38.8 C
Phnom Penh

ក្រសួង​​​​មហាផ្ទៃ​​​នឹង​​​​​​ដាក់​​​ចេញ​​​ប្រភេទ​​​​​​​​​ទិដ្ឋាការ​​​ចូល​​​និវត្តន៍​​​ថ្មីឆាប់ៗ​​​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអន្តោប្រវេសន៍បានលើកឡើងថា  ពួកគេនឹងដាក់ចេញប្រភេទទិដ្ឋាការថ្មី សម្រាប់ ជនបរទេសចូលនិវត្តន៍យ៉ាងយូរត្រឹមថ្ងៃច័ន្ទជាការជំរុញថ្មីបំផុតនៅក្នុងយុទ្ធនាការដើម្បីលើកទឹកចិត្តឲ្យជនបរទេសមករស់នៅប្រទេសកម្ពុជាកាន់តែច្រើន។

លោក សុខ វាសនា ប្រធាននាយកដ្ឋានជនបរទេសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានលើកឡើងថា ទិដ្ឋាការថ្មីនេះនឹងតម្រូវឲ្យមានភ័ស្តុតាងបញ្ជាក់ពីស្ថិរភាពហិរញ្ញវត្ថុ និងឯកសារបញ្ជាក់ស្ថានភាពចូលនិវត្តន៍ពីប្រទេសកំណើតរបស់អ្នកដាក់ពាក្យ។

ប៉ុន្តែ ដោយមិនដូចទៅ នឹងទិដ្ឋាការពាណិជ្ជកម្មដែលគេហៅជាផ្លូវការថា ទិដ្ឋាការ “ប្រភេទ E ” នោះទិដ្ឋាការចូលនិវត្តន៍ថ្មីនេះ ដែលនឹងត្រូវហៅថា ទិដ្ឋាការ “ប្រភេទ ER” នឹងមានសុពលភាពរហូតដល់មួយឆ្នាំ ហើយ មិនតម្រូវឲ្យមានប័ណ្ណការងារទេ នេះបើយោងតាមឧត្តមសេនីយ៍ទោ សុខ វាសនា។

លោកបានលើកឡើងទៀតថា អ្នកចូលនិវត្តន៍ “អាចរស់នៅក្នុងប្រទេសកម្ពុជាបានតាមចិត្តចង់ បើពួកគេមានលុយ”។ លោកបានពន្យល់ថា អ្នកទទួលបានទិដ្ឋាការថ្មីនេះនឹងនៅតែត្រូវហាមឃាត់មិនឲ្យធ្វើជាម្ចាស់កម្មសិទ្ធិលើផ្ទះ និងដីនៅក្នុងប្រទេសកម្ពុជាដដែល។

លោក ថូ ស្រេង អនុប្រធានរបស់ឧត្តមសេនីយ៍ទោ សុខ វាសនា បានលើកឡើងថា នាយដ្ឋានអន្តោប្រវេសន៍មានគម្រោងធ្វើឲ្យទិដ្ឋាការថ្មីនេះអាចដាក់ពាក្យសំុបាននៅថ្ងៃច័ន្ទ ប៉ុន្តែអាចនឹងមានការពន្យារពេល ព្រោះមន្ត្រីកំពុងបន្តជូនដំណឹងដល់ស្ថានទូតនានាអំពីការផ្លាស់ប្តូរនេះ។

ជនបរទេសដែលចូលនិវត្តរួចហើយនៅក្នុងប្រទេសកម្ពុជាដោយប្រើទិដ្ឋាការពាណិជ្ជកម្មមិនចាំបាច់ប្តូរទៅទិដ្ឋាការថ្មីនេះឡើយ ប៉ុន្តែ ពួកគេមានជម្រើស។

ទាំងឧត្តមសេនីយទោ សុខ វាសនា និងលោក ថូ ស្រេង សុទ្ធតែបានលើកឡើងថា ខ្លួនមិនដឹងទេថា តើទិដ្ឋាការចូលនិវត្តន៍នេះនឹងត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះឡើយ។

ការបណ្តោយឲ្យទទួលបានទិដ្ឋាការដោយងាយនៅកម្ពុជាជាយូរមកហើយ មានន័យថាជនបរទេសអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបានដោយពន្យារទិដ្ឋាការពាណិជ្ជកម្មរបស់ខ្លួនរៀងរាល់១២ខែម្តង មិនថាពួកគេធ្វើការ ឬមិនធ្វើការនៅក្នុងប្រទេសនេះឡើយ។ ឥឡូវនេះ ប័ណ្ណការងារត្រូវបានតម្រូវជាផ្លូវការឲ្យមានបន្ថែមលើទិដ្ឋាការពាណិជ្ជកម្ម ប៉ុន្តែ កម្រមានការអនុវត្តណាស់។

នៅឯផ្សារ ហ្គោលដេន សូរិយា ម៉ល ក្នុងរាជធានីភ្នំពេញ ជនបរទេសចូលនិវត្តន៍ និងគ្រោងចូលនិវត្តបានលើកឡើងថា ពួកគាត់មិនត្អួញអំពីប្រព័ន្ធទិដ្ឋាការដែលមានស្រាប់ឡើយ ហើយមានតែប្តូរទៅទិដ្ឋាការចូលនិវត្តបើគ្មានជម្រើសផ្សេង។

លោក Lindsay Westphal មន្ត្រីនគរបាលដែលចែកពេលរស់នៅរវាងទីក្រុង Alice Springs ប្រទេសអូស្ត្រាលី និងរាជធានីភ្នំពេញនោះ បានលើកឡើងថា លោកកំពុងពិចារណាចូលនិវត្តនៅកម្ពុជានាឆ្នាំក្រោយ ប៉ុន្តែនៅតែប្រើទិដ្ឋាការពាណិជ្ជកម្មដដែលដើម្បីឲ្យគាត់អាចធ្វើការ ” បានបន្តិចបន្តួចនៅទីនេះ និងបានបន្តិចបន្តួចនៅទីនោះ”។

មន្ត្រីនគរបាលអាយុ៥៣ឆ្នាំរូបនេះបាននិយាយថា “លោកអ្នកនឹងធុញទ្រាន់”។ លោកបានបន្ថែមថា “ខ្ញុំគិតថា មនុស្សជាច្រើននឹងមិនយកទិដ្ឋាការថ្មីនេះទេ”។

លោក Sandy Brown អ្នកជំនួញជនជាតិអូស្ត្រាលីអាយុ៥៦ឆ្នាំដែលកំពុងផឹកស្រាក្រឡុកនៅតុមួយជាមួយបុរសជនបរទេសនិងស្ត្រីខ្មែរមួយក្រុមបានលើកឡើងថា លោកមិនទាន់ចូលនិវត្តទេក្នុងរយៈពេលពីបីឆ្នាំទៀតនេះ ប៉ុន្តែ ថាកម្ពុជាគឺជាជម្រើសរបស់គាត់ពេលណាគាត់ចូលនិវត្ត។

ទោះជាយ៉ាងណាលោកបានលើកឡើងទៀតថា លោកមិនសូវចាប់អារម្មណ៍លើទិដ្ឋាការចូលនិវត្តន៍នេះឡើយ។

លោកបាននិយាយថា “វាអាចជាការប្រសើរ ប្រសិនបើយើងទទួលបានលើសពី១ឆ្នាំ ឬក៏ប្រសិនបើវាថោកជាងទិដ្ឋាការពាណិជ្ជកម្មធម្មតា។បើគេមិនបង្ខំថា ត្រូវតែមានប័ណ្ណការងារបន្ថែមពីលើទិដ្ឋាការពាណិជ្ជ កម្មទេនោះ គ្មាននរណាគេខ្វល់ទេ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស