37 C
Phnom Penh

រដ្ឋាភិបាល​​​ចាប់​​​ផ្តើម​​​រៀបចំ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​សម្រាប់​​​អ្នក​​​ក្រីក្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អឹុម ឈុនលឹម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​​​​នគរូបនីយកម្ម និង​​​សំណង់​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បុគ្គលិក​​​របស់​​​លោក​​​បាន​​​ចុះ​​​ទៅ​​កន្លែង​ធ្វើការ​រួច​​​ហើយ​​​ដោយ ​កំពុង​​​សិក្សា​​​អំពី​​​ដី​​​ធ្លី​​​ដែល​​​រដ្ឋា​​ភិបាល​​​បាន​​​ដក​ហូត​​​​ពី​​​ម្ចាស់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​សម្រាប់​​​ចែក​​​ជូន​​​គ្រួសារ​​​ក្រីក្រ​   ​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​នៅមិន​​​ទាន់​​​មាន​​ព័ត៌មាន​លម្អិត​​​ស្តី​​​ពី​​​ទី​​​តាំង​​​នៃ​​​ដីសម្បទាន​សេដ្ឋកិច្ច​​​​ទាំង​​​នោះ​​​​​​នៅឡើយ​​​ទេ​​​។ 

កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ​​​ហ៊ុន សែន បាន​​​ប្រកាស​​​បញ្ចប់​​​ការ​​​ពិនិត្យ​​​ឡើង​​​​​​​​​វិញ​​​រាប់​​​ឆ្នាំ​​​របស់​​​រដ្ឋាភិបាល​​​​​​លើ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​នៅ​ទូទាំង​​​ប្រទេស​​​ ហើយ​​​ថា ដី​​​ជិត​​​​ពាក់​​​កណ្តាល​​​នៃ​​​ដី​​​ទំហំ​​​ជាង​​​២លាន​​​ហិកតា​​​ដែល​​​ត្រូវ​​​បាន​​​ចែក​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​នានា​​​សម្រាប់​​​គម្រោង​​​កសិឧស្សាហកម្ម​​​ត្រូវ​​​បាន​​​ដក​​​ហូត​យក​​​មក​​​វិញ​​​ហើយ​​​។លោក​​​បាន​​​លើក​​​ឡើង​​​ថា ដី​​​ជិត​​​១លាន​ហិកតា​​​ដែល​​​ត្រូវ​បាន​​​ដក​​​ហូត​​​មក​​​វិញ​​​​ដោយ​​​ការ​​​ពិនិត្យ​​​ឡើ​​​ងវិញ​​​នេះ នឹង​​​ត្រូវ​​​ចែក​​​ជូន​​​អ្នក​​​ក្រីក្រ​​​ និង​គ្រួសារ​គ្មាន​​​ដី​ធ្លី​​​​ ប៉ុន្តែ​លោកបាន​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​តែ​​​បន្តិច​​​បន្តួច​​​ប៉ុណ្ណោះ​​​។

នៅ​​​ខាង​​​ក្រៅ​​​កិច្ច​​​ប្រជុំ​​​បូក​​​សរុប​​​ការ​​​ងារ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​នគ​​​រូប​​​នីយ​​​កម្ម​​​ និង​​​សំណង់​​​ ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ អឹុម ឈុន​​​លឹម បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ការ​​​ងារ​​​រាប់​​​សិបក្រុម​​​​បាន​​​ចាប់​​​ផ្តើម​​​សិក្សា​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​២១​​​កន្លែង​​​ក្នុង​​​ចំណោម​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ ដើម្បី​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​ថា ពួក​​​គេ​​​ផ្តល់​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ដែល​សម​​​រម្យ​​​សម្រាប់​​​អ្នក​​​ក្រី​ក្រ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ក្រុម​​​ការ​​​ងារ​​​ចំនួន​​​៣២​​​ក្រុម​​​ដែល​​​ដឹកនា​​​ំ​​​ដោយ ​​​មន្ត្រី មក​​​ពី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​នគ​​​រូបនីយ កម្ម និង​​​សំណង់ និង​​​មន្ត្រី​​​ផ្សេង​​​ទៀត​​​មក​​​ពី​​​ក្រសួង​​​កសិកម្ម និង​​​ក្រសួង​​​បរិស្ថាន​​​ ព្រម​​​ទាំង​​​អាជ្ញាធរ​​​មូលដ្ឋាន​​​ផង​​​ដែរ។ ពួក​​​គេ​​​កំពុង​​​តែ​​​វាស់​​​វែង​​​នៅ​ទី​​​តាំង​​​ទាំង​​​២១​​​កន្លែង​​​នោះ​​​”។

“ បន្ទាប់​​​ពី​​​យើង​​​ប្រមូល​​​ទិន្នន័យ​​​រួច​​​ យើង​​​នឹង​​​បង្កើត​​​កម្មវិធី​​​ជាក់​​​លាក់​​​ ហើយ​​​ធ្វើ​​​ផែន​​​ការ​​​ដើម្បី​​​ចែក​​​ដី​​​ទាំង​​​នេះ​​​ ប៉ុន្តែ យើង​​​មិន​​​ទាន់​​​ប្រមូល​​​ទិន្នន័យ​​​ចប់​សព្វ​​​គ្រប់​​​នៅឡើយ​​​ទេ​​​។        ការ​​​វាស់​​​វែង​​​ត្រូវ​​​ការ​​​ធ្វើ​​​ឡើង​​​ប្រកប​​​ដោយ​​​តម្លាភាព​​​ដើម្បី​​​ឲ្យ​​​ដឹង​​​ថា ដី​​​ណា​​​ខ្លះ​​​ទំនេរ​​​ និង​​​ដី​​​ណា​​​ខ្លះ​​​កំពុង​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដោយ​​​ប្រជា​​​ពល​​​រដ្ឋ​​​”។

គ្រួសារ​​​ដែល​​​គ្មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​ និង​​​​សហគមន៍​​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​កំពុង​​​រស់​​​នៅ​​​លើ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​មួយ​​​ចំនួន​​​ស្រាប់​ទៅ​​​ហើយ​​​ ដែល​​​ម្ចាស់​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ដោយ​​​អ្នក​​​ភូមិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ថា បាន​​​ចាប់​​​យក​​​ដី​​​ទាំង​​​នេះ​​​។ លោក​ អុឹម ឈុន​លឹម​ បាន​​​ប្រាប់​អ្នក​ចូល​រួមថា​ ក្រៅ​​​ពី​​​ចុះ​​​ពិនិត្យ​​​មើល​ថា​​​តើ​​​ដី​​​នៅ​​​ទី​​​តាំង​​​ទាំង​​​នោះ​​​ពិត​​​ជា​​​ទំនេរ​​​ ឬយ៉ាង​​​ណា​​​នោះ ​​​​​​ក្រុម​​​ការ​​​ងារ​​​ក៏​​​បាន​​​ពិនិត្យ​​​មើល​​​ថា តើ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​​​ចំនួន​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ដក​​​ហូត​​​យក​​​​​​មក​​​វិញ​​​មាន​​​គុណភាព​ល្អ​ឬអត់ដែរ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​​​មាន​​​ន័យ​​​ថា ដី​​​ទាំង​​​អស់​​​នោះ​​​សុទ្ធ​​​តែ​​​អាច​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​សម្រាប់ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​នោះ​​​ទេ ព្រោះ​​​ទី​​​១​​​ដី​​​ភាគ​​​ច្រើន​​​គឺ​​​ស្ថិត​​​ក្នុង​​​តំបន់​​​ ដាច់​​​ស្រយាល ហើយ​​​ទី​​​២​​​យើង​​​ត្រូវ​​​ការ​​​​ពិនិត្យ​​​ មើល​​​​​​ថា វា​​​ជា​​​ដ​​​ី​​​ល្អ ឫ​​​ក៏​​​អត់។ប្រសិន​​​បើ​​​យើង​​​ចែក​​​ដី​​​ដែល​​​មាន​​​សុទ្ធ​​​តែ​​​ថ្ម​​​ វា​​​មិន​​​ល្អ​​​ទេ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ជ្រើស​​​រើស​​​គ្រួសារ​​​ដែល​​​ទី​​​បំផុត​​​​​​នឹង​​​ផ្លាស់​​​ទៅ​​​រស់​​​នៅ​​​លើ​​​ទី​​​តាំងទាំង​​​នោះ​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​​​មិន​​​បាន​​​ប្រាប់​​​ពី​​​ពេលវេលា​​​នោះ​​​ឡើយ​​​។

រដ្ឋាភិបាល​​​នៅ​​​មិនទាន់​​​ផ្តល់​​​បញ្ជី​​​នៃ​​​ដីទំហំ​​​ជិត​​​១លាន​​​ហិកតា​​​ ដែល​​​លោក​​​ ហ៊ុន សែន​​​អះអាង​​​ថា ត្រូវ​​​បាន​​​ដក​​​ហូត​​​មក​​​វិញ​​​ពី​​​ម្ចាស់​​​កម្មសិទ្ធិ​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​នានា​​​នៅ​​ឡើយ​​​ទេ​​​ ហើយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​តែ​​​មាន​​​មន្ទិល ​​​ចំពោះ​​​តួលេខ​​​នេះ ។

លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី ប៊ិន ឈិន ដែល​​​នឹង​​​ដឹក​​​នាំ​​​គណៈកម្មការ​​​ពិសេស​​​ដែល​​​​​​​​​​​​​​​​​​​​​​​​​​​ទទួល​បន្ទុក​​​​ពិនិត្យ​​​ឡើង​​​វិញ​​​នូវ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ ​​​លោក វ៉ាន សំអឿន ដែល​​​ក៏មាន​តួនាទី​នៅ​​​ក្នុង​​​​​​គណៈកម្មការ​​​នេះ​​​ដែរ​​​នោះ និង​​​ដែល​​​ជា​​​អនុប្រធាន​​​របស់​​​លោក ប៊ិន ឈិន នៅ​​​អាជ្ញាធរ​​​​​​ជាតិ​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​គ្មាន​​​បញ្ជី​​​នៃ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ឡើយ​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​ក្រសួង​​​ពាក់​​​ព័ន្ធ​​​នានា​​​។

លោក អៀង ស​​​ុផាល្លែត អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​កសិកម្ម និង​​​ជា​​​អ្នក​​​ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​ចែក​​​រំលែក​​​ច្បាប់​​​ចម្លង​​​នៃ​​​បញ្ជី​​​នេះ​​​ទេ​​​ព្រោះ​​​លោក​​​លើក​​​ឡើង​​​ថា សន្និសីទ​​​កាសែត​​​ស្តី​​​ពីការ​​​ពិនិត្យ​​​ដី​​​ធ្លី​​​ឡើវិញ​គ្រោង​​​នឹង​​​ធ្វើ​​​ឡើង​នៅ​​​ប៉ុន្មាន​​​សប្តាហ៍​​​ក្រោយ​​​នេះ​​​ហើយ​​​។

អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​បរិស្ថាន​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​​​​នោះ​​​ទេ​​​៕ ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ អូន ភាព ​​​និង ​​​Zsombor Peter)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស