42.2 C
Phnom Penh

មន្ត្រី​​ក្រសួង​យុត្តិធម៌​ព្រមាន​អង្គការ​​លីកាដូ​​​ធ្ងន់ៗពាក់​ព័ន្ធ​ទំព័រ​​ ”អ្នក​ទោស​នយោ​​​​​បាយ​”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងយុត្តិធម៌បានព្រមានអង្គការសិទ្ធិមនុស្សលីកាដូថា ទំព័រថ្មីមួយរបស់ខ្លួនដែលកត់ត្រាអំពី “អ្នកទោសនយោបាយ” នៅកម្ពុជា អាចល្មើសច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល ដោយអះអាងថា ទំព័រនោះបំពានមាត្រាមួយដែលតម្រូវឲ្យអង្គការ និងសមាគមរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ។

កាលពីថ្ងៃអង្គារ អង្គការលីកាដូបានចាប់ផ្ដើមដំណើរការផ្នែកពិសេសមួយនៃគេហទំព័ររបស់ខ្លួន ដើម្បីបង្ហាញពីបញ្ជីសំណុំរឿងព្រហ្មទណ្ឌ២៩ករណី ដែលអង្គការនេះចាត់ទុកថា ជំរុញដោយហេតុផលនយោបាយ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានរិះគន់ទំព័រនេះខ្លាំងៗតាមរយៈសារបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃបន្ទាប់ ដោយអំពាវនាវឲ្យអង្គការសិទ្ធិមនុស្សមួយនេះ “ពិនិត្យមើល” មាត្រាចំនួនពីរនៅក្នុងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬគេស្គាល់ច្បាស់ថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាលដែលទទួលរងការរិះគន់យ៉ាងខ្លាំង។

លោកបានសរសេរថា “អង្គការលីកាដូ កំពុងប្រាសចាកពីវិជ្ជាជីវៈ និងលក្ខន្តិកៈរបស់ខ្លួនហើយ។ ខ្ញុំចង់ជម្រាបមតិសាធារណជនថា កម្ពុជា គ្មានអ្នកទោសនយោបាយទេ។ ក្នុងពន្ធនាគារ និងមណ្ឌលកែប្រែទាំងអស់នៅទូទាំងប្រទេសកម្ពុជា មានតែទណ្ឌិតដែលជាប់ឃុំពីបទល្មើសព្រហ្មទណ្ឌប៉ុណ្ណោះ។ សូមអង្គការលីកាដូ ពិនិត្យមើលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសមាត្រា២៤ និងមាត្រា៣០។ សូមរក្សាជំហរ និងអនុវត្តវិជ្ជាជីវៈរបស់ខ្លួនតាងនាមឱ្យអង្គការរបស់អ្នក”។

មាត្រា២៤នៃច្បាប់នេះចែងថា អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសត្រូវ “រក្សាអព្យាក្រឹតភាពរបស់ខ្លួនចំពោះគណបក្សនយោបាយ។ មាត្រា៣០ចែងថា ប្រសិនបើអង្គការណាមួយមិនអនុវត្តតាមមាត្រាជាក់លាក់ដូចមានចែងនៅក្នុងច្បាប់នេះ ដែលរួមមានទាំងមាត្រា២៤ផងទេនោះ ក្រសួងមហាផ្ទៃនឹងចេញការព្រមានជាលាយលក្ខណ៍អក្សរដោយទុកពេលឲ្យអនុវត្តរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលនោះនៅតែមិនអនុវត្តតាមទៀត វាអាចប្រឈមការផ្អាកប្រតិបត្តិការ ឬលុបចោលការចុះបញ្ជីរបស់ខ្លួនតែម្ដង។

លោក គឹម សន្តិភាព មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ទោះជាយ៉ាងណា លោក ជិន ម៉ាលីន ដែលជាអ្នកនាំពាក្យមួយរូបទៀតរបស់ក្រសួងនេះបានបញ្ជាក់ថា អង្គការលីកាដូអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទំព័រ “អ្នកទោសនយោបាយ” របស់ខ្លួនត្រូវបានចាត់ទុកថាបំពានច្បាប់។

លោក ជិន ម៉ាលីន មានប្រសាសន៍ថា “បើយើងរកឃើញធាតុផ្សំនៃបទល្មើស អង្គការលីកាដូ អាចប្រឈមរឿងពីរ។ ទី១ ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលអាចផ្អាកសកម្មភាព ឬបិទវាចោលតែម្តង ហើយទី២ ពួកគាត់នឹងត្រូវឆ្លើយតបទៅនឹងបទល្មើសព្រហ្មទណ្ឌ។ យើងមិនខឹងទេ ប៉ុន្តែយើងមិនអាចទទួលយករបាយការណ៍នេះដែលផ្ទុយពីស្ថានភាពពិតនៅក្នុងប្រទេសសង្គមប្រជាធិបេតេយ្យបានឡើយ។ ក្នុងសង្គមប្រជាធិបតេយ្យគ្មានអ្នកទោសនយោបាយទេ។ មានតែអ្នកនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលដែលប្រព្រឹត្តបទល្មើស។ អ្នកទោសនយោបាយគឺសម្រាប់របបកុម្មុយនីស្ត”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធមិនធ្វើអត្ថាធិប្បាយទេថា តើនឹងមានការចេញសេចក្ដីព្រមានផ្លូវការចំពោះអង្គការលីកាដូ ឬប្រាប់អង្គការនេះឲ្យដកផ្នែកនេះចេញពីគេហទំព័ររបស់ខ្លួនឬយ៉ាងណាឡើយ ប៉ុន្តែបានព្រមានអង្គការនេះដោយបើកចំហ។

លោកមានប្រសាសន៍ថា “អង្គការលីកាដូ បានបង្ហោះអ្វីដែលហៅថា ‘អ្នកទោសនយោបាយ’។ ខ្ញុំមិនយល់ស្របតាមទេ ពីព្រោះនៅកម្ពុជា យើងគ្មានច្បាប់សម្រាប់ចោទប្រកាន់អ្នកនយោបាយ។ ខ្ញុំមិនយល់ស្របតាមអង្គការលីកាដូទេ។ ពួកគាត់ប្រហែលជាកំពុងប្រាសចាកពីលក្ខន្តិៈរបស់ខ្លួនហើយ។ ខ្ញុំគិតថា អត្ថបទព័ត៌មានដែលកាសែតដេលី ចុះផ្សាយនៅថ្ងៃស្អែកគួរតែបញ្ជូនសារទៅពួកគាត់”។

លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូបានចេញមុខការពារទំព័រនេះ ហើយមានប្រសាសន៍ថា អង្គការរបស់លោកស្រីមានបំណងរក្សាវាទុកតាមអុីនធឺណិត ទោះបីជាមានការព្រមានពីសំណាក់រដ្ឋាភិបាលយ៉ាងណាក្ដី។

លោកស្រីបានលើកឡើងតាមសារអេឡិចត្រូនិកថា “ក្រាហ្វិកនេះជាការចងក្រងអង្គច្បាប់ដែលបានចុះផ្សាយជាសាធារណៈរួចហើយអំឡុងពេលពីរបីឆ្នាំកន្លងមកនេះ។ ចំណែកឯការប្រើពាក្យថា “អ្នកទោសនយោបាយ” សេចក្តីផ្តើមសង្ខេបរបស់យើងស្តីពីក្រាហ្វិកនេះគឺជាការពន្យល់បកស្រាយ ហើយពាក្យនេះច្បាស់លាស់ក្នុងការពណ៌នាអំពីក្រុមអ្នកទោសនេះ ដែលភាគច្រើនក្នុងចំណោមអ្នកទាំងនោះមិនទាន់ទទួលបានការកាត់ទោសក្នុងតុលាការនៅឡើយ។ ប្រសិនបើយើងសរសេរអក្សរមិនខុស ឬគ្មានកំហុសអង្គហេតុទេ យើងមានបំណងរក្សាទុកក្រាហ្វិកនៃអ្នកទោសយោបាយនេះ និងឯកសារផ្សេងៗទៀតនៅលើគេហទំព័ររបស់យើងដើម្បីឱ្យសាធារណជន និងភាគីពាក់ព័ន្ធផ្សេងៗទៀតទទួលបានព័ត៌មាន ក្នុងនោះរួមទាំងគ្រួសាររបស់អ្នកទោសនយោបាយដែលត្រូវបានរាយនាមផងដែរ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស