38 C
Phnom Penh

មួយ​ខែក្រោយមក នៅ​​​តែ​​​គ្មានព័ត៌មាន​​​ទាក់ទង​​​នឹងការ​​​ស៊ើបអង្កេតឃាតកម្ម​លោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល១ខែបន្ទាប់ពីលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញមក អាជ្ញាធរបានលើកឡើងតិចតួចពីការវិវឌ្ឍនៅក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ។

cam-photo-eulogy-reutersបុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការសម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា បានសារភាពចំពោះបទឧក្រិដ្ឋនោះ ហើយបានអះអាងថាខ្លួនបានធ្វើការសងសឹកដោយសារលោក កែម ឡី ជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង។ ប៉ុន្តែក្រុមគ្រួសារបុរសទាំងពីរនិយាយថា អ្នកទាំងពីរមិនដែលស្គាល់គ្នាទេ ដោយធ្វើឱ្យមានការសង្ស័យជា សាធារណៈថា ការបាញ់សម្លាប់នេះជាការធ្វើឃាតពាក់ព័ន្ធរឿងនយោបាយ។

ជនសង្ស័យរូបនេះដែលបានប្រាប់អត្តសញ្ញាណថា ឈ្មោះ ជួប សម្លាប់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃទី១៣ ខែកក្កដា។ ក្រុមមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ពួកគេជឿថាអ្នកផ្សេងទៀតបានបញ្ជាឱ្យមានការបាញ់សម្លាប់នេះ ប៉ុន្តែពួកគេមិននិយាយច្រើនឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា “ខ្ញុំមិនមានអ្វីថ្មីទេ។ ប្រសិនបើអ្នកមានអ្វីថ្មី សូមប្រាប់ខ្ញុំផង។ មានអ្នកនៅពីក្រោយរឿងនេះ ប៉ុន្តែយើងរកពួកគេមិនទាន់ឃើញទេ”។

ថ្ងៃតែមួយដែលសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ខ្មាន់កាំភ្លើងជាប់សង្ស័យ រូបនេះដែលឈ្មោះពិតថា អឿង អាង ក៏មានការចោទប្រកាន់ជនសង្ស័យមិនចេញឈ្មោះទី២ម្នាក់ទៀតផងដែរពីបទលក់អាវុធឱ្យឃាតកររូបនេះ គឺកាំភ្លើងខ្លីម៉ាកឡុក។

កាលពីម្សិលមិញ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា លោកមិនទាំងដឹងថា មានជនសង្ស័យទី២ទេ។ លោកបាននិយាយលាយឡំជាមួយសំណើចថា”អរគុណហើយដែលប្រាប់ខ្ញុំពីរឿងនេះ។ អ្នកគឺជាមនុស្សទី១ហើយដែលប្រាប់ខ្ញុំ”។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា អាជ្ញាធរក៏រកមិនឃើញភ័ស្តុតាងពីការជំពាក់ប្រាក់ដូចបានអះអាងនោះដែរ។ លោកបានថ្លែងថា “យើង មិនបានធ្វើការសន្និដ្ឋានអំពីប្រាក់នោះទេ ប៉ុន្តែវាជាតម្រុយមួយក្នុងការស៊ើបអង្កេត”។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ និងលោក សេង លាង ចៅក្រមដែលស៊ើបអង្កេតករណីនេះ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សាក្សីជាច្រើនត្រូវបានសាកសួរក្នុងករណីនេះ ហើយលោកបានបង្វែរសំណួរបន្ថែមទៅលោក លី សុផាណា អ្នកនាំពាក្យតុលាការ ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយ។

លោក ជិន ម៉ាលីន បានទទួលស្គាល់ថា សាធារណជនស្រងាកចិត្តយ៉ាងខ្លាំងចំពោះល្បឿននៃស៊ើបអង្កេតនេះ ប៉ុន្តែលោកបានជំរុញឱ្យមានការអត់ធ្មត់។

លោកបានមានប្រសាសន៍ថា “នគរបាលកំពុងប្រឹងប្រែងយ៉ាងខ្លាំង។ ករណីនេះមានភាពស្មុគស្មាញបន្តិច ដូច្នេះហើយយើងត្រូវការពេលវេលា។ប្រជាពលរដ្ឋទាមទារឱ្យមានការឆ្លើយតបឱ្យបានឆាប់ ប៉ុន្តែវាមិនមែនជាពេលដែលនគរបាលត្រូវបង្ហាញអ្វីៗដែលពួកគេបានដឹងអំពីការស៊ើបអង្កេតនេះទេ”។

លោក ប៉ា ងួនទៀង ប្រធានសំឡេងប្រជាធិបតេយ្យដែលការផ្សាយរបស់លោកជារឿយៗអញ្ជើញលោក កែម ឡី ជាភ្ញៀវកិត្តិយសនោះ បានមានប្រសាសន៍ថាការវិវឌ្ឍនដ៏យឺតយ៉ាវនេះកំពុងធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងថា ការស៊ើបអង្កេតនេះមិនស្មោះត្រង់។

លោកបានថ្លែងថា “មនុស្សគ្រប់គ្នាសង្ស័យពីការងាររបស់នគរបាល។ ពួកគាត់ឆ្ងល់ថា ហេតុអ្វីបានចំណាយពេលយូរម្លេ៉ះ។បើតាមបទពិសោធន៍របស់កម្ពុជា នៅពេលករណីមនុស្សឃាតលេចធ្លោកើតឡើងដូចនេះ ប្រជាពលរដ្ឋជឿថា មិនដែលមានការស៊ើបអង្កេតត្រឹមត្រូវឡើយ ហើយករណីនេះហាក់បីដូចជាបទពិសោធន៍ស្រដៀងគ្នា”។

លោក ប៉ា ងួនទៀង ដែលក៏ជាប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែរនោះ បានមានប្រសាសន៍ថា លោកគិតថា ការស៊ើបអង្កេតថ្មីបំផុតនេះដើរតាមលំអាននៃការស៊ើបអង្កេតដែលបានធ្វើឡើងបន្ទាប់ពីការធ្វើឃាតអ្នករិះគន់រដ្ឋាភិបាលឆ្នើមៗដទៃទៀត ដែលនៅតែបើកចំហ ឬបញ្ចប់ដោយការសន្និដ្ឋានដែលមានតែមនុស្សមួយចំនួនតូចជឿនោះ។

លោក ប៉ា ងួនទៀង បានថ្លែងថា ប៉ុន្តែការកើតឡើងដដែលៗនេះអាចធ្វើឱ្យរដ្ឋាភិបាលខាតបង់យ៉ាងច្រើនក្នុងការបោះឆ្នោតអាណត្តិក្រោយ បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលស្ទើរតែធ្វើឲ្យខ្លួនធ្លាក់ពីអំណាច។

លោកបានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាលមិនធ្វើអ្វីឱ្យបានត្រឹមត្រូវដើម្បីស៊ើបអង្កេតករណីនេះទេនោះ វានឹងមានផលប៉ះពាល់ខ្លាំងដល់ទំនុកចិត្តលើរដ្ឋាភិបាល”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាបានដឹងច្បាស់ពីហានិភ័យនេះ។ លោកបានបដិសេធភ្លាមៗថា រដ្ឋាភិបាលមិនបានពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះទេ ដោយលើកឡើងថា គណបក្សកាន់អំណាចជាអ្នកខាតបង់ដ៏ធំទៅវិញទេ។

លោកក៏បានរួសរាន់ក្នុងការដាក់ទោសអ្នកដែលហៅលោកថា ជាមនុស្សកុហកផងដែរ។ កាលពីសប្ដាហ៍មុន លោកបានប្ដឹងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលបាននិយាយថា រដ្ឋាភិបាលបានរៀបចំឱ្យមានការសម្លាប់លោក កែម ឡី ដោយបានចោទប្រកាន់លោកទាំងពីរពីបទបរិហារកេរ្តិ៍ និងការញុះញង់។

លោក សម រង្ស៊ី បានប្រកាន់តាមការលើកឡើងរបស់លោក។ ចំណែកសមាជិកព្រឹទ្ធសភារូបនោះវិញអះអាងថា សំឡេងនៅក្នុងវីដេអូឃ្លីបដែលគេប្រើដើម្បីប្ដឹងលោកស្រីនោះ ត្រូវបានគេកាត់ត៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស