42.2 C
Phnom Penh

ការទាស់ទែងគ្នាផ្ទៃក្នុង ឬការប្រឌិតឡើង?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នួន ជា ផ្តល់ទឡ្ហីករណ៍ថា អំពើឃោរឃៅខ្មែរក្រហមជាច្រើនត្រូវប្រព្រឹត្តឡើងដោយថ្នាក់ដឹកនាំភូមិភាគដ៏មានអំណាចនិងស្វយ័ត។ ប៉ុន្តែអ្នកផ្សេងទៀតនិយាយថា របបនេះត្រូវគ្រប់គ្រងដោយគណៈមជ្ឈិមបក្សរហូតដល់ទីបញ្ចប់។

សម្រាប់ នួន ជា ការគំរាមកំហែងធំបំផុតចំពោះខ្មែរក្រហមគឺស្ថិតនៅក្នុងជួរបក្សផ្ទាល់របស់ខ្លួន។

បងធំទី២នៃរបបនេះប្រាប់អ្នកកាសែត ថេត សម្បត្តិ នៅក្នុងសៀវភៅដែលមានចំណងជើងថា ” នៅខាងក្រោយវាលពិឃាដ”ថា “បើយើងមិនសម្លាប់ជនក្បត់ផ្ទៃក្នុងក្នុងបក្សយើងទេ បើយើងមិនកម្ទេចសត្រូវទេ នឹងគ្មានកម្ពុជាដូចសព្វថ្ងៃនេះទេ”។

មេដឹកនាំខ្មែរក្រហម ប៉ុល ពត (ឆ្វេង) បងធំទី២ នួន ជា (ទី២ពីឆ្វេង) ឧបនាយករដ្ឋមន្ត្រី វន វ៉េត (ស្តាំ) និងមេបញ្ជាការភូមិភាគនិរតី តាម៉ុក (ទី២ពីស្តាំ) ជិះរថភ្លើងក្នុងឆ្នាំ១៩៧៥។ រូបថតដោយ មជ្ឈមណ្ឌល ឯកសារកម្ពុជា
មេដឹកនាំខ្មែរក្រហម ប៉ុល ពត (ឆ្វេង) បងធំទី២ នួន ជា (ទី២ពីឆ្វេង) ឧបនាយករដ្ឋមន្ត្រី វន វ៉េត (ស្តាំ) និងមេបញ្ជាការភូមិភាគ និរតី តាម៉ុក (ទី២ពីស្តាំ) ជិះរថភ្លើងក្នុងឆ្នាំ១៩៧៥។ រូបថតដោយ មជ្ឈមណ្ឌល ឯកសារកម្ពុជា

នួន ជា និយាយថា “បើយើងក្រឡេកមើលចលនាតស៊ូ នៅពេលដែលយើងវាយសត្រូវដែលមានសព្វាវុធនិងកាំភ្លើងធំល្អៗ យើងគិតថា វាជារឿងធំណាស់។ ប៉ុន្តែសត្រូវផ្ទៃក្នុងគឺអាក្រក់បំផុត និងថែមទាំងបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់បក្សនិងប្រទេសទៀត”។

មិនងាយនឹងរួបរួមគ្នា នួន ជា ដែលកំពុងឡើងសវនាការនៅឯតុលាការខ្មែរក្រហមពីបទឧក្រិដ្ឋកម្ម រួមទាំងបទប្រល័យពូជសាសន៍ លើកឡើងថា បក្សកុម្មុយនិស្តកម្ពុជា គឺញាំញីទៅដោយជម្លោះផ្ទៃក្នុង ក្នុងខណៈដែលក្រុមមាន អំណាចទាំងឡាយបានមានគម្រោងផ្តួលរំលំមេដឹកនាំរបបនេះ។

ទ្រឹស្តីនៃជម្លោះផ្ទៃក្នុងបានក្លាយជាមូលដ្ឋាននៃមេធាវីការពារក្តីរបស់នួន ជា ចាប់តាំងពីការចាប់ផ្តើមសវនាការពីមុនរបស់គាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងឆ្នាំ២០១១។ ផ្ទុយនឹងការចាត់ទុកជាទូទៅចំពោះបក្សកុម្មុយនិស្តកម្ពុជាថាជាបក្សមានអំណាចប្រមូលផ្តុំខ្លាំងដែលគ្រប់គ្រងដោយ ប៉ុល ពត និងទីប្រឹក្សាដែលទុកចិត្តបំផុតរបស់គាត់នោះ ក្រុមមេធាវី នួន ជា ផ្តល់ទឡ្ហីករណ៍ថា អំពើឃោរឃៅជាច្រើន ដែលសំដៅទៅលើថ្នាក់ដឹកនាំរបបនេះ គឺពិតជាប្រព្រឹត្តឡើងដោយភាគីបដិបក្សដោយគ្មានការអនុញ្ញាតឡើយ។

យោងតាមឯកសារបញ្ចេញឲ្យដឹងជាផ្នែកនៃការប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមមានពិរុទ្ធរបស់គាត់កាលពីខែមិថុនា ឆ្នាំមុនឲ្យដឹងថា “ជាជាងអនុវត្តតាមឋានានុក្រមតឹងរ៉ឹងនិងពីលើរហូតដល់ថ្នាក់ក្រោមនោះ បក្សកុម្មុយនិស្តកម្ពុជា គឺប្រេះស្រាំដោយការបែកបាក់បក្សយ៉ាងជ្រៅ និងញាំញីដោយជម្លោះផ្ទៃក្នុងប្រដាប់អាវុធ”។

ឯកសារនេះនិយាយថា “មេដឹកនាំតំបន់មានដូចជា សោ ភឹម និងរស់ ញឹម ដែលមិនសុខចិត្តធ្វើជាកូនចៅរបស់ប៉ុល ពតនិងនួន ជា គឺជាមេដឹកនាំមានឥទ្ធិពល ដែលប្រើអំណាចឯករាជ្យច្រើនក្រាស់ក្រែល ដែលប៉ុល ពត នួន ជា និងអ្នកផ្សេងទៀតមិនអាចជ្រៀតជ្រែកបានទេ សូម្បីតែបន្តិចបន្តួចក៏ដោយ”។

មេដឹកនាំខ្មែរក្រហម រួមទាំង នួន ជា (ទី៣ពីស្តាំ) លើកដៃនៅឯអាកាសយានដ្ឋានពោធិចិនតុងក្នុងក្រុងភ្នំពេញ។ រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា
មេដឹកនាំខ្មែរក្រហម រួមទាំង នួន ជា (ទី៣ពីស្តាំ) លើកដៃនៅឯអាកាសយានដ្ឋានពោធិចិនតុងក្នុងក្រុងភ្នំពេញ។ រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារនិយាយបន្តថា “សោ ភឹម រស់ ញឹម និងអ្នកដទៃទៀតមានដូចជា កុយ ធួន ពង្រីកអំណាចរបស់ខ្លួន តាំងពីពេលដំបូងបង្អស់មកម៉្លេះ ក្រោយពីការរំដោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដើម្បីធ្វើការបះបោរ និង/ឬក្បត់រដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាប្រជាធិបតេយ្យ”។

រស់ ញឹម គឺជាជាងឈើដែលបានចូលរួមក្នុងចលនាឥស្សរៈប្រឆាំងអាណានិគម មុននឹងចូលជាមួយខ្មែរក្រហម។ នៅក្នុងសៀវភៅមានចំណងជើងថា “នៅខាងក្រោយវាលពិឃាដ” នួន ជា អះអាងថា រស់ ញឹម ត្រូវបានចាប់ខ្លួន ហើយក៏បញ្ជូនទៅមន្ទីរស២១មានឈ្មោះអសោចិ៍ក្នុងក្រុងភ្នំពេញ បន្ទាប់ពីចោទប្រកាន់ថាមានផែនការជាមួយ សោ ភឹម ដើម្បីផ្តួលរំលំថ្នាក់ដឹកនាំបក្ស និងថាផ្តល់របបអាហារមិនគ្រប់គ្រាន់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់របស់គាត់ ជាការអះអាងដែល រស់ ញឹម បានសារភាពស្ថិតក្រោមការធ្វើទារុណកម្មនៅពន្ធនាគារ។

យោងតាមចម្លើយសារភាពរបស់គាត់នៅក្នុងសៀវភៅ រស់ ញឹម និងសោ ភឹម បានរៀបចំការជួបគ្នាមួយក្នុងខែមិថុនា ឆ្នាំ១៩៧៧ ដែលក្នុងពេលនោះពួកគេបានគិតគូរអំពីគម្រោង ដើម្បីផ្តួលរំលំរដ្ឋាភិបាលដោយមានការជួយពីវៀតណាម។

នួន ជា អះអាងថា សោ ភឹម ជាអតីតកសិករនិងជាទាហានដែលបានសម្រេចចិត្តកាន់អាវុធប្រឆាំងបារាំងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ គឺចាត់ទុកដូចជាបងប្អូនប្រុសរបស់គាត់អ៊ីចឹង បន្ទាប់ពីពួកគេបានជួបគ្នាអំឡុងពេលដើមឡើយនៃចលនាកុម្មុយនិស្តកម្ពុជាក្នុងទសវត្សរ៍នោះ។ ក្នុងខណៈដែលចលនាមានសន្ទុះកាន់តែខ្លាំងឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០នោះ សោ ភឹម ធ្វើជាអង្គរក្សរបស់ នួន ជា មុននឹងទទួលកាន់កាប់ភូមិភាគបូពា៌ាដ៏សំខាន់ ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។

ប៉ុន្តែនៅពេលដែលការបោសសម្អាតជនសង្ស័យថាក្បត់នៅក្នុងបក្សបានចាប់ផ្តើមអនុវត្តកាន់តែញឹកញាប់ ស្រាប់តែភូមិភាគបូព៌ាបានក្លាយជាគោលដៅដំបូងគេ ដោយសារតែមានការភ័យខ្លាចថា មេដឹកនាំភូមិភាគបានកំពុងឃុបឃិតគ្នាជាមួយវៀតណាម ហើយ សោ ភឹម ក៏បានធ្វើអត្តឃាតក្នុងឆ្នាំ១៩៧៨ ក្រោយពីរត់គេចខ្លួនពីការតាមវាយប្រហារដោយកងទ័ពស្មោះនឹងថ្នាក់ដឹកនាំមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។

អ្នកផ្សេងទៀតដែលត្រូវ”កម្ទេច”ដោយរបបនេះដោយចោទថាក្បត់និងប៉ុនប៉ងផ្តួលរំលំបក្ស គឺរួមមានឧបនាយករដ្ឋមន្ត្រី វន វ៉េត លេខាភូមិភាគឧត្តរ កុយ ធួន និងលេខាភូមិភាគបស្ចឹម ជូ ជេត។

លេខាភូមិភាគឧត្តរខ្មែរក្រហម កុយ ធួន ដើរជាមួយកម្មាភិបាល។រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា
លេខាភូមិភាគឧត្តរខ្មែរក្រហម កុយ ធួន ដើរជាមួយកម្មាភិបាល។រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទដែលនិពន្ធដោយលោក អានថូនី ផូល ក្នុងទស្សនាវដ្តី អាស៊ីវីក ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៧៩ គឺរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីវៀតណាមបានវាយផ្តួលរំលំខ្មែរក្រហម គឺទំនងជាគាំទ្រទ្រឹស្តីដែលថា របបកុម្មុយនិស្តនេះគឺពោរពេញទៅដោយភាគីច្បាំងគ្នានៅដើមឆ្នាំ១៩៧៧។

លោក ផូល បានសរសេរថា “បុគ្គលិកតាមឃុំបានដឹងថា ចលនាប្រឆាំងប្រដាប់អាវុធនឹងអាជ្ញាធរ ប៉ុល ពត បានកើតឡើងនៅក្នុងប្រទេសកម្ពុជាយូរមកហើយ”។

អ្នកនិពន្ធរូបនេះបានសរសេរថា “ចាប់តាំងពីខែកក្កដា ឆ្នាំ១៩៧៧ ការប្រយុទ្ធគ្នាបានកើតឡើងនៅក្នុងព្រៃក្រាស់ៗជុំវិញទន្លេសាប។ នៅខែនោះ អ្នកស្រុកបានឮស្នូរកាំភ្លើងធំ និងកាំភ្លើងស្វ័យប្រវត្តិ។ ក្រោយមកទៀតស្ទើរតែរាល់សប្តាហ៍ គេបានឮស្នូរកាំភ្លើងម្តងទៀត។ ទាហានខ្មែរក្រហមបានប្រាប់ពួកគេអំពីការប្រយុទ្ធគ្នារវាងទ័ព ប៉ុល ពត និងទ័ពព្រៃដែលដឹកនាំដោយ រស់ ញឹម ដែលគេនិយាយថាជាអតីតមេបញ្ជាការខ្មែរក្រហមនៃភូមិភាគពាយ័ព្យ”។

អ្នកនិពន្ធរូបនេះបានសរសេរថា “ចោទប្រកាន់ដោយក្រុមស្មោះត្រង់នឹង ប៉ុល ពត ថាគាំទ្រវៀតណាមនិងជាភ្នាក់ងាររបស់ សេអុីអា និង កាហ្សេបេ គាត់បានភៀសខ្លួនទៅបន្ទាយទ័ពព្រៃតូចៗប្របតាមបឹងជាមួយនឹងមេបញ្ជាការរងឈ្មោះ សាន មេបញ្ជាការកងពលឈ្មោះ នៅ និងកងទ័ពមួយចំនួនធំ និងមានសព្វាវុធនិងគ្រាប់រំសេវយ៉ាងច្រើន”។

អត្ថបទនោះក៏បានរៀបរាប់ថា អ្នកស្រុកដែលព្រួយបារម្ភថា គ្រួសាររបស់ពួកគេបានជាប់នៅក្នុងការ “វាយប្រហារ របស់ រស់ ញឹម” បន្ទាប់ពីពួកគេមិនអាចវិលត្រឡប់ពីការធ្វើត្រីប្រហុកនៅក្បែរបឹងទន្លេសាប។

លោក រ៉ប លិមគិន ផលិតករខ្សែភាពយន្តជនជាតិអង់គ្លេស ដែលដឹកនាំរួមជាមួយលោក សម្បត្តិ នូវភាពយន្តឯកសារដែលមានចំណងជើងថា “សត្រូវរបស់ប្រជាជន” ដែលរួមបញ្ចូលកិច្ចសម្ភាសស៊ីជម្រៅជាមួយ នួន ជា បានមានប្រសាសន៍ថា បក្សកុម្មុយនិស្តកម្ពុជា គឺមិនរួបរួមគ្នាទេ ហើយថា លោកមានភ័ស្តុតាងជាទម្រង់នៃកិច្ចសម្ភាសដែលគេមិនធ្លាប់ឃើញពីមុនទាក់ទងនឹងការមានគម្រោងបះបោររយៈពេលមិនដល់មួយខែផង ក្រោយពីពួកកុម្មុនិស្តបានកាន់កាប់ប្រទេសកម្ពុជា។

លោក លិមគិន បាននិយាយកាលពីសប្តាហ៍មុនពីគេហដ្ឋានរបស់លោកនៅចក្រភពអង់គ្លេសថា “ក្នុងរយៈពេលមួយខែនៃការត្រួតត្រាអំណាចដោយខ្មែរក្រហម គឺ ប៉ុល ពត នួន ជា និងអ្នកផ្សេងទៀតនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សកុម្មុនិស្តកម្ពុជាបានរៀបផែនការផ្សេងៗពីគ្នាដើម្បីបង្កើតរដ្ឋបាលគាំទ្រដោយយោធាដាច់ដោយឡែកពីគ្នាមួយ ហើយពួកគេបានព្យាយាមធ្វើឲ្យសម្រេចជោគជ័យនូវកិច្ចការនោះយ៉ាងណា”។

លោកបាននិយាយថា “នេះពិតជាប្រភេទនៃសង្គ្រាមស៊ីវិលដែលកំពុងឆាបឆេះនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវាជាសង្គ្រាមស៊ីវិលដោយសម្ងាត់ ដោយសារតែលក្ខណៈនៃរដ្ឋផ្តាច់ការដែលពួកគេបានបង្កើតឡើង គឺបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោក អ៊ីចឹងទើបប្រទេសផ្សេងទៀតមិនអាចដឹងថាអ្វីបានកើតឡើងពិតប្រាកដនោះទេ”។

រូបថត វន វ៉េត ឧបនាយករដ្ឋមន្ត្រីរបបខ្មែរក្រហម។រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា
រូបថត វន វ៉េត ឧបនាយករដ្ឋមន្ត្រីរបបខ្មែរក្រហម។រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា

ទោះបីជាលោកបដិសេធមិននិយាយច្រើនអំពីកិច្ចសម្ភាសដែលគាំទ្រទ្រឹស្តីនេះ ក្នុងពេលដែលលោកមានគម្រោងបញ្ចូលហេតុការណ៍ទាំងនោះទៅក្នុងគម្រោងនាពេលខាងមុខឆាប់ៗនេះក៏ដោយ ក៏លោក លិមគិន បាននិយាយថា កិច្ចសម្ភាសទាំងនោះគឺខ្លះស៊ីសង្វាក់គ្នានឹងភ័ស្តុតាងជាផ្នែកៗដែលអ្នកទទួលបានពីទួលស្លែងដែរ”។

លោកបាននិយាយបន្ថែមថា “តាមពិត ដោយមានចម្លើយសារភាពពីការធ្វើទារុណកម្ម ជារឿយៗ មនុស្សពិតជានិយាយរឿងផ្សេងៗ ហើយអ្នកសួរចម្លើយក៏កត់ត្រាទុកនូវអ្វីៗគ្រប់យ៉ាងដែរ ដែលគ្រាន់តែផ្គាប់ផ្គុនមេកើយផ្ទាល់របស់គេប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលការវិភាគទៅលើចម្លើយសារភាពទាំងនោះនិយាយអំពីអ្វីនោះ ពួកគេបង្ហាញឲ្យអ្នកឃើញនូវការរៀបចំពិតប្រាកដយ៉ាងច្រើន ដែលធ្វើឡើងដោយអ្នកដែលពិតជាមិនចង់ឲ្យថ្នាក់ដឹកនាំ ប៉ុល ពតនៅគ្រប់គ្រងប្រទេស”។

លោក លិមគិន និយាយដោយទទួចថា លោកគ្មានចំណាប់អារម្មណ៍ឲ្យ នួន ជា ឬប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន រួចផុតពីបទចោទប្រកាន់ឧក្រិដ្ឋកម្ម ដែលពួកគេត្រូវរងការចោទប្រកាន់នោះទេ ហើយលោកនិយាយថា វា”ប្រាកដ”ណាស់ថា ខ្មែរក្រហមបានប្រព្រឹត្តបទប្រល័យពូជសាសន៍ប្រឆាំងជនជាតិវៀតណាម ប៉ុន្តែលោកជឿថា មនុស្សប្រភេទ រស់ ញឹម មានអំណាចស្វយ័តច្រើនសន្ធឹកទៅលើតំបន់នានារបស់ពួកគេ។

លោកកត់សម្គាល់ថា ការសម្លាប់រង្គាលនាឆ្នាំ១៩៧៥ទៅលើអតីតទាហានខ្មែរក្រហមនៅឯទួលពោធិ៍ជ្រៃ គឺចាត់ទុកថាជាប់ទាក់ទងនឹង នួន ជា និងខៀវ សំផន ដោយតុលាការ ទោះបីជាអង្គហេតុមិនមានការរៀបរាប់សូម្បីតែម្តងនៅក្នុងឯកសារចំនួនបីទំព័រនៃការរកឃើញផ្លូវច្បាប់ទាក់ទងនឹងទីតាំងដែលភ្ជាប់ទៅនឹងសាលក្រមជាប់ទោសរបស់គេកាលពីខែសីហា ឆ្នាំ២០១៤ក៏ដោយ។ (អ្នកទាំងពីរត្រូវបានកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ)។

លោក លិមគិន បាននិយាយថា “រស់ ញឹម បានចេញបញ្ជា។ នោះជាភ័ស្តុតាងដែលតុលាការមាន។ មានភ័ស្តុតាងដែលថា រឿងនេះសម្រេចដោយឋានានុក្រមខ្មែរក្រហមថ្នាក់ភូមិភាគដែលបានធ្វើសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមប្រឆាំងប្រជាជនរបប លន់ នល់ នៅតំបន់ខេត្តបាត់ដំបងនិងពោធិ៍សាត់”។

មុននឹងគាត់បានស្លាប់ អំឡុងពេលឡើងសវនាការជាមួយ នួន ជា និង ខៀវ សំផន ក្នុងឆ្នាំ២០១៣នោះ បងធំទី៣ អៀង សារី រដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបនេះ បានអះអាងថា សោ ភឹម បានបង្កឲ្យមានការភ័យខ្លាចក្នុងជួរថ្នាក់ដឹកនាំខ្មែរក្រហម រួមទាំង ប៉ុល ពត ដែរ។

គាត់បានប្រាប់អ្នកស្រាវជ្រាវលោក ស្ទីហ្វិន ហេដឺ ដោយប្រើឈ្មោះហៅក្រៅរបស់មេបញ្ជាការភូមិភាគថា “សូម្បីតែ ប៉ុល ពត និង នួន ជា នៅពេលដែលពួកគាត់នៅក្នុងតំបន់ សោ ភឹម តំបន់បូពា៌ ពួកគាត់ក៏ខ្លាចតា ភឹម ដែរ”។

អៀង សារី បាននិយាយថា “ខ្ញុំបានទៅជាមួយពួកគាត់ម្តង ហើយខ្ញុំបានដឹង និងឃើញរឿងនោះ។ សូម្បីតែ ប៉ុល ពត ខ្លួនឯងក៏មិនហា៊នចុះមកក្រោមដែរ គឺគាត់ខ្លាចតា ភឹម។ អ៊ីចឹង នៅក្នុងតំបន់នោះ បើ សោ ភឹម ចង់សម្លាប់ និងចង់ធ្វើអ្វីមួយ មិនចាំបាច់ស្នើសុំថ្នាក់លើទេ។ អង្គការគឺអ៊ីចឹង គឺតំបន់មួយៗឯករាជ្យ គឺជាអ្វីដែលគេហៅថា សម្លាប់តាមចិត្ត ធ្វើតាមចិត្ត”។

លោក ដានី ឡុង អ្នកស៊ើបអង្កេតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលប៉ាន់ស្មានថា លោកបានសម្ភាសអតីតកម្មាភិបាលខ្មែរក្រហមប្រហែល៤.០០០នាក់បានមានប្រសាសន៍ថា លោកបានជួបប្រទះភ័ស្តុតាងមួយចំនួនទាក់ទងនឹងផែនការដោយទាហានដែលមិនសប្បាយចិត្តក្នុងការក្រោកឈរប្រឆាំងគណៈមជ្ឈិម ប៉ុន្តែមិនមានអ្វីជាដុំកំភួនជាងនេះទេ រហូតទល់តែមានការបះបោរគាំទ្រដោយវៀតណាមក្រោយមក ដែលបានផ្តួលរំលំរបបនេះ។

លោក ឡុង បាននិយាយថា “នៅពេលដែលខ្ញុំសម្ភាសកម្មាភិបាលនៅខេត្តកំពង់ចាមនិងកំពង់ធំ មានកម្មាភិបាលខ្លះនិយាយថា “ពួកគេមិនចូលចិត្តរបៀបដឹកនាំ ប៉ុល ពត ទេ ពីព្រោះគេជម្លៀសប្រជាជន ហើយគេធ្វើឲ្យប្រជាជនរស់នៅក្នុងសហករណ៍ ហើយគេនិយាយថា គេចង់វាយ ប៉ុល ពត”។

វន វ៉េត (ឆ្វេង) ស្វាគមន៍ប្រតិភូបរទេស។ រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា
វន វ៉េត (ឆ្វេង) ស្វាគមន៍ប្រតិភូបរទេស។ រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា

អ្នកស៊ើបអង្កេតរូបនេះបាននិយាយថា “គេនិយាយថា គេត្រៀបអាវុធ…. ក្រុមខ្លះចង់ធ្វើរដ្ឋប្រហារ។ គេនិយាយថា ក្នុងអង្គភាពរបស់គេមានផែនការត្រៀមអាវុធ ត្រៀមទាហាន ប៉ុន្តែ គេគ្រាន់តែរង់ចាំបញ្ជាពីថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ។ បទបញ្ជាទាំងនោះមិនដែលកើតមានទេ”។

លោក ឡុង ជឿថា រស់ ញឹម និងសោ ភឹម មានទស្សនវិស័យជឿនលឿនសម្រាប់កម្ពុជាប្រជាធិបតេយ្យ គឺរបបមួយដែលមានចាយលុយនិងមានទីផ្សារ ប៉ុន្តែបានចាប់ផ្តើមរៀបផែនការបះបោរក្នុងឆ្នាំ១៩៧៨។

អ្នកស៊ើបអង្កេតរូបនេះបានមានប្រសាសន៍ថា “គេនៅតែធ្វើការជាមួយ ប៉ុល ពត ដូចធម្មតារហូតដល់ដើមឆ្នាំ១៩៧៧ នៅពេលដែលគណៈកម្មាធិការមជ្ឈិមចាប់ផ្តើមចាប់ខ្លួនកម្មាភិបាលមួយចំនួននៅក្នុងតំបន់ទាំងនោះ ហើយ សោ ភឹម និង រស់ ញឹម ក៏សហការជាមួយ ប៉ុល ពត ដើម្បីចាប់ខ្លួនកម្មាភិបាលដោយខ្លួនឯងដែរ។ បន្ទាប់មក គេចាប់ផ្តើមសង្ស័យ ហើយក៏ចង់វាយប្រឆាំង ប៉ុល ពត ក្នុងឆ្នាំ១៩៧៨។ គេចាប់ផ្តើមដឹងថា ប៉ុល ពត ចង់បោសសម្អាតកម្មាភិបាលទាំងអស់នៅក្នុងតំបន់របស់គេ”។

លោក គ្រេក អេតឈីសុន អ្នកស្រាវជ្រាវដ៏ល្បីល្បាញមួយរូប ដែលបានធ្វើជាប្រធានស៊ើបអង្កេតក្នុងការិយាល័យសហព្រះរាជអាជ្ញានៅឯតុលាការខ្មែរក្រហមអស់រយៈពេលប្រាំមួយឆ្នាំ បានទាត់ចោលទ្រឹស្តីថាមានជម្លោះផ្ទៃក្នុងបក្សកុម្មុយនិស្តកម្ពុជា។

អ្នកស្រាវជ្រាវរូបនេះបានមានប្រសាសន៍ក្នុងអ៊ីម៉េលថា “ខ្ញុំមិនជឿថា មានជម្លោះផ្ទៃក្នុងជាប់ក្នុងជួរបក្សទេ។ វាជាបក្សមានវិន័យនិងរួបរួមគ្នាណាស់ ហើយកម្មាភិបាលជាន់ខ្ពស់គឺសុទ្ធតែស្មោះត្រង់នឹងគណៈមជ្ឈិមបក្ស”។

លោក អេតឈីសុន បានទទួលស្គាល់ថា ផែនការផ្តួលរំលំបក្សកុម្មុយនិស្តកម្ពុជា គឺមានរៀបរាប់នៅក្នុងចម្លើយសារភាពដែលមាននៅមន្ទីរស-២១ ប៉ុន្តែបាននិយាយថា កាលៈទេសៈក្នុងការសារភាពដែលទទួលបានតាមរយៈការធ្វើទារុណកម្ម គឺធ្វើឲ្យទៅជាឥតប្រយោជន៍នូវតម្លៃបញ្ជាក់របស់គេ។

អ្នកស្រាវជ្រាវរូបនេះបាននិយាយថា “ទោះជាយ៉ាងនេះក្តី ក្នុងការស្ទង់មើលសុពលភាពនៃវត្ថុទាក់ទងគ្នា គេត្រូវពិចារណាលើអង្គហេតុ ជាពិសេសចំពោះកម្មាភិបាលតាមលំដាប់ថ្នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរស-២១ ជាវិធីតែមួយគត់ ដើម្បីបញ្ចប់ការធ្វើទារុណកម្ម គឺត្រូវផ្តល់ការពិពណ៌នាគួរឲ្យជឿនៃផែនការប្រឆាំងគណៈមជ្ឈិមបក្ស ជាមួយនឹងបញ្ជីដ៏វែងនៃសហចារីរបស់អ្នក”។

អ្នកស្រាវជ្រាវរូបនេះបាននិយាយដោយប្រើឈ្មោះបដិវត្តន៍របស់ប្រធានមន្ទីរស-២១ កាំង ហ្កេកអ៊ាវ ដែលក្នុងឆ្នាំ២០១០បានក្លាយជាកម្មាភិបាលខ្មែរក្រហមដំបូងគេដែលបានរកឃើញថាមានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិថា ” ប៉ុន្តែនៅពេលដែលអ្នកពិនិត្យផ្ទៀងផ្ទាត់ផែនការទាំងអស់ដែលមានរៀបរាប់នៅក្នុងចម្លើយសារភាពជាច្រើនទៅនឹងផែនការមួយៗនោះ វាពិតជាមិនសមសោះទេ។ វាគ្រាន់តែឆ្លងតាមសកម្មភាពស្រមើស្រមៃទាំងស្រុងរបស់ឌុចដែលថា ពួកគេអាចប្រមូលផ្តុំផែនការធំដែលទាក់ទងគ្នារដឹកប្រឆាំងនឹងបក្សប៉ុណ្ណោះ”។

មេបញ្ជាការភូមិភាគបូព៌ា សោ ភឹម (នៅកណ្តាលស្លៀកពាក់ខ្មៅ) ឈរជាមួយកម្មាភិបាល អំឡុងពេលធ្វើទស្សនកិច្ចកងឯកភាពយុទ្ធជនវៀតណាមក្នុងឆ្នាំ១៩៧៣។ ។រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា
មេបញ្ជាការភូមិភាគបូព៌ា សោ ភឹម (នៅកណ្តាលស្លៀកពាក់ខ្មៅ) ឈរជាមួយកម្មាភិបាល អំឡុងពេលធ្វើទស្សនកិច្ចកងឯកភាពយុទ្ធជនវៀតណាមក្នុងឆ្នាំ១៩៧៣។ ។រូបថតដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា

សំដៅលើការអះអាងថា រស់ ញឹម និងសោ ភឹម មានផែនការផ្តួលរំលំគណៈមជ្ឈិមបក្សនោះ លោក អេតឈីសុន បាននិយាយថា ភ័ស្តុតាងពិតជាបង្ហាញថាផ្ទុយគ្នាទៅវិញ។

អ្នកស្រាវជ្រាវរូបនេះបាននិយាយថា “បើអ្នកពិនិត្យមើលឲ្យបានពិស្តារទៅលើថាតើ ទាំង សោ ភឹម ទាំងរស់ ញាឹម មានប្រតិកម្មនឹងការបោសសម្អាតតំបន់ផ្ទាល់របស់ពួកគេយ៉ាងណានោះ វាបង្ហាញនូវការកុហកទាំងស្រុងចំពោះគំនិតភាន់ភាំងរបស់នួន ជា អំពីអ្វីដែលពិតជាបានកំពុងកើតឡើង”។

អ្នកស្រាវជ្រាវរូបនេះបាននិយាយថា “នៅក្នុងការបោសសម្អាតនៃភូមិភាគពាយ័ព្យ និងការបោសសម្អាតនៃភូមិភាគបូព៌ា នៅពេលដែលគណៈមជ្ឈិមបក្សនិយាយថា មនុស្សនេះត្រូវរាយការណ៍មកយើងនៅភ្នំពេញ មនុស្សនោះគឺត្រូវបញ្ជូនមកភ្លាមដោយស្មោះត្រង់ ក្នុងករណីលើកលែងដ៏កម្រគឺមានមនុស្សដូចជា ហ៊ុន សែន ដែលបានសម្រេចចិត្តរត់ទៅទិសផ្សេង”។

អ្នកស្រាវជ្រាវរូបនេះបាននិយាយថា “ត្រង់ចំណុចនេះ ទាំងសោ ភឹម ទាំងរស់ ញឹម បានចូលដៃក្នុងការកម្ទេចចោលបុគ្គលិកតំបន់របស់ខ្លួនស្ទើរតែអស់រលីងមុននឹងពួកគេដឹងចុងក្រោយថា មានអ្វីកំពុងតែកើតឡើងនោះ”។

លោក អេតឈីសុន បាននិយាយថា របៀបដែលមេបញ្ជាការទាំងពីរបានស្លាប់ ក៏បានបង្ហាញឲ្យឃើញនូវភក្តីភាពរបស់ពួកគេដែរ។

លោកបាននិយាយថា “ទីបញ្ចប់ នៅពេលដែលអ្នកចាប់មកពីមន្ទីរស២១បានមកដល់ផ្ទះរបស់ ញឹម គឺគ្មានសល់មនុស្សម្នាក់ចេញមកការពារគាត់ទេ ព្រោះគាត់បានបញ្ជូនពួកគេទាំងអស់មកមន្ទីរស២១តាមបទបញ្ជាពីគណៈមជ្ឈិមអស់ទៅហើយ។ តើអ្នកគិតថា នោះគឺទំនងជាអ្វីដែលអ្នករៀបចំការប៉ះបោរនឹងធ្វើឬ?”

អ្នកស្រាវជ្រាវរូបនេះបាននិយាយបន្ថែមថា “រឿងរ៉ាវស្រដៀងគ្នាក៏បានកើតឡើងនៅភូមិភាគបូព៌ាដែរ។ នៅទីបញ្ចប់ ពេលដែលកងទ័ពរបស់គណៈមជ្ឈិមបានវាយប្រហារនៅចុង [ពាក់កណ្តាលឆ្នាំ១៩៧៨] ភឹមនិយាយថាឱព្រះអើយ! [រដ្ឋមន្ត្រីក្រសួងការពារប្រទេស] ស៊ុន សេន ជាជនក្បត់សោះ! ខ្ញុំត្រូវទៅជួប ហើយប្រាប់បងទីមួយសិន!”។

អ្នកស្រាវជ្រាវរូបនេះបាននិយាយថា ” ក្នុងពេលដែលគាត់បានព្យាយាមឆ្លងកាត់ទន្លេមេគង្គមកភ្នំពេញ ដើម្បីប្រាប់ប៉ុល ពតថា ស៊ុន សេន ក្បត់ហើយនោះ ស្រាប់តែកងទ័ពគណៈមជ្ឈិមបានឡោមព័ទ្ធគាត់ជាប់ ដោយស្ទើតែគេចខ្លួនមិនរួចដោយសារតែរបួសធ្ងន់ធ្ងរ ហើយក៏ធ្វើអត្តឃាតភ្លាមៗដែរ ក្រោយពីគាត់បានដឹងខ្លួនចុងក្រោយថា មេកើយផ្ទាល់របស់គាត់បានក្បត់គាត់”៕ រើន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស