30 C
Phnom Penh

រដ្ឋាភិបាល​​​កំណត់ថ្ងៃ​​​លក់ដេញថ្លៃ​​​​​​គំនរ​​​ឈើ​​​ចុង​​​ក្រោយ​​​​​​ដែលរឹបអូសបាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលកំណត់កាលបរិច្ឆេទលក់ដេញថ្លៃគំនរឈើចុងក្រោយនៃចំនួន៧១.០០០ម៉ែត្រគូបជាឈើដែលកាប់ដោយខុសច្បាប់ហើយរឹបអូសបានដោយអាជ្ញាធរនៅឆ្នាំនេះ ដោយអនុវត្តតាមទម្លាប់ដែលពោរពេញដោយសញ្ញាថាមានអំពើពុករលួយកាលពីពេលកន្លងមក។

កាលពីដើមខែនេះ ក្រសួងហិរញ្ញវត្ថុបានប្រកាសផែនការរបស់ខ្លួន ដើម្បីលក់ឈើលើកទីមួយចំនួន៦២.០០០ម៉ែត្រគូបនៅខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១ ខែកក្កដាដែលមានតម្លៃមូលដ្ឋានក្នុងទឹកប្រាក់១២,២លានដុល្លារ។

កាលពីម្សិញមិញក្រសួងហិរញ្ញវត្ថុបានប្រកាសថា ឈើ៩.០០០ម៉ែត្រគូបចុងក្រោយនឹងដាក់ដេញថ្លៃនៅចន្លោះថ្ងៃទី១២និង១៥ ខែកក្កដានៅក្នុងកន្លែងស្តុកឈើបួនកន្លែងក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំរៀងៗខ្លួន។ក្រសួងបានកំណត់តម្លៃមូលដ្ឋាន១,៨លានដុល្លារសម្រាប់កន្លែងស្តុកឈើទាំងបួននេះ។

លោក ស្រ៊ុន ដារិទ្ធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដែលជាសមាជិកគណៈកម្មការពិសេសដែលបង្កើតឡើងដើម្បីពិនិត្យលើការលក់ដេញថ្លៃ បានមានប្រសាសន៍ថា កន្លែងស្តុកឈើទាំងបួនកន្លែងចុងក្រោយនឹងលក់ឈើដែលរឹបអូសអស់។

លោកអនុរដ្ឋលេខាធិការរូបនេះបាននិយាយថា “គណៈកម្មការលក់ដេញថ្លៃឈើកំពុងតែធ្វើការលើឈើ៧០.០០០ម៉ែត្រគូបដែលរដ្ឋាភិបាលបានសម្រេចផ្តល់ឲ្យក្រសួងអប់រំ។ហើយគណៈកម្មការនេះនឹងរំលាយចោល នៅពេលដែលឈើត្រូវលក់អស់។”

កាលពីខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបញ្ឈប់ការលក់ដេញថ្លៃឈើដែលរដ្ឋាភិបាលបានអនុវត្ត ដើម្បីលក់ឈើចាប់បាន ដោយលោកបានទទួលស្គាល់ថា វិធានការនេះមិនអាចទប់ស្កាត់ការកាប់ឈើខុសច្បាប់បានទេ។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានប្រែក្រឡាស់វិញកាលពីខែមុន ដោយប្រកាសថាឈើ៧១.០០០ម៉ែត្រគូបនឹងត្រូវលក់ដេញថ្លៃទាំងអស់ ពីព្រោះលោកអះអាងថា ក្រសួងអប់រំដែលត្រូវប្រគល់ឈើឲ្យ ដើម្បីសាងសង់សាលារៀន ផ្ទះគ្រូបង្រៀន និងអ្វីផ្សេងទៀតដែលក្រសួងត្រូវការចាំបាច់ គឺខ្វះធនធានដើម្បីដឹកជញ្ជូនឈើ។ ឥឡូវនេះ ក្រសួងអប់រំនឹងទទួលបានប្រាក់ពីការលក់ដេញថ្លៃនោះ។

អាជ្ញាធរទូទាំងប្រទេសរឹបអូសបានឈើដឹកតាមឡានមួយចំនួន ក្រោយពីឈើ ៧១.០០០ម៉ែត្រគូបត្រូវបានប្រកាសកាលពីពាក់កណ្តាលខែមេសា។ ប៉ុន្តែ លោក ដារិទ្ធ បាននិយាយថា លោកមិនបានដឹងថា ឈើទាំងប៉ុន្មានឡាននោះត្រូវលក់ដេញថ្លៃឬយ៉ាងណាទេ។

ច្បាប់ព្រៃឈើតម្រូវថា ឈើដែលរឹបអូសបានទាំងអស់ត្រូវលក់ដេញថ្លៃជាសាធារណៈ។ទោះជាយ៉ាងនេះក្តី ទោះបីជាមានសេចក្តីជូនដំណឹងពីរនាពេលថ្មីៗនេះមកពីក្រសួងហិរញ្ញវត្ថុក៏ដោយ ក៏គ្មានសញ្ញានៃការដាក់ដេញថ្លៃជាសាធារណៈដែរ ហើយរដ្ឋាភិបាលបានបដិសេធមិនផ្តល់ភ័ស្តុតាងដែលខ្លួនមាននោះដែរ។

ពីរបីឆ្នាំកន្លងមកនេះ រដ្ឋាភិបាលបានលក់ឈើដែលរឹបអូសបានរាប់ពាន់ម៉ែត្រគូបក្នុងតម្លៃតថ្លៃទៅឲ្យលោក ទ្រី ភាព អ្នកជំនួញឈើដ៏ធំ និងជាទីប្រឹក្សាលោក ហ៊ុន សែន ដែលបានចោទប្រកាន់ដោយក្រុមអង្គការបរិស្ថានថាជាបណ្តាញកាប់ឈើខុសច្បាប់ដ៏ធំមួយនៅក្នុងប្រទេស។ ទាំងរដ្ឋាភិបាល ទាំងលោក ភាព បានបដិសេធការចោទប្រកាន់ថាកាប់ឈើខុសច្បាប់៕ មាំ វិបុល

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស