មន្ត្រីតុលាការមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងខេត្តកោះកុងបានលើកលែងការចោទប្រកាន់ពីបទសមគំនិតលើស្ថាបនិកអង្គការមាតាធម្មជាតិពីររូប ប៉ុន្តែ នាយកប្រតិបត្តិដ៏ទាក់ទាញរបស់អង្គការនេះ គឺលោក អាឡិច ហ្គនសាឡេស ដេវីដសុន ដែលជាជនជាតិអេស្ប៉ាញនោះនៅតែជាប់ការចោទប្រកាន់ពីបទចោទដូចគ្នានេះដដែល។
លោក ហ្គនសាឡេស ដេវីដសុន ដែលត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុនបានលើកឡើងនៅក្នុងសារឆ្លើយតបថា លោកមានគម្រោងព្យាយាមត្រឡប់មកវិញដើម្បីប្រឈមនឹងការកាត់ទោសប៉ុន្តែ ថា សាលាដំបូងខេត្តនេះ “ព្រួយបារម្ភ” ថា វត្តមានរបស់លោកនឹងធ្វើឲ្យខូចផែនការបើកសវនាការដែលគ្រាន់តែជាឆាកល្ខោន។
កាលពីខែសីហា សកម្មជនអង្គការមាតាធម្មជាតិបីនាក់ គឺ ស៊ឹម សំណាង អាយុ២៩ឆ្នាំ ទ្រី សុវិជ្ជា អាយុ២៦ឆ្នាំ និង ស៊ុន ម៉ាឡា អាយុ២៤ឆ្នាំ ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ពីបទគំរាមបង្កការខូចខាត ជាការចោទប្រកាន់ដែលកើតចេញពីយុទ្ធនាការរបស់ពួកគេប្រឆាំងការបូមខ្សាច់នៅក្នុងពាមមួយក្នុងខេត្តកោះកុង។
ក្រោយមក ព្រះតេជគុណ ព្រំ ធម្មជាតិ និង ព្រះតេជគុណ សូ ចន្ត្រា ជាព្រះសង្ឃដែលបង្កើត អង្គការនេះជាមួយលោក ហ្គនសេឡេស ដេវីដសុន ត្រូវបានចោទប្រកាន់ថា ជាអ្នកសមគំនិតនៅក្នុងករណីនេះ។
ទោះជាយ៉ាងណា កាលពីម្សិលមិញលោកស្រី ឈុំ ដាវី ចៅក្រមសើុបសួរនៅសាលាដំបូងខេត្តេនះបានលើកឡើងថា ការចោទប្រកាន់លើព្រះសង្ឃទាំងពីរអង្គនេះត្រូវបានលើកលែងដោយសារគ្មានភ័ស្តុតាងភ្ជាប់ព្រះអង្គទាំងពីរទៅនឹងបទល្មើសនេះ។
ដោយបដិសេធមិននិយាយថា តើភ័ស្តុតាងអ្វីដែលសាលាដំបូងមានសម្រាប់ដាក់បន្ទុកលើសកម្មជនជនជាតិអេស្ប៉ាញរូបនេះ លោកស្រី ឈុំ ដាវី បានលើកឡើងថា “ខ្ញុំលើកលែងការចោទប្រកាន់លើព្រះសង្ឃទាំងពីរអង្គ ព្រោះយើងគ្មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ព្រះអង្គទាំងពីរ។ ប៉ុន្តែ សម្រាប់ អាឡិច គាត់នៅតែត្រូវបានចោទប្រកាន់ ព្រោះយើងមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់គាត់”។
លោក ហ្គនសាឡេស ដេវីដសុន ដែលត្រូវបាននិរទេសកាលពីខែកុម្ភៈ ឆ្នាំមុន បន្ទាប ់ ពីរដ្ឋាភិបាលបានបដិសេធមិនព្រមបន្តទិដ្ឋាការឲ្យគាត់ដោយសារមានជាប់ពាក់ព័ន្ធនៅក្នុងការជួយដាក់របាំងបិទផ្លូវខុសច្បាប់នោះ បានលើកឡើងក្នុងអីុម៉េលមួយកាលពីម្សិលមិញថា លោកចង់ត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីប្រឈមនឹងការផ្តន្ទាទោស និងប្រឈម ចំពោះករណីចោទប្រកាន់ “ដែលគេប្រឌិតឡើង” ប៉ុន្តែ ថា លោកមានមន្ទិលថា រដ្ឋាភិបាលប្រហែលជាមិនអនុញ្ញាតទេ។
លោកបានថ្លែងថា “តុលាការហាក់បីដូចជាគិតថា នេះគឺជាភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ខ្ញុំពីបទសមគំនិតនៅក្នុងបទល្មើសនេះ តែទោះជាយ៉ាងណាពួកគេហាក់បីដូចជាមិនក្លាហានគ្រប់គ្រាន់ក្នុងការអនុញ្ញាតឲ្យខ្ញុំបង្ហាញខ្លួននៅក្នុងតុលាការដើម្បីការពារខ្លួននិងបង្ហាញពីផ្នែកនៃរឿងរា៉ាវរបស់ខ្ញុំសោះ”។
លោកបានបន្តថា “ចំពោះខ្ញុំនេះគឺជាទឡ្ហីករណ៍ យ៉ាងច្បាស់ក្រឡែតថា ក្រុមមានអំណាចដែលគ្រប់គ្រងសាលាដំបូងខេត្តកោះកុងមានការ ”ព្រួយបារម្ភ” ថា វត្តមានរបស់ខ្ញុំនៅក្នុងតុលាការនឹងធ្វើឲ្យខូចផែនការរបស់ពួកគេនៅក្នុងការបើកសវនាការដែលគ្រាន់តែជាឆាកល្ខោនដើម្បីប្រឆាំងរូបខ្ញុំ និងសកម្មជនផ្សេងៗទៀត ព្រោះការចោទប្រកាន់គឺជាការប្រឌិតទាំងស្រុង ហើយភ័ស្តុតាង របស់ពួកគេដាក់បន្ទុកមកលើយើងគឺសូន្យ”។
លោកបានបន្ថែមទៀតថា “បើមិនអាចវិលត្រឡប់មកវិញបានទេ ខ្ញុំគ្មានជម្រើសផ្សេងណាមួយឡើយក្រៅពីធ្វើដំណើរមករាជធានីភ្នំពេញ ដោយកាន់ដីការចាប់ខ្លួនក្នុងដៃ ហើយប្រគល់ខ្លួនឲ្យកងកម្លាំងនរគបាលនៅអាកាសយានដ្ឋាន”៕ស៊ុយឈាង