38.8 C
Phnom Penh

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ចាប់​​​ខ្លួន​​​មេធាវី​​​​​​​​​ ខណៈ​​​គណៈមេធាវី​​​ព្រមាន​​​ពី​​​ការ​​​ពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនមេធាវីមួយរូបនៅក្នុងរាជធានីភ្នំពេញពាក់ព័ន្ធការចោទប្រកាន់ពីបទប្រព្រឹត្ត អំពើពុករលួយដែលគេមិនបញ្ចេញឲ្យដឹងដោយគណៈមេធាវីបានចេញសេចក្តីណែនាំមួយដល់សមាជិករបស់ខ្លួនកាលពីម្សិលមិញព្រមានពួកគេកុំឲ្យធ្វើជា “អន្តរការី” សម្រាប់មន្ត្រីតុលារ និងកូនក្តី។

យោងតាមលោក ប៊ុន ហុន ប្រធានគណៈមេធាវីបានឲ្យដឹងថា លោក ពេជ រតនា អាយុ៤០ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃអង្គារ។អង្គភាពប្រឆាំងអំពើពុករលួយដែលមន្ត្រីរបស់ខ្លួនគឺជាអ្នកអនុវត្តការចាប់ខ្លួននេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយឡើយអំពីករណីនេះ។

គណៈមេធាវីបានចេញសេចក្តីណែនាំមួយកាលពីម្សិលមិញ ដែលចុះហត្ថលេខាដោយលោក ប៊ុន ហុន កាលពីថ្ងៃអង្គារ ដោយបានដាក់ចេញនូវការណែនាំចំនួន៩ចំណុចស្តីពីការប្រកបវិជ្ជាជីវៈមេធាវីឲ្យបានត្រឹមត្រូវ។ ចំណុចមួយក្នុងចំណុចទាំងអស់នេះបានណែនាំមេធាវីកុំឲ្យ “រត់ការសំណុំរឿង”។

សេចក្តីណែនាំនេះមានខ្លឹមសារដូច្នេះថា “មេធាវីគឺជាជំនួយការយុត្តិធម៌សង្គម និងមិនមែនជាជំនួួយការតុលាការទេ។មេធាវី មិនមែនជាអន្តរការី។ គណៈមេធាវីមិនគាំទ្រការប្រព្រឹត្តអំពើពុករលួយរបស់មេធាវីឡើយ”។

លោក ប៊ុន ហុន បានលើកឡើងកាលពីម្សិលមិញថា លោកក៏មិនដឹងដែរថា តើការចោទប្រកាន់អ្វី ដែលលោក ពេជ រតនា កំពុងប្រឈមនោះ ទោះបីជាកាលពីល្ងាចថ្ងៃអង្គារ លោកបានស្នើឲ្យលោក ឱម យិុនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតក៏ដោយ។

លោកបានមានប្រសាសន៍ថា “[លោក ឱម យិុនទៀង] មិនបាននិយាយពីមូលហេតុនៃការចាប់ខ្លួនមេធាវីរូបនេះឡើយ។ ឥឡូវេនះ [លោក ពេជ រតនា] កំពុងស្ថិតក្រោមការស៊ើបអង្កេត…[ហើយ] យើងកំពុងតែរង់ចាំដំណើរការរបស់ អង្គភាពប្រឆាំងអំពើពុករលួយ”។

លោក ប៊ុន ហុន បានលើកឡើងទៀតថា មេធាវីចំនួន៦រូបបានស្ម័គ្រចិត្តការពារលោក ពេជ រតនា។ លោក សាំង វណ្ណៈ ជាមេធាវីមួយរូបដែលត្រូវបានចាត់តាំងឲ្យទទួលបន្ទុកដោះស្រាយករណីនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ហើយបានបង្វែរសំណួរទៅលោក ប៊ុន ហុន ។

លោក ពេជ រតនា ទទួលបានបរិញ្ញាបត្រច្បាប់នៅក្នុងឆ្នាំ១៩៩៨ ហើយបានធ្វើជាមេធាវីតាំងពីឆ្នាំ២០០៤មក ដោយបានធ្វើការឲ្យក្រុមមេធាវីយុត្តិធម៌និងសហការី(Justice & Associate) នៅក្នុងរាជធានីភ្នំពេញ នេះបើយោងតាមគេហទំព័ររបស់ក្រុមមេធាវី នេះ។

លោក ស៊ុយ ឈុនហាក់ ដែលជាប្រធានក្រុមមេធាវីនេះមិនអាចទាក់ទងបានទេ។ លោក ស៊ុយ សុខុន  មេធាវីមួយរូបនៅក្នុងក្រុមមេធាវីនេះបានលើកឡើងថា លោក ពេជ រតនា បានចាកចេញមួយរយៈមកហើយប៉ុន្តែ លោកមិនចាំថា ពេលណាទេ។ លោក ឱម យិុនទៀងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ៕ ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស