31 C
Phnom Penh

​ពលរដ្ឋ​រង​ផល​ប៉ះពាល់​​ពី​​គម្រោង​ជួសជុល​​​​ផ្លូវ​ដែក​​នៅ​តែ​ជួប​ការ​លំបាក​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារជីវភាពរស់នៅរបស់គ្រួសារដែលត្រូវបានបណ្ដេញចេញដោយសារគម្រោងជួសជុលផ្លូវដែករបស់ខ្លួនឡើងវិញ នៅតែមិនទាន់សម្រេចតាមការរំពឹងទុក ហើយវិធានបន្ទាន់ត្រូវការជាចាំបាច់ ប្រសិនបើធនាគារនេះអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ខ្លួន។

cam-photo-front-channa-2អ្នកភូមិប្រមាណ១.០០០គ្រួសារត្រូវបានបណ្ដេញចេញពីផ្ទះសំបែងរបស់ខ្លួន ដែលស្ថិតនៅតាមបណ្ដោយផ្លូវដែកចាស់ទ្រុឌទ្រោមដើម្បីបើកផ្លូវសម្រាប់គម្រោងនេះ ហើយអ្នកភូមិរាប់ពាន់គ្រួសារបន្ថែមទៀតបានបាត់បង់ ឬក៏អាចបាត់បង់ដីរបស់ខ្លួនខ្លះៗ។ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្ដល់ប្រាក់ភាគច្រើននៃប្រាក់ចំនួន១៤៣លានដុល្លារ ជាចំនួនទឹកប្រាក់ដែលគម្រោងនេះដំបូងឡើយត្រូវបានគេវាយតម្លៃថានឹងចំណាយអស់ប៉ុណ្ណឹងនោះ ត្រូវបានជំរុញឱ្យបង្កើតផែនការកែស្ថានភាពដោយក្រុមត្រួតពិនិត្យសកម្មភាពឯករាជ្យ ( Compliance Review Panel) របស់ខ្លួននៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីមានបណ្ដឹងផ្លូវការ។

របាយការណ៍ឃ្លាំមើលប្រចាំឆ្នាំលើកទី២របស់ក្រុមនេះដែលស្ដីអំពីការវិវឌ្ឍរបស់ផែនការកែស្ថានភាពនិងដែលចេញកាលពីចុងខែមិថុនា បានលើកឡើងថា ធនាគារអភិវឌ្ឍន៍អាស៊ីមានការវិវឌ្ឍទៅមុខកាលពីឆ្នាំមុន ប៉ុន្តែនៅតែមិនទាន់សម្រេចបានលើអនុសាសន៍ចំនួនប្រាំក្នុងចំណោមអនុសាសន៍សំខាន់ៗចំនួនប្រាំមួយ ដែលអនុម័តយល់ព្រមដោយក្រុមប្រឹក្សានាយករបស់ធនាគារនេះ ក្នុងនោះរួមមានដូចជាការដោះបំណុលសម្រាប់គ្រួសារដែលត្រូវបានបណ្ដេញចេញជាដើម។

របាយការណ៍នេះបានលើកឡើងថា ធនាគារអភិវឌ្ឍន៍អាស៊ី និងគណៈកម្មាធិការតាំងទីលំនៅថ្មីអន្តរក្រសួងរបស់រដ្ឋាភិបាល ដែលជាដៃគូរបស់ធនាគារនេះនៅក្នុងការអនុវត្តផែនការកែស្ថានភាព ”ត្រូវតែខិតខំអនុវត្ត” ដើម្បីធ្វើឱ្យ “មានការវិវឌ្ឍដ៏ប្រសើរ” លើអនុសាសន៍ទាំងប្រាំមួយនេះ។

ប៉ុន្តែរបាយការណ៍នេះលើកឡើងថា ពួកគេបរាជ័យខ្លាំងលើចំណុចចំនួនពីរ គឺការជួយគ្រួសារទាំងនោះឱ្យរួចផុតពីបំណុលដែលពួកគាត់មានដោយសារតែការបណ្ដេញចេញ និងការជួយពួកគាត់ឱ្យទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ឱ្យស្មើនឹងប្រាក់ចំណូលដែលពួកគាត់ធ្លាប់រកបាន មុនពេលពួកគាត់ត្រូវបានបណ្ដេញចេញ។

ពាក់ព័ន្ធចំណុចទាំងពីរនោះ ក្រុមត្រួតពិនិត្យសកម្មភាពឯករាជ្យបានលើកឡើងថា “វិធានការកែស្ថានភាពនេះមិនសម្រេចតាមអនុសាសន៍ដែលអនុម័តដោយក្រុមប្រឹក្សានាយកនោះឡើយ។ ភាគីខាងធនាគារអភិវឌ្ឍន៍អាស៊ីតម្រូវឱ្យចាត់វិធានការរួមបន្ទាន់ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងបញ្ចប់បញ្ហាលំបាកទាំងនេះ និងដើម្បីធានាឱ្យបានថា វិធានការកែស្ថានភាពសម្រេចតាមលក្ខខណ្ឌតម្រូវ និងក្ដីរំពឹងទុករបស់ក្រុមប្រឹក្សានាយក។ប្រសិនបើមិនមានការចាត់វិធានការរួមនេះជាបន្ទាន់នោះទេ គម្រោង [ជួសជុលផ្លូវដែក] ទំនងជាមិនអនុវត្តឱ្យបានពេញលេញតាមគោលការណ៍ប្រតិបត្តិ និងនីតិវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីឡើយ”។

កាលពីឆ្នាំ២០១៣ អ្នកជំនាញខាងផ្នែកតាំងទីលំនៅថ្មីមួយរូបដែលត្រូវបានជ្រើសរើសជាផ្លូវការដើម្បីឱ្យវាយតម្លៃពីផលប៉ះពាល់របស់គម្រោងនេះលើគ្រួសារដែលរងផលប៉ះពាល់នោះ បានលើកឡើងថា បំណុលដែលពួកគាត់មានគឺស្ថិតក្នុងស្ថានភាពមាន”វិបត្តិ”។

ប៉ុន្តែរដ្ឋាភិបាលបានបដិសេធមិនគាំទ្រគម្រោងដោះបំណុលនេះឡើយ ដោយបង្ខំឱ្យធនាគារអភិវឌ្ឍន៍អាស៊ីទៅចាប់ដៃគូជាមួយអង្គការ VisionFund Cambodia ដែលជាអង្គការមិនមែនរដ្ឋាភិបាល។ ទោះបីជាមានវិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរនៅក្នុងចំណោមគ្រួសារដែលត្រូវបានបណ្ដេញចេញក៏ដោយ តែរបាយការណ៍របស់ក្រុមត្រួតពិនិត្យសកម្មភាពឯករាជ្យលើកឡើងថា អង្គការមិនមែនរដ្ឋាភិបាលនេះគិតត្រឹមខែមេសារៀបចំកិច្ចសន្យាដោះបំណុលបាន ”ប្រហែលតែ៣៨” ប៉ុណ្ណោះ ដោយសារអ្នកចងការប្រាក់ដែលមកពាក់ព័ន្ធនៅក្នុងគម្រោងនេះបានបដិសេធមិនព្រមចុះកិច្ចព្រមព្រៀងទទួលសំណង ដោយសារពួកគេសង្ឃឹមថា គ្រួសារទាំងនោះនឹងគ្មានលទ្ធភាពសងបំណុល។

ក្រុមត្រួតពិនិត្យសកម្មភាពឯករាជ្យនេះបានលើកឡើងថា “អ្នកចងការប្រាក់មួយចំនួនមិនចាប់អារម្មណ៍នៅក្នុងការចុះកិច្ចព្រមព្រៀងឡើយ ប្រហែលជាដោយសារពួកគេមិនចង់បានសំណងមកវិញ ព្រោះពួកគេចង់រឹបអូសយកដីត្រង់កន្លែងតាំងលំនៅថ្មីនៅពេលដែលអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លី”។

បន្ថែមពីលើនេះទៅទៀត កិច្ចសន្យាដោះបំណុលនឹងលែងមានទៀតហើយ ពេលគម្រោងជួសជុលផ្លូវដែកផ្អាកនៅឆ្នាំនេះ។

ក្រុមនេះបានលើកឡើងទៀតថា ខ្លួនក៏មានការ”សោកស្ដាយ”ផងដែរដែល២ឆ្នាំមកហើយ កម្មវិធីដាច់ដោយឡែកមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយគ្រួសារដែលត្រូវបានបណ្ដេញចេញឱ្យទទួលបានចំណូលដូចមុននោះ នៅមិនទាន់ត្រូវបានអនុវត្តឱ្យបានពេញលេញ ដោយមានការបណ្ដុះបណ្ដាលការងារតិចតួចអំឡុងពេលនោះ។

ក្រុមនេះក៏បានលើកឡើងផងដែរថា ធនាគារនេះបានអនុវត្តអត្រាអតិផរណាទាបខ្លាំងដើម្បីគណនាសំណងផ្សេងៗដែលគ្រួសារទាំងនោះជំពាក់។ ក្រុមនេះបានលើកឡើងបន្ថែមទៀតថា ខ្លួនមិនយល់ទេហេតុអ្វីបានជាធនាគារអភិវឌ្ឍន៍អាស៊ីប្រើប្រាស់អត្រាអតិផរណា៩,៧ភាគរយដើម្បីសងសំណងដល់គ្រួសារដែលត្រូវបានបណ្ដេញចេញនៅក្នុងរាជធានី ខណៈរដ្ឋាភិបាលស្នើ៣៤,៥ភាគរយនោះ។

លោក ឆេង ប៊ុនហាក់ ដែលគ្រួសាររបស់គាត់បានតស៊ូតតាំងនឹងសម្ពាធរបស់រដ្ឋាភិបាលដែលបង្ខំឱ្យពួកគាត់ចាកចេញពីផ្ទះសំបែងរបស់ខ្លួនដែលស្ថិតនៅតាមបណ្ដោយផ្លូវដែកក្នុងក្រុងប៉ោយប៉ែត្រចាប់តាំងពីឆ្នាំ២០០៣មកនោះ បានលើកឡើងកាលពីម្សិលមិញថា គ្រួសារប្រហែល៩០ភាគរយដែលផ្លាស់លំនៅនៅតែជំពាក់បំណុលគេនៅឡើយ។

លោកបាននិយាយថា “គ្រួសារភាគច្រើនបាត់បង់ការងារបន្ទាប់ពីផ្លាស់ទៅកន្លែងថ្មី ព្រោះវាឆ្ងាយពីផ្សារ។ ពួកគាត់ត្រូវចំណាយ១០.០០០រៀលដើម្បីធ្វើដំណើរពីផ្ទះទៅផ្សារនិងពីផ្សារមកផ្ទះ ហើយពួកគាត់រកប្រាក់ចំណូលបានត្រឹមតែ២០.០០០ទៅ៣០.០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ កន្លែងថ្មីនោះគ្មានមណ្ឌលសុខភាពទេ ហើយពួកគាត់រស់នៅក្នុងស្ថានភាពបរិស្ថានមិនល្អ”។

លោក អ៊ាង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជាដែលជួយគ្រួសារទាំងនោះដាក់ពាក្យបណ្ដឹងដែលនាំឱ្យឈានដល់មានការបង្កើតផែនការកែស្ថានភាពនោះ បានលើកឡើងថា លោកនិងបុគ្គលិករបស់លោកឃើញថា មានគ្រួសារកាន់តិចទៅៗរស់នៅកន្លែងតាំងលំនៅថ្មីទាំងនៅក្រុងប៉ោយប៉ែត និងរាជធានីភ្នំពេញ ពេលពួកគាត់ចុះទៅពិនិត្យម្ដងៗ។

លោកមានប្រសាសន៍ថា ”ពួកគាត់កំពុងតែផ្លាស់ចេញពីទីនោះ។ ការងារគឺជាបញ្ហាសំខាន់។ គ្មានការងារធ្វើទេនៅកន្លែងនោះ”។

លោក អ៊ាង វុទ្ធី បានលើកឡើងទៀតថា លោកក៏ព្រួយបារម្ភផងដែរអំពីការដែលគម្រោងដោះបំណុលនេះជិតបញ្ចប់ ហើយមើលឃើញថា វាមិនងាយស្រួលទេនៅក្នុងការចាកចេញពីស្ថានភាពដ៏លំបាកនេះ។

លោកថ្លែងថា “នេះនៅតែជាបញ្ហា ហើយយើងមិនដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើយ៉ាងម៉េចឡើយចំពោះបញ្ហានេះ”។

ការិយាល័យប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមិនបានឆ្លើយតបនឹងការសុំធ្វើអត្ថាធិប្បាយទេ។ គណៈកម្មាធិការតាំងទីលំនៅថ្មីរបស់រដ្ឋាភិបាលក៏មិនអាចទាក់ទងបានដែរភ្លាមៗនេះ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ អូន ភាព)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស