38.8 C
Phnom Penh

អ្នក​​​រួច​​​​​​​​​ជីវិត និង​​​ភ្ញៀវ​​​ទេសចរ​​​ខឹង​​​ពេល​​​ហ្គេម​​​ Pokemon Go​​​ លុក​​​លុយ​​​​​​សារមន្ទីរ​​​ទួល​​​ស្លែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅបរិវេណនៃសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង កន្លែងដែលអ្នកទោសប្រមាណ១៥.០០០នាក់ត្រូវខ្មែរក្រហមសម្លាប់អ្នកនៅរស់រានមានជីវិតនិងបុគ្គលិកនៅមន្ទីរឃុំឃាំងនេះមានការខឹងយ៉ាងខ្លាំងដោយសារកំណត់ទីតាំងឲ្យហ្គេម Pokemon Go អាចលេងបាននៅទីនោះកាលពីចុងសប្តាហ៍។

ដោយមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ ហ្គេមលេងតាមប្រព័ន្ធ GPS នេះបានទាក់ទាញអ្នកលេងហ្គេមនិងសាធារណជនតាមតំបន់នានាឲ្យតាមចាប់និងវាយសត្វគំនូរជីវចលដែលលេចឡើងតាមទីតាំងនានានៅលើអេក្រង់ទូរស័ព្ទឬថេបប្លេតរបស់អ្នកលេងហ្គេម។

ភ្ញៀវទេសចរចាកចេញពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ អ្នកនៅរស់រានមានជិវិត និងបុគ្គលិកនៅសារមន្ទីរនេះមានការខឹងយ៉ាងខ្លាំងដោយសារហ្គេម Pokemon Go លុកលុយទីនេះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ភ្ញៀវទេសចរចាកចេញពីសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ អ្នកនៅរស់រានមានជិវិត និងបុគ្គលិកនៅសារមន្ទីរនេះមានការខឹងយ៉ាងខ្លាំងដោយសារហ្គេម Pokemon Go លុកលុយទីនេះ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ប៊ូ ម៉េង អ្នកនៅរស់រានមានជីវិតម្នាក់ក្នុងចំណោមអ្នកនៅរស់រានមានជីវិតមួយចំនួនតូចបានលើកឡើងកាលពីម្សិលមិញថា “ពួកគេមិនគួរមកលេងនៅទីនេះទេ។ វាមិនសមឡើយ។ កន្លែងនេះគឺជាកន្លែងពោរពេញទៅដោយទុក្ខព្រួយ និងការឈឺចាប់”។

ពេលអង្គុយនៅលើបង់មួយនៅកន្លែងនេះដែលគេហៅជាទូទៅថា មន្ទីរឃុំឃាំងស-២១ ភ្ញៀវទេសចរជនជាតិហូឡង់ម្នាក់ឈ្មោះ Caloline Ngo បានសម្លឹងទៅកាន់ទីធ្លានេះ ជាកន្លែងដែលមានការធ្វើទារុណកម្មអំឡុងសម័យខ្មែរក្រហម ហើយឥឡូវក្លាយជាកន្លែងលេងហ្គេម Pokemon Go នោះ។

ភ្ញៀវទេសចរអាយុ២៤ឆ្នាំរូបនេះដែលម្តាយរបស់នាង គឺជាជនភៀសខ្លួនដែលគេជួយឲ្យបានទៅកាន់ប្រទេសហូឡង់អំឡុងសម័យប៉ុលពតនោះបាននិយាយថា “តាមគំនិតខ្ញុំ ការមកលេងហ្គេម Pokemon Go នៅទីនេះគឺជារឿងឆ្កួតៗ។ ខ្ញុំគិតថា វាមិនសមរម្យទេ”។

នាងបានលើកឡើងបន្តថា ខណៈនាង និង ពលរដ្ឋខ្មែរភាគច្រើនមានគ្រួសារដែលរងការឈឺចាប់ដោយសាររបបខ្មែរក្រហមនោះជនបរទេសជាច្រើនមិនបានទទួលស្គាល់សារមន្ទីរទួលស្លែងថា ជាកន្លែងដែលតំណាងឲ្យការឈឺចាប់នោះឡើយ។ “ពួកគេពិតជាមិនដឹងអំពីរឿងរ៉ាវដែលនៅពីក្រោយនោះទេ។ សម្រាប់ពួកគេ វាគ្រាន់តែជាពន្ធនាគារមួយប៉ុណ្ណោះ។ ពួកគេគ្រាន់តែមកដើរមើលមួយភ្លែត ហើយក្រោយមកបានប្តូរទៅធ្វើសកម្មភាពបន្ទាប់”។

ជាមួយនឹងហ្គេមថ្មីនេះដែលបង្កើតឡើងដោយក្រុមហ៊ុន Niantic ជាក្រុមហ៊ុនបង្កើតកម្មវិធីមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលក៏ជាអ្នកកំណត់ទីតាំងសម្រាប់ហ្គេមនេះដែរនោះ សកម្មភាពបន្ទាប់អាចកើតមាននៅមជ្ឈមណ្ឌលនេះដោយឯកឯង។

រស់ ចិន្តា មគ្គុទ្ទេសក៍ទេសចរណ៍នៅសារមន្ទីរេនះបានលើកឡើងថា “អ្នកដែលខ្ញុំធ្វើជាហ្គាយឲ្យបានលេងហ្គេមនេះ”។

បន្ទាប់ពីដើរមើលបន្ទប់មួយចំនួននៅក្នុងសារមន្ទីរនេះដែលរៀបរាប់លម្អិតពីការធ្វើទារុណកម្មអ្នកទោស និងដែលមានរូបភាពស្តីពីការធ្វើទារុណកម្មជាជួរៗ មគ្គុទេសក៍ទេសចរណ៍រូបនេះបានលើកឡើងថា ក្មេងបរទេសពីរនាក់បានលេងហ្គេមនេះដោយមិនខ្វល់ពីភាពរន្ធត់នៅកន្លែងនេះឡើយ។

cam-photo-pokemon-hawkinsគាត់បាននិយាយថា “វាលំបាកណាស់ក្នុងការប្រាប់ពួកគេឲ្យឈប់លេង ព្រោះវាជាការយល់ឃើញរបស់ពួកគេ ហើយពួកគេក៏មានអារម្មណ៍តក់ស្លុតណាស់ដែរ។ អ្នកខ្លះបានលេងហ្គេមនេះ បន្ទាប់ពីយំសោកអាណិតអាសូរអ្នកដែលរងការធ្វើទារុណកម្មនៅកន្លែងនេះ”។

ចាន់ សៅឆាង អាយុ២៤ឆ្នាំ ជាបុគ្គលិកការិយាល័យផ្នែកផ្សព្វផ្សាយព័ត៌មានជាសំឡេងនៅសារមន្ទីរនេះបានលើកឡើងថា អ្នកដែលធ្វើខុសមិនមែនសុទ្ធតែភ្ញៀវទេសចរបរទេសនោះទេ។

លោកបាននិយាយថា “មានបុរសជនជាតិខ្មែរម្នាក់អាយុស្រករខ្ញុំ បានមកសារមន្ទីរនេះដើម្បីគ្រាន់តែតាមចាប់ Pokemon មិនមែនមកដើរមើលនៅសារមន្ទីរនេះទេ។គាត់បានមកទីនេះប្រហែល៥នាទីកាលពីម្សិលមិញ ហើយបានចាកចេញទៅវិញភ្លាម បន្ទាប់ពីចាប់បាន Pokemon”។

លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះបានលើកឡើងថា លោកមិនដឹងថា គេបានកំណត់ទីតាំងឲ្យលេងហ្គេម Pokemon Go នៅមជ្ឈមណ្ឌលនេះឡើយ ហើយក៏មិនដឹងថា ភ្ញៀវទេសចរបានលេងហ្គេមនេះនៅក្នុងបរិវេណនេះដែរ។

លោកបានថ្លែងថា “ប្រសិនបើយើងដឹងពីរឿងនេះ យើងនឹងមិនអនុញ្ញាតឲ្យពួកគេមកទីនេះទេ”។ លោកបានបន្ថែមថា ការចូលទៅកាន់កម្មវិធីដូចជាហ្គេម Pokemon Goជាដើមអាចមានការលំបាកនៅទីនេះ ព្រោះសារមន្ទីរមិនបានផ្តល់ Wi-Fi ដល់ភ្ញៀវទេសចរឡើយ។

ប៉ុន្តែគួរតែមានការខិតខំលុបហ្គេមនេះចោលដើម្បីធានាថា ពួកគេមិនបង្វែរចំណាប់អារម្មណ៍ចេញពីមេរៀនដែលអាចរៀនសូត្របានតាមរយៈសារមន្ទីរនេះ នេះបើយោងតាមលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា វាគួរតែត្រូវបានហាមឃាត់ ហើយវាគួរតែត្រូវបានលុបចេញពីប្រព័ន្ធហ្គេម”។

ក្រុមហ៊៊ុន Niantic ដែលក៏រងការរិះគន់ដោយសារការកំណត់ទីតាំងឲ្យហ្គេម Pokemon Go អាចលេងបាននៅបន្ទាយឃុំឃាំង Auschwitz និងសារមន្ទីរ Holocaust Memorial Museum នៅសហរដ្ឋអាមេរិកដែរនោះ មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទាក់ទិននឹងការកំណត់ទីតាំងនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឡើយ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស