42.2 C
Phnom Penh

តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​​​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ជួប​មន្ត្រី​​របស់ខ្លួននៅ​ពន្ធនាគារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រគណបក្សប្រឆាំង១០រូបត្រូវបានរារាំងមិនឲ្យចូលជួបមន្ត្រីជាប់ឆ្នោតបីរូបនៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដោយមន្ត្រីពន្ធនាគារលើកឡើងថា ពួកគាត់គួរតែសុំការអនុញ្ញាតពីតុលាការ ពីព្រោះរឿងក្តីព្រហ្មទណ្ឌប្រឆាំងពួកគាត់នៅបើកចំហនៅឡើយ។

cam-photo-prison-visit-channaប៉ុន្តែ អ្នកនាំពាក្យតុលាការម្នាក់បាននិយាយថា មិនចាំបាច់មានការអនុញ្ញាតទេ ហើយថា ការទៅសួរសុខទុក្ខបែបនេះមិនបានជ្រៀតជ្រែកដល់នីតិវិធីតុលាការឡើយ។

អ្នករិះគន់គណបក្សប្រជាជនកម្ពុជាជាង២០នាក់ ដែលភាគច្រើននៃពួកគាត់ជាមន្ត្រី និងជាសកម្មជនគណបក្សប្រឆាំង ត្រូវបានចាប់ដាក់ពន្ធនាគារមួយឆ្នាំកន្លងមកនេះ ហើយលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងក្រុមរបស់លោកសង្ឃឹមថា នឹងបានជួបមន្ត្រីគណបក្សប្រឆាំងទាំងអស់ដើម្បីចង់ដឹងពីសុខភាព និងស្ថានភាពរស់នៅរបស់ពួកគាត់។

លោក អេង ឆៃអ៊ាង បានថ្លែងថា ពួកគាត់ត្រូវបានអនុញ្ញាតឲ្យចូលក្នុងដើម្បីជួបជាមួយសមាជិក និងសកម្មជនបក្ស១៥រូប ដោយចំណាយពេលជាង១ម៉ោងជជែកលេងជាមួយពួកគាត់នៅក្នុងបន្ទប់ប្រជុំ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យទៅពិនិត្យមើលបន្ទប់ឃុំខ្លួនឡើយ។

ពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យទៅសួរសុខទុក្ខលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា លោក អ៊ុំ សំអាន តំណាងរាស្ត្រ ឬលោក សៀង ចែត សមាជិកក្រុមប្រឹក្សាឃុំមកពីខេត្តកំពង់ចាមឡើយ ដែលពួកគាត់ទាំងអស់សុទ្ធតែកំពុងរង់ចំាសវនាការជំនុំជម្រះនៅឡើយ ដោយអាជ្ញាធរបានចេញលិខិតមួយច្បាប់លើកឡើងថា ការមកសួរសុខទុក្ខនេះអាចប៉ះពាល់ដល់ដំណើរតុលាការ។

លិខិតដែលចុះហត្ថលេខាកាលពីថ្ងៃច័ន្ទដោយលោក ចាន់ គឹមសេង ប្រធាននាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃមានខ្លឹមសារថា “អ្នកជាប់ឃុំមាន លោក ហុង សុខហួរ លោក អ៊ុំ សំអាន និងលោក សៀង ចែត សុទ្ធតែកំពុងស្ថិតក្រោមនីតិវិធីសាកសួររបស់តុលាការនៅឡើយ ដូច្នេះត្រូវសុំការអនុញ្ញាតពីមន្ត្រីតុលាការ”។

បន្ទាប់ពីចាកចេញពីពន្ធនាគារ លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា អ្នកជាប់ឃុំទាំងអស់ដែលពួកគាត់បានជួប រួមទាំងលោក មាជ សុវណ្ណារ៉ា ពលរដ្ឋអាមេរិកដែលដាក់ពាក្យបណ្ដឹងរដ្ឋាភិបាលកម្ពុជានៅក្នុងតុលាការអាមេរិក ចំពោះការឃុំខ្លួនមិនត្រឹមត្រូវពាក់ព័ន្ធការផ្ដន្ទាទោសរូបលោកឲ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទ “កុបកម្ម” ភាគច្រើនមានសុខភាពល្អទេ។

លោក អេង ឆៃអ៊ាង បានថ្លែងថា ទោះយ៉ាងណា គណបក្សប្រឆាំងនឹងបញ្ជូនសំណើទៅក្រសួងមហាផ្ទៃឲ្យផ្លាស់ប្ដូរពួកគាត់នៅក្នុងពន្ធនាគារ ដើម្បីអនុញ្ញាតឲ្យពួកគាត់បានរស់នៅក្បែរគ្នា ហើយជជែកគ្នាលេង។

លោកបានថ្លែងថា “បើតាមយើងដឹង ពួកគាត់ភាគច្រើនរស់នៅក្នុងកន្លែងផ្សេងគ្នា ហើយអ្នកដែលត្រូវបានផ្ដន្ទាទោសរួចហើយ ស្នាក់នៅជាមួយក្រុមចោរប្លន់ និងអ្នកជាប់ឃុំដោយសារគ្រឿងញៀន”។

លោកបានបន្ថែមថា វាមិនសមហេតុផលទាល់តែសោះដែលអាជ្ញាធរច្រានចោលសំណើរបស់គណបក្សសង្គ្រោះជាតិក្នុងការសុំចូលជួបមន្ត្រីគណបក្សរបស់ខ្លួន ដែលសវនាការជំនុំជម្រះកំពុងបន្តនៅឡើយ ហើយថា វាទំនងជារងឥទ្ធិពលនយោបាយ។

លោកបានថ្លែងថា “ខ្ញុំមិនយល់ថា ច្បាប់ជាអ្វីឡើយ ប៉ុន្តែយើងគ្រាន់តែមកសួរសុខទុក្ខពួកគាត់តែប៉ុណ្ណោះ។ ហេតុអ្វីក៏ស្មុគស្មាញម៉្លេះ?”។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា តុលាការនឹងមិនជំទាស់ចំពោះគណៈប្រតិភូដែលមកសួរសុខទុក្ខអ្នកទោសទេ ប៉ុន្តែថា ការសម្រេចអំពីការផ្តល់សិទ្ធិទៅជួបសួរសុខទុក្ខអ្នកទោស អាស្រ័យលើមន្ត្រីពន្ធនាគារ។

លោកបានមានប្រសាសន៍ថា “ការមកសួរសុខទុក្ខ ពួកគេត្រូវមានការអនុញ្ញាតពីពន្ធនាគារ”។ លោកបានបន្ថែមថា តុលាការអាចផ្ដល់ដំបូន្មានដល់មន្ត្រីពន្ធនាគារអំពីករណីជាក់លាក់តែប៉ុណ្ណោះ។ លោកបានថ្លែងថា “ការទៅសួរសុខទុក្ខមិនប៉ះពាល់ដល់នីតិវិធីតុលាការទេ”។

លោក នុត សាវនា អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស