29 C
Phnom Penh

គណបក្ស​ប្រឆាំង​​​​​ច្រាន​ចោល​​​ខ្សែ​​​អាត់​សំឡេង​​​ជា​​​ច្រើន​​​​​​ទាក់​​​ទិន​​​រឿង​​​​​​អាស្រូវ​​​​​​​​​ផ្លូវ​​​​​​​​​ភេទ​​​​​​​​​​​​របស់លោក​​​ កឹម សុខា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​​​បាន​ច្រាន​ចោល​​​​ខ្សែអាត់​សំឡេង​​​​​​ជា​​​​​​​​​បន្ត​​​បន្ទាប់ចេញ​​​​​​​ផ្សាយ​​នៅ​សប្ដាហ៍​នេះ​ ដែល​គេ​ថា ​​​ជា​​​សំឡេង​​​​​​​​របស់​លោក កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​គ្នា​​​ជាមួយ​ស្រីស្នេហ៍​របស់​លោក ហើយ​​​លើក​ឡើង​ថា ខ្សែអាត់​សំឡេង​ទាំង​នេះ​មាន​បំណង​បង្ក​ “​បញ្ហា” ដល់​​​​គណបក្ស​​​​របស់​​​លោក​​​។

ខ្សែអាត់​សំឡេង​ទាំង​នេះ​​ដែល​​នីមួយៗ​មាន​រយៈពេល​ប្រហែល​មួយ​នាទី ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃច័ន្ទ​លើ​ទំព័រហ្វេសប៊ុក​​​​របស់​​​ស្រី​​​ស្នេហ៍​​​ម្នាក់​​​នោះ​​​ឈ្មោះ “ស្រីមុំ”។ ​​​ខ្សែ​​​អាត់​ទាំង​នេះ​បាន​​ធ្វើ​ឲ្យ​សាធារណជន​​​​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​កាលពី​ម្សិលមិញ បន្ទាប់ពី​​គេហទំព័រ​ព័ត៌មាន​​ក្នុង​ស្រុក​ដើម​អំពិល បាន​បង្ហោះ​អត្ថបទ​ជាច្រើន​​អំពី​វា​ដោយ​​ភ្ជាប់​​ Profile​​​ ហ្វេសប៊ុក​របស់ ​ស្រីមុំ។

​រឿង​​​​អាស្រូវ​​​​​នេះ​​​ត្រូវ​បាន​​​​​​ចុះ​​​ផ្សាយ​​​​​​តាម​​​ក្រោយ​​​​ដោយ​ស្ថាប័ន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ជា​ភាសា​ខ្មែរ​មួយ​ចំនួន​ទៀត​ដែល​​​គាំទ្រ​​​​រដ្ឋាភិ​​​បាល និង​ត្រូវ​បាន​ជជែក​ដេញ​ដោល​​យ៉ាង​ទូលំ​​​ទូលាយ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

ក្នុង​ខ្សែអាត់​នីមួយៗ​អាច​ស្ដាប់​ឮ​បុរស​ម្នាក់​ដែល​មាន​សំឡេង​ស្រដៀង​នឹង​​សំឡេង​របស់​លោក កឹម សុខា និយាយ​​​ញ៉ែ​គ្នា​ជាមួយ​នារី​ម្នាក់​ដែល​គេហទំព័រ​ដើម​អំពិល​បញ្ជាក់​ថា ឈ្មោះ ស្រីមុំ។ នៅ​ក្នុង​ការ​សន្ទនា​មួយ​​​អាច​​​ស្ដាប់​ឮ​​នារី​នោះ​សួរ​ទៅ​បុរស​​នោះ​​​​​ទាក់​​​ទិន​​​​​​​ទំនាក់​ទំនង​របស់​គាត់​ជាមួយ​សកម្មជន​​នយោបាយ ធី សុវណ្ណថា​វ័យ​​២០​ឆ្នាំ ។

នារី​នោះសួរ​​​ថា “​បងឯង​ទាក់ទង​គេ​មែនជាមួយ ធី សុវណ្ណថា? ឥឡូវ​គេ​ល្បី​ថា​បងឯង​ទាក់​ទង​ជាមួយ​គេ និង​ទិញឡាន​ឲ្យ​”។

បញ្ឆិត​បញ្ឆៀង​ដល់​ជម្លោះ​​របស់​សកម្មជន​រូប​នេះ​ជាមួយ​កញ្ញា កឹម មនោវិទ្យា ដែល​​​ត្រូវ​​​ជា​​​​​​​​​កូនស្រី​របស់​លោក កឹម សុខា និង​ជា​អនុប្រធាន​កិច្ចការ​សាធារណៈ​​​​របស់​​​​គណ​​​បក្ស​​​​ប្រឆាំង បុរស​នោះ​ឆ្លើយ​ថា “​អត់​មានទេ ព្រោះ​​វា​ឈ្លោះ​ជាមួយ​កូន​ខ្ញុំ ឈ្លោះ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ”។​

​បុរស​នោះ​បាន​និយាយ​​អំពី​ ធី សុវណ្ណថា ដូច្នេះ​ថា “​​វា​ប្រើ​ប្រាស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​ដើម្បី​ធ្វើ​នយោបាយ​ បាន​លុយ​បាន​អី​ពី​​​ក្រៅ​។ ខ្ញុំ​ស្បថ​ឲ្យ​រលាយ​​បើ​ខ្ញុំ​ពាក់​ព័ន្ធ​ជាមួយ​ ធី សុវណ្ណថា”។

​នៅ​ក្នុង​ការ​សន្ទនា​ផ្សេងៗ​ទៀត អ្នក​ទាំង​ពីរ​បាន​និយាយ​​បញ្ឆិត​បញ្ឆៀង​ដល់​ទំនាក់​ទំនង​ផ្លូវ​ភេទ​របស់​​​​ខ្លួន​​​។ ​ក្នុង​ខ្សែអាត់​​មួយ​ បុរស​​​នោះ​សួរ​ថា “​អូន​ឯង​ចង់​ឲ្យ​បង​ញាប់​អញ្ចឹង​ហ្អេះ? ពីរ​ថ្ងៃ​១០​ដង​​អញ្ចឹង​ហ្អេះ?”​​​នារី​នោះ​ឆ្លើយ​ថា “ចង់”។

បុរស​នោះ​និយាយ​ទៀត​ថា “​អូនឯង​ចង់​អញ្ចឹង​ហ្អេះ?” នាង​ឆ្លើយ​ថា ​”អូខេ អត់បញ្ហា​បង​សំឡាញ់​”។ ​​​

​​​ទាក់​​​ទិន​​​​​​បញ្ហា​​​​​​នេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានមាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​​​ថា បុរស​នៅ​ក្នុង​​ខ្សែអាត់​សំឡេង​នោះ​​​​​មិនមែន​​​​​​​ជា​​លោក កឹម សុខា​ ទេ។

លោក​​បាន​បន្ត​ថា “ខ្ញុំ​បាន​ឮ​ខ្សែអាត់​​​​​​ សំឡេង​ដែល​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ហើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា ទេ។ ខ្ញុំ​គិត​ថា​​​ មាន​​​​​​អ្នក​​​ណា​​​​​​ម្នាក់​​​បាន​បង្កើត​ខ្សែអាត់​សំឡេង​​​ទាំង​​​​នេះ​ឡើង​ដើម្បី​បង្ក​បញ្ហា​ដល់​គណបក្ស​សង្គ្រោះជាតិ​” ហើយ​​​ថា លោក​ “​មិន​​​​ព្រួយ​បារម្ភ​” ចំពោះ​ខ្សែអាត់​​​ទាំង​នេះ​ឡើយ។​​​

ទោះ​ជាយ៉ាង​ណា លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា និង​កញ្ញា ធី សុវណ្ណថា មិនអាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​​​ទេ​កាលពី​ម្សិលមិញ។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​​​ បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ​បញ្ហា​ចេញ​ពី​ខ្សែ​អាត់​សំឡេង​ទាំង​នេះ មិន​ថា​វា​ពិត​ឬ​មិន​​​ពិត គឺ​វា​នឹង​មិន​ធំដុំ​ឡើយ។ ​​”​បើ​យើង​ក្រឡេក​មើល​អតីត​កាល​ គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មាន​​ការ​ទម្លាយ​​​ព័ត៌មាន​ស្រដៀង ​គ្នា” នេះ​​ជា​​​​​​​​​អ្វី​​​ដែល​​​​​​​​​លោក​​​ អ៊ូ វីរៈ ​​​លើក​​​ឡើង​​​​​​​​​​​​​​​អំពី​​​​ការ​ចោទ​ប្រកាន់ថា លោក កឹម សុខា បាន​​ចំណាយ​ប្រាក់​​ដើម្បី​រួម​ភេទ​ជា​​​មួយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ ហើយ​ក៏​​​​បាន​​​​​​បោះ​បង់​​ស្រីស្នេហ៍​​ម្នាក់​​​​​​​​​ចោល​​​​ដែរ​ ​​​ដោយ​​​ទុក​​​ឲ្យ​នាង​ចិញ្ចឹម​កូន​ពីរ​នាក់​តែ​ម្នាក់​ឯង​។

លោក​​​​​​បាន​​​​​​បន្ត​​​ថា “អ្វី​ដែល​ខ្ញុំ​គិត​​គឺ​ថា តើ​គាត់​ [លោក កឹម សុខា] ដោះ​ស្រាយ​វា​តាម​វិធី​ណា​។ ឲ្យ​តែ​គាត់​មិន​អើ​ពើ​នឹង​វា​ ខ្ញុំគិត​ថា វា​ប្រហែល​ជា​ស្ងប់​ស្ងាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​​១សប្ដាហ៍ ឬ​២សប្ដាហ៍ ហើយ​វា​នឹង​មិន​ក្លាយ​ជា​បញ្ហា​ធំ​ទេ”៕ សុខុម (រាយការណ៍​​បន្ថែម​ដោយ Anthony Jensen)​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស