42.2 C
Phnom Penh

សកម្មជន​ពីរនាក់​បង​ប​្អូន​​​ភ្លោះ​​​​​ដាក់ពាក្យ​សុំសិទ្ធិជ្រក​កោននៅ​​​​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេសថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីសប្ដាហ៍មុន បងប្អូនប្រុសពីរនាក់ជាសកម្មជនដែលបានចាកចេញពីប្រទេសកម្ពុជា ដោយភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួនបន្ទាប់ពីជួបជាមួយលោក កែម ឡី អ្នកវិភាគនយោបាយមុនលោកត្រូវបានឃាតករបាញ់សម្លាប់នោះ បាននិយាយកាលពីម្សិលមិញថា ពួកគេបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅអង្គការសហប្រជាជាតិនៅក្នុងប្រទេសថៃ។

cam-photo-twins-facebookជុំ ហួ និង ជុំ ហួត បានអះអាងថា ពួកគេត្រូវបានគេតាមដានអំឡុងពេលជួបជាមួយលោក កែម ឡី នៅស្តារម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកក្កដា ពីរថ្ងៃមុនពេលអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានបាញ់សម្លាប់នៅក្នុងកន្លែងដដែល។

បងប្អូនភ្លោះទាំងពីរនាក់នេះនិយាយថា ឥឡូវនេះពួកគេអាចជាគោលដៅនៃអ្នកដែលនៅពីក្រោយការសម្លាប់លោក កែម ឡី ដោយសារពួកគេបានបានផ្តល់បទសម្ភាសន៍តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីហេតុការណ៍បាញ់សម្លាប់ ដោយប្រាប់ភិនភាគរបស់បុរសបីនាក់ដែលពួកគេនិយាយថាបានឃើញតាមដានពួកគេកាលពីពីរថ្ងៃមុនកើតហេតុការណ៍។ អ្នកទាំងពីរបានធ្វើដំណើរតាមយន្តហោះទៅប្រទេសថៃកាលពីថ្ងៃទី១៤ ខែកក្កដា។

កាលពីម្សិលមិញ បងប្អូនភ្លោះអាយុ២៧ឆ្នាំនេះបាននិយាយថា ពួកគេបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅការិយាល័យឧត្ដមស្នង ការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃច័ន្ទ ហើយកំពុងរង់ចាំការសម្រេច។

ជុំ ហួ បាននិយាយតាមហ្វេសប៊ុកថា “ខ្ញុំបានដាក់ពាក្យសុំសិទ្ធិជ្រកកោននយោបាយជាមួយឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងប្រទេសថៃ”។ ជុំ ហួ បាននិយាយទៀតថា ពួកគេទាំងពីរនាក់បង ប្អូនកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុង “ប្រទេសទី៣”។

ការិយាល័យ UNHCR ក្នុងទីក្រុងបាងកកមិនបានបដិសេធ ឬអះអាងថា បានទទួលពាក្យសុំរបស់ពួកគេទេ។

ស្ត្រីអ្នកនាំពាក្យម្នាក់បាននិយាយថា “ដើម្បី រក្សាការសម្ងាត់ យើងមិនអាចធ្វើអត្ថាធិប្បាយអំពីករណីបុគ្គលបានទេ រួមទាំងថាតើមាន ឬមិនមានអ្នកដែលបានស្វែងរកសិទ្ធិជ្រកកោន ផងដែរ”។

ជុំ ហួ បាននិយាយថា ពួកគេទាំងពីរនាក់បងប្អូនភ័យខ្លាចមិនហ៊ានត្រឡប់មកប្រទេសកម្ពុជាវិញទេ ពីព្រោះយើងបានផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីអ្នកដែលបានតាមដានលោក កែម ឡី នៅម៉ាតនោះកាលពីថ្ងៃទី៨”។

ក្នុងនាមជាសមាជិកយុវជននៃក្រុមសកម្មជនការពារបរិស្ថាន និង សង្គម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បងប្អូនទាំងពីរនាក់នេះបានចូលរួមក្នុងបុព្វហេតុមួយចំនួនប្រឆាំង នឹងគោលនយោបាយរបស់រដ្ឋាភិបាល ហើយត្រូវបានឃាត់ខ្លួនរយៈពេលខ្លីកាលពីឆ្នាំមុនចំពោះការតវ៉ានៅខាងក្រៅរដ្ឋសភា ដោយស្លៀកសម្លៀកបំពាក់ពន្ធនាគារ។

ឃាតករដែលសង្ស័យថា បាញ់សម្លាប់លោក កែម ឡី ត្រូវបានចាប់ខ្លួនតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយការបាញ់សម្លាប់ ហើយអះអាងថា បានបាញ់សម្លាប់អ្នកវិភាគនយោបាយរូបនេះដោយសារតែរឿងជំពាក់លុយ៣.០០០ដុល្លារ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាជាច្រើនជឿថា វាជាការបាញ់សម្លាប់ដោយមានការបញ្ជាពីរដ្ឋាភិបាល៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស