អក្សរ​​​លោតលើអេក្រង់)​ជាភាសា​​​​អង់គ្លេស​​​ថា ​​​”លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ដូច​​​ដែល​​​លោក​​​បាន​​​ដឹង​​​រួច​​​មក​​​ហើយ​​​ថា តុលាការ​ខេត្ត​​​កោះ​​​កុង​​​បាន​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ក្នុ​ង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ថា បាន​​​សម គំនិត​​​នៅ​​​ក្នុង​​​បទ​​​ល្មើស​​​មួយ​​​ជា​​​មួយ​​​នឹង​​​សកម្ម​​​ជន​​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​មក​​​ពី​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​…ទាក់​​​ទិន​​​នឹង​​​យុទ្ធនាការ​​​របស់​​​​យើង​​​​​​ប្រឆាំង​​​ការ​​​បូម​​​ខ្សាច់​​​នៅ​​​ក្នុ​​​ងខេត្ត​​​កោះ​​​កុង​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “តុលាការ​​​ខេត្ត​​​កោះ​​​កុង​​​នឹង​​​ផ្តន្ទាទោស​​​ខ្ញុំ​​​កំបាំង​​​មុខ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ ​​​ជា​​​អ្វី​​​ដែល​​​ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​​​​យក​​​បាន​​​ទេ​​​​​​ ព្រោះ​​​ការ​​​ធ្វើ​​​បែប​​​នេះ​​​​​​រំលោភ​​​សិទ្ធិ​​​មូល​​​ដ្ឋាន​​​របស់​​​ខ្ញុំ​​​”។

“ មាត្រា​​​៣៨​​​នៃ​​​រដ្ឋធម្មនុញ្ញ​​​កម្ពុជា​​​ មាត្រា​​​១៤​​​នៃ​​​អនុសញ្ញា​អន្តរជាតិ​​​ស្តី​​​ពី​​​សិទ្ធិ​​​ស៊ីវិល​​​ និង​​​សិទ្ធិ​​​នយោបាយ​​​ និង​​​មាត្រា​​​៣០០​​​នៃ​​​ក្រម​​​នីតិវិធី​​​ព្រហ្មទណ្ឌ​​​សុទ្ធ​​​តែ​​​តម្រូវ​​​​​​ថា ជន​​​ជាប់​​​ចោទ​​​ត្រូវ​​​ចូល​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ពេល​​​សវនាការ​​​របស់​​​តុលាការ​​​ដោយ​​​ផ្ទាល់​​​”។

លោក​​​ ហ្គន​​​ហ្សាឡេស ដេវីដសុន​​​ បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា លោក​​​​នឹង​​​ដាក់​​​ពាក្យ​​​ស្នើ​សុំ​​​ទិដ្ឋាការ​​​នៅ​​​ស្ថានទូត​​​កម្ពុជា​​​មួយ​ដែល​​លោក​​​មិន​​​បាន​បញ្ជាក់​​​ច្បាស់​​​លាស់​​​។លោក​​​បាន​​​​​​និយាយ​​​ថា “ហេតុដូច្នេះ​​​ ខ្ញុំ​​​ស្នើ​​​ឲ្យ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៃ​​​ប្រទេស​​​កម្ពុជា​​​មេត្តា​​​​​​ពន្លឿន​​​ពាក្យ​​​សុំ​​​របស់​​​ខ្ញុំ​​​ដើម្បី​​​ឲ្យ​​​ខ្ញុំ​​​មាន​​​ឱកាស​​​បាន​​​វិល​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ហើយ​​​ចូល​​​រួម​​​ការ​​​បើក​​​ សវនាការ​​​របស់​​​ខ្ញុំ​​​”។

ពេល​​​ទាក់​​​ទង​​​តាម​​​អីុម៉េល​​​ លោក​​​ ហ្គន​​​ហ្សាឡេស ដេវីដសុន បាន​​​លើក​​​ឡើង​​​ថា ​​​លោក​​​​​​មាន​​​គម្រោង​​​ដាក់​​​ពា​ក្យ​​​សុំ​​​ទិដ្ឋាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃជា​​​កន្លែង​​​ដែល​​​លោក​​​បាន​​​ថត​​​វីដេអូ​​​នេះ​​​។

លោក​​​បាន​​​និយាយ​​​ថា “បើ​​​គេ​​​ព្រម​​​ទទួល​​​យក​​​​​​ ខ្ញុំ​​​នឹង​​​វិល​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​​​​ក្នុង​​​ពេល​​​ឆាប់​​​ៗតាម​​​ដែលអាច​​​ធ្វើ​​​ទៅ​​​បាន។ ​​​ប្រសិន​​​​​​បើ​​​គេ​​​បដិសេធ​​​ មេធាវី​​​របស់​​​ខ្ញុំ​​​អាច​​​ប្រើ​​​ការ​​​បដិសេធ​​​នោះ​​​ដើម្បី ស្នើ​​​ឲ្យ​​​ប្រកាស​​​ចាត់ទុក​​​​​​សវនាការ​​​ទាំង​​​មូលរបស់ខ្ញុំ​ជា​​​មោឃៈ​​​​​ ព្រោះ​​​ថា បើ​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ល្មើស​​​ ហើយ​មិន​​​អនុញ្ញាត​​​ឲ្យ​​​ខ្ញុំ​​ការ​​​ពារ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​នោះ ​​​​​​គឺ​​​វា​​​រំលោភ​​​ច្បាប់​​​មួយ​​​ចំនួន​​​យ៉ាង​​​ច្បាស់​​​ក្រឡែត​​​​​​​​​”។

តំណាង​​​លោក​​​ ហ៊ុន សែន មិន​​​អាច​​​​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។

តាម​​​ផ្លូវ​​​ច្បាប់​​​ ទិដ្ឋាការ​​​គឺ​​​ស្ថិត​​​ក្នុង​​​បន្ទុក​​​ផ្លូវ​​​ច្បាប់​របស់​​​អគ្គ​នាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​។ ឧត្តម​​​សេនីយ៍​​​ សុខ ផល ​​​ដែល​​​ជា​​​អគ្គនាយក​​​​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​កំពុង​​​រង់​​​ចាំ​​​ការ​​​ណែ​​​នាំ​​​ពី​​​នាយករដ្ឋ​​​មន្ត្រី។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ឃើញ​​​វីដេអូ​​​នោះ​​​​​​ហើយ ប៉ុន្តែ ខ្ញុំ​​​មិន ​​​ទាន់​​​ដឹង​​​អំពី​​​ការ​​​សម្រេច​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​​ឡើយ​​​ទេ​​​”។លោក​​​បាន​​​បដិ​​​​​​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​៕​​​ ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស