28.4 C
Phnom Penh

រដ្ឋាភិបាលថា ​ស្ត្រីកម្ពុជា​៦.៩០០នាក់​កំពុងរស់​នៅក្នុង​នាមជា​ប្រពន្​ធគ្មាន​លិខិត​ស្នាមនៅចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបបានលាតត្រដាងឱ្យដឹងកាលពីម្សិលមិញថា បច្ចុប្បន្នក្នុងចំណោមស្ត្រីកម្ពុជា ដែលបានរៀបការប្តីនៅក្នុងប្រទេសចិន មានមិនដល់២ភាគរយផងទេដែលបានឆ្លងកាត់ដំណើរការដាក់ពាក្យសុំច្បាប់អនុញ្ញាត មុនពេលចាកចេញពីប្រទេសកម្ពុជា ដោយអាចធ្វើឱ្យពួកគេក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សក្រោមបទល្មើសដែលមាននិយមន័យទូលំទូលាយរបស់កម្ពុជា។

លោកស្រី ជូ ប៊ុនអេង អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងចំណោមស្ត្រីកម្ពុជា ប្រមាណ៧.០០០នាក់ដែលអាជ្ញាធរចិននិយាយថា បានរៀបការជាមួយបុរសក្នុងប្រទេសចិននោះ មានតែ១០០នាក់ប៉ុណ្ណោះដែលបានរៀបការតាមផ្លូវច្បាប់។

ក្រោយកិច្ចប្រជុំមួយស្ដីពីបញ្ហានេះជាមួយអាជ្ញាធរចិនកាលពីសប្ដាហ៍មុន លោកស្រីមានប្រសាសន៍កាលពីម្សិលមិញថា “រហូតមកទល់ពេលនេះ មានតែស្ត្រី១០០នាក់ប៉ុណ្ណោះដែលបានរៀបការជាមួយបុរសចិន ដោយស្របច្បាប់។ ប៉ុន្តែពេលយើងសាកសួរទៅអាជ្ញាធរចិន គេនិយាយថា ពួកគេបានស្រាវជ្រាវ ហើយរកឃើញប្រជាជនប្រមាណ៧.០០០គ្រួសារដែលមានប្រពន្ធខ្មែរ។ វាមានន័យថា ពួកគាត់មិនបានឆ្លងកាត់នីតិវិធីច្បាប់ទេ ប៉ុន្តែពួកគាត់បានទៅរៀបការនៅប្រទេសចិន”។

អំឡុងសន្និសីទរយៈពេលបីថ្ងៃក្នុងក្រុងសៀមរាប មន្ត្រីកម្ពុជា និងសមភាគីមកពីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន បានអនុម័តលើកិច្ចព្រមព្រៀងទៅវិញទៅមកមួយស្ដីពីការទប់ស្កាត់ ការសង្គ្រោះ និងការស៊ើបអង្កេតពាក់ព័ន្ធការជួញដូរមនុស្ស ដោយរង់ចាំការអនុម័តពី “ថ្នាក់ដឹកនាំកំពូល” នៃប្រទេសនីមួយៗត្រឹមដំណាច់ឆ្នាំ២០១៦។ ចំណែកឯផែនការសកម្មភាពជាក់លាក់នឹងត្រូវលើកយកទៅពិភាក្សានៅឆ្នាំ២០១៧។

សកម្មភាពអង្គការសហប្រជាជាតិ ដើម្បីកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស (U.N.-Act) បានលើកឡើងក្នុងរបាយការណ៍មួយចេញផ្សាយកាលពីសប្ដាហ៍មុនថា បញ្ហានេះកំពុងជំរុញដោយសារកង្វះការងារធ្វើសម្រាប់ស្ត្រីដែលទទួលបានការអប់រំទាបនៅកម្ពុជា និងភាពខុសគ្នាកាន់តែខ្លាំងរវាងបុរស និងស្ត្រីគ្រប់អាយុការនៅក្នុងប្រទេសចិន ដែលបង្កឡើងដោយគោលនយោបាយកូនមួយ និងវប្បធម៌ស្រឡាញ់ចូលចិត្តកូនប្រុសជាងកូនស្រី។

របាយករណ៍នេះបញ្ជាក់ថា ជាញឹកញាប់ស្ត្រីកម្ពុជា ត្រូវបានមេខ្យល់ទាក់ទងដោយសន្យាខ្យល់ថានឹងជួយរកការងារមានប្រាក់ខែខ្ពស់ ឬជួយរកប្ដីអ្នកមានឲ្យពួកគេ ប៉ុន្តែបែរជាត្រូវផុងខ្លួនក្នុងអាពាហ៍ពិពាហ៍ដែលខ្លួនមិនចង់បានទៅវិញ នៅពេលទៅដល់ប្រទេសចិន ឬរងការគំរាមកំហែងចាប់ខ្លួនចំពោះការគ្មានលិខិតស្នាមត្រឹមត្រូវ ឬជំពាក់បំណុលច្រើនសម្រាប់ការធ្វើដំណើរ។

លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា សម្រាប់ស្ត្រីប្រមាណ៦.៩០០នាក់ដែលអាចស្ថិតក្នុងស្ថានភាពនេះ “យើងចង់ពិភាក្សាជាមួយចិន អំពីវិធីដែលគេអាចផ្ដល់ការការពារតាមផ្លូវច្បាប់ដល់ពួកគាត់”។

ទោះជាយ៉ាងណា បណ្តាអ្នកតស៊ូមតិដើម្បីសិទ្ធិស្ត្រីមានមន្ទិលថា ផែនការថ្មីនេះនឹងមិនធ្វើឲ្យស្ថានភាពប្រសើរឡើងឡើយ។ លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលកា ដែលជាអង្គការសិទ្ធិស្ត្រីមានប្រសាសន៍ថា ប្រទេសទាំងពីរ “គ្មានប្រសិទ្ធភាពទេ” នៅក្នុងការទប់ការជួញដូរមនុស្សរហូតមកទល់ពេលនេះ។

លោកស្រីថ្លែងថា កង្វះធនធានមនុស្ស និងធនធានហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានច្បាប់គ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសចិន បានរារាំងស្ត្រីមិនឱ្យទទួលបានជំនួយគ្រប់គ្រាន់ក្នុងការរត់គេចពីអាពាហ៍ពិពាហ៍ដែលពួកគេមិនចង់បាន។

លោកស្រីបានលើកឡើងបន្ថែមថា ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលរបស់ចិនដែលធ្វើការដើម្បីស្ត្រីទាំងនេះគ្មានសាវតារច្បាប់ដើម្បីគាំទ្រសិទ្ធិរបស់ពួកគេទេនោះ វានឹងមានការលំបាកខ្លាំងសម្រាប់រដ្ឋាភិបាលកម្ពុជា ធ្វើអ្វីម្យ៉ាង។ “ខ្ញុំគ្មានសង្ឃឹមច្រើនថាស្ថានភាពនឹងប្រសើរឡើងនោះទេ”។

យោងតាមរបាយការណ៍របស់ U.N.-Act ដែលផ្អែកលើបទសម្ភាសន៍ជាមួយស្ត្រី៤២នាក់ដែលត្រូវបានជួញដូរជាកូនក្រមុំទៅប្រទេសចិនបានបង្ហាញថា ជាញឹកញាប់មន្ត្រីចិនក្នុងមូលដ្ឋាន និងមន្ត្រីស្ថានទូតកម្ពុជា មិនអាច ឬគ្មានឆន្ទៈផ្ដល់ការគាំទ្រដល់ស្ត្រីដើម្បីនាំពួកគេត្រឡប់មកប្រទេសកំណើតវិញឡើយ ហើយអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសចិន បានជួយតិចតួចណាស់។

យោងតាមលោកស្រី ធីម ណារិន ដែលធ្វើការពាក់ព័ន្ធបញ្ហាសិទ្ធិរបស់ស្ត្រីនៅអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តកំពង់ចាម ដែលជាចំណុចក្ដៅសម្រាប់ការជួញដូរកូនក្រមុំបានឲ្យដឹងថា ប្រសិនបើមិនចាប់ខ្លួនមេខ្យល់ដែលជ្រើសរើសកូនក្រមុំទេនោះ កិច្ចប្រឹងប្រែងជួយសង្គ្រោះពីការជួញដូរនឹងឥតប្រយោជន៍។

លោកស្រីលើកឡើងអំពីមេខ្យល់ថា កិច្ចប្រឹងប្រែងនេះ “យឺតយ៉ាវពេក និងគ្មានប្រសិទ្ធភាព  ព្រោះពួកគេកំណត់អត្តសញ្ញាណមេខ្យល់បានហើយ ប៉ុន្តែរហូតមកទល់ពេលនេះ មេខ្យល់នៅតែមានសេរីភាព។ មេខ្យល់មានបទពិសោធន៍ខាងជួញដូរស្ត្រីកម្ពុជា ទៅប្រទេសម៉ាឡេស៊ី ប៉ុន្តែពេលអាជ្ញាធរចាប់ខ្លួនពួកគេមិនបាន ពួកគេបានបន្តជួញដូរស្ត្រីទៅប្រទេសចិនទៀត។ ពេលមានកិច្ចព្រមព្រៀងជាមួយចិន ពួកគេនឹងផ្លាស់ប្ដូរគោលដៅរបស់ខ្លួនទៅអារ៉ាប៊ីសាអូឌីត។ ខ្ញុំគិតថា ពួកមេខ្យល់ឆ្លាតជាងសមត្ថកិច្ចរបស់យើង”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បម្រាមលើស្ត្រីកម្ពុជា មិនឱ្យទៅធ្វើការជាអ្នកបម្រើការងារតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី ឡើយកាលពីឆ្នាំ២០១១ ស្របពេលមានសេចក្ដីរាយការណ៍យ៉ាងទូលំទូលាយអំពីការរំលោភបំពានពីសំណាក់ថៅកែរបស់ពួកគេ។ ទោះជាយ៉ាងណា រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការព្រមព្រៀងបើកផ្លូវសម្រាប់ការបញ្ជូនស្ត្រីកម្ពុជា ទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញ ហើយកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាដោយឡែកដើម្បីបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះ និងពលករទៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានសេចក្ដីរាយការណ៍ព្រោងព្រាតអំពីការរំលោភបំពានពលករចំណាកស្រុក។

យោងតាមលោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា  ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ប្រទេសចិនបានជួយបញ្ជូនស្ត្រី១៥នាក់ដែលត្រូវបានរត់ពន្ធជាកូនក្រមុំ ថ្វីបើគ្មានក្របខ័ណ្ឌគតិយុត្តិក្តី ហើយមន្ត្រីកម្ពុជាអាចបញ្ឈប់ករណីបានមួយចំនួនតាមរយៈការរឹតបន្តឹងការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន។

ទើបតែម្សិលមិញ ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយប្រកាសអំពីការបញ្ជូនស្ត្រីម្នាក់មកពីខេត្តជាំងស៊ី (Jiangxi) ភាគអាគ្នេយ៍ និងពីរនាក់មកពីខេត្តអានហួយ (Anhui) ភាគខាងកើតកាលពីយប់ថ្ងៃុសុក្រ៕ សុខុម (រាយការណ៍បន្ថែមដោយ Janelle Retka)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស