បន្ទាប់ពីសាកសួរស្ត្រីដែលគេចោទថាជាស្រីស្នេហ៍របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង អស់រយៈពេល៤ម៉ោងកាលពីថ្ងៃសុក្រ នគរបាលប្រឆាំងភេរវកម្មនិយាយថា ខ្លួនអាចនឹងកោះហៅលោក សុខា ក្នុងពេលដែលនគរបាលជំរុញការស៊ើបអង្កេតលើសំឡេងខ្សែអាត់ជាចំណុចនៃពាក្យបណ្តឹងបរិហារកេរ្តិ៍។
សំឡេងខ្សែអាត់ដែលគេបង្ហោះតាមហ្វេសប៊ុកកាលពីដើមខែនេះត្រូវគេអះអាងថាជាការសន្ទនារវាងលោក សុខា និង ខឹម ចាន់ដារាទី ដែលគេស្គាល់ជាទូទៅតាមហ្វេសប៊ុកថា ម៉ុនស្រី ដែលនៅក្នុងសំឡេងនោះ អ្នកទាំងពីរពិភាក្សាគ្នាអំពីការមានផ្ទៃពោះ និងនិយាយសំដៅលើការរួមសង្វាស។

និយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសាកសួរនៅឯក្រសួងមហាផ្ទៃ កញ្ញា ចាន់ដារាទី បាននិយាយថា នគរបាលបានចាក់សំឡេងខ្សែអាត់ដែលមានមួយចំនួនបានបង្ហោះលើទំព័រហ្វេសប៊ុករបស់នាង ហើយបានសួរនាងអំពីទំនាក់ទំនងជាមួយលោក សុខា។
កញ្ញារូបនេះបាននិយាយនៅឯការិយាល័យគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជាក្នុងក្រុងភ្នំពេញថា “ខ្ញុំបានប្រាប់ប៉ូលិសថា ខ្ញុំសូមបដិសេធថាមិនមានទំនាក់ទំនងស្នេហាជាមួយគាត់ទេ ហើយសំឡេងខ្សែអាត់ទាំងនោះមិនមែនជាសំឡេងខ្ញុំទេ”។
កញ្ញា ចាន់ដារាទី បាននិយាយបន្ថែមថា នាងបាននិយាយជាមួយលោក សុខា តែម្តងប៉ុណ្ណោះគឺនៅពេលដែលគាត់បានហៅទូរស័ព្ទមកហាងកាត់សក់ ដែលនៅទីនោះនាងបានធ្វើការ ដោយសួរថាជាងកាត់សក់ទំនេរឬទេ។
កញ្ញា ចាន់ដារាទី បាននិយាយថា នគរបាលក៏បានសួរនាងអំពីកញ្ញា ធី សុវណ្ណថា សកម្មជនប្រឆាំងរដ្ឋាភិបាលដ៏លេចធ្លោ ដែលបានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ ដែលនាំឲ្យនគរបាលបើកការស៊ើបអង្កេតលើខ្សែអាត់សំឡេងនោះ។ ក្នុងខ្សែអាត់សំឡេង ស្ត្រីនោះបានសួរបុរសដែលគេអះអាងថាជាលោក សុខា ទាក់ទងនឹងពាក្យចចាមអារ៉ាមថា លោកមានស្នេហាជាមួយកញ្ញា សុវណ្ណថា ដែលលោកបដិសេធ ដោយអះអាងថាសកម្មជនរូបនោះពីមុនបានប្រើគណបក្សសង្គ្រោះជាតិ ដើម្បីរកប្រាក់កាស់។។
កញ្ញា ចាន់ដារាទី បាននិយាយថា “ប៉ូលិសក៏បានចាក់សំឡេងខ្សែអាត់ទាក់ទងនឹងការចោទថា ខ្ញុំបរិហារកេរ្តិ៍កញ្ញា ធី សុវណ្ណថា។ បន្ទាប់មកខ្ញុំប្រាប់ប៉ូលិសថា៖ តើខ្ញុំបរិហារកេរ្តិ៍នាងយ៉ាងម៉េចកើត បើខ្ញុំមិនស្គាល់ថា ធី សុវណ្ណថា ជានរណាផងនោះ ហើយខ្ញុំក៏មិនដែលជួបនាងដែរ?”
កញ្ញា ចាន់ដារាទី ដែលនិយាយថាគណនីហ្វេសប៊ុកនាងត្រូវគេលួចចូលមើល បានស្វែងរកការជួយពីអង្គការសិទ្ធិមនុស្សអាដហុកកាលពីដើមសប្តាហ៍នេះ ដោយសារតែនាងព្រួយបារម្ភអំពីការកោះហៅដោយនគរបាល។កញ្ញារូបនេះបាននិយាយថា នាងបានស្នើសុំឲ្យនគរបាលកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ។
កញ្ញា ចាន់ដារាទី បាននិយាយថា “ខ្ញុំស្នើសុំឲ្យប៉ូលិសជួយធានាសន្តិសុខខ្ញុំ ហើយសុំជួយរកយុត្តិធម៌ឲ្យខ្ញុំ ហើយសុំស្វែងរកអ្នកដែលលួចចូលគណនីខ្ញុំ ហើយបង្ហោះលើហ្វេសប៊ុក”។
លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនបានមានប្រសាសន៍ថា លោកពេញចិត្តនឹងការសហការរបស់កញ្ញា ចាន់ដារាទី ក្នុងពេលសាកសួរនោះ។
លោក សុខឃី បានមានប្រសាសន៍ថា “ប៉ុន្តែ ខ្ញុំសូមរក្សាសិទ្ធិមិនឆ្លើយសំណួរ ពីព្រោះការស៊ើបអង្កេតកំពុងបន្ត”។ លោកបាននិយាយបន្ថែមថា វាអាចថានគរបាលនឹងកោះហៅលោក សុខា ទាក់ទងនឹងសំឡេងខ្សែអាត់។
លោក សុខឃី បានមានប្រសាសន៍ថា “ខ្ញុំគិតថា យើងត្រូវការចម្លើយ ប្រសិនបើចាំបាច់។ យើងនឹងស្រាវជ្រាវ និងស៊ើបអង្កេតបញ្ហាទាំងអស់”។
សួរថាហេតុអ្វីបានជានាយកដ្ឋានរបស់លោកធ្វើការស៊ើបអង្កេតសំឡេងខ្សែអាត់នោះ ឧត្តមសេនីយ៍ឯក សុខឃី បានមានប្រសាសន៍ត្រឹមតែថា មានការចាត់ឲ្យធ្វើដោយអគ្គស្នងការនគរបាលជាតិ បន្ទាប់ពីមានបទបញ្ជាឲ្យស៊ើបអង្កេតដោយព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញមួយរូប៕