28.4 C
Phnom Penh

លោក ហ៊ុន សែន ជាអ្នក​បញ្ជា​​ឱ្យ​​​ចល័ត​​​​​​​​​​​​​​​ទ័ព​​​​​​​​​​​​ព័ទ្ធ​​​​​​ជុំ​​​វិញ​​​​​​ទីស្នាក់​​​ការ​​​កណ្តាល​​​​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុងសុន្ទរកថាកាលពីម្សលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកនឹង “កម្ចាត់ចោល” អ្នកប្រឆាំងដែលហ៊ានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយក្នុងនោះលោកក៏បានប្រកាសដែរថា លោកជាអ្នកបញ្ជាដោយផ្ទាល់ឱ្យយោធាចល័តជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីចុងខែមុន។

Copy-of-PM-800x533ក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន មានប្រសាសន៍ថា លោកបានបញ្ជាពីប្រទេសសិង្ហបុរី ឱ្យយោធាធ្វើសមយុទ្ធដើម្បីសាកល្បងសមត្ថភាពបញ្ជារបស់លោកតាមប្រព័ន្ធទូរស័ព្ទ។

លោកមានប្រសាសន៍ថា “ខ្ញុំចង់ដឹងប្រតិកម្មកម្លាំង។ ខ្ញុំបញ្ជា ៣៦នាទី កម្លាំងទាំងជើងទឹក ទាំងគោក និងអាកាសចេញដំណើរបាន”។

កាលពីថ្ងៃទី៣១ ខែសីហា ឧទ្ធម្ភាគចក្រយោធាចំនួនប្រាំគ្រឿង អូប័រប្រាំគ្រឿង និងរថយន្តដឹកទាហានពាក់របាំងមុខ និងប្រដាប់ដោយអាវុធត្រូវបានចល័តព័ទ្ធជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ  ក្នុងខណ្ឌមានជ័យ ពីរថ្ងៃបន្ទាប់ពីយោធានិយាយថា ខ្លួននឹង “ធានា” ការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ប្រសិនបើមានការស្នើសុំ។

លោក កឹម សុខា ដែលត្រូវតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះ បានសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សនេះចាប់តាំងពីខែឧសភាមក ដើម្បីគេចពីសមត្ថកិច្ច។

លោក ហ៊ុន សែន ថ្លែងថា ការចល័តទ័ពនេះគឺជាសមយុទ្ធប្រឆាំងភេរវកម្ម ហើយគ្មានបំណងបំភិតបំភ័យគណបក្សសង្គ្រោះជាតិទេ ដោយគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធមិនបានចូលទៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សនេះឡើយ។ លោកលើកឡើងថា “រាជរដ្ឋាភិបាលនៅក្នុងតំណែង មានសិទ្ធិនឹងបញ្ជាធ្វើសមយុទ្ធគ្រប់ពេលទាំងអស់។ ចុះបើមានភេរវកម្មកើតឡើង តើកម្លាំងអាខ្លះ មួយទៅលិចមួយទៅកើត?”។

ការបកស្រាយរបស់លោកនាយករដ្ឋមន្ត្រីហាក់ផ្ទុយស្រឡះពីការអត្ថាធិប្បាយរបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិដែលបានលើកឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើសមយុទ្ធនេះថា វាជាការហាត់សមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះក្នុងករណីមានទឹកជំនន់។

ដោយប្រឈមការស្ដីបន្ទោសពីអន្តរជាតិចំពោះការគាបសង្កត់របស់រដ្ឋាភិបាលលោកលើអ្នករិះគន់ លោក ហ៊ុន សែន បានច្រានចោលការចោទប្រកាន់ថាមានការបំភិតបំភ័យ ដោយលើកឡើងថា គណបក្សប្រឆាំងគឺជាអ្នកបង្កឱ្យមានភាពតានតឹងតាមរយៈការបង្កើនក្តីរំពឹងចំពោះមហាបាតុកម្មដែលជាថ្មីម្តងទៀតលោកបានប្តេជ្ញាទប់ស្កាត់។

គូសបញ្ជាក់ជាថ្មីអំពីសារគំរាមមួយដែលលោកបានបង្ហោះតាមហ្វេសប៊ុក  បន្ទាប់ពីគណបក្សសង្គ្រោះជាតិគំរាមលើកដំបូងធ្វើមហាបាតុកម្ម លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “វាមិនមែនជាការគំរាមទេ ប៉ុន្តែវាធ្ងន់ជាងការគំរាមទៅទៀត  ព្រោះវាជាប្រភេទនៃបទបញ្ជាឱ្យកម្ចាត់ចោលអ្នកណាក៏ដោយដែលចង់បំផ្លាញសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ អ្នកឯងមានសិទ្ធិធ្វើបាតុកម្ម រឿងអីយើងគ្មានសិទ្ធិឆ្លើយតប? អ្នកឯងមានសិទ្ធិគាំទ្របក្សប្រឆាំង ខ្ញុំមានសិទ្ធិគាំទ្ររដ្ឋាភិបាល”។

លោក ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងមិនបន្ទន់ឥរិយាបថចរចាជាមួយគណបក្សសង្គ្រោះជាតិទាំងប្រឈមការធ្វើការគំរាមបាតុកម្មឡើយ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកស្រងាកចិត្តចំពោះជំហររបស់លោក ហ៊ុន សែន។ លោកថ្លែងថា “គាត់ត្រូវអានរដ្ឋធម្មនុញ្ញរបស់យើង។ រដ្ឋធម្មនុញ្ញការពារសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ហើយរដ្ឋាភិបាលមានកាតព្វកិច្ចផ្ដល់សន្តិសុខ។ គាត់យល់ខុសទាំងស្រុង”។

លោកបានលើកឡើងទៀតថា ដោយសាររដ្ឋាភិបាលហាក់មិនចាប់អារម្មណ៍នឹងការគោរពតាមច្បាប់ រួមទាំងអភ័យឯកសិទ្ធិមានចែងក្នុងរដ្ឋធម្មនុញ្ញសម្រាប់ការពារតំណាងរាស្ត្រពីការចោទប្រកាន់ផងដែរនោះ សម្ពាធរបស់សាធារណជនគឺជាជម្រើសចុងក្រោយ។ “នោះជាមូលហេតុដែលយើងត្រូវពឹងផ្អែកលើសាធារណជនក្នុងស្ថានភាពបែបនេះ។ ពេលខ្លះចាំបាច់ត្រូវមានអ្នកជួយអង្រន់ដាស់ពួកគេឱ្យភ្ញាក់ ហើយបង្ខំឱ្យពួកគេធ្វើរឿងត្រឹមត្រូវ”៕ សុខុម (រាយការណ៍បន្ថែមដោយ Michael Dickison)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស