31 C
Phnom Penh

ក្មេង​ប្រុស​ម្នាក់​​ស្លាប់​ ហើយ​ក្មេង​​ស្រី​ម្នាក់​​ទៀត​​រង​របួស​នៅ​​​ក្នុង​ហេតុការណ៍​រលំ​ទ្វារ​ដែក​របង​ផ្ទះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយកាលពីម្សិលមិញថា ទ្វារដែករបងដ៏ធ្ងន់នៅខាងមុខផ្ទះទុកចោលមួយបានរលំសង្កត់លើក្មេងពីរនាក់នៅក្នុងខេត្តកំពង់ធំកាលពីថ្ងៃអង្គារ បណ្ដាលឱ្យក្មេងប្រុសអាយុ៧ឆ្នាំបាត់បង់ជីវិត ហើយក្មេងស្រីជិតខាងអាយុ៤ឆ្នាំ រងរបួស។ 

ក្មេងប្រុសរងគ្រោះឈ្មោះ មាន គើ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាររងរបួសក្បាលធ្ងន់ធ្ងរពេក ចំណែកឯកុមារី ធឿន ម៉ារ៉ា ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទ្វាររបងនោះរលំនៅម៉ោងប្រហែល១២និង៣០នាទីថ្ងៃត្រង់ នេះបើយោងតាមការលើកឡើងរបស់លោក កែវ សុវណ្ណ នាយរងប៉ុស្តិ៍នគរបាលឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក កែវ សុវណ្ណ បានមានប្រសាសន៍ទៀតថា គ្មានអ្នកណាឃើញឧបទ្ទវហេតុនេះទេ ប៉ុន្តែក្មេងទាំងពីរទំនងជា “រុញទ្វាររបងឱ្យរបូតផុតពីគន្លឹះ ហើយវាក៏រលំចុះមក”។

នាយរងប៉ុស្តិ៍រូបនេះបានមានប្រសាសន៍ទៀតថា ទ្វាររបងនោះធ្ងន់ណាស់ យ៉ាងតិចមនុស្សប្រាំមួយនាក់ជួយលើកវាចេញពីក្មេងរងគ្រោះទម្រាំតែលើករួច។

លោកបានឱ្យដឹងទៀតថា ផ្ទះនេះជាកម្មសិទ្ធិរបស់អ៊ុំប្រុសរបស់ក្មេងប្រុសរងគ្រោះ ប៉ុន្តែទុកចោលគ្មានមនុស្សនៅទេ ពីព្រោះគ្រួសារនេះបានធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីធ្វើការ។

លោកបញ្ជាក់ថា ក្មេងស្រីរងគ្រោះស្ថិតក្នុងស្ថានភាពនឹង ហើយកាលពីម្សិលមិញ។ តាមការរំពឹងទុក ឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះដែលទៅធ្វើការនៅក្នុងប្រទេសថៃដែរនោះ ត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ ហើយគ្មាននរណាម្នាក់រងការចោទប្រកាន់នោះទេ ពីព្រោះការស្លាប់នេះ “គ្រាន់តែជាគ្រោះថ្នាក់ប៉ុណ្ណោះ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស