ក្រុមមន្ត្រីសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃច័ន្ទថា សហភាពអឺរ៉ុបជាអ្នកវិនិយោគនាំមុខគេនៅលើពិភពលោកនៅក្នុងបណ្តាប្រទេសអាស៊ាន តែមិនដល់មួយភាគរយនៃការវិនិយោគរបស់ខ្លួនក្នុងតំបន់នេះផង មាននៅក្នុងប្រទេសកម្ពុជា ជាស្ថិតិដែលឆ្លុះបញ្ចាំងអំពីការខ្វះធនធានមនុស្សរបស់ប្រទេសកម្ពុជា និងបរិយាកាសពាណិជ្ជកម្មពិបាកយល់។
ជំនួបនៅក្នុងការសន្ទនាពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុបដំបូងដែលរៀបចំដោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅកម្ពុជា (EuroCham) ក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ តំណាងជាច្រើនរូបនៃប្លុកនេះបានជំរុញឲ្យប្រទេសកម្ពុជាខ្នះខ្នែងធ្វើការកែទម្រង់ដើម្បីទាក់ទាញការវិនិយោគក្រៅប្រទេសផ្ទាល់ពីពាណិជ្ជកម្មអឺរ៉ុប។

លោក អេមម៉ានូអែល មេណានតូ ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅកម្ពុជាបាននិយាយថា “កាលពីមុន មានការស្ទាក់ស្ទើរពីក្រុមអ្នកវិនិយោគអឺរ៉ុប។ ប៉ុន្តែឥឡូវនេះ ដោយមានការធ្វើសមាហរណកម្មចូលទីផ្សារអាស៊ាន ស្ថិរភាពនិងកំណែទម្រង់នយោបាយ អ្នកវិនិយោគមានការចាប់អារម្មណ៍ ប៉ុន្តែការវិនិយោគក្រៅប្រទេសផ្ទាល់[ក្នុងប្រទេសកម្ពុជា]ពីអឺរ៉ុបមានតិចតួចនៅឡើយ”។
យោងតាមទិន្នន័យដែលបង្ហាញដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន ឲ្យដឹងថាក្នុងឆ្នាំ២០១៤ ប្រទេសកម្ពុជាបានទទួល០,៣ភាគរយនៃការវិនិយោគសរុបមកកាន់អាស៊ានពីសហភាពអឺរ៉ុប គឺ៨៦លានដុល្លារនៃទឹកប្រាក់ប្រហែល២៩ពាន់លានដុល្លារ។ ប្រាក់នេះមាននៅរាយប៉ាយជាច្រើនផ្នែក គឺមានចាប់តាំងពីហេដ្ឋារចនាសម្ពន្ធរហូតដល់កិច្ចការធនាគារជាដើម។
ការស្ទង់មតិលើការទុកចិត្តផ្នែកពាណិជ្ជកម្មនៃតំណាងពាណិជ្ជកម្មអឺរ៉ុបនិងអន្តរជាតិ៧២នាក់ក្នុងប្រទេសកម្ពុជា ដែលធ្វើដោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅកម្ពុជាកាលពីឆ្នាំមុន បានផ្តល់សញ្ញាមួយចំនួនចំពោះមូលហេតុដែលអ្នកវិនិយោគបរទេសផ្សេងទៀតព្រងើយកន្តើយមិនចាប់អារម្មណ៍ប្រទេសនេះ។ ហើយ៧៩ភាគរយនៃអ្នកឆ្លើយតបបានលើកឡើងអំពីតម្លៃទាបនៃធនធានមនុស្ស ជាប្រយោជន៍ធំនៃការធ្វើវិនិយោគក្នុងប្រទេសនេះ ៥៣ភាគរយបង្ហាញពីកង្វះធនធានមនុស្សដែលអាចរកបាន ជាឧបសគ្គចម្បងក្នុងការធ្វើពាណិជ្ជកម្ម។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការជំរុញការអប់រំនិងការបណ្ដុះបណ្ដាលជាអាទិភាពមួយរបស់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ការបណ្តុះបណ្តាលឲ្យមានជំនាញជាអាទិភាពមួយ។ យើងចង់ឲ្យមាននិស្សិតថ្នាក់បណ្ឌិតច្រើននាក់ទៀត និងមានវគ្គបណ្តុះបណ្តាលដែលបង្កើនជំនាញរបស់កម្មករឲ្យបានឆាប់រហ័ស។ ការទាក់ទាញវិនិយោគក្រៅប្រទេសផ្ទាល់ មិនត្រឹមតែអំពីពន្ធលើកទឹកចិត្តប៉ុណ្ណោះទេ។ ការខ្វះកម្មករជំនាញក៏ជាឧបសគ្គមួយដែរ”។
ការស្ទង់មតិដោយ EuroCham ក៏បានលើកឡើងដែរថា កង្វះសេចក្តីទុកចិត្តលើទីភ្នាក់ងាររដ្ឋាភិបាលជាការធ្វើឲ្យរួញរាដល់ការវិនិយោគរបស់សហភាពអឺរ៉ុប។
សំណុំបែបបទនិងការបង់តម្លៃស្មុគស្មាញពិបាកយល់ នីតិវិធីការិយាធិបតេយ្យស្មុគស្មាញ និងច្បាប់មិនច្បាស់លាស់ ជាបញ្ហាបីលើគេ ដែលអ្នកឆ្លើយតបបាននិយាយថា ចាំបាច់ត្រូវដោះស្រាយដោយរដ្ឋាភិបាល។
គោលនយោបាយ “សៀវភៅស” រៀបចំដោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅកម្ពុជា ក៏ត្រូវបានប្រគល់ជាផ្លូវការទៅរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទដែរ ដោយស្នើឲ្យមានសេចក្តីច្បាស់លាស់ទាក់ទិននឹងច្បាប់និងបទបញ្ញត្តិក្នុងវិស័យទាំងប្រាំបីនៃសេដ្ឋកិច្ច។
លោក សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានស្វាគមន៍សំណើទាំងនេះ ដោយលោកបានក្រើនរំឭកថា ពាណិជ្ជកម្មក្នុងស្រុកត្រូវកែតម្រូវតាមដើម្បីទាក់ទាញដៃគូអឺរ៉ុប។
លោកបាននិយាយថា “ប្រជាជនអឺរ៉ុបភាគច្រើនចង់បានពាណិជ្ជកម្មមានស្តង់ដារ និងលក្ខណៈជាប្រព័ន្ធ។ យើងមានរបៀបផ្សេងគ្នាក្នុងការធ្វើពាណិជ្ជកម្ម ប៉ុន្តែយើងត្រូវតែមានជាប្រព័ន្ធថែមទៀត ហើយធ្វើឲ្យក្រុមហ៊ុនកាន់តែមានតម្លាភាពដែរ”។
មន្ត្រីសហភាពអឺរ៉ុបមួយចំនួនបានកត់សម្គាល់ថា កំណែទម្រង់របស់រដ្ឋាភិបាល ក្នុងនោះមានទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកាលពីឆ្នាំមុនផង ដែលសំដៅធ្វើឲ្យប្រទេសប្រសើរឡើងពីឧស្សាហកម្មដែលប្រើពលកម្មច្រើន ទៅជាការប្រើពលកម្មជំនាញ គឺកំពុងជំរុញប្រទេសនេះក្នុងទិសដៅត្រឹមត្រូវ។
លោក ហ្គីឡោម ម៉ាស៊ិន អនុប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបនៅកម្ពុជា បាននិយាយថា “កំណែទម្រង់រដ្ឋាភិបាលមិនទាន់ទទួលបានការពេញចិត្តនៅឡើយ”។
លោកបាននិយាយថា “ការចុះបញ្ជីពាណិជ្ជកម្មតាមអីុនធឺណិតរបស់ក្រសួងពាណិជ្ជកម្មក៏ជាជំហានវិជ្ជមានមួយដែរ។ ហើយ មានជំនឿទុកចិត្តពាណិជ្ជកម្មនៅតែខ្លាំង ពោលគឺ៨១ភាគរយនៃអ្នកឆ្លើយតប[ទៅនឹងការស្ទង់មតិនេះ] មានគម្រោងវិនិយោគបន្ថែមទៀតនៅកម្ពុជា”។
ប៉ុន្តែ លោក ហ្វីលីប ឌូភូស ប្រធានផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបនៅប្រទេសថៃ បានជំរុញឲ្យរដ្ឋាភិបាលបង្កើនជំហានកំណែទម្រង់ ដើម្បីសម្រួលផលិតកម្មដែលមានតម្លៃខ្ពស់ ក្នុងពេលមានប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិកំពុងផ្លាស់ប្តូរ ដែលអាចប៉ះពាល់ខ្លាំងដល់ប្រយោជន៍ដែលមានយូរមកហើយរបស់ប្រទេសនេះ។
លោក ឌូភូស បាននិយាយថា “ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុបនិងសមាជិកភាព[កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក]របស់វៀតណាម ផលប្រយោជន៍តម្លៃរបស់កម្ពុជាបើប្រៀបធៀបទៅ គឺថយចុះ”។
លោកបាននិយាយបន្ថែមថា “ប្រទេសនេះកំពុងប្រកួតប្រជែងរកការវិនិយោគ ហើយពិភពលោកមិននៅទ្រឹងមួយកន្លែងទេ។ កម្មករជំនាញនិងបរិយាកាសច្បាប់គឺសំខាន់ដល់ការទ្រទ្រង់ភាពប្រកួតប្រជែងរបស់ប្រទេសនេះ”៕ និត