38.8 C
Phnom Penh

ការ​​​ក្លាយ​​​ជា​​​អ្នក​​​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុតមានចេញផ្សាយជាភាសាអង់គ្លេស ប្រលោមលោកនាឆ្នាំ១៩២៨ដែលរៀបរាប់អំពីដំណើរជីវិតនៅកម្ពុជាបន្តឆ្លុះបញ្ចាំងនូវបទពិសោធន៍របស់ជនបរទេស

ប្រលោមលោកដែលមានចំណងជើងថា “វិលទៅរកដីឥដ្ឋ”ចាប់ផ្តើមដោយមានឈុតឆាកដែលធ្លាប់បានស្គាល់ចំពោះស្វាមីភរិយាដែលផ្លាស់លំនៅទៅនៅទឹកដីឆ្ងាយៗ។

Book-Return-to-Clay-by-George-Groslier-mv-553x800អ្នកស្រី រេម៉ុង ស្ត្រីជនជាតិបារាំងដែលមានប្តីឈ្មោះ ក្លដ កំពុងត្រូវបញ្ជូនមកស្រុកខ្មែរ គឺមិនមានបំណងចាកចេញពីសង្កាត់ក្រុងប៉ារីសដែលសុទ្ធតែមានឋានៈខ្ពង់ខ្ពស់ទៅកាន់ទឹកដីដែលគេមិនស្គាល់ ដែលនៅទីនោះអ្នកស្រីមិនចាប់អារម្មណ៍អ្វីសោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោក ក្លដ មិនព្រមទុកប្រពន្ធឲ្យនៅម្នាក់ឯងទេ។ ហើយអ្នកស្រី រេម៉ុង យល់ព្រមតាមប្តីទាំងរារែកក្នុងចិត្ត គឺប្តេជ្ញាចាប់កំហុសចំពោះអ្វីគ្រប់យ៉ាង និងទៅលើគេគ្រប់គ្នានៅក្នុងក្រុងភ្នំពេញ។ អ្នកស្រីបណ្តេញចេញបុគ្គលិកក្នុងផ្ទះជាជនជាតិខ្មែររបស់អ្នកស្រីដោយមានពាក្យរិះគន់ជាបន្តបន្ទាប់ ហើយក៏បង្កើតបរិយាកាសពិសពុលនៅក្នុងផ្ទះដែលធ្វើឲ្យគូស្វាមីនេះបែកបាក់គ្នា។ អ្នកស្រី រេម៉ុង តែងតែសុបិនឃើញក្រុងប៉ារីស ចំណែកឯលោក ក្លដ វិញ បាក់ចិត្តស្រឡាញ់កម្ពុជា។

នៅពេលដែលលោកយកស្រីកំណាន់ជាជនជាតិខ្មែរម្នាក់ អ្នកស្រី រេម៉ុង ក៏វិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ។ រឿងនេះធ្វើឲ្យលោក ក្លដ មានសេរីភាពក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយមិត្តភក្តិបស្ចិមប្រទេសរបស់លោក ហើយក៏លង់ខ្លួនទៅក្នុងមជ្ឈដ្ឋានកម្ពុជាដែលលោកយល់តិចតួចហួសពីក្តីស្រមើស្រមៃអណ្តែតអណ្តូងរបស់លោក។

ចេញផ្សាយជាភាសាអង់គ្លេសជាលើកដំបូងកាលពីឆ្នាំមុន ប្រលោមលោកដែលនិពន្ធដោយលោក ហ្ស៊ក ហ្គ្រូសលីយេ ជាជនជាតិបារាំងដែលបានបង្កើតសារមន្ទីរជាតិកម្ពុជា គឺបានបោះពុម្ពដំបូងក្នុងក្រុងប៉ារីស នាឆ្នាំ១៩២៨។

លោក ហ្វ្រង់ហ្វ័រ ឌ័រ ជាអ្នកជំនាញស្តីពីអក្សរសាស្ត្រភាសាបារាំងរបស់ឥណ្ឌូចិន ដែលប្រមែប្រមូលបណ្តុំសៀវភៅចំនួន១២.០០០នៅឯបណ្ណាគារនិងបណ្ណាល័យឈ្មោះ Librairie du Siam ក្នុងក្រុងបាងកកបានមានប្រសាសន៍ថា ប្រតិកម្មរបស់តួអង្គទាំងពីរទៅនឹងទឹកដីនិងវប្បធម៌ថ្មីដ៏ចម្លែក ក៏នៅតែទទួលពីសំណាក់ជនបរទេសសព្វថ្ងៃនេះដែរ។

លោកបានមានប្រសាសន៍ថា “នេះជាអ្វីដែលធ្វើឲ្យមានប្រលោមលោកនាពេលបច្ចុប្បន្ន។ មានការរកឃើញប្រទេសមួយ ភាពតក់ស្លុតនៃវប្បធម៌មួយដែលគេមិនយល់ពីអាហារ អាកាសធាតុ និងជីវិតប្រចាំថ្ងៃ ដែលថាអ្វីគ្រប់យ៉ាងធ្វើឲ្យគេស្រឡាំងកាំង”។

លោក ឌ័រ បាននិយាយថា ជនបរទេសនៅកម្ពុជា “មានប្រតិកម្មពីរ” គឺការច្រានចោល ហើយមិនអាចយល់ពីប្រទេសថ្មីដែលនាំឲ្យមានបទពិសោធន៍គួរឲ្យទោមនស្ស ឬការភ្ញាក់ផ្អើល ការសាទរ និងការត្រៀមទទួលយកបរិស្ថាននៅជុំវិញខ្លួនរបស់គេ។

Groslier-1928-GG-Portrait-Hurlimann-3-webលោក ឌ័រ បាននិយាយថា “ប៉ុន្តែបន្ទាប់មក គឺយល់ដឹងអំពីគ្រោះថ្នាក់ដែលរង់ចាំមនុស្សល្ងីល្ងើដែលកោតសរសើរទាំងងងឹតងងល់ខ្លាំងពេក។ ការធ្លាក់រាសីចុះរបស់លោកនិងជាបញ្ហាធ្ងន់ធ្ងរនៅពេលដែលការមិនមានអារ្យធម៌ខ្ពង់ខ្ពស់ គឺធ្វើឲ្យលោកភ្លឺភ្នែក ហើយប្រឈមនឹងភាពពិតដែលគ្មានភាពចម្លែកគួរឲ្យភាន់ភាំង”។

ថាតើពេលសព្វថ្ងៃនេះ ឬមួយសតវត្សរ៍កន្លងមក ជនបរទេសដែលបន្សល់ទុកឫសគល់របស់ខ្លួនឲ្យធ្លាក់ចូលទៅក្នុងសង្គមកម្ពុជា តែងតែមានការភ្ញាក់រឭកដ៏គ្រោតគ្រាតនៅពេលដែលចាប់ផ្តើមយល់អំពីក្រមនិងការងារស្មុគស្មាញដែលគេមិនបានកត់ត្រាទុកជាលាយលក្សអក្សររបស់ប្រទេសនេះ។

នៅក្នុងសៀវភៅ លោក ក្លដ មិនទាន់យល់ដឹងអំពីបញ្ហានេះទេ។ ជាប់ចិត្តយ៉ាងខ្លាំងនឹងសម្រស់នៃទេសភាពស្រុកខ្មែរ និងជាប់ចិត្តនឹងផ្ទះដែលបង្កើតឡើងដោយនាង កំលាំង ជាស្រីកំណាន់ជនជាតិខ្មែររបស់គាត់ គាត់មិនដឹងថា អ្នកលក់ដូរដែលឆ្លងផ្លូវមកឲ្យកម្រៃជើងសារដល់នាងនៅពេលណាដែលគាត់ទិញអំណោយជូននាង ឬនាងកំពុងស៊ើបមើលប្រពន្ធរបស់គាត់និងគ្រួសារគាត់តាមរយៈមិត្តភក្តិ អ្នកបើកឡាន ឬអ្នកដើរកាត់។

ក្នុងពេលដែលលោក ក្លដ បន្តធ្វើការឲ្យក្រុមហ៊ុនបារាំងរបស់គាត់ ជារឿយៗគាត់ដកខ្លួនចេញពីសហគមន៍ជនជាតិបារាំង ហើយកែច្នៃឆាកជីវិតប្រចាំថ្ងៃរបស់គាត់សាជាថ្មី រស់នៅជាមួយនាង កំលាំង នៅក្នុងផ្ទះឈើខ្ពស់ផុតពីដីនៅក្នុងសង្កាត់ជនជាតិខ្មែរ ទោះបីជានាងសុបិនឃើញអ្វីៗគ្រប់យ៉ាងជាបស្ចិមប្រទេសក៏ដោយ។

សៀវភៅសរសេរថា “ដោយដកខ្លួនចេញពីពិភពដទៃទៀត គាត់បានធ្វើសកម្មភាពឥតឈប់ឈរ ដែលធ្វើឲ្យគាត់ប្រើពេលវេលាច្រើន ពីនាទីមួយទៅនាទីមួយទៀត។ គាត់លែងស្វះស្វែងរក ដើម្បីបំពេញពេលវេលាទៀតហើយ ប៉ុន្តែដកអ្វីគ្រប់យ៉ាងដែលខ្លួនមាន….ដើម្បីឲ្យឃើញទឹកដី១០០កន្លែងក្នុងមួយជីវិតមនុស្សគឺគ្មានអ្វីទេ ក្រៅតែពីគំនិតភាន់ច្រឡំនិងបន្លាស់ទីឥតបានការ។ វាទំនងជាល្អប្រសើរសម្រាប់ ក្លដ ដោយមិនចាកចេញពីទីតាំងមួយ ដោយស្គាល់កន្លែងនោះច្បាស់លាស់ពីដើមឈើមួយទៅដើមឈើមួយទៀត ពីម៉ោងមួយទៅម៉ោងមួយទៀត ដោយខ្លួនគេមានសេរីភាពបរិបូរ ហើយសញ្ញាណទាំងអស់របស់ពេលវេលាត្រូវលុបចោលអស់”។

ដំបូងឡើយ ក្លដបានចាប់ចិត្តនឹងស្ត្រីជនជាតិបារាំងម្នាក់ ដែលយកលំនាំតាមខ្មែរល្អឥតខ្ចោះ។ ប៉ុន្តែនាងគឺជាប្រពន្ធរបស់មិត្តម្នាក់ ហើយនៅពេលដែលនាងបានលែងលះប្តី គាត់បានស៊ូប្តូរជីវិតគាត់ជាមួយនាង កំលាំង ខ្លាំងពេក ដែលមិនអាចចាកចេញពីនាងបានទេ។

តាមពិត សម្តីសំដៅរបស់គាត់នៅក្នុងផ្ទះគឺសម្របសម្រួលយ៉ាងប្រុងប្រយ័ត្នដោយនាងកំលាំង ដែលថែមទាំងរកស្រីក្មេងម្នាក់ទៀតឲ្យធ្វើជាស្រីកំណាន់ទីពីរ ហើយស្ត្រីទាំងពីរបម្រើគាត់ឥតឲ្យឃ្នើសចិត្តទេ។ ប្រលោមលោកពន្យល់ថា វាជាការធម្មតានៅពេលនោះសម្រាប់ប្រពន្ធដើមសម្រេចចិត្ត ហើយថែមទាំងជ្រើសរើសប្រពន្ធទីពីរសម្រាប់ប្តីទៀត។

លោក ឌ័រ បាននិយាយថា លោក គ្រូសល័រស្គាល់ប្រទេសកម្ពុជាច្បាស់ដូចបាតដៃអ៊ីចឹង។វាជាប្រទេសរបស់គាត់។ ប៉ុន្តែគាត់ក៏ឃើញអ្វីៗគ្រប់យ៉ាងជាសហគមន៍អាណានិគមដ៏តូចដែលរស់នៅក្នុងដែរ”។

ក្នុងឆ្នាំ១៨៨៧ លោក ហ្គ្រូសលីយេបានក្លាយជាកូនទីមួយដែលកើតពីឪពុកម្តាយជាជនជាតិបារាំងនៅក្នុងប្រទេសកម្ពុជា។ ក្រោយពីសិក្សាសិល្បក្នុងប្រទេសបារាំងហើយចូលបម្រើកងទ័ពបារាំងអំឡុងសង្គ្រាមលោកលើកទីមួយ លោកបានវិលត្រឡប់មកកសាងនិងបង្កើតសារមន្ទីរជាតិ ហើយបានបង្កើតសាលាសិល្បកម្ពុជា  Ecole des Arts Cambodgiens ដែលនៅជាប់នឹងសារមន្ទីរដែលបានក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប។

Return-to-Clay-illustration-by-Groslier-in-1928-book-webសង្ស័យថា មានការឃុបឃិតក្នុងការតស៊ូអំឡុងសង្គ្រាមលោកលើកទី២ លោកបានស្លាប់ពេលគេកំពុងសួរចម្លើយក្នុងអំឡុងពេលការត្រួតត្រារបស់ជប៉ុនទៅលើប្រទេសកម្ពុជាក្នុងឆ្នាំ១៩៤៥។

ប្រលោមលោក”វិលទៅរកដីឥដ្ឋ”ដែលចេញលើកទី១ ជាភាសាបារាំងមានចំណងជើងថា “Le retour a l’argile” បានបកប្រែទៅជាភាសាអង់គ្លេសតាមរយៈការផ្តល់ទាយជ្ជទានជាតិសហរដ្ឋអាមេរិកសម្រាប់ជំនួយសិល្បៈ ហើយបោះពុម្ពដោយសារព័ត៌មាន  DatASIA Press នៅសហរដ្ឋអាមេរិក ដែលរួមមានជាភាសាអង់គ្លេស និងភាសាបារាំងដើម។

លោក ឌ័រ បាននិយាយថា “រឿងប្រលោមលោកនេះគួរឲ្យចាប់អារម្មណ៍ណាស់ គឺមានរចនាបថ និងខ្លឹមសារល្អល្អះ តាមទម្រង់ ហ្គ្រូសលីយេ ជាអ្នកនិពន្ធដ៏ឆ្នើម ដែលសរសេរតាមរបៀបបញ្ចេញបញ្ចូលនិងត្រង់ៗ”។

សៀវភៅនេះទទួលបានរង្វាន់អក្សរសាស្ត្រជំនាន់អាណានិគម  Grand Prix de Litterature Coloniale នៅក្នុងប្រទេសបារាំងក្នុងឆ្នាំ១៩៣១ ជារង្វាន់ដែលប្រគល់ជូនអ្នកនិពន្ធដែលមានចំណេះដឹងជ្រៅជ្រះចំពោះប្រទេសទាំងឡាយដែលពួកគេរៀបរាប់។ ប្រលោមលោកនេះបានចេញផ្សាយក្នុងពេលដែលប្រទេសនេះកំពុងត្រៀមធ្វើការតាំងពិព័រណ៍អាណានិគមឆ្នាំ១៩៣១ដែលនិយាយអំពីទ្រង់ទ្រាយចម្លងនៃប្រាសាទអង្គរវត្ត។

គូសបញ្ជាក់អំពីភាពដល់កំពូលនៃអាណាចក្រអាណានិគមរបស់បារាំង ការតាំងពិព័រណ៍ធ្វើឡើងនៅជាយក្រុងប៉ារីស និងទាក់ទាញភ្ញៀវជាង៨លាននាក់ ក៏ជាសញ្ញាបង្ហាញនូវការចាប់ផ្តើមនៃការធ្លាក់ចុះរបស់ខ្លួន ក្នុងខណៈដែលប្រទេសនេះខកខានមិនរក្សាឲ្យបាននូវភាពមានប្រៀបជាសកលរបស់ខ្លួនក្រោយពីសង្គ្រាមលោកលើកទី២។

ទោះជាយ៉ាងនេះក្តី កេរតំណែលរបស់លោក ហ្គ្រូសលីយេ នឹងនៅស្ថិតស្ថេរឯសារមន្ទីរជាតិ និងនៅឯអង្គរ កូនប្រុសរបស់លោកឈ្មោះ ប៊ែកណា ហ្វុីលីព ហ្គ្រូសលីយេ នឹងធ្វើការស្រាវជ្រាវ ហើយមើលការខុសត្រូវលើការជួសជុលប្រាសាទនៅក្នុងឧទ្យានអង្គរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយបានចាកចេញពីប្រទេសនេះនៅពេលដែលខ្មែរក្រហមបានចាប់ផ្តើមកាន់កាប់ខេត្តសៀមរាបក្នុងទសវត្សរ៍ដើមឆ្នាំ១៩៧០។

លោក ខេន ដាវិស បណ្ណាធិការ  DatASIA បាននិយាយថា លោក ហ្គ្រូសលីយេ ដែលក៏បានសរសេររឿងរ៉ាវមិនមែនបែបប្រលោមលោក បានបញ្ចប់សៀវភៅប្រលោមលោកដែលមានចំណងជើងថា “វិលទៅរកដីឥដ្ឋ” កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩២៨ គឺរយៈពេល៨៨ឆ្នាំមុន។ រឿងប្រលោមលោកដំបូងរបស់លោក ដែលមានចំណងជើងថា “La Route du plus fort” ដែលបានបោះពុម្ពនៅក្នុងឆ្នាំ១៩២៦ នឹងចេញផ្សាយជាលើកដំបូងជាភាសាអង់គ្លេសឆ្នាំក្រោយនេះ ដែលមានចំណងជើងថា “ផ្លូវនៃកម្លាំង”។

លោកបាននិយាយថា “ប្រលោមលោកដំបូងនេះផ្តោតទៅលើបទពិសោធផ្ទាល់ខ្លួនទៅលើជីវិតអាណានិគម។ ខ្ញុំចង់ឃើញបុរសនេះភ្ជាប់ទំនាក់ទំនងទៅនឹងវប្បធម៌ខ្មែរ និងលើកឡើងអំពីប្រធានបទទាំងនេះនៅក្នុងការងារប្រលោមលោកពីរដំបូងរបស់លោកយ៉ាងណានោះ”៕រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស