42.2 C
Phnom Penh

ភាព​ដែល​អាច​រស់​បាន​​នៅ​​​ក្នុង​​រាជធានី​​ភ្នំពេញ​​នៅ​​អន់ថយ​​នៅ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្ដីពីភាពដែលអាច រស់នៅបាន(Global livability Ranking) ដែលចេញកាលពីម្សិលមិញដោយក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវនិងវិភាគ ស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានឱ្យដឹងថា អំពើពុករលួយដ៏រាលដាល ការគាំពារសុខភាពអន់ខ្សោយ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្តធ្វើឱ្យរាជធានីភ្នំពេញស្ថិតក្នុងចំណោមក្រុងធំៗលើពិភពលោក ដែលមានស្ថានភាពរស់នៅពុំល្អប្រសើរ។

រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខរៀងទី១២៧ក្នុងចំណោមរដ្ឋធានី និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន១៤០ ដែលត្រូវបានដាក់ចំណាត់ដោយផ្អែកលើភាពដែលអាចទទួលបាន និងគុណភាពនៃការគាំពារសុខភាពសាធារណៈនិងឯកជន ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ បរិស្ថាន និងស្ថិរភាព។

cam-graph-phnom-penh-mdលោក Miguel Chanco ដែលជាប្រធានក្រុមអ្នកវិភាគរបស់ក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវ និងវិភាគស្ថានការណ៍ពិភពលោកប្រចាំអាស៊ានបានលើកឡើងថា លំដាប់ថ្នាក់របស់រាជធានីភ្នំពេញនៅក្នុងសន្ទស្សន៍នេះនៅតែដដែល ដោយសារមានការវិវឌ្ឍទៅមុខតិចតួចលើគ្រប់វិស័យ ដោយអំពើពុករលួយបន្តធ្វើឱ្យមានគុណវិបត្តិធ្ងន់ធ្ងរ។ កាលពីឆ្នាំមុនរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ទី១២៦។

ប្រធាន ក្រុមអ្នកវិភាគរូបនេះបានលើកឡើងតាមរយៈអុីម៉េលថា “ក្រៅពីការគាំពារសុខភាព ចំណុចខ្សោយមួយក្នុងចំណោមចំណុចខ្សោយធំៗ គឺស្ថិតនៅក្នុងផ្នែកវប្បធម៌ និងបរិស្ថាននៃការសិក្សារបស់យើង។ នៅក្នុងផ្នែកនេះ រាជធានីនេះស្ថិតក្នុងស្ថានភាពអន់ខ្លាំងណាស់ ពេលនិយាយអំពីកម្រិតនៃអំពើពុករលួយដែលជាចំណុចមួយក្នុងចំណោម ចំណុចធំៗដែលទាញទម្លាក់ពិន្ទុ”។

លោកបានមានប្រសាសន៍ថា ក្រុមអ្នកសេដ្ឋកិច្ចរបស់លោកបានចាត់ចំណាត់ថ្នាក់ផ្នែកស្ថិរភាព ដែលជាកម្រិតនៃការគំរាមកំហែងផ្នែកជម្លោះយោធា និងចលាចលសង្គមថាជាចំណុចដ៏ខ្លាំងរបស់រាជធានីភ្នំពេញ”ដែលមិន ចាំបាច់ត្រូវនិយាយអ្វីច្រើននោះទេដោយសារវាមានចំណុចខ្សោយក្នុង ផ្នែកផ្សេងៗទៀត”។

លោកបានបន្ថែមថា “ខ្ញុំគិតថា ចំណុចនេះនឹងមិនស្ថិតនៅខ្លាំងបានយូរឡើយ ដោយសារការដែលអាចមានការកើនឡើងនៃចលាចលសង្គមនៅមុនការបោះឆ្នោត ឆ្នាំ២០១៧និងឆ្នាំ២០១៨”។ការបោះឆ្នោតឃុំ-សង្កាត់នឹងត្រូវធ្វើ ឡើងនៅឆ្នាំក្រោយ រីឯការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនឹងត្រូវធ្វើឡើងនៅឆ្នាំ បន្ទាប់។

លោកបានថ្លែងថា “យើងពិតជាមិនអាចបដិសេធការត្រឡប់ទៅរកមហាបាតុកម្មដែលបាន ប៉ះពាល់ដល់រាជធានីបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣បានឡើយ ជាពិសេសនៅពេលនិយាយពីបញ្ហាងាយប្រែប្រួលយ៉ាងឆាប់រហ័សនា ពេលបច្ចុប្បន្នរវាងបក្សនយោបាយធំៗទាំងពីរ”។ លោក Chanco បាននិយាយថា រចនាសម្ព័ន្ធ ក្នុងទីក្រុង រួមមានគុណភាពនៃការដឹកជញ្ជូនសាធារណៈ និងការផ្គត់ផ្គង់ថាមពល ក៏នៅអន់ថយដែរ។

ទីប្រជុំជនក្នុងរាជធានីភ្នំពេញ មើលពីត្រើយម្ខាងទន្លេបាសាក់ កាលពីថ្ងៃអាទិត្យ។ រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ទី១២៧នៅក្នុងការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្តីពីភាពដែលអាចរស់នៅបាន។ រ៉យទ័រ
ទីប្រជុំជនក្នុងរាជធានីភ្នំពេញ មើលពីត្រើយម្ខាងទន្លេបាសាក់ កាលពីថ្ងៃអាទិត្យ។ រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ទី១២៧នៅក្នុងការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្តីពីភាពដែលអាចរស់នៅបាន។ រ៉យទ័រ

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានច្រានចោលរបាយការណ៍នេះ ហើយបានមានប្រសាសន៍ថា រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យសេវាកម្មកាន់តែ ប្រសើរឡើងនៅក្នុងសហគមន៍ក្រីក្របំផុតក្នុងរាជធានី។

លោក បានថ្លែងថា “ខ្ញុំមិនប្រាកដទេថា តើលក្ខណវិនិច្ឆ័យអ្វីដែលគេយកមកប្រើដើម្បីដាក់ពិន្ទុទាំងនោះ។ ប៉ុន្តែក្នុងនាមរាជធានី យើងបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋរបស់យើង ផ្តល់សេវាកម្មរថយន្តក្រុងសាធារណៈ កែលម្អហេដ្ឋារចនាសម្ព័ន្ធ។ប្រសិនបើពួកគេនៅតែមិនឃើញការប្រសើរឡើង នៃបទដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនោះ យើងមិនដឹងធ្វើយ៉ាងម៉េចទេ”។

ជើងមេឃរបស់រាជធានី ភ្នំពេញបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មី ៗនេះដូចជាការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្មរីកលូតលាស់ ប៉ុន្តែ លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា កង្វះលំនៅដ្ឋានដែលអាចលៃលកទិញបានបានរុញច្រានប្រជាពលរដ្ឋ ក្រីក្រទៅកាន់តំបន់ជាយក្រុង ទីដែលពួកគាត់ជួបការលំបាកក្នុងការទៅរកសេវាគាំពារ សុខភាព និងការស្វែងរកការងារធ្វើ។

លោកបានមានប្រសាសន៍ថា “នៅពេលរដ្ឋាភិបាលចង់អភិវឌ្ឍនៅក្នុងសហគមន៍ក្រីក្រតំបន់ក្រុង ពួកគេតែងតែបណ្តេញពួកគាត់ចេញ ហើយផ្តល់សំណងតិចតួចប៉ុណ្ណោះ ដល់ពួកគាត់។ ពួកគាត់មិនអាចលៃលកទិញផ្ទះសមរម្យបានឡើយ ដូច្នេះមានន័យថា អ្នកក្រគ្មានសិទ្ធិរស់នៅក្នុងទីក្រុងទេ គឺមានតែអ្នកមានប៉ុណ្ណោះដែលមានសិទ្ធិរស់នៅក្នុងទីក្រុង”៕ស៊ុយឈាង និង សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស