30.4 C
Phnom Penh

មិត្តភក្តិ និងគ្រួសារ​​​លោក កែម ឡី ​​​ច្រានចោល​​​ការ​​​អះអាង​​​របស់មន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីសប្ដាហ៍មុនថា ការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី មានការយឺតយ៉ាវដោយសារតែភរិយារបស់លោក ភៀសខ្លួនចេញពីប្រទេស មិត្តភក្ដិ និងគ្រួសាររបស់អ្នកវិភាគដែលត្រូវគេធ្វើឃាតរូបនេះបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងកាលពីម្សិលមិញចំពោះការឆ្លើយតបយឺតយ៉ាវ និងលាក់បាំងក្នុងរយៈពេល២ខែមកនេះ។

cam-photo-kem-leyនៅថ្ងៃទី១០ ខែមិថុនា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង (កាល់តិច) ក្នុងរាជធានីភ្នំពេញ ខណៈលោកអង្គុយពិសាកាហ្វេពេលព្រឹក។ ប្រហែល ៣០នាទីក្រោយមក បុរសម្នាក់ឈ្មោះ “ជួប សម្លាប់” ត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់។ នគរបាលនិយាយថា ឃាតករសម្លាប់លោក កែម ឡី ដោយសាររឿងជំពាក់លុយមិនព្រមសង។

ចាប់តាំងពីពេលនោះមក ការស៊ើបអង្កេតលើករណីឃាតកម្មមជ្ឈដ្ឋានទូទៅជឿថា ជារឿងនយោបាយនេះ ពោរពេញដោយការលាក់បាំង ដោយសមត្ថកិច្ចមិនព្រមបញ្ចេញព័ត៌មានថ្មីស្ដីពីឃាតកម្មនេះឡើយចាប់តាំងពីថ្ងៃដែលវាកើតឡើងមក។

បណ្ដាអ្នកយកព័ត៌មានបានកំណត់អត្តសញ្ញាណជនសង្ស័យជាឃាតករថាមានឈ្មោះ អឿត អាង ជាអតីតទាហានដែលបានចាក ចេញពីស្រុកកំណើតរបស់ខ្លួននៅខេត្តសៀមរាបប្រហែល១សប្ដាហ៍មុនពេលកើតមានករណីឃាតកម្មលើលោក កែម ឡី ហើយបានប្រាប់មិត្តភក្ដិម្នាក់ថា ខ្លួនវិលត្រឡប់ចូលបម្រើការងារក្នុងជួរកងកម្លាំងប្រដាប់អាវុធវិញហើយ។

អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី បានភៀសខ្លួនចេញពីប្រទេសកាលពីខែមុន ជាមួយកូនប្រុសទាំងបួននាក់ និងសមាជិកខ្លះនៃគ្រួសារធំរបស់គាត់។ មិត្តភក្ដិនិយាយថា គាត់កំពុងរស់នៅក្នុងប្រទេសថៃ និងកំពុងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសទី៣។

អំឡុងបទសម្ភាសន៍តាមវិទ្យុវាយោកាលពីថ្ងៃព្រហស្បតិ៍ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អ្នកស្រី ប៊ូ រចនា បានធ្វើឱ្យរាំងស្ទះដល់ការប្រឹងប្រែងស៊ើបអង្កេតករណីឃាតកម្មលើស្វាមីរបស់អ្នកស្រី។ លោក ខៀវ សុភ័គ បានលើកឡើងថា “ខ្្ញុំមានការសោកស្ដាយ ពីព្រោះគ្រួសារជនរងគ្រោះបានភៀសខ្លួនចេញក្រៅប្រទេស។ គាត់មិនសហការជាមួយយើងទេ”។

ជាការឆ្លើយតប លោក កែម រិទ្ធិសិទ្ធិ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី បានមានប្រសាសន៍ថា ការអត្ថាធិប្បាយរបស់លោក ខៀវ សុភ័គ គឺជា “ការប្រមាថ” ហើយថា លោកមិនសប្បាយចិត្តឡើយចំពោះកង្វះតម្លាភាពនៅក្នុងការស៊ើបអង្កេត។

លោកមានប្រសាសន៍ទៀតថា “យើងគិតថា វាជាការប្រមាថ ប៉ុន្តែយើងមិនអាចប្រឆាំងដោយកំហឹងបានទេ”។ ចង្អុលបង្ហាញទៅករណីធ្វើឃាតផ្នែកនយោបាយធំៗកាលពីមុនដែលមិនទាន់មានការដោះស្រាយ គាត់លើកឡើងទៀតថា “ខ្ញុំគិតថា ដំណើរការនេះយឺតយ៉ាវហើយហាក់ដូចជាគ្មានការយកចិត្តទុកដាក់ទាល់តែសោះ។ ខ្ញុំហាក់គ្មានសង្ឃឹមទេ ព្រោះបើផ្អែកតាមអ្វីដែលបានកើតឡើងពីមុនៗ ពួកគេមិនដែលរកឃើញអ្វីទេ” ហើយលោកខកចិត្តយ៉ាងខ្លាំងដែលរហូតមកទល់ពេលនេះនគរបាលនៅតែមិនបញ្ចេញរូបភាពកាមេរ៉ាសុវត្ថិភាពស្ដីពីឃាតកម្មលើលោក កែម ឡី។

លោក ខៀវ សុភ័គ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ចំណែកឯលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា សំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។  លោកក៏មានប្រសាសន៍ដែរថា វាជាការប្រសើរ ប្រសិនបើគ្រួសាររបស់លោក កែម ឡី នៅក្នុងប្រទេសខណៈការស៊ើបអង្កេតកំពុងបន្ត។

លោកបានលើកឡើងទៀតថា “វាជាសិទ្ធិឯកជនរបស់ពួកគាត់។  យើងមិនអាចបង្ខំពួកគាត់បានទេ ប៉ុន្តែវាជាការប្រសើរប្រសិនបើគ្រួសាររបស់គាត់នៅក្នុងប្រទេសដើម្បីសហការជាមួយសមត្ថកិច្ច”។

លោក បា៉ ងួនទៀង ដែលជាមិត្តភក្ដិរបស់លោក កែម ឡី និងជានាយក VOD ជាវិទ្យុ និងជាគេហទំព័រព័ត៌មានមានប្រសាសន៍ថា លោកគ្មានជំនឿលើសមត្ថកិច្ចនោះទេ ព្រោះកន្លងមកសមត្ថកិច្ចមិនបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវឡើយក្នុងករណីឃាតកម្មលើលោក ឈុត វុទ្ធី សកម្មជនបរិស្ថាន និងលោក ជា វិជ្ជា ដែលជាប្រធានសហជីព។

លោកគូសបញ្ជាក់ថា ”ការអះអាងរបស់រដ្ឋាភិបាលហាក់ដូចជាមានបំណងដដែល ដោយនិយាយថា ពួកគេកំពុងបន្តឬធ្វើការ ប៉ុន្តែគ្មានលទ្ធផល។ ខ្ញុំមិនដែលសង្ឃឹមថា រដ្ឋាភិបាលនឹងស្វែងរកយុត្តិធម៌ក្នុងករណីឃាតកម្មនយោបាយដូចនេះទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស