38.8 C
Phnom Penh

​​គោ​​អូស្ត្រាលី​​​​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​​ដល់​​កំពង់​ផែ​ក្រុង​ព្រះសីហនុ​​​​​លើក​ដំបូង​សម្រាប់​​​កាប់​​សាច់​លក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាវាមួយគ្រឿងដែលដឹកគោអូស្ត្រាលី ចំនួន២.៧៦៦ក្បាល បានបោះយុថ្កានៅឆ្នេរសមុទ្រក្រុងព្រះសីហនុកាលពីយប់មិញ ហើយនឹងទម្លាក់ពួកវាចុះនៅព្រឹកនេះ ដែលជាការដឹកជញ្ជូនគោយកសាច់លើកដំបូង ចេញពីប្រទេសដែនកោះស្ថិតនៅមហា សមុទ្របា៉ស៊ីហ្វិកនេះ ចាប់តាំងពីរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងកង់បេរ៉ា បានបំពេញជាស្ថាពរនូវពិធីសារសុខភាព (Health Protocol) កាលពី២ឆ្នាំមុន នេះបើយោងតាមតំណាងមួយរូបរបស់ក្រុមហ៊ុនផ្គត់ផ្គង់បានលើកឡើងកាលពីម្សិលមិញ។

តាមការរំពឹងទុក នាវានេះនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុវេលាម៉ោងប្រហែល៦ព្រឹកថ្ងៃនេះ ហើយគោទាំងនោះនឹងត្រូវដឹកជញ្ជូនទៅកាន់ទីតាំងរបស់ក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ (SLN Meat Supplies) ក្នុងរយៈពេល៣ម៉ោង នេះបើយោងតាមការឲ្យដឹងពីលោក ហោ ស៊ឹមលាង អគ្គនាយកក្រុមហ៊ុនកម្ពុជាមួយនេះ។

លោកមានប្រសាសន៍ថា គោទាំងនេះដែលមួយក្បាលៗមានទម្ងន់ចន្លោះពី៣៧០គីឡូក្រាមទៅ៦០០គីឡូក្រាម និងមានតម្លៃរហូតដល់ទៅ១.៩០០ដុល្លារ រំពឹងថានឹងលក់បានក្នុងតម្លៃចន្លោះពី១០ដុល្លារទៅ២០ដុល្លារក្នុងមួយគីឡូក្រាម នៅពេលគេសម្លាប់វារួច។ ខណៈវាថ្លៃជាងគោចិញ្ចឹមក្នុងស្រុក សាច់គោប្រភេទនេះនឹងមានតម្លៃថោកជាងសាច់គោក្លាសេនាំចូលដល់ទៅ៤០ភាគរយ។

លោកបានបញ្ជាក់ថា “សាច់គោដែលសម្លាប់នៅកម្ពុជា មានតម្លៃថោកជាង និងស្រស់ជាង [សាច់នាំចូល] ឆ្ងាយណាស់ ដូច្នេះប្រជាជនវណ្ណៈកណ្ដាល និងប្រជាជនក្រីក្រនឹងមានលទ្ធភាពទិញ”។

លោកបន្ថែមថា សាច់នេះនឹងត្រូវរក្សាទុក និងដឹកជញ្ជូនប្រកបដោយអនាម័យក្នុងរថយន្តក្លាសេ ហើយចែកចាយទូទាំងប្រទេសដល់ផ្សារទំនើប ភោជនីយដ្ឋាន និងផ្សារសាធារណៈ។ បន្ទាប់ពីការដឹកជញ្ជូនលើកដំបូងនេះ ការដឹកជញ្ជូនគោជិត២,០០០ក្បាលនៅពាក់កណ្ដាលខែកក្កដា នឹងបង្ហាញពីការចាប់ផ្ដើមការដឹកជញ្ជូនគោរហូតដល់៤ដងក្នុងមួយខែៗ។

យោងតាមរបាយការណ៍ចេញដោយក្រុមហ៊ុនឧស្សាហកម្ម Meat & Livestock Australia កាលពីខែឧសភាបានឲ្យដឹងថា ការបណ្ដាក់ទុនរបស់ក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ នៅកម្ពុជា ធ្វើឡើងចំពេលមានការធ្លាក់ចុះការនាំចេញគោរស់របស់អូស្ត្រាលី ។ របាយការណ៍នេះបន្ទោសទៅលើការប្រកួតប្រជែងខ្លាំង ជាពិសេសសហរដ្ឋអាមេរិកចំពោះការធ្លាក់ចុះការនាំចេញ១១ភាគរយចន្លោះពីខែមករា ដល់ខែមេសា។

លោក អុឹម វណ្ណដារិទ្ធ អ្នកនាំពាក្យក្រុមហ៊ុន អេស អិល អិន មីត សឹបផ្លាយ បានលើកឡើងថា វាបានចំណាយពេលធ្វើដំណើរប្រហែល១សប្ដាហ៍ទើបគោទាំងនេះមកដល់កម្ពុជា ហើយគោទាំងនេះនឹងត្រូវដឹកជញ្ជូនថ្ងៃនេះទៅកាន់កន្លែងថែបំប៉នយកសាច់នៅទីសត្តឃាតរបស់ក្រុមហ៊ុន អេស អិល អិន ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកថ្លែងថា គោដែលធ្ងន់ជាងគេបំផុតនឹងត្រូវយកទៅសម្លាប់ក្នុងរយៈពេលប្រហែល១សប្ដាហ៍ ដោយទុកឲ្យពួកវា “ធូរស្រាលពីជំងឺពុលរលក ទុក្ខព្រួយ និងការភ័យខ្លាច”។

លោក អាស្លី ជេមស៍ (Ashley James) អ្នកគ្រប់គ្រងក្រុមហ៊ុន Frontier International ប្រចាំនៅអូស្ត្រាលីខាងជើង និងអាស៊ីអាគ្នេយ៍ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញសត្វពាហនៈចំនួន៥ដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន អេស អិល អិន បានមានប្រសាសន៍ថា គោតូចៗដែលខ្លះមានអាយុ១៨ខែ នឹងត្រូវរក្សាទុករហូតដល់១០០ថ្ងៃនៅកន្លែងចិញ្ចឹមថែបំប៉នសាច់ជាប់នឹងទីសត្តឃាត ហើយឲ្យពួកវាស៊ីចំណីក្នុងស្រុកដូចជាពោត ស្មៅ និងដំឡូងមីជាដើម។

លោកបន្តថា ៩០ភាគរយនៃការនាំចេញរបស់ក្រុមហ៊ុន Frontier International នៅក្នុងតំបន់ គឺឆ្ពោះទៅប្រទេសឥណ្ឌូណេស៊ី សល់ប៉ុន្មាននាំចេញទៅប្រទេសថៃ ហើយពេលនេះមកកម្ពុជា។

លោកបានមានប្រសាសន៍ទៀតថា កន្លែងរបស់ក្រុមហ៊ុន អេស អិល អិន មីត រួមទាំងឧបករណ៍សម្លាប់ដែលផលិតនៅប្រទេសអាល្លឺម៉ង់ផង បំពេញបានទាំងស្ដង់ដារបស់កម្ពុជា និងស្តង់ដានៃប្រព័ន្ធធានាសង្វាក់ផ្គត់ផ្គង់អ្នកនាំចេញ (Exporter Supply Chain Assurance System) របស់រដ្ឋាភិបាលអូស្ត្រាលី។

លក្ខខណ្ឌតម្រូវខាងក្រោយត្រូវបានដាក់ចេញ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បានដាក់បម្រាមលើការនាំចេញគោរស់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី រយៈពេលមួយខែកាលពីឆ្នាំ២០១១ បន្ទាប់ពីក្រុមអ្នកយកព័ត៌មានបានកត់ត្រាទុកជាឯកសារនូវការធ្វើបាបគោនៅតាមទីសត្តឃាត។

វិធានទាំងនេះមានបំណងធានាថា ស្តង់ដាសុខុមាលភាពសត្វអន្តរជាតិត្រូវបានអនុវត្តតាមគ្រប់ដំណាក់កាលនៃដំណើរការនាំចេញ ក្នុងនោះរួមមានទាំងការសម្លាប់នៅទីតាំងនោះផងដែរ។

ក្នុងរបាយការណ៍មួយកាលពីឆ្នាំមុន រដ្ឋាភិបាលអូស្ត្រាលីជឿថា ប្រព័ន្ធនេះការពារឧស្សាហកម្មនាំចេញសត្វពាហនៈ ប៉ុន្តែបានទទួលស្គាល់ថា ការអនុវត្តវាប្រញាប់ប្រញាល់ពេក មិនបានប្រព្រឹត្តទៅដោយគ្មានបញ្ហាឡើយ ក្នុងនោះរួមទាំងរដ្ឋបាលគ្រប់គ្រងដ៏ស្មុគស្មាញមួយផងដែរ។

លោក ស្ទីវ ប៊ីលីងថុន (Steve Billington) ម្ចាស់ភោជនីយដ្ឋាន Steve’s Steakhouse ក្នុងរាជធានីភ្នំពេញមានប្រសាសន៍ថា ខណៈការនាំចូលគោមានសក្ដានុពល លោកសុំមិនធ្វើការវិនិច្ឆ័យទេរហូតទាល់តែលោកយល់ដឹងបន្ថែមទៀត ពីព្រោះសាច់គោក្លាសេនៅតែផ្ដល់គុណភាពល្អបំផុត។

លោកគូសបញ្ជាក់ថា ” មិនទាន់អាចវិនិច្ឆ័យបានទេ ទាល់តែយើងដឹងសិន។ គោទាំងនេះនឹងរងការភ័យតក់ស្លុតដោយសារការដឹកជញ្ជូន ដូច្នេះពួកវានឹងត្រូវការការបំប៉នចំណីនិងការសម្រាកបន្ទាប់ពីទម្លាក់ពួកវាចុះ។ បន្ទាប់មកសាច់វាត្រូវរក្សាទុកឲ្យងំរយៈពេល១សប្ដាហ៍ ហើយក្លាសេឲ្យបានល្អ”។

លោក ស្ទីវ ប៊ីលីងថុន ដែលចូលចិត្តសាច់គោអាមេរិកបានថ្លែងថា អ្នកទទួលទាននៅក្នុងស្រុកក៏មិនទំនងជាចាប់អារម្មណ៍លើគុណភាពខ្ពស់ដែលមានតម្លៃខ្ពស់នោះដែរ។ “សាច់គោក្នុងស្រុក មួយគីឡូតម្លៃ១០ដុល្លារ។ ពួកគាត់នឹងមិនចំណាយមួយកាក់មួយសេនបន្ថែមទៀតលើសាច់គោល្អនោះទេ”៕ សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស