38.8 C
Phnom Penh

បន្ទាប់ពីចាប់ខ្លួនបុរសប៉ាគីស្ថាន ផ្លូវជួញដូរស្ត្រីកម្ពុជាទៅកាន់អារ៉ាប់បីសាអូឌីតត្រូវបានស៊ើបអង្កេត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបបានឲ្យដឹងថា បុរសជនជាតិបា៉គីស្ថានពីរនាក់ដែលត្រូវបានចាប់ខ្លួនដោយសារជាប់សង្ស័យពីបទប៉ុនប៉ងជួញដូរស្ត្រី៣នាក់ឲ្យទៅធ្វើស្រីពេស្យានៅក្នុងប្រទេសបាគីស្ថាននោះ បានលើកឡើងកាលពីម្សិលមិញថា តាមពិតពួកគេមានគម្រោងបញ្ជូនស្ត្រីទាំងនេះទៅប្រទេសអារ៉ាប៊ី សាអូឌីត ជាប្រទេសដែលពួកគេធ្លាប់បានបញ្ជូនស្ត្រីខ្មែរជាង១០នាក់ឲ្យទៅបម្រើសេវាផ្លូវភេទ។

នគរបាលបានលើកឡើងថា រដ្ឋាភិបាលកំពុងស្វះស្វែងរកវិធីរួចហើយដើម្បីតាមរកជនរងគ្រោះមុនៗ ទោះជាយា៉ាងណា មន្ត្រីនៅក្រសួងដែលពាក់ព័ន្ធនៅក្នុងការខិតខំទាំងនោះមិនអាចទាក់ទងសុំការបញ្ជាក់បានទេ។

បុរសជនជាតិប៉ាគីស្ថានឈ្មោះ Niaz Ahmed អាយុ៥៥ឆ្នាំ និង Yazef Ahmed អាយុ២៤ឆ្នាំព្រមទាំងមេខ្យល់ជនជាតិខ្មែរ ឈ្មោះ ប៊ិន ញ៉ អាយុ៧២ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ក្នុងរាជធានីភ្នំពេញដោយសារជាប់សង្ស័យពីបទប៉ុនប៉ងជួញដូរស្ត្រីខ្មែរ៣នាក់ចេញពីប្រទេស។ ស្ត្រីខ្មែរដែលនឹងក្លាយជាជនរងគ្រោះទាំង៣នាក់នេះក៏ត្រូវបានឃាត់ខ្លួនដែរ។

ពេលសាកសួរកាលពីម្សិលមិញ ជនជាតិប៉ាគីស្ថាន និងមេខ្យល់ជនជាតិខ្មែរបានទទួលស្គាល់ថា ស្ត្រីទាំងបីនាក់នេះពិតជាមានគោលដៅបញ្ជូនទៅប្រទេសអារ៉ាប៊ី សាអូឌីតមែន នេះបើយោងតាមលោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី។

លោកបានថ្លែងថា “យើងបានចាប់ខ្លួនជនជាតិបាគីស្ថានទាំងពីរនាក់នេះ និងស្ត្រីខ្មែរម្នាក់ ព្រោះពួកគេព្យាយាមនាំមនុស្សទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ហើយពួកគេមិនបានទាក់ទងជាមួយក្រុមហ៊ុនជ្រើសរើសពលករឡើយ”។ លោកបានបន្ថែមថា ស្ត្រីទាំងបីនាក់នេះដែលមានគោលដៅបញ្ជូនទៅតំបន់មជ្ឈិមបូពា៌ត្រូវបានដោះលែងវិញ បន្ទាប់ពីមន្ត្រី “ធ្វើការអប់រំ” រួច។

យោងតាមលោក កែវ ធា បានឲ្យដឹងទៀតថា មេខ្យល់វ័យចំណាស់រូបនេះបានរក្សាទុកស្ត្រីមួយចំនួននៅផ្ទះរបស់ខ្លួនក្នុងខេត្តត្បូងឃ្មុំ ជួសមុខឲ្យបុរសជនជាតិបាគីស្ថាន។ ពេលស្ត្រីរូបនេះបញ្ចុះបញ្ចូលស្ត្រីទាំងនោះឲ្យធ្វើដំណើរមករាជធានីភ្នំពេញដោយសន្យាថា នឹងផ្តល់ការងារមានប្រាក់ខែខ្ពស់ឲ្យពួកគេ បុរសជនជាតិបា៉គីស្ថានទាំងពីរនាក់នេះនឹងបញ្ជូនពួកគេបន្តទៅកាន់ប្រទេសថៃ ហើយបន្ទាប់មកបញ្ជូនបន្តទៀតទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត កន្លែងដែលពួកគេត្រូវបាននាំឲ្យទៅធ្វើជាស្រីពេស្យា។

លោកបានមានប្រសាសន៍ថា “ស្ត្រីវ័យចំណាស់រូបនេះបានដើរប្រមូលស្ត្រីខ្មែរពីភូមិមួយ ទៅភូមិមួយនៅក្នុងខេត្តត្បូងឃ្មុំ ហើយគាត់បាននាំស្ត្រីទាំងនេះយកទៅឲ្យជនជាតិបាគីស្ថាន។ពួកគេបានប៉ុនប៉ងបញ្ជូនស្ត្រីទាំងនោះទៅប្រទេសថៃតាមរថយន្តក្រុង ហើយពួកគេធ្វើលិខិតឆ្លងដែន និងទិដ្ឋាការដើម្បីនាំស្ត្រីទាំងនេះទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត”។

លោកបានបន្ថែមថា “ឆ្លងកាត់តាមរយៈការសើុបអង្កេតរបស់មន្ត្រីយើង ជនជាតិបាគីស្ថានទាំងពីរនាក់នេះបាននាំស្ត្រីខ្មែរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ជាច្រើនលើករួចមកហើយ ប៉ុន្តែពួកគេបានសារភាពថា ខ្លួនទើបតែនាំស្ត្រីខ្មែរទៅទីនោះបានតែពីរបីដងប៉ុណ្ណោះ ដោយមានស្ត្រីជាង១០នាក់ត្រូវបានជួញដូរឲ្យទៅធ្វើជាស្រីពេស្យា”។

លោក កែវ ធា បានលើកឡើងទៀតថា ក្រសួងការងារ និងក្រសួងការបរទេសកំពុងតែខិតខំហើយដើម្បីតាមរកស្ត្រីខ្មែរនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត។ លោកបានបន្ថែមថា នេះទើបជាលើកទី១ទេដែលនាយកដ្ឋានរបស់លោកបានរារាំងការប៉ុនប៉ងជួញដូរស្ត្រីទៅប្រទេសអារ៉ាប៊ី សាអូឌីត។

លោកបានថ្លែងថា “ឥឡូវនេះយើងកំពុងតែបន្តការសើុបអង្កេត ព្រោះករណីជួញដូរនេះជាករណីក្តៅ”។ មន្ត្រីក្រសួងការងារ និងមន្ត្រីក្រសួងការបរទេសមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

ពេលទាក់ទងតាមក្រោយនៅពេលរសៀល លោក កែវ ធា បានលើកឡើងថា ជនសង្ស័យទាំង៣នាក់នេះកំពុងត្រូវបានសាកសួរនៅសាលាដំបូងរាជធានីពាក់ព័ន្ធការនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ដែលមានទោសជាប់ពន្ធនាគារចន្លោះពី៧ឆ្នាំដល់១៥ឆ្នាំ។អ្នកទាំង៣នាក់នេះនឹងត្រឡប់មកតុលាការសម្រាប់ការសាកសួរបន្ថែមនៅថ្ងៃនេះ។

លោកស្រី Helen Sworn ស្ថាបនិក និងជាប្រធានអន្តរជាតិនៃអង្គការចាប់ដៃ ជាអង្គការ ប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា លក្ខខណ្ឌច្បាប់របស់ប្រទេសអារ៉ាប៊ីសាអូឌីតបង្កភាពលំបាក ជាពិសេសឧបសគ្គដ៏ស្មុគស្មាញ ពេលដោះស្រាយបញ្ហារបស់ជនរងគ្រោះនៃការជួញដូរ។

លោកស្រីបានមានប្រសាសន៍ថា “ការជួួញដូរមនុស្សនាពេលបច្ចុប្បន្ន គឺជាបញ្ហាប្រឈមដ៏ធំ” ។

លោកស្រីបានថ្លែងបន្តថា “ពេលគ្មានគោលការណ៍សិទ្ធិមនុស្សរឹងមាំ ច្បាប់សាសនាអិុស្លាម “Sharia” នៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត “បង្កភាពលំបាកខ្លាំងសម្រាប់យើងក្នុងការជួយ[រដ្ឋាភិបាល] ឲ្យមើលឃើញថា ស្ត្រីទាំងនេះតាមពិតជាជនរងគ្រោះនៃការជួញដូរ ឬក៏ជាជនរងគ្រោះនៃការរំលោភបំពានសិទ្ធិមនុស្សក្រោមរូបភាពមួយចំនួន”។

លោកស្រីបានបន្ថែមថា “អ្វីដែលយើងកំពុងព្យាយាមដំបូងគេ គឺត្រូវដោះស្រាយគោលការណ៍ច្បាប់នៅក្នុងប្រទេសតំបន់មជ្ឈិមបូពា៌ទាំងនោះ ហើយថា តើយើងអាចស្វែងយល់ [អំពីវា] បានក្នុងកម្រិតប៉ុណ្ណា ហេតុដូច្នេះយើងអាចតស៊ូមតិសម្រាប់កូនក្តីរបស់យើងនិងអ្នកផ្សេងៗទៀតដែលនឹងទៅទីនោះបាន ដើម្បីជួយការពារពួកគេ”។

លោកស្រីបានបន្ថែមទៀតថា “ជាការពិតការពារប្រសើរជាងព្យាបាល ប៉ុន្តែ យើងត្រូវតែធ្វើទាំងពីរ”។

កាលពីខែកុម្ភៈ កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសអារ៉ាប៊ីសាអូឌីតដោយបើកផ្លូវសម្រាប់ការចរចាដើម្បីសម្រេចសេចក្តីលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងចំនួន២ ដែលអាចបើកផ្លូវស្របច្បាប់សម្រាប់ពលរដ្ឋខ្មែរស្វែងរកការងារធ្វើនៅទីនោះ ក្នុងនោះមួយសម្រាប់ស្ត្រីបម្រើការតាមផ្ទះ។

ទោះបីជា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch ) បានបង្ហាញឲ្យឃើញពីការរំលោភបំពាន”យ៉ាងរាលដាល” លើពលករចំណាកស្រុកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលរួមមានការធ្វើការងារដោយបង្ខំនិងស្ថានភាពកេងប្រវ័ញ្ចជាដើមក៏ដោយ តែក្រសួងការងារបានលើកឡើងថា កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនេះនឹងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស