42.2 C
Phnom Penh

មេធាវីតំណាងឲ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និយាយថា រឿងក្តីមិនបានដំណើរការទៅមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីដែលតំណាងឲ្យលោក ហ៊ុន ម៉ាណែត ក្នុងពាក្យបណ្តឹងប្តឹងរូបលោកនៅក្នុងតុលាការសហព័ន្ធអាមេរិកបានមានប្រសាសន៍ថា ការអះអាងដែលថា រឿងក្តីនេះបានដំណើរការទៅមុខ បន្ទាប់ពីជំនួបរវាងចៅក្រម និងមេធាវីកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាការយល់ខុស។

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រេបស្រាសំប៉ាញក្នុងពិធីមួយនៅឯទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក John Purcel មេធាវីនៅក្រុមហ៊ុនច្បាប់អាមេរិក Quinn Emanuel បានសរសេរនៅក្នុងអីុម៉េលកាលពីយប់ថ្ងៃសុក្រថា “តុលាការមិនបានសម្រេចថា រឿងក្តីនេះគួរ ‘ដំណើរការទៅមុខ” ទេ។

លោកបានបន្ថែមថា “វាពិតជាត្រឹមត្រូវក្នុងការនិយាយថា ចៅក្រមបានសម្រេចថា គាត់ត្រូវការព័ត៌មានមួយចំនួនបន្ថែមមុនពេលគាត់អាចសម្រេច (i)ថា តើឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអនុវត្តត្រឹមត្រូវជាមួយពាក្យបណ្តឹងនេះ និង (ii)ថា តើរឿងក្តីដែលប្តឹងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គួរត្រូវបានច្រានចោលដោយសារការខ្វះយុត្តាធិការលើលោករូបលោកឬយ៉ាងណា”។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កំពុងប្រឈមបណ្តឹងចំនួនពីរដែលប្តឹងដោយមេធាវី Morton Sklar  ដែលជារឿយៗបានធ្វើការជាមួយគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង។

បណ្តឹងទី១ត្រូវបានប្តឹងតាងនាមឲ្យលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សប្រឆាំងដែលបច្ចុប្បន្ននេះកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំនៅក្នុងប្រទេសកម្ពុជាជុំវិញការតវ៉ាមួយដែលបានប្រែក្លាយជាហិង្សាក្នុងឆ្នាំ២០១៤។ បណ្តឹងទី២ត្រូវបានប្តឹងតាងនាមឲ្យលោក Paul Hayes ជាមន្ត្រីម្នាក់នៅក្នុងតុលាការដែលបាននិយាយថា អង្គរក្សរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយរូបលោក ខណៈលោកព្យាយាមយកដីកាកោះទៅប្រគល់ឲ្យក្នុងសំណុំរឿងទី១។

នៅក្នុងអីុម៉េលមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Sklar បានលើកឡើងថា លោករីករាយដែលចៅក្រម George Wu បានសួរមេធាវីនូវព័ត៌មានបន្ថែមអំពីបណ្តឹងដែលប្តឹងជាមួយតុលាការសង្កាត់ក្នុងទីក្រុងឡូសអែ៊នជឺឡេស ។

លោកបានថ្លែងថា “ជារួម ចៅក្រម Wu បានទទួលយកទឡ្ហីករណ៍របស់យើងថា ការរកឃើញរបស់ចៅក្រមគឺជាវិធីដ៏ល្អបំផុតសម្រាប់ការទទួលបានព័ត៌មានពិតស្តីអំពីរឿងក្តីនេះ”។

គេនៅមិនទាន់ច្បាស់ថា តើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទំនាក់ទំនងផ្ទាល់ណាមួយទៅនឹងការជាប់ពន្ធនាគាររបស់លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិ អាមេរិកឬយ៉ាងណា។លោក Sklar បានលើកឡើងនៅក្នុងអីុម៉េលកាលពីខែមុនថា ការវាយដំលោក Hayes  ខណៈឧត្តមសេនីយ៍រូបនេះមកបំពេញទស្សនកិច្ចនៅក្នុងរដ្ឋកាលីហ្វ័រញា៉ កាលពីខែមេសាគឺសំខាន់ណាស់ក្នុងការបន្តរឿងក្តីនេះ។

លោកបានលើកឡើងក្នុងអីុម៉េលកាលពីថ្ងៃទី២៤ខែសីហាថា “វាពិតជាខុសពីធម្មតានៅទីនេះក្នុងសហរដ្ឋអាមេរិកសម្រាប់ការសើុបអង្កេតព្រហ្មទណ្ឌ ហើយរឿងក្តីដែលបានកើតឡើងពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលបរទេស។ ជាការពិតមូលហេតុដែលរឿងក្តី ទាំងនេះកើតឡើងគឺជាការវាយប្រហារដ៏ហិង្សាទៅលើលោក Paul Hayes មន្ត្រីម្នាក់នៅក្នុងរឿងក្តីនេះដែលខុសពីធម្មតា និងជាហេតុការណ៍មួយនឹកស្មានមិនដល់”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស