38.8 C
Phnom Penh

នគរបាល​​​តាម​​​ប្រមាញ់​​​យោធា​ម្នាក់​ដែល​​ទិញ​ព្រះ​កេស​ចម្លាក់​​​ព្រះ​សិវៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលក្នុងខេត្តបន្ទាយមានជ័យកំពុងស្វែងមន្ត្រីយោធាម្នាក់ដែលបានទិញព្រះកេស ព្រះសិវៈក្នុងរចនាបថហិណ្ឌូដែល មានអាយុកាលរាប់សតវត្សរ៍មកហើយពីកសិករម្នាក់ដែលបានជីករកឃើញ។

លោក ភឿង ម៉ាន់សឹុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា បុរសរូបនេះត្រូវបានកំណត់អត្តសញ្ញាណថា ជាមន្ត្រីកងយោធពលខេមរ ភូមិន្ទអាយុ៣៣ឆ្នាំមកពីខេត្តសៀមរាប ប៉ុន្តែមិនទាន់រកឃើញនៅឡើយទេ។

លោកបានមានប្រសាសន៍បន្ថែមថា នគរបាលក៏បានសង្ស័យលើមន្ត្រីរូបនេះថាបានជួញដូរវត្ថុបុរាណយ៉ាងទូលំទូលាយផងដែរ។

លោក ភឿង ម៉ាន់សឹុង បានមានប្រសាសន៍ ថា ”យើងស្គាល់អត្តសញ្ញាណអ្នកចែកចាយរូបនេះដែលកំពុងជួញដូរវត្ថុបុរាណហើយ ដូច្នេះយើងកំពុងតាមស្វែងរកជននេះ។ យើងមិនអាចប្រាប់ឈ្មាះជននេះបានទេ ពីព្រោះយើងមិនទាន់បានបញ្ចប់ការស៊ើប អង្កេតនៅឡើយទេ។ ខ្ញុំអាចប្រាប់អ្នកបានថា ជននេះជាមន្ត្រីយោធាមកពីខេត្តសៀមរាប”។

លោកបានបន្ថែមថា “យើងកំពុងទាក់ទងយោធា និងអាជ្ញាធរក្នុងខេត្តសៀមរាបឱ្យជួយស្វែងរកជនេនះ” ដោយលោកពន្យល់ថា នគរបាលបានចុះទៅដល់ផ្ទះមន្ត្រីកងយោធពលខេមរភូមិន្ទរូបនេះស្ថិតក្នុងស្រុកស្វាយលើ ប៉ុន្តែជននេះបានគេចខ្លួនបាត់ទៅហើយ។

លោកបានមានប្រសាសន៍ថា អ្នកភូមិមួយចំនួនរាយការណ៍ថា ព្រះកេសព្រះដែលមានទម្ងន់២,២គីឡូក្រាមនេះ ធ្វើពីស្ពាន់ ប៉ុន្តែ អ្នកផ្សេងទៀតរាយការណ៍ថា ធ្វើពីសំរិទ្ធិ។

នៅពេលសួរថាតើនគរបាលដឹងពីការរកឃើញព្រះកេសព្រះក្នុងខេត្តបន្ទាយមានជ័យ ហើយក្រោយមកត្រូវបានលក់ដោយរបៀបម៉េចនោះ លោកបានលើកឡើងត្រឹមតែថា “យើងមានបណ្ដាញរបស់យើង”។ លោកបានថ្លែងថា ពួកគេជឿថា ព្រះកេសព្រះនេះត្រូវបានគេយកទៅប្រទេសថៃ។

លោក យ៉ុង តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានមានប្រសាសន៍ថា មន្ត្រីរបស់លោកឃើញតែរូបថតព្រះកេសព្រះនេះតែប៉ុណ្ណោះ ហើយមិនអាចដឹងពីកាលបរិច្ឆេទឡើយ ទាល់តែពួកគេមានវានៅក្នុងដៃ។ទោះយ៉ាងណា លោកបានថ្លែងថា វាជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបាន និងមានអាយុកាលរាប់សតវត្សរ៍ឯណោះ។

លោកបានមានប្រសាសន៍ថា “វាពិបាកកំណត់ពីប្រវត្តិព្រះកេសព្រះនេះណាស់ ពីព្រោះយើងមិនបានឃើញរបស់ពិត យើងឃើញតែក្នុងរូបថតប៉ុណ្ណោះ”។

កសិករដែលបានជីករកឃើញព្រះកេសព្រះនេះ ឈ្មោះ ទុំ សណ្ដាន់ អាយុ៤៩ឆ្នាំ បាននិយាយថា គាត់បានឃើញវាកប់ក្នុងដីនៅពេលគាត់កំពុងឃ្វាលគោក្នុងស្រុកភ្នំស្រុក កាលពីថ្ងៃទី២១ខែមិថុនា ហើយមិនដឹងពីសារៈសំខាន់របស់វាទេ។

លោក ទុំ សណ្ដាន់ បាននិយាយថា “បន្ទាប់ពីខ្ញុំទុកវាមួយយប់ បុរសម្នាក់បានមកទិញក្នុងតម្លៃ៧០.០០០បាត (ប្រហែល២.០០០ដុល្លារ) ប៉ុន្តែមួយថ្ងៃក្រោយមក នគរបាលបានមកផ្ទះរបស់ខ្ញុំ ហើយបាននាំខ្ញុំទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក”។ គាត់បានបន្ថែមថា អ្នកទិញបានឱ្យលុយគាត់១០០ដុល្លារអាមេរិកបន្ថែមទៀត។

គាត់បានបន្តថា លោក យ៉ត សុផល អធិការនគរបាលស្រុកបានយកប្រាក់ប្រហែល៥០.០០០បាតពីគាត់ជាភ័ស្តុតាងនៃការលក់នេះ។

គាត់បានបន្ថែមថា “លោក យ៉ត សុផល បានចោទខ្ញុំថាក្បត់ជាតិ ចំពោះការជួញដូរទ្រព្យសម្បត្តិជាតិ។ ខ្ញុំមិនបានដឹងច្បាស់ពីកិត្តិសព្ទរបស់វាទេ”។

លោក យ៉ត សុផល បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយលោក ភឿង ម៉ាន់ស៊ឹង បានថ្លែងថា បើទោះជាលោក ទុំ សណ្ដាន់ មានពិរុទ្ធភាពពីបទជួញដូរវត្ថុបុរាណក៏ដោយ ក៏នគរបាលមិនទាន់ចាប់ខ្លួនគាត់នៅឡើយដែរ ពីព្រោះគាត់កំពុងជួយស្វែងរកអ្នកទិញរូបនោះ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស