28 C
Phnom Penh

ក្រោយ​ដោះលែង​ក្រៅ​ឃុំ ​​មហា​សេដ្ឋី​រុស្ស៊ី​​​​​មក​កាន់​​​​​​មុខ​ជំនួញ​វិញ​​ ​​និង​ចេញ​ទៅ​​បរទេស​ញឹកញាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក នីកូឡៃ ដូរ៉ូសេនកូ (Nikolai Doro-shenko) ឈ្មួញអភិវឌ្ឍន៍អចលនទ្រព្យរុស្ស៊ីដ៏មានស្ដុកស្ដម្ភដែលប្រឈមបទចោទប្រកាន់ឆបោកនៅក្រុងព្រះសីហនុ បានធ្វើដំណើរទៅបរទេសដោយសេរីក្នុងរយៈពេល១៤ខែមកនេះចាប់តាំងពីលោកត្រូវបានដោះលែងពីពន្ធនាគារក្រោមលក្ខខណ្ឌថា លោកត្រូវតែស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងបានបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍មួយរបស់អ៊ុយក្រែន ដើម្បីបដិសេធថាខ្លួនគ្មានទំនាក់ទំនងជាមួយក្រុមសង្គមងងឹតម៉ាហ្វីយ៉ា អួតអំពីភាពប៉ិនប្រសប់របស់ខ្លួននៅក្នុងមុខជំនួញទៀតផង។

cam-photo-doroshenkoលោក ដូរ៉ូសេនកូ វ័យ៥៦ឆ្នាំ ដែលរស់នៅក្នុងប្រទេសកម្ពុជា ជាយូរមកហើយ និងដែលល្បីថាមានជម្លោះជាមួយលោក សេរហ្គេ ប៉ូលុនស្គី (Sergei Polonsky) មុនពេលមហាសេដ្ឋីចរិតចម្លែករូបនោះត្រូវបានបណ្ដេញចេញពីកម្ពុជា កាលពីឆ្នាំមុន បានជាប់ពន្ធនាគារកាលពីខែមករា ឆ្នាំ២០១៥ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងរំលោភលើសេចក្ដីទុក្ខចិត្តចំពោះការឆបោកប្រាក់ចំនួន១០លានដុល្លារពីលោក ប៉ូលុនស្គី។

ដោយអះអាងថាខ្លួនគ្មានទោសកំហុសហើយសន្យាប្ដឹងបកលោក ប៉ូលុនស្គី លោក ដូរ៉ូសេនកូ ត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុកាលពីខែមិថុនាឆ្នាំនោះ បន្ទាប់ពីតុលាការកំពូលសម្រេចឲ្យដោះលែងលោកនៅក្រៅឃុំដោយសារហេតុផលព្យាបាលជំងឺ និងដោយជឿយ៉ាងយ៉ាងមុតមាំថា លោកទំនងជាមិនអាចហោះចេញក្រៅ ប្រទេស។ សាលាឧទ្ធរណ៍បានសម្រេចឱ្យលោកនៅក្រៅឃុំប៉ុន្មានសប្ដាហ៍មុននោះ ប៉ុន្តែព្រះរាជអាជ្ញាមួយរូបនៅតុលាការនោះបានច្រានចោលសេចក្ដីសម្រេចនេះ។

ពេលនោះ អូស្តាប ដូរ៉ូសេនកូ (Ostap Doro-shenko) កូនប្រុសរបស់លោក ដូរ៉ូសេនកូ ដែលចោទប្រកាន់លោក ប៉ូលុនស្គី ថាបានសូកប៉ាន់២៥០.០០០ដុល្លារ ធ្វើយ៉ាងណាឱ្យឪពុករបស់ខ្លួនជាប់ពន្ធនាគារ និយាយថា ឪពុករបស់ខ្លួនត្រូវបានដោះលែងក្រោមលក្ខខណ្ឌមិនផ្លាស់ទីលំនៅ ឬចាកចេញពីប្រទេសកម្ពុជា។

អូស្តាប ដែលមានឋានៈជាអនុសេនីយ៍ឯកនៅនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ និង ដែលកាន់កាប់មុខជំនួញមួយចំនួនក្នុងដៃជាមួយឪពុករបស់ខ្លួននៅក្រុងព្រះសីហនុ រួមទាំងភោជនីយដ្ឋាន និងសួនសត្វ “ផ្ទះពស់” (Snake House) ដ៏ពេញនិយមផងនោះ និយាយថា “ឪពុករបស់ខ្ញុំជាពលរដ្ឋខ្មែរ។ គាត់រស់នៅទីនេះមួយជីវិតទៅហើយ គាត់នឹងមិនរត់ទៅណាទេ”។

ឯកសារមួយបញ្ជាក់ពីសេចក្ដីសម្រេចខាងដើមរបស់សាលាឧទ្ធរណ៍ក្នុងការដោះលែងលោក ដូរ៉ូសេនកូ ឱ្យនៅក្រៅឃុំដែលចុះហត្ថលេខាដោយចៅក្រម ឃុន លាងម៉េង កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំមុន ក៏បញ្ជាក់ដែរថា លោកមិនអាចចាកចេញពីប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរបានឡើយ។

ពេលទាក់ទងនៅសប្ដាហ៍នេះ ទាំងចៅក្រមសាលាឧទ្ធរណ៍ និងចៅក្រមតុលាការកំពូលសុទ្ធតែនិយាយថា ខ្លួនលែងចាំហើយទាក់ទិនសំណុំរឿងដ៏ធំដែលសារព័ត៌មានបានចុះផ្សាយព្រោងព្រាតជាច្រើនខែមួយនេះ។

ចៅក្រម ឃុន លាងម៉េង នៅសាលាឧទ្ធរណ៍ឆ្លើយថា “ខ្ញុំមិនចាំទេ ព្រោះសំណុំរឿងនេះបានកើតឡើងយូរហើយ”។

ចំណែកឯចៅក្រម ឃឹម ប៉ុន នៅតុលាការកំពូលដែលជាអ្នកសម្រេចដោះលែងលោក ដូរ៉ូសេនកូ ឱ្យនៅក្រៅឃុំឆ្លើយថា “កុំសួរខ្ញុំអី ខ្ញុំមិនដឹងទេពាក់ព័ន្ធសំណុំរឿងនេះ”។

ពេលទាក់ទងកាលពីថ្ងៃអង្គារ លោក ដូរ៉ូសេនកូ ទទួលស្គាល់ថា លោកពិតជាបានធ្វើដំណើរទៅបរទេសជាច្រើនលើកមែនចាប់តាំងពីត្រូវបានដោះលែងមក ប៉ុន្តែថា ការធ្វើដំណើរទាំងនោះសុទ្ធតែទទួលបានការអនុញ្ញាតពីតុលាការ ពីព្រោះលោកបានជូនដំណឹងទៅមេធាវីរបស់លោកមុនគម្រោងចេញដំណើរទៅក្រៅប្រទេស តែទោះជាយ៉ាងណា លោកបានបដិសេធមិនបញ្ចេញឈ្មោះមេធាវីរូបនោះទេ។

លោកលើកឡើងទៀតថា “ខ្ញុំបានស្នើសុំមេធាវីរបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំចាកចេញដំណើរដើម្បីព្យាបាលជំងឺ ហើយត្រឡប់មកវិញ។ ដូច្នេះ មេធាវីរបស់ខ្ញុំក៏រាយការណ៍ទៅតុលាការ។ ខ្ញុំមិនដឹងថា តុលាការមួយណាទេ”។

លោកបានបន្តថា លោកចាំមិនបានទេពាក់ព័ន្ធសេចក្ដីលម្អិតនៃការធ្វើដំណើររបស់លោកក្នុងពេលថ្មីៗនេះ ប៉ុន្តែថា លោកបានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន  ជាច្រើនលើកទាំងដើម្បីមុខជំនួញ និងការព្យាបាលជំងឺ ដោយនិយាយថា  លោកមានជំងឺបេះដូងបន្ទាប់ពីត្រូវបានដោះលែង។

លោកគូសបញ្ជាក់ថា “នៅអ៊ុយក្រែន ខ្ញុំបានផ្ដល់បទសម្ភាសន៍ដល់ស្ថានីយទូរទស្សន៍មួយ ដើម្បីផ្ដល់ព័ត៌មានស្ដីពីធុរកិច្ចនៅកម្ពុជា ដល់វិនិយោគិនមួយចំនួន”។

វីដេអូកិច្ចសម្ភាសន៍មួយដែលគេហទំព័រព័ត៌មាន 1 First City មានមូលដ្ឋាននៅទីក្រុងអូដេសា (Odessa) បានបង្ហោះតាមគេហទំព័រយូធ្យូបកាលពីខែមីនា ចាប់ផ្ដើមពីចំណុចពិធីករធ្វើការណែនាំខ្លួនលោក ដូរ៉ូសេនកូ ថាជា “ជីវវិទូរុស្ស៊ី ដ៏ល្បីល្បាញដែលបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា កាលពី២៣ឆ្នាំមុន ដើម្បីចាប់ផ្តើមជីវិតថ្មី និងអាជីពនៅទីនោះ”។

អ្នកសម្ភាសន៍រូបនោះបានបន្តថា “គេហៅលោកថា បុរសសង្គមងងឹតម៉ាហ្វីយ៉ា មហាសេដ្ឋី និងអ្នកជំនួញដ៏មានឥទ្ធិពលរបស់រុស្ស៊ី។ នៅកម្ពុជា លោកល្បីឈ្មោះខាងទទួលបានលិខិតអនុញ្ញាតសាងសង់ មិនថានៅកន្លែងណាឡើយឱ្យតែលោកចង់បាន”។

ពេលសួរអំពីទំនាក់ទំនងរបស់លោកជាមួយក្រុមសង្គមងងឹតម៉ាហ្វីយ៉ា លោក ដូរ៉ូសេនកូ ឆ្លើយតបថា “ដឹងយ៉ាងម៉េចទេ ស្រុី ស្លាវស៍ (Three Slavs) គឺជាម៉ាហ្វីយ៉ារួចទៅហើយ។ សម្រាប់ជនបរទេស វាជារឿងគួរឱ្យខ្លាច ដូច្នេះកុំចាប់អារម្មណ៍នឹងវាអី”។

ក្រោយមកទៀត លោកបានបន្តបកស្រាយអំពីវិធីដែលលោកជួលកោះនានាពីរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសន្យារយៈពេល៩៩ឆ្នាំថា “នៅកម្ពុជា ងាយស្រួលនឹងក្លាយជាមហាសេដ្ឋីណាស់”។ (បទចោទប្រកាន់ឆបោកប្រឆាំងលោក ដូរ៉ូសេនកូ កើតចេញពីការចោទប្រកាន់ថា លោកមិនបានប្រគល់អាជ្ញាប័ណ្ណវិនិយោគកោះចំនួនបួននៅឆ្នេរក្រុងព្រះសីហនុ ឱ្យទៅលោក ប៉ូលុនស្គី)។

លោក ដូរ៉ូសេនកូ បានបញ្ចប់កិច្ចសម្ភាសន៍នោះដោយលើកឡើងថា លោកកំពុងពិចារណាបោះទុនវិនយោគពី៣លានទៅ៥លានដុល្លារក្នុងគម្រោងអភិវឌ្ឍន៍អគារអាផាតមិនក្នុងទីក្រុងអូដេសា ហើយគ្រោងធ្វើដំណើរទៅកាន់រដ្ឋធានីគៀវ ក្នុងរយៈពេលបីថ្ងៃទៀត។

កាលពីថ្ងៃអង្គារ អូស្តាប ក៏បាននិយាយដែរថា ការធ្វើដំណើររបស់ឪពុកខ្លួនទៅក្រៅប្រទេសគឺ “ស្របច្បាប់” ដោយមិនអើពើនឹងសំណួរទាក់ទិនការអះអាងរបស់ខ្លួនមុននេះថា ឪពុករបស់ខ្លួនមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកម្ពុជា ឡើយ។

លោកលើកឡើងថា “យើងទាក់ទងទៅមេធាវី មិនមែនតុលាការទេ ហើយមេធាវីជាអ្នកទាក់ទងទៅតុលាការ” ហើយថា ឪពុករបស់ខ្លួនក៏បានធ្វើដំណើរទៅប្រទេសថៃ ដែរសម្រាប់ការណាត់ជួបជាមួយគ្រូពេទ្យទាក់ទិនបញ្ហាបេះដូងរបស់គាត់។

ទោះជាយ៉ាងណា លោក វ្លា៉ឌីមៀ ប៉ាឡានស៊ីកា (Vladimir Palancica) អ្នកគ្រប់គ្រងទូទៅនៃក្រមហ៊ុនទេសចរណ៍ Lotus Tours និងជា

មនុស្សជំនិតរបស់លោក ប៉ូលុនស្គី ដែលរូប

លោកផ្ទាល់កំពុងប្រឈមការចោទប្រកាន់ពីបទឆបោកក្នុងប្រទេសរុស្ស៊ី បានចោទសួរអំពីភាពស្របច្បាប់នៃការធ្វើដំណើរទៅក្រៅប្រទេសយ៉ាងហឹកហ៊ាក់របស់លោក ដូរ៉ូសេនកូ។

បុរសជនជាតិម៉ុលដាវី រូបនេះលើកឡើងថា មេធាវីកម្ពុជា របស់លោក ប៉ូលុនស្គី កំពុងកសាងសំណុំរឿងថ្មីប្ដឹងលោក ដូរ៉ូសេនកូ ពីបទបំពានលក្ខខណ្ឌនៃការដោះលែងក្រៅឃុំ។ “យើងចង់បង្ហាញគ្រប់យ៉ាងដល់តុលាការ។ យើងសង្ឃឹមថា តុលាការនឹងចាប់ខ្លួនគាត់វិញ ពីព្រោះគាត់មិនគោរពសេចក្ដីសម្រេចរបស់តុលាការ”។

ទោះជាយ៉ាងណា មេធាវីក្នុងស្រុករបស់ លោក ប៉ូលុនស្គី មិនអាចទាក់ទងបានឡើយ។

ស្ថានភាពនៃសំណុំរឿងឆបោកប្រឆាំងលោក ដូរ៉ូសេនកូ នៅតែស្ថិតក្នុងភាពស្រពេចស្រពិល។ លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “ឯកសារទាំងអស់ពាក់ព័ន្ធលោក ប៉ូលុនស្គី និងលោក នីកូឡៃ” ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ អស់ហើយ។

ទោះជាយ៉ាងណា លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីបានមានប្រសាសន៍ថា លោកមិនដឹងអ្វីទេទាក់ទិនសំណុំរឿងនេះ ហើយបានបង្វែរសំណួរទៅលោក អុី រិន លេខាធិការដ្ឋានតុលាការដែលបានឆ្លើយថា លោករកមិនឃើញឯកសារដែលបានលើកឡើងទាំងនេះទេ៕ សុខុម (រាយការណ៍បន្ថែមដោយ Olesia Plokhii)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស