30 C
Phnom Penh

សហរដ្ឋ​​​អាមេរិក៖ រដ្ឋាភិបាល​​​មិន​​​ទាន់​​​​​​យល់​​​ព្រម​​​​​​នឹង​​​​​​​​​កម្ចី​​​​​​ធនាគារ​​​ពិភពលោក​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកបានចោទរដ្ឋាភិបាលកម្ពុជាថាបានបន្ថយការបញ្ចេញមិតិដោយសេរី និងធនាគារពិភពលោកថាខកខានមិនបានរៀនសូត្រពីកំហុសរបស់ខ្លួន ជាការបង្ហាញនូវភាពសមហេតុផលលើសេចក្តីសម្រេចរបស់ខ្លួន ដោយមិនបោះលើសំឡេងឆ្នោតរបស់ធនាគារនាពេលថ្មីៗនេះដែលយល់ព្រមផ្តល់កម្ចីថ្មីដល់កម្ពុជាទេ។

គណៈនាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានយល់ព្រមលើគម្រោងចំនួនបួនសម្រាប់កម្ពុជានិងកម្ចីថ្មីគិតជាទឹកប្រាក់១៣០លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងទាំងនោះនៅថ្ងៃទី២០ ខែឧសភា នៅឯទីស្នាក់ការធំរបស់ខ្លួនក្នុងក្រុងវ៉ាស៊ីនតោន។ ប្រហែលមានសារៈសំខាន់ដូចលុយកាក់នោះ សេចក្តីសម្រេចបញ្ជាក់នូវការលែងបង្កកមូលនិធិដែលធនាគារពិភពលោកបានដាក់លើប្រទេសកម្ពុជាក្នុងឆ្នាំ២០១១ ជាការតវ៉ានឹងការបណ្តេញដោយបង្ខំលើពលរដ្ឋរាប់ពាន់គ្រួសារឲ្យចេញពីតំបន់បឹងកក់ ក្នុងក្រុងភ្នំពេញ។

សកម្មជនប្រឆាំងការបណ្តេញចេញពីលំនៅដ្ឋាននិងក្រុមសិទ្ធិមនុស្សបាននិយាយថា ការនាំឲ្យមានការលែងបង្កក គឺធ្វើឡើងមុនកាលគួរពេលកំណត់ ពីព្រោះគ្រួសារជាច្រើនដែលផ្លាស់លំនៅពីបឹងកក់ ដើម្បីបើកផ្លូវឲ្យដំណើរការគម្រោងអចលនទ្រព្យទំនើបៗរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា គឺមិនទាន់ទទួលបានសំណងត្រឹមត្រូវទេ។ កម្ចីថ្មីជាមួយនឹងការកំណត់ចូលរួមរបស់ប្រទេសដែលមាននៅក្នុងគម្រោងធនាគារពិភពលោកនៅប្រទេសកម្ពុជាសម្រាប់អនាគតដ៏ខ្លីខាងមុខ គឺក៏កើតឡើងក្នុងពេលដែលមានការបង្ក្រាបខ្លាំងក្លាទៅលើអ្នកប្រឆាំងដោយគណបក្សកាន់អំណាចតាមរយៈតុលាការ។

សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកបោះឆ្នោតអនុបវាទនៅថ្ងៃទី២០ ខែឧសភា គឺមិនបានរារាំងកម្ចីនេះបានទេ។ ប៉ុន្តែសេចក្តីថ្លែងការណ៍ចំៗដែលពន្យល់អំពីវិធានការពីក្រសួងរតនាគារសហរដ្ឋអាមេរិក ជាកូនហ៊ុនធំបំផុតរបស់ធនាគារពិភពលោក គឺប្រើពាក្យធ្ងន់ៗទៅលើរដ្ឋាភិបាលកម្ពុជា។

ទោះបីជាមានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍និងកំណើនទល់នឹងភាពក្រីក្រក៏ដោយ ក៏សហរដ្ឋអាមេរិកបាននិយាយថា ពុករលួយ តម្លាភាពនិងកំណែទម្រង់ដីធ្លី គឺនៅតែជាបញ្ហាប្រឈមសំខាន់ៗនៅកម្ពុជាដដែល។

សហរដ្ឋអាមេរិកបាននិយាយថា “គួរឲ្យសោកស្តាយ សហរដ្ឋអាមេរិកមានមន្ទិលសង្ស័យលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាចំពោះអាទិភាពទាំងនេះ ហេតុដូច្នេះមិនអាចគាំទ្រកម្ចីថ្មីដល់កម្ពុជានៅត្រង់ចំណុចនេះបានឡើយ”។

សហរដ្ឋអាមេរិកបាននិយាយថា “ជាអកុសល រដ្ឋាភិបាលកម្ពុជាទំនងកំពុងបន្ថយភាពបើកចំហចំពោះការទទួលយកមតិយោបល់ពីពលរដ្ឋរបស់ខ្លួននិងសង្គមស៊ីវិល។ សហរដ្ឋអាមេរិកឮបណ្តឹងដដែលៗថា រដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ គឺកាន់តែអើពើតិចទៅៗនឹងមតិយោបល់របស់ពលរដ្ឋ”។

សហរដ្ឋអាមេរិកបាននិយាយបន្តថា ” ព្រឹត្តិការណ៍នាពេលថ្មីៗនេះក៏មានមន្ទិលសង្ស័យលើឯករាជ្យភាពរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជានិងសមត្ថភាពរបស់ខ្លួនក្នុងការដើរតួនាទីសំខាន់ ដើម្បីធានាឲ្យបាននូវការអនុវត្តប្រកបដោយសមធម៌និងតម្លាភាពនៃគម្រោងអភិវឌ្ឍនោះ”។

សហរដ្ឋអាមេរិកមានការព្រួយបារម្ភមួយចំនួនចំពោះជំហានរបស់រដ្ឋាភិបាល ក្នុងការផ្តល់សិទ្ធិកាន់កាប់ដីធ្លីដល់ពលរដ្ឋ ជាការព្រួយបារម្ភដូចគ្នាដែលបណ្តាលឲ្យមានការបង្កកមូលនិធិនោះ។

សហរដ្ឋអាមេរិកបាននិយាយថា “ការរួញរាក្នុងចិត្តរបស់រដ្ឋាភិបាលក្នុងការផ្តល់សំណងសមរម្យដល់ពលរដ្ឋដែលគេបណ្តេញចេញពីដីធ្លីរបស់ពួកគេនៅក្នុងគម្រោងពីមុនៗ គឺមិនបានធ្វើឲ្យសហរដ្ឋអាមេរិកជឿទុកចិត្តថា អាជ្ញាធរនឹងដោះស្រាយជាមួយពលរដ្ឋដោយសមធម៌ក្នុងពេលអនាគតទេ”។

រដ្ឋាភិបាលអះអាងថា គ្រួសារដែលគេបណ្តេញចេញពីបឹងកក់ គឺទទួលបានការយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវ ដោយជ្រើសរើសការតាំងទីលំនៅថ្មីដោយសេរីនៅជាយក្រុងភ្នំពេញ ឬទទួលបានប្រាក់ចំនួន៨.៥០០ដុល្លារ។ ប៉ុន្តែពលរដ្ឋដែលត្រូវគេបណ្តេញចេញនិយាយថា គ្មានជម្រើសណាមួយស្មើនឹងការខាតបង់របស់គេទេ។

សហរដ្ឋអាមេរិកក៏មានមន្ទិលសង្ស័យចំពោះសមត្ថភាពធនាគារពិភពលោក ថែមទាំងឆន្ទៈរបស់ខ្លួន ក្នុងការរៀនពីកំហុសផ្ទាល់ខ្លួនដែរ។

ក្នុងបណ្តាកម្ចីថ្មីដែលយល់ព្រមដោយគណៈនាយក គឺមានទឹកប្រាក់២៥លានដុល្លារសម្រាប់ដំណាក់ការទីពីរនៃគម្រោងដែលចែកដីកសិកម្មតូចៗដល់គ្រួសារក្រីក្រដែលមានដីតិចតួច ឬគ្មានដីសោះ។ ធនាគារពិភពលោកផ្តល់ឲ្យខ្លួនឯងនូវពិន្ទុវិជ្ជមានទៅលើគម្រោងនោះ ទោះបីជាមានការពិនិត្យសើរើដាច់ដោយឡែកដោយក្រុមសិទ្ធិមនុស្ស លីកាដូនិងអាល្លឺម៉ង់ ដែលបានជួយផ្តល់មូលនិធិក៏ដោយ គឺបានរកឃើញបញ្ហាធំៗ និងបានមិនយល់ស្របនឹងភាពត្រឹមត្រូវនៃដំណាក់ការទីពីរទេ។

សហរដ្ឋអាមេរិកបាននិយាយថា “ជាអកុសល… ឯកសារវាយតម្លៃលើគម្រោង គឺមិនបានកត់សម្គាល់ ឬក៏ដោះស្រាយការរិះគន់ទាំងនេះទេ”។

ក្រុមការងារធនាគារពិភពលោកនៅក្នុងប្រទេសកម្ពុជាមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទាក់ទងនឹងសេចក្តីថ្លែងការណ៍នេះទេ។ ក្រុមការងារនេះតែងតែមិនអើពើនឹងសំណួរស្តីពីការត្រៀមរបស់ខ្លួន ដើម្បីឲ្យប្រទេសកម្ពុជាខ្ចីប្រាក់ឡើងវិញទេ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានចោទប្រកាន់សហរដ្ឋអាមេរិកថា អនុវត្តស្តង់ដាពីរចំពោះប្រទេសកម្ពុជា ជាការសំដៅលើទំនាក់ទំនងកក់ក្តៅរបស់ក្រុងវ៉ាស៊ីនតោនជាមួយក្រុងហាណូយ ទោះបីជាមានការព្រួយបារម្ភអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសវៀតណាមក៏ដោយ។

លោក ស៊ីផាន បានមានប្រសាសន៍ដោយកោតសរសើរធនាគារពិភពលោកចំពោះការយល់ព្រមផ្តល់កម្ចីដល់ប្រទេសកម្ពុជាថា “តើវៀតណាមបំពេញ…. គោលការណ៍របស់ខ្លួនស្តីពីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យយ៉ាងម៉េច? កម្ពុជារំពឹងថា នឹងប្រើកម្ចីនេះសម្រាប់អភិវឌ្ឍនិងកែទម្រង់ ដើម្បីផលប្រយោជន៍កម្ពុជា”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស